អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន​ក្លាយជា​ប្រទេស​នាំចេញ​គ្រឿងសព្វាវុធ​លំដាប់​ទី៣​លើ​ពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចិន​បាន​យក​ឈ្នះ​បារាំង និង​អាល្លឺម៉ង់ ដោយ​ក្លាយ​ជា​ប្រទេស​នាំចេញ​គ្រឿងសព្វាវុធ​លំដាប់​ទី៣ នៅលើ​ពិភពលោក។ នេះ​បើ​យោងតាម​របាយការណ៍​របស់​វិទ្យាស្ថាន​ក្រុង​ស្តុកខុម (ហៅកាត់​ថា SIPRI) ដែល​ចេញផ្សាយ កាល​ពីថ្ងៃ​ចន្ទ។ យោងតាម​តួលេខ​នៅ​ក្នុងរបាយការណ៍​នេះ គេ​សង្កេតឃើញ​ថា សហរដ្ឋ​អាមេរិក និង​រុស្ស៊ី នៅតែ​ជា​តួអង្គ​ដ៏សំខាន់​ពីរ ដែល​គ្រប់គ្រង​ទីផ្សារ​សព្វាវុធ​ពិភពលោក ក៏ប៉ុន្តែ ចិន​ក៏​កំពុងតែ​បោះជំហាន​ចូល​យ៉ាងជ្រៅ​ផងដែរ ទៅ​ក្នុង​ទីផ្សារ​សព្វាវុធ ដែល​អាច​នឹង​ក្លាយ​ទៅ​ជា​គូប្រជែង​ដ៏​ធំមួយ​​ទៅថ្ងៃ​អនាគត។

យន្តហោះ​ចម្បាំង​ទំនើប​​របស់​ចិន ធុនJ-31 ដែល​មាន​បច្ចេកវិទ្យាហោះបំបាំងកាយ​មិន​ឲ្យ​រ៉ាដា​ចាប់បាន
យន្តហោះ​ចម្បាំង​ទំនើប​​របស់​ចិន ធុនJ-31 ដែល​មាន​បច្ចេកវិទ្យាហោះបំបាំងកាយ​មិន​ឲ្យ​រ៉ាដា​ចាប់បាន Reuters/Alex Lee
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​របស់​វិទ្យាស្ថាន​ក្រុង​ស្តុកខុម (Stockholm International Peace Research Institute) ដែល​ត្រូវ​បាន​ចុះផ្សាយ កាល​ពី​ថ្ងៃ​ចន្ទ គឺ​ផ្តោត​ទៅលើ​ទិន្នន័យ​រយៈពេល​ ៥ឆ្នាំ ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៤។ តាមរយៈ​ទិន្នន័យ​នេះ គេឃើញ​ថា នៅ​ក្នុងរយៈពេល ៥ឆ្នាំ​ចុងក្រោយ​នេះ សហរដ្ឋ​អាមេរិក​នៅតែ​ជា​ប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​១​ខាង​ការ​នាំចេញ​គ្រឿងសព្វាវុធ ដោយ​គ្រប់គ្រង​ចំណែក​ទីផ្សារ​ ៣១% ហើយ​​រុស្ស៊ី​គ្រប់គ្រង​ចំណែក​ទីផ្សារ ២៧% ស្ថិត​នៅ​លំដាប់​ទី២។ ប្រទេស ៣ផ្សេងទៀត គឺ​ចិន បារាំង និង​អាល្លឺម៉ង់ ដែល​នៅ​ចំណាត់ថ្នាក់​បន្ទាប់ៗ គឺ​ស្ថិត​នៅ​ពីក្រោយ​យ៉ាង​ដាច់ឆ្ងាយ ដោយ​ប្រទេស​នីមួយៗ គ្រប់គ្រង​ចំណែក​ទីផ្សារ​តែ​ប្រមាណ​ជា ៥%​ប៉ុណ្ណោះ។

តាមការពិត បារាំង​ត្រូវ​ស្ថិត​នៅ​លំដាប់ទី៣ ក៏ប៉ុន្តែ ដោយសារ​តែ​រដ្ឋាភិបាល​បារាំង​សម្រេច​ផ្អាក​ការ​លក់​នាវាចម្បាំង Mistral ទៅ​ឲ្យ​រុស្ស៊ី ដោយ​មក​ពី​វិបត្តិ​អ៊ុយក្រែន ទើប​បារាំង​ត្រូវ​ចិន​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ​៣​នេះ​បាន។

បើ​គេ​ពិនិត្យ​មើល​ជារួម នៅ​ក្នុង​រយៈពេល ៥ឆ្នាំ​កន្លងទៅនេះ ការនាំចេញ​គ្រឿងសព្វាវុធ​របស់​បារាំង និង​អាល្លឺម៉ង់​ សុទ្ធតែ​ត្រូវ​ធ្លាក់​ចុះ ក្នុងពេល​ដែល​ការ​នាំចេញ​គ្រឿងសព្វាវុធ​ចិន​មាន​ការ​កើនឡើង​រហូតដល់​ទៅ​ ១៤៣%។ អតិថិជន​សំខាន់ៗ​របស់​ចិន គឺ​​ស្ថិត​នៅ​អាស៊ី ជាពិសេស ប៉ាគីស្ថាន បង់ក្លាដែស និង​ភូមា ដែល​តំណាង​ឲ្យ​ជិត ៧០% នៃ​ការ​នាំចេញ​សរុប​នៃ​គ្រឿងសព្វាវុធ​ចិន។

ក៏ប៉ុន្តែ បន្តិចម្តងៗ ចិន​បាន​ពង្រីក​រង្វង់​អតិថិជន​របស់​ខ្លួន​កាន់តែ​ធំឡើងៗ ដោយ​បាន​នាំចេញ​អាវុធ​​ទៅកាន់​ប្រទេស​ចំនួន ១៨ នៅ​អាហ្វ្រិក និង​ប្រទេស​មួយ​ចំនួន​ទៀត នៅ​អាមេរិក​ឡាទីន ហើយ​​ជាពិសេស អ្វី​ដែល​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ខ្លាំង គឺ​​​ការ​ចុះកិច្ចសន្យា​​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៣ លើ​​គម្រោង​លក់​ប្រព័ន្ធ​មីស៊ីល​ការពារដែន​អាកាសចិន ក្នុង​តម្លៃ​ជាង ៣ពាន់​លាន​ដុល្លារ​អាមេរិក ទៅ​ឲ្យ​​​ប្រទេស​តួកគី ដែល​ជា​សម្ព័ន្ធមិត្ត​អាមេរិក​ក្នុង​អង្គការ​អូតង់។ ថ្វីដ្បិត​តែ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ការអនុវត្ត​កិច្ច​សន្យា​នេះ​ត្រូវ​ជាប់គាំង ដោយសារ​តែ​មាន​ការ​ជំទាស់​ពី​សំណាក់​សហរដ្ឋ​អាមេរិក និង​ប្រទេស​ក្នុង​អង្គការ​អូតង់ ក៏ប៉ុន្តែ បណ្តា​ក្រុមហ៊ុន​ផលិត​អាវុធ​ធំៗ ទាំង​នៅ​អឺរ៉ុប និង​នៅ​អាមេរិក សុទ្ធតែ​នាំគ្នា​ទទួលស្គាល់​ថា ទៅថ្ងៃ​អនាគត ចិន​គឺ​ជា​គូប្រជែង​ដ៏ធំមួយ នៅ​ក្នុង​ទីផ្សារ​សព្វាវុធ​អន្តរជាតិ ហើយ​កម្លាំង​ប្រកួតប្រជែង​របស់​ចិន​បាន​ចាប់ផ្តើម​ឈាន​ចូល​ទៅ​ក្នុង​ប្រភេទ​សព្វាវុធ ដែល​ប្រើ​បច្ចេកវិទ្យា​កាន់តែ​ទំនើបឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

អ្នក​ជំនាញ​ខាង​ទីផ្សារ​សព្វាវុធ​យល់ថា គ្រឿងសព្វាវុធ​ចិន​មាន​លក្ខណៈ​ពិសេស ២ ដែលជា​លក្ខខណ្ឌ​អំណោយ​ផល​ក្នុងការ​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ។

ទីមួយ គឺ​តម្លៃ។ គ្រប់គ្នា​ទទួលស្គាល់​ថា បច្ចេកវិទ្យា​សព្វាវុធ​ចិន​នៅ​អន់​ជាង​ប្រទេស​លោកខាងលិច​ ក៏ប៉ុន្តែ វាមាន​តម្លៃ​ថោកជាង​ច្រើន។ និយាយ​ជារួម គ្រឿងសព្វាវុធ​ចិន ស្ថិត​ក្នុង​ចំណោម​ប្រភេទ​ផលិតផល ដែល​មាន​គុណភាព​មិនសូវ​ល្អ តែ​ក៏​មិន​អន់ពេក ពោលគឺ​ គុណភាព​ល្អល្មមអាច​ប្រើការ​បាន ក៏ប៉ុន្តែ មាន​តម្លៃ​ថោក។ ផលិតផល​ប្រភេទនេះ​អាច​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​អតិថិជន ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ជាពិសេស ប្រទេស​នៅ​អាហ្វ្រិក និង​អាមេរិក​ឡាទីន ដែល​មិនសូវ​មាន​លុយ ក៏ប៉ុន្តែ ត្រូវការ​ គ្រឿងសព្វាវុធ​។

ក្រៅពី​តម្លៃ ក្រុមហ៊ុន​ផលិត​គ្រឿង​សព្វាវុធ​ចិន​ នៅមាន​លក្ខខណ្ឌ​អំណោយ​ផល​សំខាន់​មួយទៀត គឺ​នយោបាយ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​របស់​រដ្ឋាភិបាល​ចិន។

កាលពីថ្ងៃ​ចន្ទ នៅ​ក្រោយ​ពេល​​ការ​ចេញផ្សាយ​របាយការណ៍​របស់​​​វិទ្យាស្ថាន​ក្រុង​ស្តុកខុម​ ដែល​បង្ហាញ​ពី​ការ​កើនឡើង​ខ្លាំង​នៃ​ការ​នាំចេញ​គ្រឿងសព្វាវុធ​ចិន អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា “ចិន​តែងតែ​មាន​ការ​ប្រយ័ត្នប្រយែង​ក្នុង​​ការ​នាំចេញ​គ្រឿងសព្វាវុធ​ទៅ​ក្រៅ​ប្រទេស” ដោយ​ចិន​តែងតែ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​មួយ​ចំនួន គឺ​គ្រឿងសព្វាវុធ​ដែល​គេ​ទិញ​ពី​ចិន​ត្រូវ​តែ​យក​ទៅ​ប្រើ​ប្រាស់​​ដើម្បី “ការពារខ្លួន ដោយ​មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​អន្តរជាតិ ឬ​ក្នុង​តំបន់ៗ"។

ក៏ប៉ុន្តែ នៅ​ក្នុងការ​អនុវត្ត​ជាទូទៅវិញ គេ​សង្កេតឃើញ​ថា ចិន​មិន​សូវ​ជា​ធ្វើការ​ទាមទារ ឬ​ដាក់​លក្ខខណ្ឌ​អ្វីច្រើន​ មុននឹង​លក់​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​ប្រទេស​ណាមួយ​នោះទេ។ ​សម្រាប់​ចិន បញ្ហា​នយោបាយ សិទ្ធិមនុស្ស ឬ​ប្រជាធិបតេយ្យ គឺ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​គេ។ អ្វី​ដែល​សំខាន់​សម្រាប់​ចិន គឺ​ការ​ធ្វើ​ជំនួញ។ ចំណុចនេះ​ហើយ​ដែល​​​ធ្វើ​ឲ្យ​ការ​ចរចា​លក់​គ្រឿងសព្វាវុធ​ចិន​កាន់តែ​មាន​ភាព​ងាយស្រួល​មួយកម្រិតទៀត បើ​ធៀប​នឹង​ក្រុមហ៊ុន​មក​ពី​ប្រទេស​លោកខាងលិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ