អង្គការ FAO មានប្រមុខដឹកនាំជាជនជាតិចិនជាលើកទីមួយ
ចុះផ្សាយនៅថ្ងៃ៖
ចិនបានក្លាយជាប្រមុខដឹកនាំអង្គការ FAO -អង្គការកសិកម្មនិងស្បៀងអាហារពិភពលោក។ ជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាននៅលើពិភពលោក អង្គការFAO បានបោះឆ្នោតជ្រើសរើសលោក ស្ហឺ តុងអ៊ុយ (Qu Dongyu) ឱ្យកាន់តំណែងជាអគ្គនាយករបស់អង្គការ តាំងពីជុំទីមួយ សម្រាប់អាណត្តិបួនឆ្នាំ។ តើលោក ស្ហឺ តុងអ៊ុយ ជានរណា ? លោកមានទិសដៅនយោបាយដឹកនាំអង្គការយ៉ាងណា ?!
អាយុ៥៥ឆ្នាំ លោក ស្ហឺ តុងអ៊ុយ ធ្លាប់បានទទួលការសិក្សាមានសញ្ញាប័ត្រផ្នែកជីវវិទ្យា។ លោក ស្ហឺ តុងអ៊ុយ ចាប់មានមុខមាត់និងតួនាទី ជួរបក្សកុម្មុយនិស្ត តាមរយៈស្នាដែបង្កើតប្រព័ន្ធកម្ចីឥណទានដល់យុវវ័យនិងស្ត្រីកសិករ នៅក្នុងតំបន់ស្វយ័ត Hui du Ningxia។ លោក ជាអ្នកជំនាញផ្នែកទំនើបកម្មកសិកម្មនិងចំណូលក្នុងតំបន់ជនបទ។ បច្ចុប្បន្នលោកជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្មចិន។
នៅថ្ងៃអាទិត្យទី ២៣មិថុនា ល្ងាចមិញ លោក ស្ហឺ តុងអ៊ុយ បានជាប់ឆ្នោតជាអគ្គនាយករបស់អង្គការកសិកម្មនិងស្បៀងអាហារពិភពលោក តាំងពីជុំទីមួយ ដោយបានទទួលការគាំទ្រ ក្នុងសំឡេងភាគច្រើនដាច់ខាត ដល់ទៅ ១០៨ លើសំឡេងសរុប១៩៧ ប្រទេស ជាសមាជិករបស់អង្គការFAO។ បេក្ខនារីជាគូប្រជែង ជាតិបារាំងបានទទួលការគាំទ្រតែពី៧១ប្រទេស និង១២សំឡេងសម្រាប់បេក្ខជនទីបី ជាតិហ្សកហ្ស៊ី។
ប៉ុន្តែការបោះឆ្នោតជ្រើសរើសអគ្គនាយកអង្គការនេះ ក៏មានបង្កប់ទៅដោយពាក្យមិនល្អជាមួយចំនួន ! ប្រភពការទូតអឺរ៉ុប ថាលោក ស្ហឺ តុងអ៊ុយ បានដឹកនាំធ្វើយុទ្ធនាការ បែបវាយលុកយ៉ាងកំណាច ដែលពុំធ្លាប់មាននរណាអាចធ្វើបានទេ។ ភាគីចិនពូកែខ្លាំងក្នុងការប្រើយុទ្ធសាស្ត្រហិរញ្ញវត្ថុទាក់ទាញប្រទេសក្រីក្រ។ បញ្ជីសំណង ឬប្រាក់បំណុលប្រទេសសមាជិកFAOមួយចំនួន ស្រាប់រលុប ដោះរួច អស់រលីងតែមួយប៉ប្រិចភ្នែកមុនការពេលបោះឆ្នោត។ FAO និងប្រតិភូចិនមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ចំពោះពាក្យចចាមអារាមនេះ។
តែយ៉ាងណាក៏ដោយ ក៏ ការជាប់ឆ្នោតរបស់លោក ស្ហឺ តុងអ៊ុយ ជោគជ័យដ៏ត្រចះត្រចង់មួយ មិនមែនត្រឹមចំពោះបុគ្គលលោកស្ហឺ តែម្នាក់ឯងទេ តែជាជ័យជំនះរបស់ប្រទេសចិនទាំងមូលតែម្តង ! ព្រោះចិនកំពុងរៀបយុទ្ធសាស្ត្រចង់មានមុខសដឹកនាំស្ថាប័នអន្តរជាតិធំៗ។ ពេលនេះ មានឥស្សរជនជាច្រើនបានឡើងដឹកនាំស្ថាប័នអង្គការសហប្រជាជាតិ ដូចជា ភ្នាក់ងារអាកាសចរណ៍ស៊ីវិល OACI ភ្នាក់ងារអភិវឌ្ឍឧស្សាហកម្ម ONUDI ភ្នាក់ងារទូគមនាគមន៍អន្តរជាតិ UIT ... អគ្គលេខាធិការអង្គការសហប្រជាជាតិទើបបានតែងជនជាតិម្នាក់ទៀត ឱ្យដឹកនាំដេប៉ាតែម៉ង់កិច្ចការសង្គមនិងសេដ្ឋកិច្ច។ ហើយថ្ងៃនេះ ឥលូវ លោក ស្ហឺតុត អ៊ុយ បានក្លាយជាដឹកនាំភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានលើពិភពលោក និងដែលជាអ្នកផ្តល់យោបល់ តម្រង់ទិសនយោបាយកសិកម្មរបស់ក្រុមប្រទេសក្រីក្រភាគច្រើន។ គឺពិតជាត្រូវចំចំណុចជាអាទិភាពរបស់ខ្លួនតែម្តង។
FAO មានទិសដៅ ទាក់ទាញវិស័យឯកជន
ឮចិនដែលធ្លាប់តែមានរឿងអាស្រូវចំណីអាហារតាំងពីជាយូរយារមក ឡើងដឹកនាំស្ថាប័នអង្គការសហប្រជាជាតិ យ៉ាងដូច្នេះ គេពិតជាមានការសង្ស័យច្រើនហើយ ! ប៉ុន្តែលោក ស្ហឺ តាំងអ៊ុយ ជាមនុស្សដែលស្វែងរកគុណភាព ដោយបានបង្កើតឱ្យមានប្រព័ន្ធវាយតម្លៃនិងសម្រង់ប្រភពដើមនៃផលិតផល។
នៅក្នុងសន្ទរកថា ដ៏ខ្លីពេលដឹងលទ្ធផលឈ្នះភ្លាម លោកដែលជាអតីតសមាជិកព្រឹទ្ធសភាផ្នែកវិទ្យាសាស្ត្រកសិកម្មចិន បានបញ្ជាក់ឡើងវិញនូវរាល់ពាក្យសន្យាក្នុងពេលឃោសនាថា លោកនឹងបន្តធ្វើការជាមួយប្រជាជន និងកសិករ ព្រមទាំងធ្វើគ្រប់យ៉ាង ដើម្បីរក្សាអព្យាក្រិត្យ និងភាពមិនលម្អៀង។
លោកបានសន្យា នឹងធ្វើការដោយជាក់ស្តែង ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន និងក្រីក្រនៅលើពិភពលោក ដោយត្រូវធ្វើ “កំណែទម្រង់” និង "ប្តូរផ្លាស់” ភ្នាក់ងារអង្គការសហប្រជាជាតិ FAO មួយនេះ ក្លាយជាស្ថាប័ន ថ្មីស្រឡាង ក្មេង និងស្វាហាប់ជាងមុន។
អគ្គនាយកអង្គការFAO ថ្មីជាតិចិន ដែលនឹងត្រូវចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី ១ សីហា ២០១៩ ដល់ថ្ងៃទី ៣១កក្កដា ២០២៣ គម្រប់មួយអាណត្តិបួនឆ្នាំ បន្តអគ្គនាយក ផុតអាណត្តិជាតិប្រេស៊ីល មានគោលនយោបាយទាក់ទាញវិស័យឯកជនឱ្យមកចូលរួមសម្រេចនិងផ្តល់ហរិញ្ញវត្ថុអភិវឌ្ឍវិស័យកសិឧស្សាហកម្ម ក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លោកបានលើកឡើងអំពីលទ្ធភាពភ្ជាប់កិច្ចសហប្រតិបត្តិការ របស់ក្រុមហ៊ុនអ៊ីនធ័រនែត Alibaba នឹងមូលនិធិ Billនិង Melinda Gates ដែលបានចូលរួមយ៉ាងសកម្មក្នុងវិស័យស្រាវជ្រាវកសិឧស្សាហកម្មនៅអាហ្វ្រិក។
លោក បានសន្យាការពារកម្មវត្ថុរបស់អង្គការ ក្នុងការលុបបំបាត់ភាពអត់ឃ្លាន នៅលើភពលោក ប្រយុទ្ធប្រឆាំងនឹងភាពរាំងស្ងួត អភិវឌ្ឍកសិកម្មត្រូពិក ព្រមទាំងកសិកម្មឌីជីថលនៅជនបទ។
អង្គការសហប្រជាជាតិបានកំណត់កម្មវត្ថុចង់លុបបំបាត់ភាពអត់ឃ្លានឱ្យអស់នៅឆ្នាំ២០៣០។ ប៉ុន្តែកម្មវត្ថុកាន់តែពិបាកសម្រេចឡើងៗ ដោយហេតុតែចំនួនប្រជាពលរដ្ឋបានកើនឡើងជារៀងរាល់ឆ្នាំ ៧ពាន់៧លាននាក់នៅថ្ងៃនេះ និងកើនដល់៩៧០០លាននាក់នៅឆ្នាំ២០៥០។ បើតាមFAO ៨២១លាននាក់រស់ក្នុងអស្ថិរភាពចំណីអាហារ (មានគ្រោះទុរ្ភិក្ស រ៉ាំរ៉ៃ)។ ចំនួនអ្នកអត់ឃ្លានបានចាប់កើនឡើងតាំងពីឆ្នាំ២០១៥មក ពោលគឺត្រលប់ទៅស្មើនឹងចំនួនកាលពី១០ឆ្នាំមុន។
មូលហេតុគឺ ពិភពលោកជួបនឹងវិបត្តិប្រែប្រួលអាកាសធាតុ (ការឡើងកម្តៅនៃភពផែនដីបានធ្វើទិន្នផលកសិកម្មធ្លាក់) ឯមនុស្សក៏កើន ជម្លោះក៏កើន ការប្រជែងគ្នាក៏កាន់តែខ្លាំង។
ប៉ុន្តែបើតាមអ្នកសង្កេតការណ៍មួយចំនួន វាជាការល្អម្យ៉ាងដែរដែលចិនឡើងមកដឹកនាំស្ថាប័នមួយនេះ ព្រោះចិនកុម្មុយនិស្តកាត់បន្ថយភាពក្រីក្រក្នុងប្រទេសបាន និងធ្លាប់ឆ្លងកាត់គ្រោះទុរ្ភិក្ស (ស្លាប់ជាង៣០លាននាក់ នេះបើតាមតួលេខរបស់អ្នកជំនាញឯករាជ្យ)៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ