អានតួអត្ថបទ
ឥណ្ឌា-ស្រីលង្កា

នាយករដ្ឋមន្រ្តីឥណ្ឌាធ្វើដំណើរទៅកាន់វិហារកាតូលិកដែលរងការវាយប្រហារភេរវកម្មក្នុងប្រទេសស្រីលង្កា

នៅ​ថ្ងៃ​អាទិត្យ ទី៩ មិថុនា នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក​ណារិនដ្រា ម៉ូឌី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ស្រីលង្កា។ តែ​មុន​នឹង​អញ្ជើញ​ទៅ​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​ស្រីលង្កា​លោក​ម៉ៃរីប៉ាឡា ស៊ីរីសេណា លោក​ម៉ូឌី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​វិហារ​កាតូលិក​សាំង អង់តូនី​ដែល​បាន​រង​ការ​វាយប្រហារ​ភេរវកម្ម​កាល​ពី​ថ្ងៃទី២១ មេសា។ គួរ​រម្លឹក​ថា ក្នុង​ពិធី​បុណ្យ​សាសនា​កាតូលិក​ថ្ងៃទី២១ មេសា ក្រុម​ភេរវជន​បាន​បើក​ការ​វាយប្រហារ​លើ​សណ្ឋាគារ​ប្រណិតៗ​មួយ​ចំនួន និង​វិហារ​កាតូលិក​សាំង អង់តូនី​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ២៥៨នាក់។ រូបភាព​ទៅ​កាន់​វិហារ​កាតូលិកសាំង អង់តូនី​របស់​លោក​ម៉ូឌី​ត្រូវ​បាន​លោក​ចុះ​ផ្សាយ​នៅ​ក្នុង​បណ្តាញ​សង្គម Twitter របស់​លោក។

នាយករដ្ឋមន្រ្តីឥណ្ឌាលោកណារិនដ្រា ម៉ូឌី (រូបស្តាំ) និងប្រធានាធិបតីស្រីលង្កាលោកម៉ៃរីប៉ាឡា ស៊ីរីសេណា ថ្ងៃទី៩ មិថុនា ២០១៩
នាយករដ្ឋមន្រ្តីឥណ្ឌាលោកណារិនដ្រា ម៉ូឌី (រូបស្តាំ) និងប្រធានាធិបតីស្រីលង្កាលោកម៉ៃរីប៉ាឡា ស៊ីរីសេណា ថ្ងៃទី៩ មិថុនា ២០១៩ Reuters
ផ្សាយពាណិជ្ជកម្ម

មុន​នឹង​ត្រូវ​លោក​ម៉ៃរីប៉ាឡា ស៊ីរីសេណា​ក្រាល​ព្រំក្រហម​ទទួល​នៅ​វិមាន​ប្រធានាធិបតី លោក​ណារិនដ្រា ម៉ូឌី​បាន​ឆ្លៀត​ឈាង​ចូល​មើល​វិហារ​កាតូលិក​សាំង អង់តូនី​ដោយ​មិន​បាន​ប្រៀង​ទុក។ « ខ្ញុំ​ជឿជាក់​ថា ស្រីលង្កា​នឹង​ក្រោក​ឈរ​ឡើង​ដោយ​ខ្លួន​ឯង។ ទង្វើ​ភេរវនិយម​ដ៏​កំសាក​នឹង​មិន​អាច​ឈ្នះ​លើ​ស្មារតី​ស្រីលង្កា​បាន​ឡើយ។ ឥណ្ឌា​រួម​សាមគ្គី​ជាមួយ​ប្រជាជន​ស្រីលង្កា » នេះ​ការ​ថ្លែង​របស់​លោក​ម៉ូឌី​នៅ​ក្នុង​បណ្តាញ​សង្គម Twitter ដោយ​មាន​ភ្ជាប់​ជាមួយ​នូវ​រូបថត​នៃ​ទស្សនកិច្ច​របស់​លោក​នៅ​វិហារ​កាតូលិក​សាំង អង់តូនី​ផង​ដែរ។ គួរ​បញ្ជាក់​ថា​មុន​នឹង​ទៅ​ដល់​ទឹកដី​ស្រីលង្កា​ក្នុង​ថ្ងៃ​អាទិត្យ ទី៩ មិថុនា នាយករដ្ឋមន្រ្តី​ឥណ្ឌា​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ម៉ាល់ឌីវ​នា​ថ្ងៃ​សៅរ៍ ទី៨ មិថុនា។

នៅ​ក្នុង​ប្រទេស​ម៉ាល់ឌីវ លោក​ម៉ូឌី​បាន​ចូលរួម​សម្ពោធ​ប្រព័ន្ធរ៉ាដា​មួយ​នៅ​ឆ្នេរសមុទ្រ និង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងទ័ព​មួយ។ ម៉ាល់ឌីវ និង​ឥណ្ឌា​បាន​ដើរ​តួនាទី​សំខាន់​សម្រាប់​រក្សា​សន្តិសុខ​នៅ​ភាគខាងត្បូង​នៃ​ឧបទ្វីប​ឥណ្ឌា​ដែល​មាន​ចរាចរ​ផ្លូវសមុទ្រ​ទិស​ខាងកើត និង​លិច​ដ៏​មមាញឹក និង​ដែល​ក្រុង​ញូដែលី​កំពុង​បារម្ភ​ពី​កំណើន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់។ ម៉ាល់ឌីវ​ជា​ប្រទេស​សម្ព័ន្ធមិត្ត​ប្រពៃណី​របស់​ឥណ្ឌា តែ​នៅ​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​អាប់ឌុលឡា យ៉ាមីន​ចន្លោះ​ឆ្នាំ ២០១៣ ២០១៨ ម៉ាល់ឌីវ​បាន​ងាក​ខ្លាំង​រក​ចិន​ទាំង​ផ្នែក​នយោបាយ និង​ហិរញ្ញវត្តុ។ គឺ​ទើប​តែ​បរាជ័យ​របស់​លោក​យ៉ាមីន​នា​ការ​បោះឆ្នោត​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៨ និង​ការ​ឡើង​កាន់​អំណាច​របស់​លោក​អ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី​ដែល​ម៉ាល់ឌីវ​បាន​ងាក​មក​រក​ឥណ្ឌា​ជាថ្មី។

សេណារីយ៉ូ​ដូច​គ្នា​នេះ​ក៏​បាន​កើត​មាន​នៅ​ក្នុង​ប្រទេស​ស្រីលង្កា​ដែរ។ គឺ​ទើប​តែ​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ២០១៥ ទេ​ដែល​ក្រុង​កូឡុំបូ​បាន​បែរ​មុខ​រក​ឥណ្ឌា​វិញ។ ក្នុង​ខែ​ឧសភា​កន្លង​ទៅ​ថ្មីៗ​នេះ ស្រីលង្កា​បាន​ប្រកាស​ភ្ជាប់​ដៃគូ​ជាមួយ​ឥណ្ឌា និង​ជប៉ុន​ដើម្បី​សាងសង់​កំពង់ផែ​ទឹកជ្រៅ​ថ្មី​មួយ​ស្ថិត​ក្បែរ​កំពង់ផែ​ទឹកជ្រៅ​ដែល​ចិន​មាន​ចំណែក​ភាគហ៊ុន​ដល់​ទៅ ៨៥%។ កំពង់ផែ​មួយ​នេះ​ត្រូវ​បាន​ស្រីលង្កា​សាងសង់​ដោយ​ប្រើ​ប្រាក់កម្ចី​របស់​ចិន តែ​ដោយ​គ្មាន​លទ្ធភាព​សង​លុយ​ចិន រដ្ឋាភិបាល​ស្រីលង្កា​បាន​សុខចិត្ត​ប្រគល់​ឲ្យ​ចិន​មាន​ភាគហ៊ុន​ច្រើន​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ