អានតួអត្ថបទ
ចិន

ចិន​បង្ហាញ​ជា​លើក​ទីមួយ យន្តហោះ​ចម្បាំង​ដោយ​គ្មាន​មនុស្ស​បើក

ប្រទេស​ចិន​បាន​សម្រេច​ជោគជ័យ​ក្នុងការបង្ហោះ​សាកល្បង​ជា​លើកទីមួយ យន្តហោះ​ ដែល​គ្មាន​មនុស្ស​បើក Drone កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ចិន នៅ​ថ្ងៃ​សុក្រ​នេះ យន្តហោះ​គ្មាន​មនុស្ស​បើក​ ដែល​គេ​ដាក់​ឈ្មោះ​ថា "លី ជា" "ដាវ​ដ៏មុតស្រួច"​ នឹង​ធ្វើ​ឲ្យ​គម្លាត​បច្ចេកវិទ្យា​រវាង​ចិន និង​ប្រទេស​លោកខាងលិច​កាន់​តែរួម​តូច។

យន្តហោះ​Drone គ្មានមនុស្ស​បើក​ ដែល​ចិន​ទើប​បង្ហោះ​សាកល្បង​ដោយ​ជោគជ័យ​កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ២១​វិច្ឆិកា
យន្តហោះ​Drone គ្មានមនុស្ស​បើក​ ដែល​ចិន​ទើប​បង្ហោះ​សាកល្បង​ដោយ​ជោគជ័យ​កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ២១​វិច្ឆិកា ©
ផ្សាយពាណិជ្ជកម្ម

កងទ័ព​ចិន​មិន​បង្អន់​មហិច្ឆតា​ក្នុង​ការអភិវឌ្ឍន៍​បច្ចេកវិទ្យាចុងក្រោយ​របស់ខ្លួន ​ក្នុង​វិស័យ​យោធា។ បន្ទាប់ពី​បង្ហាញ​នាវា​ផ្ទុក​យន្តហោះ និង​យន្តហោះ​ចម្បាំង​ដែល​ប្រព័ន្ធ​រ៉ាដា​មិន​អាច​ចាប់​សញ្ញា​កាលពី​ឆ្នាំ ២០១១ ប្រទេស​ចិន​ទើប​បង្ហាញ​យន្តហោះ​ចម្បាំង​មួយ​ទៀត ប៉ុន្តែ លើកនេះ ជា​យន្តហោះ​ដែល​គ្មាន​មនុស្ស​បើក Drone។ នេះ​​ជាលើកទីមួយ ដែល​ប្រទេស​ចិន​មាន​យន្តហោះ​ចម្បាំង ប្រភេទ​Drone គ្មាន​មនុស្ស​បើក។

 
នៅថ្ងៃ​នេះ កាសែត​ក្នុង​ស្រុក​ចិនជាច្រើន​​បាន​សរសេរ កោតសរសើរ​ស្នាដៃ​ និង​សមត្ថភាព​របស់​កងទ័ព​ចិន ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន ក្លាយ​ជា​ប្រទេស​ទីបួន បន្ទាប់ពី​អាមេរិក បារំាង និង​អង់គ្លេស ដែល​មាន​យន្តហោះ​ចម្បាំង គ្មាន​មនុស្ស​បើក។

​តាមវីដេអូ​​ដែល​គេ​បង្ហោះ​នៅលើ​អ៊ីនធ័រនែត លី ជា ឬ ដាវ​ដ៏​មុតស្រួច​​ ជាយន្តហោះ​គ្មាន​មនុស្ស​បើករបស់​ចិន ដែល​មាន​រូបរាង​ស្រដៀង​ទៅនឹង​យន្តហោះ​ចម្បាំង​​របស់​អាមេរិក​ US B2 ដែល​ល្បី​ឈ្មោះ​ជា​អាកាសយាន​ទម្លាក់គ្រាប់​បែក​នៅ​សម័យ​សង្រ្គាម​ត្រជាក់។ យោងតាម​អតីត​មេបញ្ជាការ​​កងទ័ព​ប្រជាជន​ចិន ដែលដក​​ស្រង់​សំដី​ដោយ​កាសែត​ចិន South China Post យន្តហោះ​ចម្បាំង​​​​គ្មាន​មនុស្ស​បើក​ លី ជា ត្រូវ​បាន​កសាង​ឡើង​សម្រាប់​កងទ័ព​អាកាស និង​ជើងទឹក​របស់​ចិន។ វា​មាន​មុខងារ​ប្រយុទ្ធ ចាប់​ព័ត៌មាន និង​កំណត់ទិសដៅ។ យន្តហោះ​គ្មាន​មនុស្ស​បើក លី ជា ជាប្រភេទ​យន្តហោះ​ទំនើប​ដែល ប្រព័ន្ធ​រ៉ាដា​មិន​អាច​ចាប់​សញ្ញា​បាន ​ហើយ​អាច​ហោះ​ក្នុង​កំពស់​ខ្ពស់ ប៉ុន្តែ អាច​ថតរូប និង​ផ្តល់​ទិន្នន័យ​ជាក់លាក់​ស្តីពី​ស្ថានភាព​ នៅសមុទ្រ​ចិន​ភាគខាងត្បូង និង​ខាងកើត។ ​ពោល​គឺ​យន្តហោះ​គ្មាន​មនុស្ស​បើក​ នឹង​ជួយ​ឲ្យ​ទីក្រុង​ប៉េកាំង​ ធ្វើ​នយោបាយ និង​សម្រេចចិត្ត ក្នុង​ពេល​​​មានដោះស្រាយ​​ជម្លោះ​​​ជាមួយ​ប្រទេស សមាជិក​របស់​អាស៊ាន និង​ជាមួយ​ជប៉ុន ដែល​កំពុង​ទាមទារ​ដីកោះ​ជាមួយ​ចិន​។

ការបង្ហាញ​ឲ្យ​ឃើញ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​ចិន កើតមាន​នៅតែ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ដែល​ ជប៉ុន​បាន​បរិហារ​ពី​វត្តមាន​របស់​យន្តហោះ​យកការណ៍​ដែល​បានជប៉ុន​ចោទ​ថា បាន​ហោះ​ឆ្វែល​ពីលើ​កោះ​សេនកាគូ ដែល​ជប៉ុន​កំពុង​មាន​ជម្លោះ ទាមទារ​ជាមួយ​ចិន។ កងទ័ព​ជប៉ុន​ធ្លាប់​បាន​​ព្រមាន​បាញ់​ទម្លាក់​រាល់​យន្តហោះ​ដែល​ហោះ​លើ​ទឹកដី​របស់ខ្លួន ប៉ុន្តែ ចិន​វិញ​បាន​ព្រមាន​បក​ទៅវិញ​ថា ជាសកម្មភាព​បង្ក​សង្រ្គាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ