អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកស្រីអ៊ុងសាន ស៊ូជីការពារភូមាក្នុងសំណុំរឿងរ៉ូហ៊ីងយ៉ានៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​ពី​ថ្ងៃ​អង្គារ ទី១០ ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ធ្នូ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ក្នុង​ប្រទេស​ហូឡង់​ផ្តើម​សវនាការ​លើ​បណ្តឹង​របស់​ប្រទេស​ហ្កំប៊ី​ដែល​ចោទ​ប្រទេស​ភូមា​ក្នុង​បទ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។ លោកស្រី​អ៊ុងសាន ស៊ូជី​ដែល​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ ១៩៩១ និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ភូមា​បាន​ចេញ​មុខ​ផ្ទាល់​ដើម្បី​ឆ្លើយ​ការពារ​ភូមា​នៅ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ។ នៅ​ភូមា មាន​ប្រជាជន​ជាង ៩០% ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា តែ​ពួក​រ៉ូហ៊ីងយ៉ា​ដែល​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ដូច​ជា​ជនជាតិ​ភាគតិច​ដទៃ​ទេ និង​ថែម​ទាំង​ទទួល​ការ​ស្អប់​យ៉ាង​ខ្លាំង​ទៀត​ផង។

លោកស្រីអ៊ុងសាន ស៊ូជីការពារភូមាក្នុងសំណុំរឿងរ៉ូហ៊ីងយ៉ានៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ
លោកស្រីអ៊ុងសាន ស៊ូជីការពារភូមាក្នុងសំណុំរឿងរ៉ូហ៊ីងយ៉ានៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃទី១១ វិច្ឆិកា ប្រទេស​ហ្កំប៊ី​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ដោយ​ចោទ​ប្រទេស​ភូមា​ពី​បទប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។ ហេតុអ្វី​បាន​ជា​ប្រទេស​ហ្កំប៊ី​ជា​អ្នក​ចេញ​មុខ?។ តាម​ពិត ហ្កំប៊ី​ដែល​ជា​ប្រទេស​តូច​មួយ​នៅ​អាហ្រិ្វកខាងកើត និង​ដែល​មាន​ប្រជាជន​ភាគច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​មិនមែន​ជា​អ្នក​ដើមបណ្តឹង​ផ្ទាល់​ខ្លួន​ឯង​ទេ តែ​បាន​ធ្វើ​ឡើង​ក្នុង​នាម ៥៧ប្រទេស​ដែល​ជា​សមាជិក​អង្គការ​នៃ​កិច្ចសហប្រតិបត្តិការ​អ៊ីស្លាម នេះ​ជា​ហេតុផល​ទី១។

ចំណែក​ហេតុផល​ទី២ ដែល​បញ្ជាក់​ពី​ការ​ចេញ​មុខ​របស់​ប្រទេស​ហ្កំប៊ី ក៏​មក​ពី​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ហ្កំប៊ី​លោក​អាប៊ូបាការ តំបាឌូ​ជា​អតីត​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទទួល​បន្ទុក​កាត់ទោស​លើ​អ្នក​ទទួល​ខុសត្រូវ​ក្នុង​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​ទូតស៊ី​កាល​ពី​ឆ្នាំ ១៩៩៤ ក្នុង​ប្រទេស​រវ៉ាន់ដា។ ដូច្នេះ លោក​អាប៊ូបាការ តំបាឌូ​បាន​ស្គាល់​ច្បាប់​អន្តរជាតិ​ច្បាស់​ណាស់​ទាក់ទង​នឹង​អំពើប្រល័យ​ពូជសាសន៍។

ភូមា​បាន​រំលោភ​លើ​អនុសញ្ញា​ស្តីពី​ការ​ការពារ និង​ការ​បង្រ្កាប​លើ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍

តាម​ពិត ការ​លើក​ឡើង​ពី​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​អ្នក​កាន់​សាសន៍​អ៊ីស្លាម​នៅ​ភូមា​មិនមែន​ទើប​តែ​ឮ​នៅ​ពេល​នេះ​ទេ។ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​សិទ្ធិមនុស្ស​មួយ​ចំនួន​ក៏​បាន​និយាយ​ច្រើន​ពី​យុទ្ធនាការ​បោសសំអាត​ពួក​រ៉ូហ៊ីងយ៉ាង​ពី​សំណាក់​ទាហាន​ភូមា​នៅ​ក្នុង​រដ្ឋរ៉ាក់ឃីន​ចន្លោះ​ឆ្នាំ ២០១៦ និង​ឆ្នាំ ២០១៧។ តែ​អ្វី​ដែល​ហ្កំប៊ី​ចង់​សង្កត់​ធ្ងន់​នៅ​ក្នុង​បទ​ចោទ​ប្រកាន់​របស់​ខ្លួន​ចំពោះ​ភូមា​ពេល​នេះ គឺ​ផ្អែក​លើ​អនុសញ្ញាអន្តរជាតិ​មួយ​ជាក់លាក់​ដែល​បាន​អនុម័ត​ក្នុង​ឆ្នាំ ១៩៤៨ គឺ​អនុសញ្ញា​ស្តីពី​ការ​ការពារ និង​ការ​បង្រ្កាប​លើ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍។ ប្រទេស​ហ្កំប៊ី​បាន​ចោទ​ភូមា​ពី​បទ​បាន​រំលោភបំពាន​លើ​អនុសញ្ញា​មួយ​នេះ និង​បាន​ព្យាយាម​លុបបំបាត់​ពួក​រ៉ូហ៊ីងយ៉ា​ដែល​ជា​ក្រុម​ជនជាតិ​ភាគតិច​ដោយ​ឈរ​លើ​មូលដ្ឋាន​នយោបាយ និង​សាសនា។

តាម​ហ្កំប៊ី ពួក​រ៉ូហ៊ីងយ៉ា​ជា​ផ្ទាំងស៊ីប​នៃ​ប្រតិបត្តិការ​បោសសំអាត​ទូទៅ និង​ជា​លក្ខណៈ​ប្រព័ន្ធ​របស់​កងទ័ព​ភូមា​ដែល​ធ្វើ​ឡើង​ក្រោម​រូបភាព​ជា​ឃាតកម្ម​ទ្រង់ទ្រាយ​ធំ ការ​ចាប់​រំលោភ ការ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះសម្បែង និង​ការ​ដុតកម្ទេច​ភូមិ ស្រុក​របស់​ពួក​គេ។ ការ​លើកឡើង​របស់​ហ្គំប៊ី គឺ​ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ និង​ផ្អែក​លើ​របាយការណ៍​របស់​ក្រុម​មេធាវី​ហ្កំប៊ី​ដែល​បាន​ចុះ​ទៅ​សួរ​ពួក​រ៉ូហ៊ីងយ៉ា​ជាង ៦០០នាក់​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​ក្នុង​ប្រទេស​បង់ក្លាដែស។ គួរ​រម្លឹក​ថា​នៅ​ចន្លោះ​ឆ្នាំ ២០១៦ និង ២០១៧ កងទ័ព​ភូមា​បាន​ចាត់​វិធានការ​ចាស់ដៃ​លើ​ពួក​រ៉ូហ៊ីងយ៉ា​ក្នុង​រដ្ឋរ៉ាក់ឃីន​ដើម្បី​សងសឹក​នឹង​ការ​វាយប្រហារ​លើ​ប៉ុស្តិ៍​ប៉ូលិស​ពី​ពួក​ជ្រុលនិយម​រ៉ូហ៊ីងយ៉ា។ វិធានការ​ចាស់ដៃ​កាល​ណោះ​បាន​បង្ខំ​ឲ្យ​ពួក​រ៉ូហ៊ីងយ៉ា​ជាង ៧០០ ០០០នាក់​ភៀសខ្លួន​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​បង់ក្លាដែស។

លោកស្រី​អ៊ុងសាន ស៊ូជី​ការពារ​ភាព​ស្អាតស្អំ​របស់​ភូមា?

តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៤៦ ជា​ស្ថាប័ន​តុលាការ​អន្តរជាតិ​មួយ​ដែល​មាន​តួនាទី​ជា​អ្នក​ដោះស្រាយ​បណ្តឹង​ប្តឹង​ដោយ​រដ្ឋ​សមាជិក​មួយ​ប្រឆាំង​នឹង​រដ្ឋ​សមាជិក​មួយ​ទៀត ឬ​ជម្លោះ​រវាង​រដ្ឋ​សមាជិក។ បន្ទាប់​មក តុលាការ​អន្តរជាតិ​មួយ​នេះ​បាន​ត្រឹម​ផ្តល់​យោបល់ និង​ការ​យល់ឃើញ​របស់​ខ្លួន​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់។ អ្វី​ដែល​ប្រទេស​ហ្កំប៊ី​ចង់​បាន គឺ​ចង់​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទទួល​ស្គាល់​ពី​ការ​ខកខាន​របស់ភូមា​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ច្បាប់​របស់​ខ្លួន។ បន្ទាប់​មក ហ្កំប៊ី​ក៏​ទាមទារ​ឲ្យ​មាន​ការ​សង​ជំងឺ​ចិត្ត​ដល់​ពួក​រ៉ូហ៊ីងយ៉ា​តាម​រយៈ​ការ​ទទួល​ស្គាល់​ពួក​រ៉ូហ៊ីងយ៉ា​ជា​ពលរដ្ឋ​ភូមា​ពេញ​សិទ្ធិ និង​ពេញ​លក្ខណៈ រួម​ទាំង​យល់​ព្រម​ឲ្យ​ពួក​គេ​វិល​ត្រឡប់​ចូល​ស្រុកកំណើត​វិញ​ដោយ​គ្មាន​ក្តីបារម្ភ​អ្វី​ទាំង​អស់។

ពី​ខាង​ភាគី​ភូមា​ដែល​មាន​លោកស្រី​អ៊ុងសាន ស៊ូជី​ចេញ​មុខ​ការពារ​ផ្ទាល់​វិញ ប្រហែល​ជា​គ្មាន​ចម្លយ​អ្វី​ថ្មី​ដូច​ដែល​ភូមា​ធ្លាប់​បាន​អះអាង​ច្រើន​ដង​កន្លង​មក​ទេ។ ចម្លើយ​នោះ​គឺ​ថា គ្មាន​ទេ​ការ​បោសសំអាត ការ​លប់បំបាត់ និង​ការ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ ប្រាកដ​ណាស់ លោកស្រី​អ៊ុងសាន ស៊ូជី​នឹង​ត្រូវ​ផ្តល់​ចម្លើយ​នេះ​នៅ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នា​ថ្ងៃ​ពុធ ទី១១ ធ្នូ។ បន្ទាប់​មក លោកស្រី​ស៊ូជី​អាច​បញ្ជាក់​ថា ភូមា​ក៏​មាន​គណៈកម្មការ​ស៊ើបអង្កេត​របស់​ខ្លួន​ដើម្បី​ស៊ើបអង្កេត​រឿង​នេះ​ដែរ។ គួរ​បញ្ជាក់​ថា ក្រៅ​ពី​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក៏​នៅ​មាន​បណ្តឹង​មួយ​ទៀត​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ខុស​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មាន​តួនាទី​កាត់​ទោស​បុគ្គល​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពួក​រ៉ូហ៊ីងយ៉ា។ បុគ្គល​ដែល​ស្ថិត​ក្នុង​ផ្ទាំងស៊ីប​នេះ គឺ​មាន​ឧត្តមសនីយ​ភូមា​ជា​ច្រើន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ