អានតួអត្ថបទ
ឥណ្ឌូណេស៊ី-AirAisa​

ក្រុម​រុករក​ រក​ឃើញ​បំណែក​ធំៗ​របស់​យន្តហោះ​ AirAisa​ ដែល​ធ្លាក់​ក្នុង​បាត​សមុទ្រ

ក្រុម​រុករក​ បាន​រក​ឃើញ​បំណែក​ធំ​ ពីរ​នៃ​យន្តហោះ​ AirAsia​ ជើងហោះហើរ​ 8501 ​ដែល​បាន​ធ្លាក់​ចូល​ទៅ​សមុទ្រ​កាល​ពី​ចុង​សប្តាហ៍​មុន​ ជាមួយ​និង​អ្នក​ដំណើរ​សរុប​ ១៦២នាក់។​ នេះ​បើ​តាម​មន្ត្រី​ស្រាវជ្រាវ​ជាន់​ខ្ពស់​ឥណ្ឌូណេស៊ី​និយាយ​នៅ​ថ្ងៃ​សៅរ៍​នេះ។

យន្តហោះ​ធុន Airbus A320 របស់​ក្រុមហ៊ុន AirAsia
យន្តហោះ​ធុន Airbus A320 របស់​ក្រុមហ៊ុន AirAsia REUTERS/Enny Nuraheni/Files
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិ​ការ​រុករក​ដ៏​ធំ​ដែល​រួម​មាន​ទាំង​ឥណ្ឌូនេស៊ី​ និង​អន្តរជាតិ​ បាន​ប្រទះឃើញ​បំណែក​ធំ​ពីរ ​របស់​យន្តហោះ​ AirAsia​ នៅ​ក្នុង​សមុទ្រ​ហ្សាវ៉ា​ ក្បែរ​កោះប័រណេអូ​កាល​ពី​យប់​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ ​ដែល​ធ្វើ​ឲ្យ​មាន​ក្តី​សង្ឃឹម​ថា​ សាកសព​ជន​រងគ្រោះ​នៅ​សេសសល់​ និង​ប្រអប់​ខ្មៅ​ ដែល​ជា​ភស្តុតាង​ដ៏​សំខាន់​ក្នុង​ការ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នោះ​ នឹង​រកឃើញ​នៅ​ពេល​ឆាប់ៗនេះ។

រហូត​មក​ទល់​នឹង​ពេល​នេះ​ មាន​សាកសព​ចំនួន​ ៣០ ​ហើយ​ដែល​ត្រូវ​បាន​រកឃើញ​ ហើយ​ស្រង់​ចេញ​ពី​ទឹកសមុទ្រ។

ប្រធាន​ក្រុម​ភ្នាក់ងារ​ជួយ​សង្គ្រោះ​បាន​ប្រាប់​អ្នក​កាសែត​ថា​ ជាមួយ​និង​ការ​រកឃើញ​ការ​កំពប់​ប្រេង​ និង​បំណែក​ធំ​ពីរ​របស់​យន្តហោះ​ដែល​មាន​ទំហំ​ ១០ម៉ែត្រ​ គុណ​ និង​ ៥ម៉ែត្រ​នេះ ​គេ​អាច​សន្និដ្ឋាន​បាន​យ៉ាង​ច្បាស់​ថា​ នេះ​គឺ​ជា​បំណែក​របស់​យន្តហោះ​ ដែល​ក្រុម​ជួយ​សង្គ្រោះ​កំពុង​តែ​ស្វែង​រក។

ប្រធាន​ក្រុម​រូបនោះ​ បាន​បន្តទៀត​ថា​ នៅ​ពេល​នេះ​ ក្រុម​អ្នក​មុជទឹក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​ដែល​រកឃើញ​បំណែក​ធំ​ពីរ​នោះ​ហើយ​ ដើម្បី​ស្វែងរក​សាកសព​ជន​រងគ្រោះ​បន្ថែម​ទៀត។ ​ហើយ​គោល​បំណង​សំខាន់​បំផុត​គឺ​ស្វែងរក​ ហើយ​នឹង​ជួយ​រំដោះ​ជនរងគ្រោះ។

ព័ត៌មាន​ស្តីពី​ការ​រកឃើញ​បំណែក​ធំ​ទាំង​ពីរ​នេះ​ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ បន្ទាប់​ពី​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី ​បាន​និយាយថា​ យន្តហោះ​ AirAsia ​បាន​ហោះ​ចេញ​ដោយ​ខុស​ពេល​កំណត់​ នៅ​ពេល​ដែល​វា​បាន​ធ្លាក់​នោះ។ យន្តហោះ​ធំៗ​ ត្រូវ​បាន​ផ្អាក​មិន​ឲ្យ​ហោះហើរ​ លើ​ផ្លូវ​ពី​ ទីក្រុង​ស៊ូរ៉ាបាយ៉ា​ ទៅ​កាន់​សិង្ហបុរី​ឡើយ។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​ ជើងហោះ​ហើរ​ពី​ ស៊ូរ៉ាបាយ៉ា​ ទៅកាន់​សិង្ហបុរី​នេះ​ និង​បើក​ឡើងវិញ​ នៅ​ពេលណា​ដែល​ការ​ស៊ើប​អង្កេត​ចប់​រួចរាល់។

បើតាម​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ដឹកជញ្ជូន​ បាន​និយាយថា​ យន្តហោះ​ AirAsia ​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ហោះហើរ​លើផ្លូវ​ ពី ស៊ូរ៉ាបាយ៉ា​ ទៅកាន់​សិង្ហបុរី នៅ​ថ្ងៃអាទិត្យ​នោះ​ទេ ​ហើយ​ក៏​មិន​បាន​សុំ​ប្តូរ​ពេល​កំណត់​ដែរ។

រហូតមក​ទល់នឹង​ពេលនេះ​ នៅ​តែ​មាន​ភាព​ស្រពិច​ស្រពិល​ ពី​មូល​ហេតុដែល​យន្តហោះ​ AirAsia ​អាច​ហោះហើរ​បាន​ដោយ​គ្មាន​ការ​អនុញ្ញាត​ចាំបាច់​ណាមួយ​នោះ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ