អានតួអត្ថបទ
អ.ស.ប.-ភូមា

នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ប្រទេសហ្កំប៊ីបានទាមទារឲ្យប្រទេសភូមាបញ្ឈប់អំពើប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ា

នៅ​ថ្ងៃ​អង្គារ ទី១០ ធ្នូ តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ផ្តើម​សវនាការ​លើ​បណ្តឹង​របស់​ប្រទេស​ហ្កំប៊ី​ដែល​ចោទ​ប្រទេស​ភូមា​ក្នុង​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ សវនាការ​នេះ​មាន​រយៈពេល ៣ថ្ងៃ​ដោយ​បន្ត​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ធ្នូ។ ភាគី​ហ្កំប៊ី​តំណាង​ដោយ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក​អាប៊ូបាការ តំបាឌូ ហើយ​ភាគី​ភូមា​តំណាង​ដោយ​លោកស្រី​អ៊ុងសាន ស៊ូជី ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព ទីប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស។ លោកស្រី​អ៊ុងសាន ស៊ូជី​ត្រូវ​ឡើង​ថ្លែង​ការពារ​ភូមា​ក្នុង​ថ្ងៃ​ពុធ ទី១១ ធ្នូ។ តែ​នៅ​ថ្ងៃ​អង្គារ ទី១០ ធ្នូ ជា​ការ​ថ្លែង​របស់​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ហ្កំប៊ី​លោក​អាប៊ូបាការ តំបាឌូ។ នៅ​ចំពោះ​មុខ​ចៅក្រម​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ លោក​តំបាឌូ​បាន​វាយប្រហារ​ចាស់ដៃ​លើ​ទង្វើ​កងទ័ព និង​ថ្នាក់ដឹកនាំ​ភូមា​លើ​ពួក​រ៉ូហ៊ីងយ៉ា។ នៅ​ក្នុង​ន័យ​នេះ លោក​តំបាឌូ​បាន​ទាមទារ​ឲ្យ​ភូមា​បញ្ឈប់​អំពើ​ប្រល័យ​ពូជសាសន៍​រ៉ូហ៊ីងយ៉ា។

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃ​ប្រទេស​ហ្កំប៊ី លោកអាប៊ូបាការ តំបាឌូ
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃ​ប្រទេស​ហ្កំប៊ី លោកអាប៊ូបាការ តំបាឌូ Reuters
ផ្សាយពាណិជ្ជកម្ម

« ក្នុង​មួយ​ថ្ងៃៗ​ដែល​គ្មាន​សកម្មភាព គឺ​មាន​មនុស្ស​ស្លាប់​ថែម​ទៀត មាន​ការ​បំពារបំពាន​លើ​ស្រ្តី​ថែម​ទៀត និង​មាន​ការ​ដុត​កូនក្មេង​ទាំង​រស់​ថែម​ទៀត។ តើ​ពួក​គេ​មាន​កំហុស​អី​ទៅ​បាន​ជា​ត្រូវ​គេ​ធ្វើ​បាប​អ៊ីចឹង?។ ពួក​គេ​បាន​ចាប់​កំណើត​មក​យ៉ាង​ដូច​នេះ ហើយ​ពួក​គេ​បាន​ចាប់​កំណើត​មក​មាន​ជាតិសាសន៍ និង​សាសនា​ខុស​ពី​ក្រុម​ដែល​បាន​រំលោភ និង​សម្លាប់​ពួក​គេ។ តើ​ដោយ​សារ​តែ​ភាព​ខុស​គ្នានេះ​ឬ បាន​ជា​ពួក​គេ​ត្រូវ​ទទួល​ទោស​ប្រល័យពូជសាសន៍។

អ្វី​ដែល​ប្រទេស​ហ្កំប៊ី​ស្នើ​សុំ​យ៉ាង​ទទូច​នោះ​គឺ​ថា អស់​លោក​ត្រូវ​តែ​និយាយ​ប្រាប់​ភូមា​ឲ្យ​បញ្ឈប់​ការ​កាប់សម្លាប់​មិន​សមហេតុសមផល។ បិទបញ្ចប់​នូវ​ទង្វើ​ឃោរឃៅ និង​តិរច្ឆាន​ដែល​បាន​តក់ស្លុត និង​បន្ត​តក់ស្លុត​សតិ​សម្បជញ្ញៈ​របស់​យើង។ បញ្ឈប់​អំពើ​ប្រល័យពូជសាសន៍​លើ​ប្រជាជន​ខ្លួន​ឯង។ អ្វី​ដែល​យើង​កំពុង​រង់ចាំ​ពី​អស់ លោក​នោះ​គឺ​ថា អស់លោក​បង្គាប់​ភូមា​ឲ្យ​ផ្តល់​សំណាង​មួយ​ដល់​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា។ សំណាង​ដើម្បី​រស់នៅ​ក្នុង​ជីវិត​មួយ​ថ្លៃថ្នូរ និង​សមរម្យ មាន​សេរីភាព​និង​សន្តិភាព »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ