សង្រ្គាមពាណិជ្ជកម្ម៖ហេតុអ្វីបានជាក្រុមហ៊ុនអាមេរិកចង់រើរោងចក្រពីចិនទៅដាក់នៅកន្លែងផ្សេង?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៣
នៅថ្ងៃពុធ ទី២២ ឧសភានេះ លទ្ធផលនៃការស្ទង់មតិមួយធ្វើឡើងដោយសភាពាណិជ្ជកម្មអាមេរិកក្នុងប្រទេសចិនឲ្យដឹងថា មានរោងចក្រអាមេរិកជាង ១ភាគ៣ ដែលកំពុងបោះទុនវិនិយោគក្នុងទឹកដីចិនសម្រេចរើ ឬចង់រើចេញពីប្រទេសចិនទៅតាំងទីកន្លែងនៅក្នុងប្រទេសផ្សេងវិញ។ ផ្អែកតាមលទ្ធផលស្ទង់មតិដដែល រោងចក្រ សហគ្រាសអាមេរិកនៅចិនភាគច្រើនបានបញ្ជាក់ពីការជួបផលវិបាកនៅចំពោះមុខសង្រ្គាមដំឡើងពន្ធលើទំនិញទៅវិញ ទៅមករវាងរដ្ឋបាលវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំង។ គួរបញ្ជាក់ថាក្រៅពីក្រុមហ៊ុនរបស់អាមេរិក ក្រុមហ៊ុនបរទេសផ្សេងទៀតដែលកំពុងបោះទុនវិនិយោគនៅចិន ពិសេសក្រុមហ៊ុនអឺរ៉ុបក៏បានត្អូញត្អែរពីការលំបាកកើតចេញពីសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនពេលនេះដែរ។
បច្ចុប្បន្ននេះ មានរោងចក្រ សហគ្រាសអាមេរិកចំនួន ២៥០ កំពុងបោះទុនវិនិយោគនៅចិន ហើយការស៊ើបអង្កេតរៀបចំដោយសភាពាណិជ្ជកម្មអាមេរិកក្នុងប្រទេសចិនបានធ្វើឡើងនៅសប្តាហ៍កន្លងទៅ។ មានកម្មវត្ថុសំខាន់ចំនួនពីរដែលសភាពាណិជ្ជកម្មអាមេរិកក្នុងប្រទេសចិនបានរៀបចំការស៊ើបអង្កេតនេះឡើង ទី១ ចង់ដឹងពីការយល់ឃើញរបស់ក្រុមហ៊ុនអាមេរិកដែលកំពុងរកស៊ីនៅចិនទាក់ទងនឹងសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ហើយទី២ ចង់ដឹងពីអនាគតរបស់ពួកគេដែលនឹងបន្តរកស៊ីនៅចិន ឬមួយក៏ចង់ប្តូរទីតាំងទៅរកស៊ីនៅកន្លែងផ្សេងក្រៅពីទឹកដីចិនវិញ។
ចម្លើយ មានជាង ៤០% បានបញ្ជាក់ច្បាស់ៗថា ពួកគេបានរើ ឬមួយមានគម្រោងរោងចក្ររបស់ខ្លួនចេញពីចិនទៅតាំងនៅទីកន្លែងផ្សេងវិញ ហើយជម្រើសទីកន្លែងនោះមានប្រទេសម៉ិចស៊ិក ឬមួយនៅតំបន់អាស៊ីអាគ្នេយ៍ដោយមិនបានប្រាប់ឈ្មោះប្រទេសណាមួយទេ។ បន្ទាប់មក មាន ៣៥% បានអះអាងពីការបន្តស្ថិតនៅក្នុងប្រទេសចិនដដែល តែប្រើយុទ្ធសាស្រ្តរកស៊ីនៅចិនដើម្បីចិនវិញម្តង មានន័យថា វិនិយោគក្នុងប្រទេសចិនដើម្បីបំពេញតែសេចក្តីត្រូវការឲ្យទីផ្សារចិន និងពលរដ្ឋចិន ពោលមិនមែនវិនិយោគដើម្បីនាំចេញទៅអាមេរិក ឬប្រទេសណាផ្សេងទេ។
កំណត់សម្គាល់មួយទៀត និងអ្វីដែលខុសពីការរំពឹងទុករបស់លោកត្រាំ មានក្រុមហ៊ុនអាមេរិកនៅចិនតែ ៦% ប៉ុណ្ណោះដែលបញ្ជាក់ថា ពួកគេមានគម្រោងរើរោងចក្ររបស់ខ្លួនចេញពីចិនទៅកាន់អាមេរិកវិញ។ គួររម្លឹកថា គោលដៅនៃការប្រើនយោបាយដំឡើងពន្ធលើទំនិញចិននាំចូលអាមេរិករបស់លោកដូណាល់ ត្រាំ គឺដើម្បីដាក់គំនាបលើក្រុមហ៊ុនអាមេរិកដែលកំពុងបោះទុនវិនិយោគនៅបរទេស ពិសេសនៅចិនឲ្យត្រឡប់ចូលទៅរកស៊ីនៅក្នុងទឹកដីអាមេរិកាំងវិញ។ តែលទ្ធផលស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិកនៅចិនពេលនេះស បញ្ជាក់ឲ្យឃើញថា មានក្រុមហ៊ុនអាមេរិកភាគច្រើនចង់បន្តវិនិយោគនៅបរទេស។
រឿងដំឡើងពន្ធជាចំណែកតូចមួយ
សង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិកដែលភាគីនីមួយៗកំពុងប្រើនយោបាយដំឡើងពន្ធរវាងគ្នាពេលនេះគ្រាន់ជាចំណែកតូចមួយប៉ុណ្ណោះ។ នៅមានកត្តាគួបផ្សំជាច្រើនផ្សេងទៀតដែលបានធ្វើក្រុមហ៊ុនបរទេសទូទៅ មិនថាតែក្រុមហ៊ុនអាមេរិកាំងទេដែលផ្តើមគិតគូរ ពិចារណារកផ្លូវដើរចេញពីចិន។ ពិតណាស់ ហេតុផលចម្បងដែលបានជំរុញក្រុមអ្នកវិនិយោគបរទេស ពិសេសក្រុមប្រទេសបស្ចិមលោកឲ្យនាំគ្នាសម្រុកទៅបោះទុនរកស៊ីនៅចិន គឺមកពីតម្លៃកម្លាំងពលកម្មចិនថោក។ នេះជាស្ថានការណ៍កាលពី ១០ ឬ ២០ឆ្នាំមុន តែស្ថានការណ៍សព្វថ្ងៃខុសពីមុនឆ្ងាយណាស់។ តម្លៃកម្លាំងពលកម្មចិនមិនមែនថោកដូចមុន ចិនមិនមែនក្រដូចមុន ហើយបច្ចេកវិទ្យារបស់ចិនក៏មិនអន់ដូចមុនដែរ។ សូម្បីតែក្រុមហ៊ុនចិនខ្លួនឯងក៏បានចេញទៅបោះទុនរកស៊ីនៅក្នុងប្រទេសផ្សេងដែលមានតម្លៃកម្លាំងពលកម្មថោកជាងតម្លៃកម្លាំងពលកម្មរបស់ជនជាតិចិន ពិសេសនៅក្នុងប្រទេសអាហ្រ្វិក ឬប្រទេសអាស៊ីក្រីក្រមួយចំនួន។
ទន្ទឹមគ្នានេះ ចិនក៏បានអនុវត្តនយោបាយសេដ្ឋកិច្ចចំពោះក្រុមអ្នកវិនិយោគបរទេសខុសពីក្រុមអ្នកវិនិយោគចិនក្នុងស្រុក។ រដ្ឋាភិបាលចិនបានបង្ខំក្រុមហ៊ុនបរទេសឲ្យផ្ទេរបច្ចេកវិទ្យាទៅឲ្យក្រុមហ៊ុនដៃគូចិន រដ្ឋាភិបាលចិនបានជាប់ចោទពីបទលួចកម្មសិទ្ធិបញ្ញា ឬមួយបានជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់រោងចក្ររបស់រដ្ឋដែលក្រុមហ៊ុនបរទេសចាត់ទុកជាទង្វើប្រកួតប្រជែងមិនស្មើភាព។ បន្ទាប់មក ក្រុមហ៊ុនបរទេសនៅចិនក៏ជួបការលំបាកក្នុងការប្រើអ៊ីនធ័រនែតដែលស្ថិតក្រោមការតាមឃ្លាំមើលជាអចិន្ត្រៃយ៍ពីរដ្ឋាភិបាលចិន រួមទាំងផលវិបាកផ្នែករដ្ឋបាលជាច្រើនផ្សេងទៀត។ នៅក្នុងន័យនេះ អាមេរិក និងអឺរ៉ុបបានបន្តទាមទារឲ្យរដ្ឋាភិបាលចិនធ្វើកំណែទម្រង់លើច្បាប់សម្រាប់អ្នកវិនិយោគបរទេសឡើងវិញ។
រវាងអាមេរិក និងចិន តើអ្នកណាត្រូវការអ្នកណាជាង?
ការរើរោងចក្រពីចិនទៅដាក់នៅក្នុងប្រទេសផ្សេងទៀតមិនមែនជារឿងងាយស្រួល ព្រោះគេត្រូវពិនិត្យមើល និងធ្វើការសិក្សាលើគ្រប់ជ្រុងជ្រោយ មានតាំងពីស្ថានភាពនយោបាយរបស់ប្រទេសដែលត្រូវទៅបោះទីតំាង តម្លៃកម្លាំងពលកម្ម សក្កានុពលនៃកម្លាំងបុគ្គលិក កម្មករ រួមទាំងកត្តាគួបផ្សំជាច្រើនផ្សេងទៀត។ បន្ទាប់មក និងអ្វីដែលគេមិនត្រូវភ្លេចនិយាយ គឺផលិផល គ្រឿងបន្លាស់ គ្រឿងអេឡិចត្រូនិច ឬវត្ថុធាតុដើមផ្សេងទៀតដែលក្រុមហ៊ុនត្រូវការដើម្បីយកទៅផលិតឲ្យចេញបានផលិតផលសម្រេចមួយ។ ក្នុងករណីនេះមានការលើកឡើងថា តម្រូវការផលិតផលទាំងអស់នេះពិតជាមិនអាចមើលរំលងចិនបានឡើយ មានន័យថា កិច្ចសហប្រតិបត្តិការជាមួយដៃគូចិនជារឿងចាំបាច់មិនអាចខ្វះបាន។
ចូរកុំភ្លេចថា រឿងបង្កើតរោងចក្រមួយមិនចំណោតទេ អ្វីដែលចំណោតគឺត្រូវធ្វើឲ្យរោងចក្រនោះមានដំណើរការដោយរលូន។ ឃើញថាវិលទៅ វិលមក គេប្រហែលជាពិបាកគេចពីចិន ហើយបើពិបាកអ៊ីចឹង តើគួរដកខ្លួនចេញពីចិន ឬមួយក៏បន្តទ្រាំនៅចិន?។ នេះជាសំណួរមួយដែលក្រុមហ៊ុនអាមេរិកភាគច្រើននៅចិនកំពុងបន្តចោទសួរ។ យ៉ាងណាក៏ដោយ និងអ្វីដែលគេអាចនិយាយបានពេលនេះគឺថា អ្នកដែលទទួលបាន និងអាចទទួលបានផលចំណេញពីសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនពេលនេះ មិនមែនចិន ហើយក៏មិនមែនអាមេរិកដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ