អានតួអត្ថបទ
ហូឡង់-ម៉ាឡេស៊ី

អ្នកជំនាញ​ហូឡង់៖ យន្តហោះ​ម៉ាឡេស៊ី​MH ១៧​ផ្ទុះឆេះ​ដោយសារ​ត្រូវវត្ថុ​បុក​មក​ពី​ខាងក្រៅ

អ្នកជំនាញ​ហូឡង់​បាន​បង្ហាញ​របាយការណ៍​មួយ​​របស់ខ្លួន​ នៅថ្ងៃ​អង្គារ​ទី ៩​កញ្ញា ដែល​បង្ហាញ​ថា យន្តហោះ​ម៉ាឡេស៊ី MH ១៧​ ដែល​​ធ្លាក់ នៅ​ភាគ​ខាងកើត​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី ១៧​ ខែ​កក្កដា​កន្លងទៅ ត្រូវ​បាន​​បុក​ទម្លាយ​​​ដោយ​វត្ថុ ​​ដែល​មាន​ល្បឿន​លឿន​ និង​បាន​​ផ្ទុះ​នៅ​លើ​អាកាស មុន​នឹង​ធ្លាក់​មក​លើដី។ យន្តហោះ​ម៉ាឡេស៊ី​ដែល​ធ្វើដំណើរ​ពី​ប្រទេស​ហូឡង់​សំដៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ផ្ទុះធ្លាក់ និង​សម្លាប់​អ្នកដំណើរ​ទាំងអស់​ ២៩៨​នាក់ ដែល​ក្នុង​នោះ​ភាគច្រើន​ជា​ប្រជាជន​ហូឡង់។ 

អ្នកជំនាញ​អន្តរជាតិ​នៅ​កន្លែង​ផ្ទុះធ្លាក់​យន្តហោះ​ម៉ាឡេស៊ី MH ១៧
អ្នកជំនាញ​អន្តរជាតិ​នៅ​កន្លែង​ផ្ទុះធ្លាក់​យន្តហោះ​ម៉ាឡេស៊ី MH ១៧ REUTERS/Maxim Zmeyev
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ហូឡង់​ ទទួល​បន្ទុក​ការស៊ើបអង្កេត​លើ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​បាន​បង្ហាញ​របាយការណ៍​ស្តីពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្តហោះ​ដឹក​អ្នកដំណើរ​២៩៨​នាក់ ផ្ទុះធ្លាក់នៅ​ភាគខាងកើត​អ៊ុយក្រែន។ តាម​ការិយាល័យ​ស៊ើបអង្កេត​ហូឡង់ ដែល​បាន​សិក្សា​ទៅលើ​រូបភាពផ្កាយរណប រូបថត​បំណែក​យន្តហោះ និងស្តាប់​សំឡេង​នៅក្នុង​ប្រអប់​ខ្មៅ គឺ​វត្ថុ​មក​ពីខាងក្រៅ​ ដែល​ហោះ​ក្នុង​ល្បឿនលឿន​បាន​បុកទម្លាយ​តួខ្លួន​យន្តហោះ ដែល​ធ្វើ​ឲ្យ​យន្តហោះ​ផ្ទុះ បែក​ជា​បំណែក នៅលើ​អាកាស មុន​នឹង​ធ្លាក់​មក​លើ​​ដី។ ​ការសន្និដ្ឋាន​​បែបនេះ​បាន​ធ្វើ​ឲ្យ​អ្នកជំនាញ​របស់​ការិយាល័យ​​ស៊ើប​អង្កេត​ហូឡង់​​សម្រេច​សេចក្តី​​ថា យន្តហោះ​ម៉ាឡេស៊ី​ដែល​ផ្ទុះធ្លាក់​នៅ​លើ​ទឹកដី​អ៊ុយក្រែន គឺ​មិន​មែន​បណ្តាល​មក​ពី​បញ្ហា​បច្ចេកទេស ឬ​កំហុស​របស់​អ្នកបើក​យន្តហោះ​នោះ​ទេ។

 
តាម​អ្នកជំនាញហូឡង់​ដដែល ការផ្ទុះ​​នៅលើ​អាកាស​​​បាន​ធ្វើ​ឲ្យ​យន្តហោះ​​បាត់​ពី​ក្នុង​រ៉ាដា​ បាត់​ទំនាក់ទំនង​​ជាមួយ​អ្នកត្រួតពិនិត្យ​អាកាសចរណ៍ និង​ធ្វើ​ឲ្យ​​ការថត​ទុក​ទិន្នន័យ​របស់​ប្រអប់ខ្មៅ​ត្រូវ​ឈប់​ភ្លាមៗ។ អ្នកជំនាញ​ហូឡង់​បាន​ប្រើ​ពាក្យ​ថា យន្តហោះត្រូវ​វត្ថុ​ដែល​ហោះ​ក្នុង​ល្បឿន​លឿនបុកទម្លុះ ប៉ុន្តែ មិនបញ្ជាក់​ច្បាស់​ថា វា​ជាមីស៊ីល ​និង​មិន​បាន​ទម្លាក់​កំហុស​ទៅលើ​ភាគី​ណា​ថា ជាអ្នកប្រព្រឹត្តទេ។ ​រដ្ឋអាជ្ញា​ហូឡង់វិញ​បាន​អះអាងថា ខ្លួន​​នឹង​បើក​ការស៊ើបអង្កេត​ដាច់​ដោយឡែក​មួយ​ទៅលើ​ករណី​ឧក្រិដ្ឋកម្ម​ នៅក្នុង​សំណុំរឿង​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី។

រហូតមក​ អាជ្ញាធរ​​​អ៊ុយក្រែន និង​អាមេរិក​ ដែល​បាន​ប្រើ​រូបភាព​ផ្កាយរណប​ បាន​​ចោទ​​ក្រុម​បំបែក​ខ្លួន​អ៊ុយក្រែន និយម​រុស្ស៊ី ថា ជាអ្នក​​បាញ់​មីស៊ីល​ប្រភេទ​ប៊ូក​ទៅលើ​យន្តហោះ​ម៉ាឡេស៊ី MH ១៧ ប៉ុន្តែ ពួកឧទ្ទាម និង​ទីក្រុង​ម៉ូស្គូ​ដែល​ត្រូវអាមេរិក​​ចោទ​ថា ជាអ្នកផ្តល់​មីស៊ីល​ប៊ូក​ទៅ​ឲ្យ​ពួកឧទ្ទាមនោះ​បាន​បដិសេធរុញច្រាន​ចោល​ការចោទប្រកាន់ និង​​ទម្លាក់​កំហុស​ទៅលើ​​ទាហាន​អ៊ុយក្រែន​ទៅវិញ។

បើទោះបី​ជា​របាយការណ៍​​របស់​អាជ្ញាធរ​ហូឡង់​​មិន​បាន​បញ្ជាក់​ច្បាស់​ពី​ប្រភេទ​វត្ថុ​ដែល​ធ្វើ​ឲ្យ​យន្តហោះ​ម៉ាឡេស៊ី​ផ្ទុះធ្លាក់ ប៉ុន្តែ យ៉ាងហោច វា​បាន​បញ្ជាក់​ជាផ្លូវការ និង​ជា​លើកទីមួយ ពី​មូលហេតុ​ដែល​ធ្វើ​​យន្តហោះ​ម៉ាឡេស៊ី​ផ្ទុះធ្លាក់។ ម្យ៉ាងទៀត របាយការណ៍​ចេញ​ផ្សាយ ​នៅថ្ងៃនេះគ្រាន់​តែ​ជា​របាយការណ៍​បឋមប៉ុណ្ណោះ ចំណែក​របាយការណ៍​ពិស្តារ និង​ចុងក្រោយ​ នឹង​ត្រូវ​ចេញផ្សាយ​នៅពាក់​កណ្តាល​ឆ្នាំ២០១៥​ខាងមុខ៕

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ