តើអ្វីជាជំហររបស់ចិន នៅក្រោយបាតុកម្មហិង្សារបស់បាតុករហុងកុង ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២០
រដ្ឋអំណាចប៉េកាំង នៅថ្ងៃអង្គារនេះបានប្រកាសថ្កោលទោស ដាច់ខាត សកម្មភាពហិង្សារបស់បាតុករ ហុងកុង ដែលបានវាយបំផ្លាញ ចូលលុកលុយ អគារ រដ្ឋសភាហុងកុង នៅយប់ថ្ងៃចន្ទ ថ្ងៃទី១ កក្កដា ២០១៩។ បន្ទាប់ពីប៉ូលិស បាញ់ឧស្ម័នបង្ហូរទឹកភ្នែក បណ្តេញបាតុករ ចេញពីអគាររដ្ឋសភា ប្រមុខដឹកនាំហុងកុង លោកស្រីការី ឡាំ បានរៀបចំសន្និសីទកាសែត ជាទីដែលលោកស្រី បាននិយាយថ្កោលទោសការប្រើអំពើហិង្សាជ្រុលហួសហេតុរបស់បាតុករ ទៅលើស្ថាប័នច្បាប់ហុងកុង។
រដ្ឋសភាហុងកុងត្រូវបានបាតុករហុងកុង វាយសម្រុក ចូល លុកលុយ កាលពីយប់ថ្ងៃចន្ទ នៅក្នុងឱកាសដែលហុងកុង ប្រារព្ធខួប ២២ឆ្នាំ នៃការផ្ទេរ ហុងកុង ពី អង់គ្លេស ទៅឲ្យប្រទេសចិន វិញ កាលពីឆ្នាំ ១៩៩៧។
សម្រុកចូលវាយបំផ្លាញ ទ្រព្យសម្បត្តិ របស់រដ្ឋសភាហុងកុង គឺជាព្រឹត្តិការណ៍ ដែលមិនធ្លាប់កើតមានពីមុនមកទេ នៅហុងកុង។ កាលពី ៥ឆ្នាំ យុវជន និស្សិតហុងកុង ក្រោមឈ្មោះចលនាឆ័ត្រលឿងបានសម្រុកចូលទៅកាន់កាប់ អគារ រដ្ឋសភាហុងកុង ប៉ុន្តែ មិនបាន ប្រព្រឹត្តអំពើហិង្សា វាយបំផ្លាញ ទ្រព្យសម្បត្តិ ក្នុងរដ្ឋសភា ដូច កាលពីយប់ថ្ងៃចន្ទម្សិលមិញទេ។
នៅយប់ថ្ងៃចន្ទ ឆ្លៀត ដែលគ្មានវត្តមានរបស់ប៉ូលិសនៅមុខអគាររដ្ឋសភា បាតុករពាក់អាវខ្មៅ និងមួកលឿង ជាច្រើនរយនាក់ ដែលភាគច្រើនជា យុវជនបានវាយសម្រុកចូលក្នុងអគាររដ្ឋសភា។ នៅក្នុងសភារបស់អ្នកតំណាងរាស្រ្តហុងកុង Legco បាតុករ បានចូលទៅវាយបំផ្លាញ តុកៅអី ដោះ ទម្លាក់រូបថត មេដឹកនាំហុងកុង និងបាញ់ថ្នាំក្រវ៉េមក្រវ៉ាម លើជញ្ជាំង លើរូបសញ្ញាផ្កា ដែលជានិមិត្តរូបរបស់ហុងកុង។ នៅលើដើមសរសរក្នុងអគាររដ្ឋសភា បាតុករនៅបានសរសេរទៀតថា ហុងកុងមិនមែនជាចិននោះទេ។ “សកម្មភាពរបស់ពួកគេមិនមែនជាកុប្បកម្មនោះទេ ប៉ុន្តែ ជាការតស៊ូ ងើបចេញពីការសង្កត់សង្កិនរបស់រដ្ឋអំណាច” នេះជាអក្សរនៅលើបដា ដែលបាតុករ លើកបង្ហាញនៅក្នុងពេលចូលក្នុងរដ្ឋសភា។
បាតុកម្មដ៏ហិង្សា ដែលភាគច្រើន បង្កឡើងដោយយុវជនហុងកុង កើតចេញ មកពីកំហឹងតវ៉ា ជាទូទៅរបស់ប្រជាជនហុងកុង ទៅលើរដ្ឋអំណាចហុងកុង។ បាតុករភាគច្រើនអះអាងថា ពួកគេគ្មានជម្រើសអ្វី ក្រៅតែប្រព្រឹត្តអំពើហិង្សានោះទេ ដោយសារតែជំហរបិទភ្នែក បិទត្រចៀករបស់លោកស្រី ការី ឡាំ។ តាំងពីខែមិថុនា ប្រជាជនហុងកុងធ្វើ មហាបាតុកម្ម មិនធ្លាប់មាននៅហុងកុង ដើម្បី ទាមទារឲ្យអាជ្ញាធរលុបចោលទាំងស្រុង ច្បាប់ ធ្វើបត្យាប័ន ជនសង្ស័យទៅប្រទេសចិន និងបានទាមទារឲ្យ លោកស្រី ការី ឡាំ ចុះចេញពីតំណែង ដោយសារតែលោកស្រីសមត្ថភាពដោះស្រាយវិបត្តិលើកនេះ។ ប៉ុន្តែ លោកស្រី ការី ឡាំហាក់ធ្វើមិនដឹង មិនលឺ គឺបានត្រឹមតែប្រកាសផ្អាកព្យួ ការពិភាក្សាច្បាប់តែប៉ុណ្ណោះ។
មួយវិញទៀត បាតុកម្មដ៏ហិង្សា រហូតចូលទៅវាយបំផ្លាញ ក្នុងអគាររដ្ឋសភាយ៉ាងដូច្នេះ ក៏ជាសារមួយ ដែលបាតុករហុងកុងចង់បញ្ជាក់ថា ពួកគេប្រឆាំងដាច់ខាត អំណាចរបស់ប៉េកាំងដែលប៉ងចូលក្តោបក្តាប់លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពរបស់ប្រជាជនហុងកុង។ សម្រាប់ប្រជាជនហុងកុង ច្បាប់ធ្វើបត្យាប័ន ជាការមហិច្ឆតា យ៉ាងច្បាស់ក្រឡែត របស់ប៉េកាំង ដើម្បីចូលក្រសោបគ្រប់គ្រងប្រព័ន្ធច្បាប់ ទីក្រុងហុងកុង នោះបើទោះបីជាចិនបានសន្យា គោរព គោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរ រហូតដល់ឆ្នាំ ២០៤៧ ក្តី។
មេដឹកនាំហុងកុងថ្កោលទោស និងមិនអត់ឱនឲ្យអ្នកប្រព្រឹត្តអំពើហិង្សា
ខុសសន្និសីទកាសែត នៅក្រោយការប៉ះទង្គិចគ្នា រវាងប៉ូលិស និងបាតុករ កាលពីថ្ងៃទី ១២មិថុនា នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទ លោកស្រី ការី ឡាំ មិនសូវមានអារម្មណ៍ រំជួលចិត្ត ប៉ុន្តែ ផ្ទុយទៅវិញ បានប្រកាសថ្កោលទោស យ៉ាងម៉ឺងម៉ាត់ សកម្មភាពដ៏ហិង្សារបស់ក្រុមបាតុករ ទៅលើអគារដ្ឋសភា។
សម្រាប់លោកស្រីការី ឡាំ អ្នកដែលធ្វើឲ្យកើតមាន ព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់ និងតក់ស្លុតនៅរដ្ឋសភា គឺសក្តិសមនឹងទទួលបានការថ្កោលទោស ព្រោះថា គ្មានអ្វីដែលសំខាន់ ខ្ពស់ហួសពីច្បាប់នោះទេ។
តាមលោកស្រីប្រមុខដឹកនាំហុងកុង ប៉ូលិសនឹងស្វែងរក ចាប់ខ្លួន យកមកផ្តន្ទាទោស អ្នកដែលទទួលខុសត្រូវឲ្យមានការរំលោភឈ្លានពាន ទីតាំងរដ្ឋសភា កាលពីថ្ងៃម្សិលមិញ។ អ្នកជំនាញមួយចំនួនវាយតម្លៃថា លោកស្រី ការី ឡាំ អាចយករឿង វាយសម្រុកចូលរបស់បាតុករ ទៅក្នុងអគាររដ្ឋសភា ដើម្បី ជាលេស ទម្លាក់កំហុស ចាប់ខ្លួន មេដឹកនាំ ក្រុមប្រជាធិបតេយ្យ ដែលដឹកនាំបាតុកម្មប្រឆាំងរដ្ឋអំណាចហុងកុង និងប៉េកាំង។ ប្រជាជនហុងកុង ភាគច្រើន រួមទាំងសមាជិកសភាមកពីបក្សប្រឆាំងផង ដែលមិនគាំទ្របាតុកម្មហិង្សា បានសំដែងការសោកស្តាយ នៅក្រោយអំពើហិង្សាទៅលើសភាហុងកុង។ លោកស្រីការី ឡាំជឿថា នឹងមានប្រជាជនហុងកុង ភាគច្រើន ដែលគាំទ្រចំណាត់ការរបស់រដ្ឋអំណាចក្នុងការផ្តន្ទាទោស ជនដៃដល់ ដែលសម្រុកចូល និងបំផ្លាញអគាររដ្ឋសភា។
ប៉ុន្តែ នៅមានរឿងមួយដែលប្រមុខដឹកនាំហុងកុង គិតស្មានមិនដល់ គឺថា ទោះជាប្រជាជនហុងកុង ប្រាថ្នាចង់បានជីវិតស្ងប់សុខ ប្រឆាំងបាតុកម្មហិង្សា ប៉ុន្តែ ពួកគេ ក៏មិនព្រងើយកន្តើយ បណ្តោយទុកឲ្យហុងកុង ដែលសំបូរសប្បាយជាមួយ លទ្ធិប្រជាធិបតេយ្យ បច្ចុប្បន្ន ធ្លាក់ទៅក្នុងដៃគ្រប់គ្រងបែបផ្តាច់ការ របស់ប៉េកាំងដែរ។ ម្យ៉ាងទៀត ប្រជាជនហុងកុង ភាគច្រើនយល់ច្បាស់ថា បាតុករដែលភាគច្រើន ជាយុវជនហុងកុង បានសម្រុកចូលទៅក្នុងរដ្ឋសភានៅថ្ងៃម្សិលមិញ តាមរយៈ ការប្រើអំពើហិង្សាមែន ប៉ុន្តែ ពួកគេគ្មានជម្រើសអ្វីផ្សេងក្រៅពីនោះទេ។ ពួកគេធ្វើនៅពេលនេះ ក៏ដោយសារតែពួកគេ ព្រួយបារម្ភពីអនាគតរបស់ពួកគេ បើសិនជាអាជ្ញាធរហុងកុង សព្វថ្ងៃ នៅតែបណ្តែតបណ្តោយខ្លួន ធ្វើតាម គ្រប់បញ្ជាររបស់ទីក្រុងប៉េកាំងនោះ។
ព្រឹត្តិការណ៍នៅហុងកុង ជាវិញ្ញាសារធំមួយ សម្រាប់លោកប្រធានាធិបតីចិន ស៊ី ជីនពីង តើនៅថ្ងៃអង្គារ ទីក្រុងប៉េកាំងតាមរយៈ កាសែតរដ្ឋចិន បានប្រកាសថ្កោលទោស សកម្មភាពហិង្សារបស់បាតុករ ហុងកុង និងគាំទ្រ ចំណាត់ការរបស់អាជ្ញាធរហុងកុង ក្នុងការចាប់ខ្លួនអ្នកដែលវាយសម្រុក ចូល និងបំផ្លិចបំផ្លាញ ក្នុងអគាររដ្ឋសភា។ កាសែតរដ្ឋចិន ដូចជា Global Times បានទាមទារឲ្យមានការដាក់ទោស ធ្ងន់ ឬ”ការអត់ឱន សូន្យ” ទៅលើអ្នកដែលប្រព្រឹត្តអំពើហិង្សា នៅក្នុងរដ្ឋសភា។
បាតុកម្ម នៅហុងកុង ជារឿងដ៏ឈឺក្បាលសម្រាប់លោកប្រធានាធិបតីស៊ី ជីនពីង។ នៅមុន កិច្ចប្រជុំ ក្រុមប្រទេសមហាអំណាច ហ្សេ២០ នៅប្រទេសជប៉ុន លោកប្រធានាធិបតីចិន នៅស្ងប់ស្ងៀម មិនប្រកាសចាត់វិធានការតឹងរ៉ឹង ប្រឆាំងបាតុករហុងកុងនោះទេ ពោលគឺដើម្បី ជៀសវាង ក្រែងមានការដាក់សម្ពាធពីប្រទេសទៀត ហើយនិងអាមេរិក ដែលចិនអាចជួបចរចា នៅក្នុងជម្លោះ វិវាទពាណិជ្ជកម្ម។ ប៉ុន្តែ នៅក្រោយ កិច្ចប្រជុំហ្សេ ២០បិទបញ្ចប់ នៅប្រទេសជប៉ុន គេគិតថា លោកប្រធានាធិបតីស៊ី ជីនពីង លែងស្ថិតនៅក្រោមគំនាបពីបរទេស និងអាចមានសេរីភាព ក្នុងការសម្រេចចិត្ត ចាត់វិធានការណាមួយ ដើម្បី ឆ្លើយតបនឹងបាតុកម្មតវ៉ា នៅហុងកុង។
យ៉ាងណាក៏ដោយ គេមិនរំពឹងថា ប្រធានាធិបតីចិន នឹងអាចចាត់វិធានការក្តៅ បញ្ជារឲ្យអា ជ្ញាធរហុងកុង បង្រ្កាបទៅលើបាតុករ ដូចដែល ចិនបានធ្វើ នៅទីលានធានអានមេននោះទេ។ ការបង្រ្កាបដ៏ហិង្សាទៅលើនិស្សិតចិន នៅទីលានធានអានមេននៅដិតជាប់នៅឡើយ ក្នុងការចងចាំរបស់មនុស្សជាតិ។ ការបង្រ្កាបហិង្សាណាមួយ ទៅលើបាតុករនៅហុងកុង នឹងមិនមែនជារូបភាពល្អសម្រាប់ចិននោះទេ។ ផ្ទុយទៅវិញ វានឹងបំផ្លាញ ទាំងមុខមាត់ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ចិន ព្រោះថា ហុងកុង ជាកន្លែងពាណិជ្ជកម្ម ហិរញ្ញវត្ថុអន្តរជាតិ ធំទី៣ក្នុងលោក និងជាទី ដែល ចិន មានមូលធនវិនិយោគបរទេស ដល់ទៅ២ភាគ៣នៃមូលធនវិនិយោគបរទេសសរុប របស់ចិន។
មធ្យោបាយមួយទៀត របស់លោក ស៊ី ជីនពីង គឺទុកបណ្តោយឲ្យបាតុកម្មប្រឆាំងចិន ចុះខ្សោយ ដូចកាលពីឆ្នាំ ២០១៤ មុននឹងចេញបញ្ជារឲ្យចាប់ខ្លួនក្រុមប្រឆាំង។ ប៉ុន្តែ សម្រាប់អ្នកជំនាញមួយចំនួន ជម្រើសនេះ លែងមានប្រសិទ្ធិភាពដូចមុន ព្រោះថា ពីពេលនេះតទៅ ប្រជាជនហុងកុង ដែលបារម្ភកាន់តែខ្លាំង ពីការបាត់បង់សិទ្ធិសេរីភាព ធ្លាក់ទៅក្នុងអំណាចផ្តាច់ការរបស់ចិន លែងខ្លាចការបង្រ្កាបរបស់អាជ្ញាធរទៀតហើយ។ ប្រជាជនហុងកុងត្រូវជ្រើសរើសនៅពេលនេះ រវាងការបង្រ្កាបនៅពេលនេះ ឬ ការធ្លាក់ខ្លួនទាំងស្រុង ទៅនៅក្រោមការគ្រប់គ្រងផ្តាច់ការ គ្មានសេរីភាព របស់រដ្ឋអំណាចចិន នៅថ្ងៃអនាគត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ