កូរ៉េខាងត្បូងអះអាងថា បានបាញ់ព្រមានយន្តហោះរុស្ស៊ី ដែលរំលោភចូលដែនអាកាសកូរ៉េខាងត្បូង
យន្តហោះចម្បាំងកូរ៉េខាងត្បូង នៅថ្ងៃព្រឹកថ្ងៃអង្គារនេះបានបាញ់ព្រមាន បណ្តេញយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី ដែលបានរំលោភឆ្លងចូលខុសច្បាប់ក្នុងដែនអាកាសកូរ៉េខាងត្បូង។ នេះបើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង។ ទីក្រុងម៉ូស្គូវិញបានបដិសេធ ការលើកឡើងរបស់ទីក្រុងសេអ៊ូល និងថា យន្តហោះយោធារបស់ខ្លួនបានហោះក្នុងដែនអាកាសអន្តរជាតិតែប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តាមក្រសួងការពារជាតិកូរ៉េខាងត្បូង យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី បានហោះរំលោភចូលក្នុងដែនអាកាសកូរ៉េខាងត្បូង ដល់ទៅ២ដង នៅព្រឹកថ្ងៃអង្គារ ដែលតម្រូវ ឲ្យយន្តហោះចម្បាំងកូរ៉េខាងត្បូងបាញ់ព្រមាន ជិត ៤០០លើក។ ឧប្បត្តិហេតុនេះ កើតឡើងនៅភាគខាងកើតកូរ៉េខាងត្បូង នៅម្តុំពីលើប្រជុំកោះ ដុកដូរ ដែលកូរ៉េខាងត្បូងកំពុងឈ្លោះដណ្តើមគ្នាជាមួយប្រទេសជប៉ុន។ ចាប់តាំងពីចប់សង្រ្គាមកូរ៉េនៅឆ្នាំ ១៩៥៣ នេះជាលើកទី១ដែលមានយន្តហោះចម្បាំងរុស្ស៊ី រំលោភ ហោះចូលក្នុងដែនអាកាសកូរ៉េខាងត្បូង។
នៅក្នុងសំបុត្រផ្ញើទៅកាន់លេខាធិការដ្ឋាននៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី នៅថ្ងៃនេះ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក ជុង អីយ៉ុង បានព្រមានពីផលវិបាកធ្ងន់ធ្ងរ បើសិនមានការរំលោភសាជាថ្មី ពីសំណាក់ភាគីរុស្ស៊ី។
ទីក្រុងម៉ូស្គូវិញ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបានបដិសេធ ភ្លាម ទាត់ចោលការចោទប្រកាន់របស់កូរ៉េខាងត្បូងទាំងរឿងរំលោភចូលក្នុងដែនអាកាស ហើយនិងរឿងបាញ់ព្រមានពីសំណាក់យន្តហោះចម្បាំងកូរ៉េខាងត្បូង។ តាមក្រសួងការពារជាតិរុស្ស៊ី យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីបានហោះ នៅពីលើដែនសមុទ្រអន្តរជាតិ ហើយបើសិនមានការបាញ់ព្រមានពីខាងកូរ៉េខាងត្បូងមែន នោះប្រាកដជាមានគ្រោះថ្នាក់ធំ ព្រោះថា កងទ័ពរុស្ស៊ី មុខជានឹងបាញ់តបវិញជាមិនខាន។
សម្រាប់ក្រសួងការពារជាតិរុស្ស៊ី គឺទីក្រុងសេអ៊ូល ដែលបានកំណត់ ដែនអាកាសយោធារបស់ខ្លួន ដោយឯកតោភាគី ដោយគ្មានការទទួលស្គាល់ពីអន្តរជាតិ ហើយនិងភាគីរុស្ស៊ី។
មួយវិញទៀត កងទ័ពរុស្ស៊ី បានចោទប្រកាន់ផងដែរ អ្នកបើកយន្តហោះចម្បាំងកូរ៉េខាងត្បូង ២គ្រឿង ថា គ្មានវិជ្ជាជីវៈ គំរាមកំហែងដល់សន្តិសុខ កងទ័ពរុស្ស៊ី ដោយបានបើកកាត់មុខ កាត់ផ្លូវ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរបស់រុស្ស៊ី ដែលកំពុងធ្វើសមយុទ្ធ នៅពីលើដែនសមុទ្រអន្តរជាតិ។ “អ្នកបើកយន្តហោះចម្បាំងកូរ៉េខាងត្បូងមិនបានទាក់ទងជាមួយភាគីយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីនោះទេ ហើយក៏គ្មានការបាញ់រះ ព្រមានពីសំណាក់យន្តហោះកូរ៉េខាងត្បូងដែរ”។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី។
ឧប្បត្តិហេតុ វិះតែប៉ះទង្គិចគ្នា ជាមួយយន្តហោះចម្បាំងរុស្ស៊ី ឧស្សាហ៍កើតមានណាស់ នៅម្តុំសមុទ្របាល់ទិក ជាទីដែលយន្តហោះ ចម្បាំងរបស់ប្រទេសលោកខាងលិច ហើយនិងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញ ទៅមក បានហោះរំលោភចូលក្នុងដែនអាកាស ឬចូលកៀកដែនអាកាសរបស់ខ្លួន រៀងៗខ្លួន។ យន្តហោះរុស្ស៊ី ៦គ្រឿង ដែលនៅក្នុងនោះមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្តរុស្ស៊ីផងដែរ ត្រូវបានយន្តហោះចម្បាំងអាមេរិកាំង ហោះអម បង្ខំឲ្យចាកចេញពីដែនអាកាស Alaska ម្តងហើយ កាលពីខែឧសភាកន្លងទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ