ឥណ្ឌាចង់សើរើទ្រឹស្តីមិនប្រើអាវុធនុយក្លេអ៊ែរ ក្រោយជំនួបក្រុមប្រឹក្សាសន្តិសុខស្តីពីកាស្មៀរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១៦
ជោគវាសនាតំបន់កាស្មៀរ ដែលឥណ្ឌា ទើបបានសម្រេចដកស្វ័យភាព កាលពីថ្ងៃទី ៥សីហា ២០១៩ បានឡើងឆាកអង្គការសហប្រជាជាតិ ជាលើកទីមួយគិតចាប់តាំងពីឆ្នាំ១៩៧១មក ក្នុងជំនួបប្រជុំដោយបិទទ្វារ។ ជាលទ្ធផល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនបានចេញសម្រេចចិត្តអ្វីទាំងអស់។ ប៉ុន្តែហេតុអ្វីបានជាប៉ាគីស្ថាន យល់ថាជាជោគជ័យរបស់ខ្លួន ហើយឥណ្ឌាប្រកាសបរិហារការជ្រៀតជ្រែករបស់បរទេស និងព្រលយជាលើកទីមួយ ឆន្ទៈចង់សើរើនយោបាយប្រើអាវុធនុយក្លែអ៊ែរឡើងវិញយ៉ាងដូច្នោះ ?!
តាមសំណើរបស់ចិននិងប៉ាគីស្ថាន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលរួមមានសមាជិកអចិន្ត្រៃយ៍ ៥ (ចិន រុស្ស៊ី សហរដ្ឋអាមេរិក បារាំង អង់គ្លេស) និងសមាជិកមិនអចិន្ត្រៃយ៍ទាំង១០ បានបើកជំនួបប្រជុំ ដោយបិទទ្វារ នៅទីក្រុងញូវយ៉ក។ របៀបប្រជុំដោយបិទទ្វារ ជាសំណើរបស់រុស្ស៊ី។ ឯភាគីជម្លោះទាំងពីរ ឥណ្ឌា និងប៉ាគីស្ថាន គ្មានវត្តមានទេ ព្រោះមិនមែនជាសមាជិករបស់ក្រុមប្រឹក្សានៅខែនេះ។ បុព្វហេតុប៉ាគីស្ថាន ត្រូវរំពឹងលើរុស្ស៊ីនិងចិន។
ប៉ុន្តែ គ្មានទេសេចក្តីថ្លែងការណ៍រួម គ្មានទេសេចក្តីសម្រេចចិត្ត ! ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនអាចអារកាត់សេចក្តីអ្វីបាន បានត្រឹមនាំគ្នាសម្តែងការព្រួយបារម្ភ។ ហើយសមាជិកភាគច្រើន យល់ថាសំណុំរឿងកាស្មៀរនេះជាបញ្ហារវាងឥណ្ឌានិងប៉ាគីស្ថាន ដែលត្រូវដោះស្រាយ ជាលក្ខណៈទ្វេភាគី ដូចអ្វីដែលបានចែងក្នុងសេចក្តីសម្រេចចិត្តអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៧១។
ឥណ្ឌាស្ថិតនៅខាងមហាអំណាច
ចិននិងរុស្ស៊ី ថ្វីបើគាំទ្រប៉ាគីស្ថាន ជួយជ្រោមជ្រែងឱ្យមានសកម្មភាពការទូតថ្ងៃនេះមែន តែមិនសូវស្វាហាប់។ ចិនកំពុងវក់វីនឹងបញ្ហាហុងកុង ត្រូវបង្ខំចិត្តជួយប៉ាគីស្ថានដែលជាអតិថិជនអាវុធដ៏ចំបងផង និងដើម្បីសម្រេចបំណងពាណិជ្ជកម្មផ្លូវសូត្រថ្មីរបស់ខ្លួនផង ព្រមទាំងដើម្បីឱ្យប៉ាគីស្ថានជួយទប់ឥទ្ធិពលឥណ្ឌាដែលកំពុងរីកសាយភាយខ្លាំងនៅអាស៊ីអាគ្នេយ៍ផង។ តែចិនក៏មិនចង់បង្កើនសត្រូវស្វែងរកជម្លោះជាមួយឥណ្ឌាដែរ។
ចំណែករុស្ស៊ី ធ្លាប់មានសម្ព័ន្ធមេត្រីភាពជាមួយឥណ្ឌាតាំងពីយូរលង់មកហើយ។ រុស្ស៊ីជាអ្នកផ្គត់ផ្គង់អាវុធនិងមជ្ឈមណ្ឌលនុយក្លេអ៊ែរស៊ីវិលឱ្យឥណ្ឌាតាំងពីជាងកន្លះសតវត្សរ៍មក។ ប៉ាគីស្ថាន គ្រាន់តែជាមិត្តថ្មីថ្មោង ទើបមានកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ីកាលពីឆ្នាំ២០១៧ប៉ុណ្ណោះ។
ខាងអឺរ៉ុប បារាំង-អង់គ្លេសវិញ ពួកគេសុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងឥណ្ឌា។ អង់គ្លេសធ្លាប់ជាប្រទេសអាណានិគម ជាមេចំណែកពុះដី។ បារាំងទើបមានកិច្ចព្រមព្រៀងយក្សពីរជាមួយឥណ្ឌា។ រីឯអាមេរិក កំពុងមានជំហរពិបាកខ្លាំងជាងគេ។ អាមេរិក មិនដឹងត្រូវសម្រេចកាន់ជើងខាងណាទេ ឥណ្ឌាដៃគូជាអាទិភាពតាំងពីសម័យលោកប៊ូសមកដើម្បីទប់ចិន តែក៏ត្រូវការប៉ាគីស្ថានដើម្បីសន្តិភាពអាហ្វហា្កនីស្ថាន ដើម្បីបានដកកងទ័ពអាមេរិកត្រលប់មកវិញ។
ជោគជ័យសម្រាប់ប៉ាគីស្ថាន
ប៉ុន្តែនេះជាលើកទីមួយហើយ គិតចាប់តាំងពីឆ្នាំ១៩៧១មក ដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ព្រមទទួលយកសំណុំរឿងកាស្មៀរមកជជែក។ កន្លះសតវត្សរ៍ក្រោយមកទើបគេឃើញអង្គការសហប្រជាជាតិប៉ះឯកសារកាស្មៀរជាថ្មី។ អ៊ីចឹងហើយបានជាជំនួបប្រជុំម្សិលមិញ គ្មានលទ្ធផលអ្វីមែន តែជាជោគជ័យការទូតសម្រាប់ប៉ាគីស្ថាន នោះ។
ប៉ាគីស្ថាន ចង់ឃើញសំណុំរឿងកាស្មៀរក្លាយជាសំណុំរឿងអន្តរជាតិណាស់ និងឱ្យសំឡេងរបស់ប្រជាពលរដ្ឋកាស្មៀរ ខ្ទរលើឆាកអន្តរជាតិ។ ហើយនៅទីបំផុត ប៉ាគីស្ថានក៏បានសម្រេចបំណង ដោយមានការគាំទ្រពីចិន។ ស្នើបើកប្រជុំនៅក្រុមប្រឹក្សាសន្តិសុខ ជាទង្វើដ៏កម្របំផុតរបស់ចិន។
សេចក្តីសម្រេចអង្គការសហប្រជាជាតិ ឆ្នាំ១៩៧១ ស្តីពីកាស្មៀរ
ជម្លោះកាស្មៀរបានផ្ទុះឡើង ជាលើកដំបូងនៅឆ្នាំ១៩៤៧ នៅពេលអង់គ្លេសបានពុះច្រៀកអាណាចក្រឥណ្ឌា ជាប្រទេសឥណ្ឌាមួយភាគនិងមួយភាគទៀតដែលមានពលរដ្ឋកាន់សាសនាអ៊ីស្លាម ជាប្រទេសប៉ាគីស្ថាន។ ប៉ុន្តែផ្ទុយពីឆន្ទៈរបស់ពលរដ្ឋ ស្តេចនៅតំបន់កាស្មៀរ ចង់នៅជាឥណ្ឌាជាង ទើបតំបន់កាស្មៀរត្រូវពុះចែកជាពីរ (ពីរភាគជាឥណ្ឌា មួយភាគជាប៉ាគីស្ថាន) នៅឆ្នាំ ១៩៤៩ ខណ្ឌចែកដោយគំនូសព្រំដែនដែលមានឈ្មោះថា បន្ទាត់ឈប់បាញ់។ កាលណោះអង្គការសហប្រជាជាតិ បានស្នើរៀបចំប្រជាមតិ ប៉ុន្តែទាំងឥណ្ឌាទាំងប៉ាគីស្ថាន គ្មាននរណាចង់ធ្វើតាមទេ ព្រោះខ្លាចកាស្មៀរសុំឯករាជ្យ។
នៅទីបំផុត តំបន់កាស្មៀរបានក្លាយជាប្រភពនៃសង្គ្រាមឥណ្ឌា-ប៉ាគីស្ថានដល់ទៅពីរលើក ឆ្នាំ១៩៦៥ និង១៩៧១។ សង្គ្រាមឆ្នាំ ១៩៧១ បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលូកដៃធ្វើអន្តរាគមន៍ និងបានសម្រេចជាផ្លូវការ រក្សាStatu quo នូវគំនូសបែកចែកឆ្នាំ១៩៤៧។ បន្ទាត់ឈប់បាញ់ ក្លាយជាខ្សែបន្ទាត់ត្រួតពិនិត្យព្រំដែន រហូតមកទល់ពេលនេះ ដែលប្រឈមនឹងការផ្ទុះអាវុធដាក់គ្នាជាញឹកញយ។
សេចក្តីសម្រេចចិត្តអង្គការសហប្រជាជាតិឆ្នាំ១៩៧១ បានជំរុញឱ្យឥណ្ឌានិងប៉ាគីស្ថានរកឃើញកិច្ចព្រមព្រៀង ដ៏សំខាន់មួយ នៅឆ្នាំ១៩៧២ គឺកិច្ចព្រមព្រៀង “Simla” ដែលភាគីទាំងពីរសន្យាដោះស្រាយ ជម្លោះ ជាលក្ខណៈទ្វេភាគី រាប់ទាំងវិបត្តិកាស្មៀរផង។ គឺតាមរយៈកិច្ចព្រមព្រៀងស៊ីមឡានេះហើយដែលឥណ្ឌាមានហេតុផលគ្រប់គ្រាន់បដិសេធ មិនឱ្យយកសំណុំរឿងកាស្មៀរទៅពឹងពាក់អន្តរជាតិ និងបដិសេធមិនទទួលអន្តរាគមន៍អន្តរជាតិ ណាមួយ ទោះក្នុងរូបភាពណាក៏ដោយ សម្រាប់ដោះស្រាយវិបត្តិកាស្មៀរ។
ដោយសារតែមូលហេតុនេះ ទើបឥណ្ឌាបរិហារការជ្រៀតជ្រែករបស់សហគមន៍អន្តរជាតិ ក្នុងសំណុំរឿងកាស្មៀរ។
ឥណ្ឌាកំពុងចង់សើរើនយោបាយប្រើអាវុធនុយក្លេអ៊ែរ
ប៉ុន្តែ ទន្ទឹមនឹងភាពតានតឹងនៅតំបន់កាស្មៀរ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាបានធ្វើដំណើរទៅមជ្ឈមណ្ឌល Pokhran កន្លែងសាកល្បងនុយក្លេអ៊ែរ ដោយបានព្រលយឱ្យអំពីលទ្ធភាពនៃការសើរើកិច្ចសន្យាមិនប្រើអាវុធនុយក្លេអ៊ែរ ក្នុងពេលមានជម្លោះឡើងវិញ។
នៅឆ្នាំ១៩៩៩ ឥណ្ឌាបានសន្យាប្រកាន់យកគោលការណ៍មិនប្រើអាវុធនុយក្លេអ៊ែរ ភ្លាមទេ ក្នុងករណីមានជម្លោះ។ ចិនក៏បានប្រកាន់ជំហរនេះដូចគ្នា លើកលែងប៉ាគីស្ថានមួយ។
ប៉ុន្តែបើតាមប៉ាគីស្ថាន ឥណ្ឌាកុហក់ ! កិច្ចសន្យាមិនប្រើអាវុធនុយក្លេអ៊ែររបស់ឥណ្ឌា អស់សុពលភាព តាំងពីឆ្នាំ២០០៣មក នៅពេលរដ្ឋាភិបាលឥណ្ឌាបានប្រកាសប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងរាល់គ្រប់ការវាយប្រហារគីមី និងជីវសាស្ត្រ។
ការសើរើគោលការណ៍មិនប្រើអាវុធនុយក្លេអ៊ែរ ជាផ្នែកមួយនៃកម្មវិធីនយោបាយរបស់បក្សជាតិនិយមឥណ្ឌូរបស់លោកមូឌី ដែលមានផ្សព្វផ្សាយក្នុងពេលឃោសនាបោះឆ្នោតឆ្នាំ ២០១៤ ប៉ុន្តែលោកម៉ូឌីផ្ទាល់បានសន្យាថាមិនប៉ះពាល់ ឬប្តូរផ្លាស់ទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ