អានតួអត្ថបទ
រុស្ស៊ី-ជប៉ុន-កូរ៉េខាងត្បូង

ការ​ហោះ​នៃ​យន្តហោះ​ចំបាំង​រុស្ស៊ី​នាំ​ឲ្យ​ផ្អើល​ដល់​កង​អាកាស​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​

ក្រសួង​​ការពារ​​ជាតិ​​រុស្ស៊ី​ ​ទើប​​ថ្លែង​​បញ្ជាក់​ពី​​ការ​​ហោះ​ហើរ​​នៅ​​ថ្ងៃ​​ពុធ​​៨​​កុម្ភៈ​នៃ​​យន្តហោះ​​ចំបាំង​​រុស្ស៊ី​​ចំនួន​​៧​​គ្រឿង​​ជា​​ប្រតិកម្ម​​តប​​នឹង​​ក្រសួង​​ការពារ​ជាតិ​​ជប៉ុន​ដែល​​ម្សិលមិញ​ថ្លែង​​ថា​ គឺ​​ជា​​លើក​​ទី​​១​​ដែល​​មាន​​យន្ត​ហោះ​​យោធា​​រុស្ស៊ី​​ច្រើន​​ម៉្លឹង​​បាន​​​ហោះ​​ឆ្វែល​​លំហ​​អាកាស​របស់​​ជប៉ុន។​

យន្តហោះ​ចំបាំងរុស្ស៊ី​
យន្តហោះ​ចំបាំងរុស្ស៊ី​ RFI/Keo Chhaya
ផ្សាយពាណិជ្ជកម្ម

 

ក្រសួង​ការពារ​ជាតិ​ជប៉ុន ព្រម​ជាមួយ​នេះ ក៏​គូសបញ្ជាក់​ដែរ​ថា ការ​ហោះ​ឆ្វែល​នោះ នៃ​ក្រុម​យន្តហោះ​យោធា​រុស្ស៊ី​ឥត​បាន​រំលោភ​ទេ លើ​ដែន​អាកាស​ជប៉ុន។ ទោះ​យ៉ាងណាក្តី ក៏​រដ្ឋាភិបាល​ជប៉ុន ទទូច​សុំ​ទីក្រុង​ម៉ូស្គូ​ជា​ផ្លូវការ ឲ្យ​ចេះ​ទប់​ខ្លួន​ទៅ កុំ​ធ្វើការ​ហោះហើរ​បែប​នេះ ទៀត​នៅ​ថ្ងៃ​ក្រោយៗ។

សាច់​រឿង គឺ​ថា​យន្តហោះ​យោធា​រុស្ស៊ី​៧​គ្រឿង ក្នុង​នោះ​មាន យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​ធ្ងន់ ពាំផ្ទុក​ដោយ​កាំជ្រួច​មីស្ស៊ីល​សម្រាប់​ប្រតិបត្តិការ​ទៅ​ចម្ងាយ​ឆ្ងាយៗ ធុន​“Tupolev-95“​២​គ្រឿង , យន្តហោះ​ប្រដេញ-ឈ្លបការ​ធុន “Su-27” ២​គ្រឿង, យន្តហោះ​សម្រាប់​ចាក់​សាំង​ក្នុង​អាកាស ធុន “ iL-78 “ ២​គ្រឿង​ដែរ ហើយ​ទាំង​អស់​នេះ គឺ​នាំ​ផ្លូវ​ដោយ​យន្តហោះ​ពិសេស ហៅ​ថា យន្តហោះ Radar ធុន A-50 មួយ​គ្រឿង ខាង​រាវរក​ជាមុន ទីដៅ​ប្រមាញ់​ដែល​ស្ថិត​នៅ​ចម្ងាយ​ឆ្ងាយៗ​ក្នុង​អាកាស​ផ្ទាល់។

ក្រុម​យន្តហោះ​រុស្ស៊ី​នោះ បាន​ហោះ​ឆ្វែល​លំហ​អាកាស​ជប៉ុន ត្រង់​តំបន់​កោះ Hokkaido នៅ​ខាង​ជើង​និង​តាម​បណ្តោយ​ឆ្នេរ​ឦសាន​កោះ Honshu ជា​កោះ​ដ៏​ធំ​បំផុត​របស់​ជប៉ុន។ ជាសរុប ការ​ហោះ​នោះ បាន​ពន្យារ​ទៅ​អស់​១៦​ម៉ោង។ ហើយ​ក្នុង​រយៈ​ពេល​នោះ ក្រុម​យន្តហោះ​រុស្ស៊ី ត្រូវ​បាន​ហោះ អម​ក្រៀក​ពី​ចំហៀង​ដោយ​យន្តហោះ​ប្រដេញ​របស់​​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង ធុន F-15 និង F-16 ចំនួន​ទាំង​អស់ ១៣​គ្រឿង​ឯណោះ។​

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​បំភ្លឺ​ឲ្យ​ដឹង​ថា ការ​ហោះ​ប៉ាទ្រូយ​បែប​នេះ នៃ​យន្តហោះ​ខ្លួន​តែង​ប្រព្រឹត្ត​ទៅ​ជារឿយៗតាំងពី​ឆ្នាំ​២០០៧​មកហើយ​លើក​នេះគឺ​ហោះ​កាត់​ពី​លើ​ដែនទឹកអព្យាក្រឹត នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​ស្ថិត​នៅ​ខាង​ជើង​ពី​រាល់​កោះ​ជប៉ុន​ទេ​តើ។

ការ​ហោះហើរ​នេះ ត្រូវ​កង​អាកាស​រុស្ស៊ី​ធ្វើ ដោយ​ឆ្លើយ​ស្រប​ពេញទី​នឹង​ច្បាប់​អន្តរជាតិ​ខាង​ប្រើ​លំហ​អាកាស ដែល​ស្ថិត​នៅ​ពី​លើ ដែន​ទឹក​អព្យាក្រឹត។ ក្នុង​ន័យ​នេះ រុស្ស៊ី​ក៏​ធ្វើ​ការ​ហោះហើរ​នៅ​ពី​លើ មហា​សមុទ្រ​អាត្លង់ទិក លើ​សមុទ្រ​ទឹកកក​ប៉ែក​ឧត្តរ លើ​សមុទ្រ​ខ្មៅ​ជា​ដើម។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ក៏​លំអិត​ថា តាម​ធម្មតា​ការ​ហោះ​បែប​នេះ ពន្យារ​ទៅ​ពី​១០​ម៉ោង​ដល់ ២២​ម៉ោង។ ឧទាហរណ៍ ក្នុង​ឆ្នាំ ២០១១​កន្លង​ទៅ មាន​យន្តហោះ​ធុន​“Tupolev-95“​២​គ្រឿង​បាន​​​ហោះ​ឆ្វែល​អស់​១៩​ម៉ោង តាម​បរិវេណ​ដែន​ដី​ជប៉ុន ពី​កោះ Kyushu នៅ​ខាង​ត្បូង​រហូត​ដល់​កោះ Hokkaido ប៉ែក​ខាង​ជើង​ប៉ុន្តែ​ហោះ​នោះ គឺ​តែ​នៅ​ពី​លើ​ដែន​ទឹក​អន្តរជាតិ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ