អានតួអត្ថបទ
ឥណ្ឌូនេស៊ី

អាកាសធាតុ​មិន​ល្អ​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្តហោះ​AirAsia​ធ្លាក់

យន្តហោះ ​មួយ​គ្រឿង​​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia ​បាន​បាត់​ពី​ប្រព័ន្ធ​រ៉ាដា ប្រមាណ​ជា​មួយ​ម៉ោង ​ក្រោយ​បាន​ចេញ​ដំណើរ​ ពី​ព្រលាន​យន្តហោះ ​ស៊ូរ៉ាបាយ៉ា លើ​កោះ​ហ្សាវ៉ា ​ប្រទេស​ឥណ្ឌូនេស៊ី។ គេ​កំពុង​ដាក់​ការ​សន្និដ្ឋាន ​ទៅ​លើ​មូលហេតុ​អាកាសធាតុ​មិន​ល្អ​ ដែល​មាន​ព្យុះ ​រន្ទះ​កំពុង​បោកបក់​ក្នុង​តំបន់​នោះ ​ដែល​ធ្វើ​ឲ្យ​យន្តហោះ​នេះ ជួប​គ្រោះ​ថ្នាក់។

យន្តហោះ​Airbus A320 របស់​ក្រុមហ៊ុន AirAsia
យន្តហោះ​Airbus A320 របស់​ក្រុមហ៊ុន AirAsia REUTERS/Olivia Harris/Files
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុ​អាកាសចរណ៍ AirAsia ដែល​ជា​ក្រុមហ៊ុន​ ​លក់​សំបុត្រ​យន្តហោះ​ ក្នុង​តម្លៃ​ថោក​ជាង​គេ​នៅ​អាស៊ី ​បាន​បាត់​យន្តហោះ​មួយ​គ្រឿង​របស់​ខ្លួន ខណៈ​ពេល​ដែល​យន្តហោះ​នេះ ​កំពុង​ហោះហើរ​ពី​ក្រុង​ស៊ូរ៉ាបាយ៉ា ​លើ​កោះ​ហ្សាវ៉ា ​ឆ្ពោះ​ទៅ​ប្រទេស​សឹង្ហបុរី។ ក្នុង​យន្តហោះ​នេះ ​មាន​ដឹក​អ្នក​ដំណើរ​ទាំង​អស់ ​១៥៥​នាក់ ​និង បុគ្គលិក​ធ្វើការ​លើ​យន្តហោះ​ ៧​នាក់ រួម​ទាំង​អាកាសយានិក​ ២នាក់​ផង​ដែរ។ ក្នុង​ចំណោម ​អ្នក​ដំណើរ​ទាំង​អស់​ ​មាន​ក្មេង​១៦​នាក់ ​និង​ទារក​ម្នាក់។

 
តាម​ការ​រាយការណ៍​របស់ ​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន AirAsia ​បាន​ឲ្យ​ដឹង​ថា ​យន្តហោះ​នេះ​បាន​ចេញ​ដំណើរ​ពី​ព្រលាន​យន្តហោះ ​ក្រុង​ស៊ូរ៉ាបាយ៉ា ​នៅ​ម៉ោង ៥-២០​នាទី​ព្រឹក ហើយ​ត្រូវ​ទៅ​ដល់​ព្រលាន​យន្តហោះ​ក្រុង​​សឹង្ហបុរី ​នៅ​ម៉ោង ៨-៣០​នាទី។ ក្រោយ​ចេញ​ដំណើរ​បាន​៤២នាទី ​ក្នុង​ខណៈ​ពេល​ដែល​យន្តហោះ​ កំពុង​ស្ថិត​នៅ​លើ​សមុទ្រ​ហ្សាវ៉ា ​រវាង​កោះ​ប័រណេអូ ​និង​កោះ​ហ្សាវ៉ា ​ ស្រាប់តែ​យន្តហោះ​ បាន​បាត់​រលក​សញ្ញា​ពី​ប្រព័ន្ធ​រ៉ាដា។

អ្នក​នាំពាក្យ​ដដែល​បាន​បញ្ជាក់​ថា ​មុន​ពេល​ចេញ​ដំណើរ​បន្តិច ​អាកាសយានិក ​បាន​ធ្វើ​ការ​សុំ​ប្តូរ​ផ្លូវ​ហោះហើរ​ ដែល​បាន​គ្រោងទុក។ ដើម្បី​បញ្ចៀស​យន្តហោះ ​ពី​ផ្លូវ​ដែល​មាន​ខ្យល់​បក់​ខ្លាំង ​អាកាសយានិក ​បាន​សុំ​ធ្វើ​ការ​ហោះហើរ​ ខ្ពស់​ជាង​ធម្មតា។

យន្តហោះ​នេះ ​ជា​ប្រភេទ​យន្តហោះ ​Airbus A320។ តាម​ការ​រាយការណ៍ ​យន្តហោះ នេះ​ទើបតែ​ បាន​ទទួល​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស ​និង​គ្រឿង​ម៉ាស៊ីន ​ដោយ​ភ្នាក់ងារ​របស់​ក្រុមហ៊ុន Airbus​ផ្ទាល់​តែម្តង ​កាល​ពី​ថ្ងៃ​ទី ១៦ វិច្ឆិកា ថ្មីៗ​នេះ។ ដូច្នេះ ហេតុផល​ដែល​អាច​ថា​ យន្តហោះ​នេះ​ ​មាន​បញ្ហា​បច្ចេកទេស ​ត្រូវ​បាន​គេ​ទាត់ចោល។

សូម​បញ្ជាក់​ថា ក្នុង​ចំណោម ​អាកាសយានិក​ទាំង​ពីរ​នាក់ ម្នាក់​ជា​អ្នក​បើកបរ​ជើង​ចាស់ ​ដែល​មាន​បទពិសោធន៍​ ច្រើន​ឆ្នាំ​មកហើយ ​ហើយ​ម្នាក់ទៀត​ ជា​អ្នក​បើកបរ​វ័យក្មេង ​ជនជាតិ​បារាំង ​ដែល​ក្រុមហ៊ុន​នេះ ​ទើបតែ​រើស​ចូល​ឲ្យ​ធ្វើការ។

ទោះ​បី​ជាយ៉ាងណា ​ក្នុង​ពេល​នេះ ​មាន​តែ​ហេតុផល​មួយ​គត់​ ដែល​គេ​គិត​ថា ជា​មូលហេតុ​ នៃ​ការ​ធ្លាក់ ​គឺ​ដោយសារ​តែ​បញ្ហា​អាកាសធាតុ​មិន​អំណោយ​ផល ព្រោះ​តែ​មាន​ភ្លៀង​ ភ្ជុះ​ខ្លាំង ​ក្នុង​តំបន់​នេះ។ ទាហាន​ឥណ្ឌូនេស៊ី ​និង​ក្រុម​សង្គ្រោះ​ កំពុង​តែ​ធ្វើការ​យ៉ាង​ញាប់ដៃ ដើម្បី​ស្វែងរក​បំណែក​យន្តហោះ ​នៅ​ក្នុង​សមុទ្រ និង​ជន​រងគ្រោះ​ ដែល​អាច​នៅ​រស់រាន​មាន​ជីវិត  ថ្វី​ត្បិត​តែ​មាន​ពពក​ខ្មៅ​អួរអាប់ ​និង​ខ្យល់​យ៉ាងណា​ក៏​ដោយ។ ចំណែក​នៅ​​ម៉ាឡេស៊ី៝​ឯណោះវិញ ​ខ្យល់​និង​ភ្លៀង​ខ្លាំង ​បាន​បង្ក​ជា​ទឹក​ជំនន់ ​យ៉ាង​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន ​ដែល​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​៨នាក់ ​និង​មនុស្ស​ជាង​១៤​ម៉ឺន​នាក់​ ត្រួវ​ជម្លៀស​ចេញ ពី​ផ្ទះ​សម្បែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ