អានតួអត្ថបទ
ស្រីលង្កា-ចិន

ហេតុអ្វី​បានជា​រដ្ឋាភិបាល​ស្រីលង្កា​បញ្ជូន​ទ័ពជើងទឹក​ទៅ​តាំងទី នៅកំពង់ផែ​ដែល​ចិន​វិនិយោគ ?

រដ្ឋាភិបាល​ស្រីលង្កា នៅថ្ងៃ​សៅរ៍​ម្សិលមិញ​បាន​ប្រកាស​លើកទីតាំង​បញ្ជាការ​កងទ័ព​ជើងទឹក​របស់​ស្រីលង្កា ទៅ​នៅ​កំពង់ផែ ភាគខាងត្បូង ដែល​ស្រីលង្កា បាន​ដាក់​ជួល​ឲ្យ​ក្រុមហ៊ុន​រដ្ឋ​ចិន សម្រាប់​រយៈពេល ៩៩​ឆ្នាំ។ តាមការិយាល័យ​នាយករដ្ឋមន្រ្តី​ស្រីលង្កា រដ្ឋាភិបាល​ក្រុង​កូឡុំបូ​បាន​បញ្ជាក់​ប្រាប់​ទៅ​ភាគី​ចិន​រួចហើយ​ដែរថា ចិន​មិនអាច​ប្រើប្រាស់​កំពង់ផែ​ទឹកជ្រៅ​របស់​ស្រីលង្កា ក្នុង​គោលដៅ​យោធានោះទេ។ 

រដ្ឋាភិបាល​ស្រីលង្កា​នៅថ្ងៃ​ទី​៣០មិថុនា ២០១៨ ប្រកាស​លើកទីតាំង​បញ្ជាការកងទ័ពជើងទឹក​ទៅដាក់​នៅកំពង់ផែ​ដែល​ចិន​វិនិយោគ
រដ្ឋាភិបាល​ស្រីលង្កា​នៅថ្ងៃ​ទី​៣០មិថុនា ២០១៨ ប្រកាស​លើកទីតាំង​បញ្ជាការកងទ័ពជើងទឹក​ទៅដាក់​នៅកំពង់ផែ​ដែល​ចិន​វិនិយោគ ©Lakruwan WANNIARACHCHI / AFP
ផ្សាយពាណិជ្ជកម្ម

ទៅតាម​ការប្រកាស​របស់​ការិយាល័យ​នាយករដ្ឋមន្រ្តី​ស្រីលង្កា បញ្ជាការ​កងទ័ព​ជើងទឹក ភាគខាងត្បូង​របស់​ស្រីលង្កា នឹង​ត្រូវ​លើក​យក​ទៅ​ដាក់ នៅកំពង់ផែ Hambantota ដែល​ស្រីលង្កា​បាន​ដាក់ជួល​ឲ្យ​ចិន កាលពី​ឆ្នាំមុន។ “មិនចាំបាច់​ត្រូវ​ខ្លាចទេ ពីព្រោះ សន្តិសុខ​របស់កំពង់ផែ​នឹង​ត្រូវ​ស្ថិតនៅ​ក្រោម​ការត្រួតត្រា​របស់​កងទ័ព​ជើងទឹក ស្រីលង្កា” នេះបើតាម​ការបញ្ជាក់​របស់​ការិយាល័យ​នាយករដ្ឋមន្រ្តី​ស្រីលង្កា។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ក្រុង​កូឡុំបូ ស្រីលង្កា​បាន​ជូនដំណឹង​ផងដែរ ទៅ​សមភាគី​ចិន ថា កំពង់ផែ Hambantota​នឹង​មិនត្រូវ​ប្រើប្រាស់​ក្នុង​គោលដៅ​យោធា។ ស្រីលង្កា ប្រកាស​លើក​ទីបញ្ជាការ​កងទ័ព​ជើងទឹក ឲ្យ​ទៅនៅ​ប្រចាំការ ​នៅ​កំពង់ផែ ដែលវិនិយោគ​ដោយ​​ក្រុមហ៊ុន​រដ្ឋចិន នៅ​បន្ទាប់​ពី​រដ្ឋាភិបាល​ឥណ្ឌា បាន​សំដែង​ការព្រួយបារម្ភ​ខ្លាច​ថា កងទ័ព​ចិន នឹង​ប្រើ​កំពង់ផែ​របស់​ស្រីលង្កា សម្រាប់​ឈរជើង នៅ​មហាសមុទ្រ​ឥណ្ឌា នៅមិនឆ្ងាយ​ប៉ុន្មានពី​ប្រទេស​ឥណ្ឌា។

នៅក្រោយ​ការប្រកាស​របស់​ស្រីលង្កា គេ​នៅមិនទាន់​ឃើញ​មាន​ប្រតិកម្ម​យ៉ាងណា​ពីទីក្រុង​ប៉េកាំង​នៅឡើយទេ។ ជាការលោះសង បំណុល ទៅ​ឲ្យ​ចិន កំពង់ផែ Hambantota ដែល​ស្ថិតនៅ​ភាគខាងត្បូង​ស្រីលង្កា ត្រូវ​បាន​រដ្ឋាភិបាល​ស្រីលង្កា មុន អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន រដ្ឋចិន​ចូល​គ្រប់គ្រង​ភាគហ៊ុន​ចំនួន ៧០ភាគរយ​របស់​កំពង់ផែ សម្រាប់​រយៈពេល ៩៩ឆ្នាំ។ កោះ​ស្រីលង្កា ដែល​មាន​ប្រជាជន​២២​លាន​នាក់ មាន​ជាប់បំណុលជាតិ ១២ពាន់​លាន​ដុល្លារ ដែលនៅក្នុង​នោះ ៥ពាន់​លាន​ដុល្លារ​ជា​បំណុល​ខ្ចីពីចិន។ នៅក្រោម​អាណត្តិ​ដឹកនាំ​របស់ ប្រធានាធិបតី​មុន (Rajapakse) ប្រាក់បំណុល​របស់​ចិន សម្រាប់​ស្រីលង្កា បាន​កើនឡើង​កប់ពពក ដោយសារ​តែ​អំពើពុករលួយ និង​គ្រួសារ​បក្សពួកនិយម​របស់​នាយករដ្ឋមន្រ្តី។ មានជំហរ ផ្ទុយពី​ប្រធានាធិបតីមុន លោក​Maithripala Sirisena ដែល​ចូលកាន់តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​ស្រីលង្កា នៅ​ឆ្នាំ ២០១៥ បាន​សន្យា​កាត់បន្ថយ​ការពឹងផ្អែក​ទៅ​លើ​ប្រទេស​ចិន។ នៅ​ខែ​ឧសភា ឆ្នាំ​មុន នៅក្រោយ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​ឥណ្ឌា នៅទីក្រុង​កូឡុំបូ ប្រធានាធិបតី​ស្រីលង្កា បាន​បដិសេធ មិន​ឲ្យ​នាវាមុជទឹក​ចិន ចុះ​ចត​កំពង់ផែ​ស្រីលង្កា។ នេះ​ជាលើកទី១ ព្រោះថា នៅ​ក្នុង​អាណត្តិ​ប្រធានាធិបតី​ស្រីលង្កាមុន នាវាមុជ​ទឹក​ចិន ២គ្រឿង​ត្រូវ​បាន​ស្វាគម​យ៉ាងរាក់ទាក់ ឲ្យ​ចុះចត​កំពង់ផែ​កោះ​ស្រីលង្កា។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ