អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​គ្រិស្ត​សាសនា​ នៅ​ជប៉ុន​មាន​ប្រវត្តិ​យ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

សម្តេច​ប៉ាប​ ហ្វ្រង់ស័រ បាន​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ និង​បាន​និមន្ត​ដល់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​បំពេញ​ទស្សនកិច្ចរយៈ​ពេល​បួន​ថ្ងៃ​។ ក្រៅ​អំពី​ចង់​ផ្សព្វផ្សាយ​​សារ​ប្រយុទ្ធ​ប្រឆាំង​នឹង​សង្គ្រាម​នុយក្លេអ៊ែរ ដែល​ជា​កម្មវត្ថុ​ដ៏​ចំបង​នៃ​ទស្សនកិច្ច នៅ​ណាវ៉ាសាគី និង​ហ៊ីរ៉ូស្ហ៊ីម៉ា សម្តេច​ប៉ាប​នឹងប្រារព្វ​ពិធី​​ឧទ្ទិសដល់​វិញ្ញាណក្ខន្ធ​​​គ្រិស្តសាសនិកជន​ “លាក់​មុខ”។ តើ​គ្រិស្តសាសនិក​ជន​លាក់​មុខ​ជប៉ុន​ជា​នរណា ? គ្រិស្តសាសនា​ នៅ​ជប៉ុន​ មាន​ប្រវត្តិ​យ៉ាងណា ?

សម្តេច​ប៉ាប ហ្វ្រង់ស័រ នៅទីក្រុង​តូក្យូ ថ្ងៃទី ២៣ វិច្ឆិកា ២០១៩។
សម្តេច​ប៉ាប ហ្វ្រង់ស័រ នៅទីក្រុង​តូក្យូ ថ្ងៃទី ២៣ វិច្ឆិកា ២០១៩។ © Reuters
ផ្សាយពាណិជ្ជកម្ម

មុន​នឹងមាន​ជំនួបជាមួយ​ជនរងគ្រោះក្នុង​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី​-ស៊ូណាមី-នុយក្លេអ៊ែរ​​ហ្វូគុស្ហ៊ីម៉ា​ ​និងជំនួប​ផ្សេងៗ​នៅតូក្យូ នៅ​ថ្ងៃ​ចន្ទ​ ​ទស្សនកិច្ច​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ជាង​គេ គឺ​នៅថ្ងៃអាទិត្យ​ស្អែក ​ពេល​ព្រះ​អង្គ​និមន្ត​ទៅ​​ណាវ៉ាសាគី និង​ហ៊ីរ៉ូស្ហ៊ីម៉ា ដែល​រង​គ្រាប់​បែក​បរមាណូ​​ កាលពី​៧៤​ឆ្នាំ​មុន។ នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា ព្រះ​អង្គ​​នឹង​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ ពី​វិមាន​សន្តិភាព​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​នុយក្លេអ៊ែរ​ ដែល​ស្ថិត​នៅក្បែរ​កន្លែង​​ធ្លាក់​គ្រាប់​បែក​បរមាណូ​គ្រាប់​ទី​មួយ កាលពី​ថ្ងៃ​ទី​៦​សីហា ឆ្នាំ​១៩៤៥។

​ក្រៅ​អំពី​កម្មវត្ថុ​ដ៏​ចំបង​ចង់​បំផុស​បំផុល​​ពិភពលោក​ឱ្យ​ប្រយុទ្ធ​ប្រឆាំង​នឹង​នុយក្លេអ៊ែរ ​ ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប មាន​ទម្រង់​ជា​រំលឹកប្រវត្តិសាស្ត្រ​គ្រិស្តសាសនា​​នៅ​ជប៉ុន​ តាម​គន្លង​អ្នក​ផ្សព្វផ្សាយ​​សាសនា​មុនៗ។ ​នៅ​ណាវ៉ាសាគី​ សម្តេច​ប៉ាប​នឹង​ប្រារព្វ​ពិធី​​ឧទ្ទិសដល់​វិញ្ញាណក្ខន្ធ​​​គ្រិស្តសាសនិកជន ដែល​បាន​បាត់​បង់​ជីវិត ដោយ​ការ​ធ្វើ​ទុក​បុកម្នេញ​​ពី​សំណាក់​រដ្ឋាភិបាល​ជប៉ុន​ ក្នុង​​អតីតកាល​។

​គ្រិស្តសាសនា​និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ

​សាសនាគ្រិស្តសាសនាដែល​តំណាង​ដោយ​ប្រជាពលរដ្ឋ​​ប្រមាណ​១% ត្រូវ​បាន​នាំ​ចូល​មក​ជប៉ុន​ នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី ១៦​ (១៥៤៩) ដោយ លោក ហ្វ្រង់ស័រ​ហ្សាវីយ៉េរ អ្នក​ផ្សព្វផ្សាយ​សាសនាជាតិ​អេស្ប៉ាញ។ ប៉ុន្តែ​នៅគ្រិស្តសាសនា​ត្រូវ​ជួប​​ប្រវត្តិ​ខ្មៅ​ងងឹត​និងជូរចត់​ខ្លាំងណាស់ភ្លាម។ នៅ​ចុង​សតវត្សរ៍​ទី​១៦​ដរដ្ឋាភិបាល​យោធាShoguns ដែល​មាន​អារម្មណ៍​ថា​​អំណាចក្នុង​ដៃ​ចាប់​​រង្គោះរង្គើរ​ បានកាប់​សម្លាប់​អ្នកកាន់​សាសនា​គ្រិស្ត ​ធ្វើ​បាប​ ធ្វើ​ទារុណកម្ម​ ចាប់​ឆ្កាង ឱ្យ​ស្លាប់​ដោយ​សន្សឹមៗ​តាម​ជំនោរ​ទឹក​ជោរ​ឡើង។

តាំង​ពី​ពេល​នោះមក​គ្រិស្តសាសនា​ត្រូវ​បាន​គេ​ហាមឃាត់​​ បន្ទាប់​មក​​នៅ​ឆ្នាំ​១៦៣៩ ជប៉ុន​បាន​បិទ​ទ្វារ​ ផ្តាច់​ខ្លួន​ពិភពលោក​ខាង​ក្រៅ រហូត​ដល់​ចុង​សតវត្សរ៍​ទី​១៩។ ជាង​ពីរសតវត្សរ៍​កន្លង នៅ​ឆ្នាំ​១៨៦៧ ជប៉ុន​បាន​បើក​ទ្វារ​រក​ពិភពលោក​ខាង​ក្រៅ អ្នក​កាន់​សាសនាគ្រិស្ត​បាន​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ម្តង​ទៀត តែ​លើក​នេះ​ក្នុង​រយៈ​ពេលត្រឹម​តែ​​​៧​ឆ្នាំ។ ​ប៉ុន្តែ​នៅពេល​អ្នក​ផ្សព្វផ្សាយ​សាសនា​​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន​បាន​វិញ សង្ឃកាតូលិក​​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅពេល​ឃើញមាន​​​ពលរដ្ឋ​ជប៉ុន​ ជា​គ្រិស្តសាសនិក​ ជា​ច្រើន​សិប​នាក់ បន្ត​បដិបត្តិ​​សាសនា​គ្រិស្ត​ ដោយ​សម្ងាត់​ពី​បម្រាម​រដ្ឋាភិបាល អស់​រយៈ​ពេល​ជាង​២៥០ឆ្នាំ ដោយ​គ្មាន​គម្ពីBibles គ្មាន​បុព្វជិត​ ...

ពិត​ជាពុំ​ធ្លាប់​​កើត​មាន​ក្នុង​ប្រវត្តិសាសនា​គ្រិស្ត។ ពួកគេ​មាន​គ្នា​ប្រមាណ​៦ម៉ឺន​នាក់ នៅ​សម័យ​នោះ និង​នៅ​សល់​តែ​ប្រមាណមិនដល់​​១៥០០​នាក់​ទេ នាពេល​នេះ និង​ដែល​​ប្រសិទ្ធិនាម​ថា ជា​ភាសាជប៉ុន​ថា “កាគុរ៉េ គីរីស្ហ៊ីតង់” ឬ​គ្រិស្តសាសនិកជន “លាក់មុខ​”។ សម្តេចប៉ាប​ នឹង ​នាំ​គ្រិស្តសាសនិកជន​លាក់​មុខ​​​​៥​នាក់ ទៅសូត្រ​ធម៌ក្នុង​​ពិធី​​ឧទ្ធិសវិញ្ញាក្ខន្ធ​​ដល់បុព្វបុរសកាគុរ៉េគីរីស្ហ៊ីតង់​​នៅ​ថ្ងៃ ស្អែក នៅ​ណាវ៉ាសាគី ទី​ដែល​មាន​វិហារ​កាតូលិក​ដំបូង​និង​តែមួយ​គត់​នៅ​ជប៉ុន។​ ប៉ុន្តែ​សម្រាប់​ក្រុម​គ្រិស្តសាសនិក​លាក់​មុខ វត្តមាន​របស់​សម្តេច​ប៉ាប​​មិន​អាច​ប្តូរ​ផ្លាស់​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​នឹង​បុរី​វ៉ាទីកង់​បាន​ឡើយ។

​គ្រិស្តសាសនិកជន​ “លាក់​មុខ” ដែល​ពួក​គេ​បាន​តាំង​ខ្លួន​ និង​ដាក់​ឈ្មោះ​ខ្លួន​ឯង​ថា​ កាគូរ៉េគីរីស្ហ៊ីតង់ ជា​អ្នក​កាន់​សាសនា​គ្រិស្ត “ចាស់បូរាណ” និង​ក្លាយ​ជា​សាសនា​មួយ​បែប​ថ្មី មាន​ឬសគល់​ជា​គ្រិស្តសាសនា​មែន តែ​ការ​អនុវត្ត​ ខុស​ប្លែក​ពី​សាសនា​គ្រិស្ត​ទូទៅ​ ដោយ​​មាន​លាយច្របល់​​​រង​ឥទ្ធិពល​ពី​សាសនា​ព្រះពុទ្ធ​និង​ស្ហ៊ីនតៅ។ ឧទាហរណ៍​ ការ​ប្រារព្ធ​បុណ្យ​ឆ្លង​ឆ្នាំ មួយភាគ​ធំ​ធ្វើ​តាម​ទំនៀម​ទំលាប់​ស្ហ៊ីនតៅ ពិធី​បុណ្យ​ពេល​ស្លាប់​ធ្វើ​តាម​ប្រពៃណីសាសនា​ព្រះ​ពុទ្ធ។ ការ​គោរព​បូជា​បែប​គ្រិស្តសាសនា​ផ្ទាល់​ក៏​ប្រែប្រួល​ទៅ​តាម​ប្រវត្តិសាស្ត្រ ដូច​ជា​នៅក្នុង​ពិធី​ចូល​កាន់​សាសនា​ គ្រិស្តសាសនិកជននាំ​គ្នា​ទៅ​ប្រារព្ធ​នៅ​កោះ Nakae no shima ​​កន្លែង​ដែល​គ្រិស្តសាសនិក​ជន​ជប៉ុនរង​ការ​កាប់​សម្លាប់ និង​​ទៅ​យក​ទឹកសមុទ្ទ​កន្លែង​នោះ​មក​ប្រោះ​ព្រំប្រសិទ្ធី។

តាំង​ពី​ជប៉ុន​បាន​បើក​ទូលាយ ពលរដ្ឋ​មាន​សិទ្ធិ​ជ្រើសរសើ​កាន់​សាសនា​មក កាគុរ៉េ​​គីរីស្ហ៊ីតង់ ប្រមាណ​ពាក់​កណ្តាល​បដិសេធ​មក​ចូល​វិហារ​កាតូលិក​ទេ និង​បន្ត​កាន់​ប្រពៃណី​គ្រិស្ត​នៅ​ស្ងាត់​​ក្នុង​ក្រុមគ្រួសារ។ ចំណែក​ក្មេងៗសម័យ​ថ្មី​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ជំនឿ​តែម​បែប​កាកុរ៉េគិរីស្ហ៊ីតង់​ ដែល​កំពុង​ជិត​ផុត​ពូជ។ សហគមន៍​នេះ​មាន​តែ​មនុស្ស​ចាស់ៗខ្លាំង និងមិន​ខុស​ពី​សង្គម​ជប៉ុន​ទូទៅ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​​គ្មាន​ការ​បង្ក​បង្កើត​​ជំនាន់​ថ្មី។

សាសនា​នៅ​ជប៉ុន

រដ្ឋធម្មនុញ្ញ​ជប៉ុន​ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ បាន​ចែង​បែង​ចែក​​ដាច់​ស្រលះ​រវាង​រដ្ឋ​និង​សាសនា។  ប៉ុន្តែ​ដូច​ជា​បណ្តា​ប្រទេស​នៅ​អាស៊ី​ដទៃ​ទៀតដែរ សាសនា​ដែល​សំខាន់​ជាងគេ​ក្នុង​ប្រទេស គឺ​សាសនា​ស៊្ហីនតៅ និង​ព្រះពុទ្ធសាសនា។ ប្រពៃ​ទំនៀម​ទម្លាប់ស្នង​រាជ​​បន្ត​​បដិបត្តិ​តាម​បែប​ស្ហ៊ីនតៅ រហូត​មក​ទល់​សព្វ​ថ្ងៃ​។ សាសនា​ព្រះ​ពុទ្ធ​បាន​រីក​សុស​សាយ​ខ្លាំង​និង​បាន​មក​ដល់​ជប៉ុន​នៅ​សតវត្សរ៍​ទី​៦ និង​រួម​រស់​ស៊ីចង្វាក់​ជាមួយ​​បន្ថែម​ពី​​ទំនៀម​ទម្លាប់​​សាសនា​ស្ហ៊ីនតៅ។ ជា​សរុប​មាន​ប្រជាជន​ជប៉ុន​៨៦​លាន ប្រកាស​ខ្លួន​ជា​អ្នក​កាន់​សាសនា​ស្ហ៊ីនតៅ ៨៥​លាន​ជា​ពុទ្ធសាសនិកជន។ ​អ៊ីស្លាម ជីហ្វ ហិណ្ឌូ មាន​វត្តមាន​ក្នុង​ប្រទេស​ជប៉ុន​ដែរ​ប៉ុន្តែ​ក្នុង​បរិមាណ​ទាំង​តិច​តួច​បំផុត និង​គ្មាន​ស្ថិតិ​ផ្លូវការ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ