អាមេរិកកំពុងគៀងគរឲ្យប្រទេសផ្សេងទៀតដើរចេញពីកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ
បញ្ហាអាកាសធាតុ ជាសំណុំរឿងដ៏ស្មុគស្មាញជាងគេ នៅក្នុងជំនួបកំពូល ក្រុមប្រទេសមហាអំណាចឧស្សាហកម្ម ហ្សេ ២០ ដែលបើកធ្វើ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍នេះ នៅទីក្រុងអូសាកាប្រទេសជប៉ុន។ តាមវិមានប្រធានាធិបតី បារាំង អាមេរិក ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀង អន្តរជាតិស្តីពីអាកាសធាតុ កាលពីឆ្នាំ ២០១៧ កំពុងដើរបញ្ចុះបញ្ចូលប្រទេសផ្សេងទៀត ឲ្យដើរចេញពីកិច្ចព្រមព្រៀង ដូចខ្លួនដែរ។ ការដកខ្លួនដែលនឹងធ្វើឲ្យកិច្ចព្រមព្រៀង ដែលមានគោលដៅ ទប់ស្កាត់ការឡើងកំដៅ លើផែនដី ត្រូវចុះខ្សោយ ដោយសារខ្វះអ្នកគាំទ្រ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
វិមានប្រធានាធិបតី កាលពីថ្ងៃសុក្រម្សិលមិញបានលើកឡើងថា មានប្រទេស ពី៣ ទៅ៤ ប្រទេសដែលចូលរួម ក្នុងជំនួបកំពូលហ្សេ ២០ នៅប្រទេសជប៉ុន ដែលនឹងអាចចូលរួមក្នុងក្រុមរបស់អាមេរិក ដើម្បី ឈប់គាំទ្រ កិច្ចព្រមព្រៀងអន្តរជាតិស្តីពីអាកាសធាតុ។
នៅក្នុងចំណោមប្រទេសដែលអាចចូលរួមជាមួយ អាមេរិក ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ នៅឆ្នាំ ២០១៧ មានតួកគី មហាសេដ្ឋីប្រេង អារ៉ាប៊ី សាអូឌីត ហើយនិងប្រេស៊ីល ជាដើម។ ប្រធានាធិបតីប្រេស៊ីល លោកJair Bolsonaro មកពីក្រុមស្តាំនិយម បានជួបប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ នៅមុនជំនួបកំពូលហ្សេ ២០។
នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោកBolsonaro ផ្ទាល់ធ្លាប់បានសន្យាដកប្រេស៊ីលចេញពីកិច្ចព្រមព្រៀង ដែលកំពុងធ្វើឲ្យប្រេស៊ីលបាត់បង់ប្រយោជន៍សេដ្ឋកិច្ច។ នៅពេលចូលកាន់តំណែងជាប្រធានាធិបតី លោកBolsonaro ធ្លាប់រងការរិះគន់ ពីសហភាពអឺរ៉ុប ដោយសារនយោបាយបើកភ្លើងខៀវអនុញ្ញាតិឲ្យគេចូលទៅធ្វើអាជីវកម្មជីករ៉ែ នៅក្នុងតំបន់ព្រៃអាម៉ាហ្សូន។
សម្រាប់វិមានប្រធានាធិបតីបារាំង វាជារឿងដែលមិនអាចទទួលយកបានទេ ដែលប្រទេសសមាជិកហ្សេ ២០ ម្តងមួយៗ ដកខ្លួន លែងគាំទ្រ កិច្ចព្រមព្រៀងអន្តរជាតិស្តីពីអាកាសធាតុ។
ក្នុងជំនួបកំពូល ហ្សេ ២០ ពីរលើក មុន នៅអាល្លឺម៉ង់ និងប្រេស៊ីល សហភាពអឺរ៉ុប ជាពិសេស បារាំង បានចេញមុខគាំទ្រ ការពារ មិនឲ្យមានប្រទេសផ្សេងទៀត ចូលរួមជាមួយអាមេរិក ដើម្បី ដកខ្លួន ឈប់គាំទ្រ កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ។ នៅក្នុងជំនួបកំពូល ហ្សេ២០ ពីរលើកមុន អាមេរិកមានតែម្នាក់ឯង ដែលប្រឆាំង ចំណែក១៩ប្រទេសផ្សេងទៀត បន្តគាំទ្រកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ។ យ៉ាងណាក៏ដោយ វិមានប្រធានាធិបតីបារាំង ខ្លាចថា ក្រុម ១៩ និង១ លែងមានតទៅទៀត ប៉ុន្តែ អាចទៅជា១៧ ទល់នឹង៣ ឬ ក្រុម១៨ ទល់នឹង២ ដោយសារតែអាមេរិកដើរដាក់សម្ពាធ បញ្ចុះបញ្ចូលប្រទេសដទៃ ឲ្យចូលក្នុងក្រុមខ្លួននោះ។
នៅថ្ងៃសុក្រ នៅក្នុងជំនួប ជាលើកទី១ជាមួយប្រធានាធិបតីប្រេស៊ីល នៅក្រៅជំនួបកំពូលហ្សេ ២០ នៅប្រទេសជប៉ុន ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង បានប្រាប់លោកBolsonaro ពីសារៈសំខាន់ដែលប្រេស៊ីលបន្តគាំទ្រកិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីអាកាសធាតុ។
សូមបញ្ជាក់ថា នៅមុនជំនួបកំពូលហ្សេ ២០ លោកប្រធានាធិបតី បារាំង បានប្រកាសចាត់ទុក កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ជាខ្សែបន្ទាត់ក្រហម។ លោកបានព្រមានរួចហើយថា នឹងមិនចុះហត្ថលេខាលើសេចក្តីប្រកាសរួមរបស់ជំនួបកំពូល ហ្សេ ២០ នៅប្រទេសជប៉ុនទេ បើសិន សេចក្តីប្រកាសរបស់ហ្សេ ២០មិនគាំទ្រ ការពារកិច្ចព្រមព្រៀងស្តីពីអាកាសធាតុ ដែលមានគោលដៅ កាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលជាដើមហេតុធ្វើឲ្យឡើងកំដៅលើផែនដីនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ