អានតួអត្ថបទ
ថៃ-តួកគី

បាតុករ​តួកគី​វាយប្រហារ​ស្ថានកុងស៊ុល​ថៃ ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​ជនជាតិ​អ៊ុយហ្គួរ

បាតុកម្ម​ប្រឆាំង​ចិន កាន់តែ​រីករាលដាល​ធំ ឡើង នៅ​ប្រទេស​តួកគី ដោយ​បាតុករ កាលពី​យប់​ថ្ងៃ​ពុធ ឈាន​ចូល​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី ៩​កក្កដា បាន​លើក​គ្នា​ទៅ​ដុត វាយ​បំផ្លាញ ស្ថានកុងស៊ុល​ថៃ ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​ប្រជាជន​អ៊ុយហ្គួរ ដែល​ពួកគេ​ជឿថា កំពុង​រង​ការគាបសង្កត់ បាត់​សិទ្ធិសេរីភាព គោរព​សាសនា​អ៊ីស្លាម នៅ​ខេត្ត​ស៊ីនជាំង ក្នុង​ប្រទេស​ចិន។ 

ស្ថានកុងស៊ុល​ថៃ នៅ​អ៊ីស្តង់ប៊ូល​រងការវាយប្រហារ​របស់​ក្រុម​បាតុករ​តួកគី កាលពីថ្ងៃ​ទី ៨​កក្កដា ២០១៥
ស្ថានកុងស៊ុល​ថៃ នៅ​អ៊ីស្តង់ប៊ូល​រងការវាយប្រហារ​របស់​ក្រុម​បាតុករ​តួកគី កាលពីថ្ងៃ​ទី ៨​កក្កដា ២០១៥ ©REUTERS/Osman Orsal
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ប៉ូលិស​តួកគី​បាន​និយាយ​ថា គេ​បាន​ចាប់ខ្លួន មនុស្ស​៩​នាក់ ដែល​បាន​ប្រព្រឹត្ត​បទល្មើស វាយបំផ្លាញ​ស្ថានកុងស៊ុល​ថៃ។ នៅ​តួកគី បាតុកម្ម​ប្រឆាំង​ចិន កើត​មាន​តាំងពី​ជាង​មួយសប្តាហ៍​មកហើយ។ ទើប​តែ​នៅ​យប់​ថ្ងៃ​ពុធ ដែល ក្រុមបាតុករ​តួកគី បាន​ឈាន​ទៅដល់​ដុត វាយបំផ្លាញ ស្ថានកុងស៊ុល​ថៃ ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​ប្រជាជន​អ៊ុយហ្គួរ។

 
ក្រុម​បាតុករ​តួកគី វាយប្រហារ​ទៅលើ​ស្ថានកុងស៊ុល​ថៃ បន្ទាប់ពី​អាជ្ញាធរ​ថៃ កាលពី​ថ្ងៃ​ពុធ បាន​ចាប់បញ្ជូន​ប្រជាជន​អ៊ុយហ្គួរ ប្រមាណ​១០០​នាក់ ទៅ​ឲ្យ​ប្រទេស​ចិន​វិញ។

កាលពី​ឆ្នាំ ២០១៤ អាជ្ញាធរ​ថៃ បាន​ចាប់ឃាត់ខ្លួន​មនុស្ស​ប្រមាណ ៣០០​នាក់ ក្នុង​បទ​សង្ស័យ បន្លំក្លែង​ឯកសារ​ដើម្បី​ចូល​ក្នុង​ទឹកដី​ថៃ។ ពួកគេ​ទាំងនោះ និយាយ​ភាសា​តួកគី ប៉ុន្តែ អាជ្ញាធរ​ថៃ​សង្ស័យ​ថា ពួកគេ​ជាជនជាតិ​អ៊ុយហ្គួរ។ តាមអ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ ដែល​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នៅថ្ងៃ​ព្រហស្បតិ៍ ជនជាតិ​អ៊ុយហ្គួរ ១០០​នាក់ ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ចេញ​ទៅ​ប្រទេស​ចិន​វិញ។ នេះ​ជា​លើកទីមួយ ដែល​រដ្ឋាភិបាល​ថៃ បាន​និយាយ​ជា​ផ្លូវការ​ពី​ការចាប់បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ ទៅ​ឲ្យ​ប្រទេស​ចិន។ តាម​អ្នកនាំពាក្យ​ដដែល មនុស្ស ជាង ១៧០​នាក់ ក្នុង​ចំណោម ៣០០​នាក់ ដែល​គេ​ចាប់ឃាត់​ខ្លួន កាលពី​ឆ្នាំ ២០១៤ ត្រូវ​បាន​ថៃ ចាប់បញ្ជូន​រួចហើយ​ដែរ ទៅ​ប្រទេស​តួកគី។ អាជ្ញាធរ​អន្តោប្រវេសន៍​ថៃ កំពុង​សិក្សា ស្រាវជ្រាវ​ឯកសារ​របស់​មនុស្ស​ដែល​នៅសល់ មុន​នឹង​សម្រេច​ថា តើ​នឹង​ត្រូវ​ចាប់បញ្ជូន​ត្រលប់​ទៅ​ប្រទេស​ណា? ទៅ​តួកគី ឬ​ទៅ​ចិន?

ក្រុមអង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human rights watch​បាន​ថ្កោលទោស​ចំណាត់ការ​របស់​អាជ្ញាធរ​ថៃ ព្រោះថា ប្រជាជន​អ៊ុយហ្គួរ​ដែល​ត្រូវ​បញ្ជូន​ត្រលប់ទៅ​ប្រទេស​ចិនវិញ នឹង​រង​ការធ្វើ​បាប ជាប់ពន្ធនាគារ ព្រោះថា ការបន្លំ​លិខិតស្នាម លួចរត់ចេញ​ពី​ប្រទេស ត្រូវ​អាជ្ញាធរ​ចិន ចាត់ទុក ជា​ឧក្រិដ្ឋកម្ម ល្មើស​នឹង​ច្បាប់​ក្នុង​ប្រទេស​ចិន។
 
អ្នកនាំពាក្យរបស់​រដ្ឋាភិបាល​ថៃ អះអាងថា រដ្ឋាភិបាល​ថៃ បាន​ទទួល​ការធានា​ពី​ទីក្រុង​ប៉េកាំង​ថា នឹង​ធ្វើអ្វី​ប៉ះពាល់​ដល់​ប្រជាជន​អ៊ុយហ្គួរ ដែល​ថៃ​បញ្ជូន​ទៅ​ចិន​កាលពីថ្ងៃ​ម្សិលមិញទេ។ ដោយមក​ពី​មាន​ការធានា​របស់​ចិន ទើប ថៃ​យល់ព្រម បញ្ជូនជនជាតិ​អ៊ុយហ្គួរ​ឲ្យ​ត្រលប់ទៅ​ចិនវិញ។ តាម​មន្រ្តីការពារ​សិទ្ធិមនុស្ស តាមពិត នេះ​គ្រាន់​តែ​ពាក្យ​ផ្អែម ដែល​របបសឹក​ប្រើ ដើម្បី​បិទបាំង ចរិត​ពុតត្បុត​របស់ខ្លួន​តែប៉ុណ្ណោះ។

ថៃ មិន​ចង់​ប្រឈម​មុខ មាន​បញ្ហា​ជាមួយ​ចិនទេ ដោយសារ​រឿងជនជាតិ​អ៊ុយហ្គួរ
ថៃ​កំពុង​ឯកោរ បាត់បង់​ការគាំទ្រ​ពី​ប្រទេស​លោកខាងលិច ដោយសារ​តែ​ការចូល​កាន់អំណាច​របស់​កុ្រមយោធា។ កាលពី​ប៉ុន្មាន​ខែ​មុននេះ លោក​ប្រាយុទ្ធ ចាន់អូចា មេដឹកនាំ​របបសឹក​ថៃ ត្រូវបាន​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​ក្រាលកម្រាលព្រំ​ក្រហម​ទទួល​យ៉ាង​អធឹកអធម នៅទីក្រុង​ប៉េកាំង។ តាម​អ្នកវិភាគ នៅក្នុង​ជំនួប​ជាមួយ​លោក​ប្រាយុទ្ធ​ចាន់អូចា ប្រធានាធិបតី​ចិន អាច​លើកនិយាយ​ពី​ករណីជនជាតិ​អ៊ុយហ្គួរ ដែល​កំពុង​រត់ទៅ​សុំសិទ្ធិ​ជ្រកកោន ​នៅ​ប្រទេស​ថៃ។

ម្យ៉ាងទៀត ថៃ បដិសេធ មិន​ចង់​ផ្តល់​សិទ្ធិ​សុំ​ជ្រកកោន​ដល់​ប្រជាជន​ភៀសខ្លួន អ៊ុយហ្គួរ ក៏​ដើម្បី​ប្រយោជន៍​សន្តិសុខ​ក្នុង​ស្រុកថៃ​ដែរ។ ថៃ នៅ​តែ​កំពុង​ឈឺក្បាល ប្រឈម​នឹង​ចលនា​បះបោរ​ហិង្សា បង្កឡើង ដោយ​ក្រុមអ៊ីស្លាម​ជ្រុលនិយម នៅ​ភាគខាងត្បូង។ ដូច្នេះ វា​គ្មាន​ហេតុផល​អ្វី ដែល​របបសឹក​ថៃ គិត​ចង់​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ជនជាតិ​អ៊ុយហ្គួរ ដែល​កាន់សាសនា​អ៊ីស្លាម ហើយ​ដែល​មាន​ជាប់​ជានិច្ច ឈាម​ជា​អ្នក​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​អំណាច​ផ្តាច់ការ​នោះ​ទេ

បាតុកម្ម​ប្រឆាំង​ចិន ដើម្បី​បរិហារ​ការបង្ក្រាប របស់​ចិន​ទៅលើ​ជនជាតិ​អ៊ុយហ្គួរ អ្នកកាន់​សាសនា​អ៊ីស្លាម
បាតុកម្ម​ប្រឆាំង​ចិន ដើម្បី​បរិហារ​ការបង្ក្រាប របស់​ចិន​ទៅលើ​ជនជាតិ​អ៊ុយហ្គួរ អ្នកកាន់​សាសនា​អ៊ីស្លាម 照片来源:路透社REUTERS/Osman Orsal

បាតុកម្ម​ប្រឆាំង​ចិន ដើម្បី​បរិហារ​ការបង្រ្កាប របស់​ចិន ទៅលើ​ជនជាតិ​អ៊ុយហ្គួរ
ប៉ុន្មាន​សប្តាហ៍​មក​ហើយ ប្រជាជន​តួកគី ដែល​មក​ពី ក្រុម​ជាតិ​និយម និង​កាន់សាសនា​អ៊ីស្លាម​ផ្ទុះកំហឹង លើក​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ចិន នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល បន្ទាប់ពី​មាន​ដំណឹង​ចុះផ្សាយ​ថា ប្រជាជន​អ៊ុយហ្គួរ ដែល​កាន់សាសនា​អ៊ីស្លាម នៅ​ខេត្ត​ស៊ីនជាំង ត្រូវ​បាន​អាជ្ញាធរ​ចិន​ហាម​មិន​ឲ្យ តមអាហារ នៅរដូវ​បួស Ramadam ដែល​អ្នកកាន់​សាសនា​អ៊ីស្លាម​ក្នុង​ពិភពលោក​ចាប់​អនុវត្តន៍​តាំងពី​ពាក់កណ្តាល​ខែមុន។ ប្រទេស​ចិន មាន​អ្នកកាន់​សាសនា​អ៊ីស្លាម ២០​លាន​នាក់ ក្នុងពេល​ដែល​ប្រជាជន​អ៊ុយហ្គួរ ៨​លាន​នាក់ រស់នៅ​ខេត្ត​ស៊ីនជាំង កាន់​សាសនា​អ៊ីស្លាម។

ប្រធានាធិបតី​តួកគី លោក​រេស៊្ហីប អ៊ែរដូហ្កាន មក​ពី​គណបក្ស​អភិរក្ស​អ៊ីស្លាម​និយម បាន​ជូនដំណឹង​ទៅ​ទីក្រុង​ប៉េកាំង​ពី​ការមិនពេញចិត្ត របស់​អង់ការ៉ា ទៅនឹង​ការដែល​អាជ្ញាធរ​ចិន បាន​ហាម​ប្រជាជន​អ៊ីស្លាម​អ៊ុយហ្គួរ មិន​ឲ្យ​អនុវត្តន៍ ទម្លាប់ តមអាហារ នៅ​រដូវ​បួស សាសនា​អ៊ីស្លាម ក្នុង​ខេត្ត​ស៊ីនជាំង។ ទីក្រុង​ប៉េកាំង​បាន​បដិសេធ ដំណឹងនេះ និង​ថា គឺ​កាសែត​លោកខាងលិច ដែល​ចុះផ្សាយ បំប៉ោង​ព័ត៌មាន នាំ​ឲ្យ​គេ​ស្អប់​ចិន។

រដ្ឋាភិបាល​ចិន បាន​សេចក្តី​ប្រកាស ផ្តល់ដំបូន្មាន​ដល់​ប្រជាជន​របស់ខ្លួន ដែល​ចេញ​ទៅ​ដើរកំសាន្ត នៅប្រទេស​តួកគី ឲ្យ​ប្រយ័ត្នប្រយែង​ចំពោះ សុវត្ថិភាព និង​មិនត្រូវ​ចូល​ទៅ​ ក្បែរ​ក្បួន​បាតុកម្ម នៅ តួកគី។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំងAFP​ដែល​បាន​ស្រង់សេចក្តី​ប្រកាស​របស់​អាជ្ញាធរ​ចិន នៅ​ស៊ីនជាំង បក្ស​កុម្មុយនិស្តចិន ហាម​មិន​ឲ្យ​មន្រ្តី រដ្ឋការ គ្រូបង្រៀន និង​សិស្ស​សាលា អនុវត្ត ការតមអាហារ នៅក្នុង​រដូវ​បួស​សាសនា​អ៊ីស្លាម​នេះទេ។ ភោជនីយដ្ឋាន​របស់​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​ត្រូវអាជ្ញាធរ​ចិន បង្ខំ​ឲ្យ​បើក​ធម្មតា ទោះ​ប្រជាជន​អ៊ីស្លាម​ត្រូវ​តម អាហារ នៅ​រដូវ​បួស​ក៏ដោយ។ យុវជន​អ៊ុយហ្គួរ ខ្លះ​និយាយ​ថា សិស្ស​សាលា និង​គ្រូបង្រៀន​ត្រូវ​បាន​អាជ្ញាធរ​ចិន ចាប់បង្ខំ​ឲ្យ​បរិភោគ​អាហារ​ថ្ងៃ​ត្រង់ ដែល​តាមពិត​ត្រូវ​តម​ដោយ​ក្រុមអ្នកកាន់​សាសនា​អ៊ុយហ្គួរ។

ដោយសារ​តែ​ឃើញថា ប្រជាជន​អ៊ុយហ្គួរ ដែល​មាន​ដើមកំណើត​ចេញ​ពី​តួកគី និង​កាន់សាសនា​អ៊ីស្លាម​ដូច​ប្រជាជន​តួកគី ទើប​ក្រុមប្រជាជន​ជាតិ​និយម​តួកគី ជាច្រើន​រយ​នាក់ ចាប់នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង ជាច្រើនលើក នៅ​មុខ​ស្ថានទូត​ចិន។ អ្នកទេសចរ ចិន និង​ទីតាំង​ប្រយោជន៍​របស់​ចិន ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ូល​បាន​រងការវាយប្រហារ​ពី​ក្រុមជាតិ​និយម​តួកគី ដែល​អះអាងថា ជា​ក្រុមអ្នកការពារ​សិទ្ធិ​របស់​ប្រជាជន​អ៊ុយហ្គួរ នៅ​ស៊ីនជាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ