ចិនបានអញ្ជើញឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិឲ្យទៅទស្សនកិច្ចនៅតំបន់ស៊ីនជាំង
លោកចេន ស៊ូ ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ពីការអញ្ជើញឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិលោកស្រីមីសែល បាឈើឡេឲ្យទៅទស្សនកិច្ចនៅតំបន់ស៊ីនជាំង។ តំបន់ភាគពាយព្យនៃប្រទេសចិនមួយនេះសម្បូរដោយពលរដ្ឋអ៊ុយហ្គួររស់នៅ និងដែលកំពុងទទួលរងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងពីរដ្ឋាភិបាលក្រុងប៉េកាំង។ បើតាមក្រុមអង្គការការពារសិទ្ធិមនុស្ស មានពលរដ្ឋអ៊ុយហ្គួរប្រមាណជា ១លាននាក់ត្រូវបានរដ្ឋអំណាចចិនឃុំនៅក្នុងជំរំលត់ដំ។ តែចិនធ្លាប់បានប្រតិកម្មបដិសេធ និងអះអាងជាថ្មីថា គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៦
« មើលឃើញផ្ទាល់ភ្នែកទើបជឿ។ លិខិតអញ្ជើញមាននៅលើតុ ហើយយើងសង្ឃឹមរកឃើញពេលវេលាសមស្របមួយរវាងភាគីទាំងពីរ » នេះជាការថ្លែងរបស់លោកចេន ស៊ូ ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំអង្គការសហប្រជាជាតិនាឱកាសសន្និសីទកាសែតក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ទន្ទឹមគ្នានេះ លោកចេន ស៊ូក៏បានឆ្លៀតឆ្លើយបដិសេធលើព័ត៌មានផ្សព្វផ្សាយដោយក្រុមអង្គការការពារសិទ្ធិមនុស្សដែលថា រដ្ឋាភិបាលចិនបានយកជនជាតិអ៊ុយហ្គួរប្រមាណជា ១លាននាក់ទៅឃុំឃាំងនៅក្នុងជំរំលត់ដំមួយ។ តាមលោកចេន ស៊ូ ជំរំនោះមិនមែនជាជំរំលត់ដំទេ តែជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ក្រុមយុវជនដែលកំពុងប្រឈមនឹងមនោគមន៍វិជ្ជាជ្រុលនិយម។
ការអញ្ជើញឧត្តមស្នងការសិទ្ធិមនុស្សអន្តរជាតិលោកស្រីមីសែល បាឈើឡេឲ្យចូលតំបន់ស៊ីនជាំងពីសំណាក់ចិនពេលនេះជាដំណឹងល្អមួយដែលលោកស្រីបានរងចាំតាំងពីខែមីនាមកម្ល៉េះ។ តែអ្វីដែលលោកស្រីកំពុងបន្តចង់បានបន្ថែមពេលនេះ គឺដំណើរទៅកាន់គ្រប់ទីកន្លែងទាំងអស់នៅក្នុងតំបន់ស៊ីនជាំងដោយគ្មានកំហិត។ អ្នកនាំពាក្យរបស់លោកស្រីមីសែលបានប្រាប់ឲ្យដឹងថា លោកស្រីមីសែលកំពុងបន្តជជែកជាមួយភាគីចិននៅក្នុងបញ្ហានេះ។ ដោយឡែកនៅក្នុងទីក្រុងញូយ៉ក អង្គការសហប្រជាជាតិបានបញ្ជាក់ក្នុងថ្ងៃព្រហស្បតិ៍ ទី១៣ មិថុនាថា អ្នកទទួលខុសត្រូវអង្គការសហប្រជាតិម្នាក់ជាជនជាតិរុស្ស៊ីលោកវ្ល៉ាឌីមៀរ វ៉ូរ៉ុងកូវទទួលបន្ទុកប្រឆាំងភេរវនិយមបានធ្វើដំណើរទៅកាន់តំបន់ស៊ីនជាំងក្នុងសប្តាហ៍នេះ។
តែដំណើរទៅកាន់តំបន់ស៊ីនជាំងរបស់លោកវ៉ូរ៉ុងកូវបានរងការរិះគន់ខ្លាំងពីអង្គការ Human Rights Watch ដោយអង្គការការពារសិទ្ធិមនុស្សយល់ថា អ្នកដែលត្រូវទៅមើលតំបន់ស៊ីនជាំងមិនមែនអ្នកទទួលខុសត្រូវអង្គការសហប្រជាតិផ្នែកប្រឆាំងភេរវនិយមទេ តែជាអ្នកទទួលខុសត្រូវផ្នែកសិទ្ធិមនុស្ស។ គួររម្លឹកថា ស៊ីនជាំងដែលស្ថិតប៉ែកភាគពាយព្យប្រទេសចិនសម្បូរដោយពួកអ៊ុយហ្គួររស់នៅជាតំបន់តានតឹងខ្លាំងរវាងជាតិពិន្ធុ ពិសេសរវាងពួកអ៊ុយហ្គួរ និងពួកហានដែលជាពលរដ្ឋចិនសព្វថ្ងៃ។ គឺទើបតែនៅប៉ុន្មានឆ្នាំចុងក្រោយដែលរដ្ឋអំណាចចិនបានពង្រឹងសន្តិសុខក្រោមយុទ្ធនាការប្រឆាំងភេរវនិយម អ៊ីស្លាមនិយមជ្រុល និងការទាមទារផ្តាច់ទឹកដីនិយម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ