អានតួអត្ថបទ
ចិន

ជនជាតិ​អ៊ុយហ្គួរ​ត្រូវ​បាញ់សម្លាប់ និង​ចាប់ខ្លួន នៅតាម​ព្រំដែន​ចិន​ខាងត្បូង

អាជ្ញាធរ​ចិន​បាន​ចាត់វិធានការ​ក្តៅ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជនជាតិ​អ៊ុយហ្គួរ​រត់ចេញ​ទៅ​ក្រៅ​ប្រទេស។ យោងតាម​កាសែត​ក្នុង​ស្រុកចិន ចុះផ្សាយ​នៅថ្ងៃ​សុក្រទី ១៧​កក្កដា ក្នុង​រយៈពេល មួយឆ្នាំ ២០១៤ ប៉ូលិស​ចិន នៅខេត្ត​យូណាន ដែល​មាន​ព្រំដែន​ជាប់ជាមួយ ភូមា វៀតណាម និង​ឡាវ បាន​បាញ់​សម្លាប់​ជនជាតិ​អ៊ុយហ្គួរ ៤​នាក់ និង​ចាប់ខ្លួន ៥០០​នាក់ ដែល​ប៉ុនប៉ង​ចង់រត់​ចោល​ស្រុក។ 

ជនជាតិ​អ៊ុយហ្គួរ ទាំង​១០៩នាក់​ដែល​ត្រូវ​ថៃ​ចាប់បញ្ជូន​ទៅ​ចិន ត្រូវ​ប៉ូលិស​ចិន​ចាប់​អូស​យក​ទៅ​ឃុំខ្លួន សួរចម្លើយ នៅថ្ងៃទី ៩​កក្កដា ២០១៥
ជនជាតិ​អ៊ុយហ្គួរ ទាំង​១០៩នាក់​ដែល​ត្រូវ​ថៃ​ចាប់បញ្ជូន​ទៅ​ចិន ត្រូវ​ប៉ូលិស​ចិន​ចាប់​អូស​យក​ទៅ​ឃុំខ្លួន សួរចម្លើយ នៅថ្ងៃទី ៩​កក្កដា ២០១៥ © REUTERS/China Central Television via Reuters TV
ផ្សាយពាណិជ្ជកម្ម

ដោយដកស្រង់​របាយការណ៍​របស់​ប៉ូលិស​ខេត្ត​យូណាន កាសែត​ផ្លូវរដ្ឋ​ចិន បាន​សរសេរ​លម្អិត​ពី​វិធានការ​តឹងរ៉ឹង​របស់​អាជ្ញាធរ​ចិន ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជនជាតិ​អ៊ុយហ្គួរ​រត់ចេញ​ទៅក្រៅ​ប្រទេស។

 
ការចុះផ្សាយ​ដោយ​កម្រ​របស់​កាសែត​ចិន ដែល​និយាយ​ពី​វិធានការ​របស់​ប៉ូលិស​ចិន ទៅលើ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​បាងកក​បាន​បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ ប្រមាណ ១០៩​នាក់ ត្រលប់​ទៅ​ប្រទេស​ចិនវិញ កាលពី​សប្តាហ៍មុន។ ចំណាត់ការ​របស់​រដ្ឋាភិបាល​ថៃ បាន​ទទួល​ការរិះគន់ និង​ការថ្កោលទោស ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស និង​សហគមន៍​អន្តរជាតិ។ ដោយសារ​រឿងនេះ ស្ថានកុងស៊ុន​ថៃ នៅ​ប្រទេស​តួកគី ត្រូវដុត វាយបំផ្លាញ​ដោយក្រុមបាតុករ​តួកគី ដែល​គាំទ្រ​ប្រជាជន​អ៊ុយហ្គួរ។

ទីក្រុង​ប៉េកាំង​វិញ បាន​ថ្លែងអំណរ​គុណ​រដ្ឋាភិបាល​ថៃ ដែល​ចាប់បញ្ជូន​ជនជាតិ​អ៊ុយហ្គួរ​មក​ឲ្យ​ចិនវិញ។ តាម​ទីក្រុង​ប៉េកាំង ជនជាតិ​អ៊ុយហ្គួរ​ដែល​បាន​លួច​រត់គេច​ចេញ​ពី​ប្រទេស ទាំងអស់ គឺ​ជា​ក្រុម​ជ្រុលនិយម ដែល​ចង់​ប្រើប្រាស់​ទឹកដី​តួកគី ដើម្បី ឆ្លង​ចូល​ទៅ​ចូលរួម​ជាមួយ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ ស៊ីរី និង​អ៊ីរ៉ាក់។

នៅក្នុង​របាយការណ៍​ដែល​និយាយ​ពី​វិធានការ​ទប់ស្កាត់ កុំ​ឲ្យ​ប្រជាជន​អ៊ុយហ្គួរ​ចាកចេញ​ទៅក្រៅស្រុក ប៉ូលិស​ចិន​បាន​អះអាងថា ជនសង្ស័យ​ដែល​ត្រូវ​ប៉ូលិស​បាញ់សម្លាប់ ភាគច្រើន ជា​ក្រុម​ជ្រុលនិយម​ដែល​បាន​វាយប្រហារ​មុន​ទៅ​លើ​ប៉ូលិស។ មាន​ព្រំដែន​ជាប់​ជាមួយ ភូមា វៀតណាម និង​ឡាវ អាជ្ញាធរ​ខេត្ត​យូណាន​ទទួល​ស្គាល់​ថា បាន​បង្កើន​កម្លាំង នៅតាម​ព្រំដែន ដើម្បី​ទប់ស្កាត់​ប្រជាជន​កុំ​ឲ្យ​ចេញ​ទៅក្រៅ​ប្រទេស។ ទីក្រុង​គួនមិញ របស់​ខេត្ត​យូណាន កាលពី​ឆ្នាំមុន ក៏​ធ្លាប់​ជា​កន្លែង​ដែល​មាន​ការវាយប្រហារ​សម្លាប់​មនុស្ស​ប្រមាន ៣១​នាក់ និង​របួស ១៤១ ដែល​បង្ក​ឡើង​ដោយ​ក្រុម​សកម្មជន ដែល​ប៉ូលិស​ចិន អះអាងថា មាន​កំណើត​ជា​ជនជាតិ​អ៊ុយហ្គួរ។

តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស ជនជាតិ​អ៊ុយហ្គួរ​ជាច្រើន​រយនាក់​បាន​ចាកចោល​ភូមិកំណើត នៅ​ខេត្ត​ស៊ីនជាំង ក្នុង​ប្រទេស​ចិន ដោយសារ​តែពួកគេ​មិន​អាច​ទ្រាំទ្រ នឹងអំពើហិង្សា នយោបាយ​រើសអើង និង​ការគាបសង្កត់ ទាំងផ្នែក​សាសនា និង​វប្បធម៌ ពី​សំណាក់​អាជ្ញាធរ​ចិន។ ពួកគេ​ភាគច្រើន​លួចឆ្លងដែន​ដោយខុសច្បាប់ ចូល​ទៅ​ប្រទេស​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ដើម្បី​ឆ្លងបន្ត ទៅ​រស់នៅ​ប្រទេស​តួកគី។

តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​human rights watch ចេញផ្សាយ​នៅ​សប្តាហ៍មុន ជនជាតិ​អ៊ុយហ្គួរ និង​ប្រជាជន​ទីបេ​រង​ការរើសអើង និង​គ្មាន​សិទ្ធិសេរីភាព​ក្នុង​ការធ្វើដំណើរ​ទៅក្រៅប្រទេស។ ប្រៀបធៀប​នឹង​ជនជាតិ​ហាន ដែល​អាច​ទទួល​បាន​លិខិត​ឆ្លងដែន​ក្នុង​រយៈពេល តែ ១៥​ថ្ងៃ ប្រជាជន​ទីបេ និងអ៊ុយហ្គួរ ត្រូវ​រង់ចាំ​ដល់​ទៅ ៥ ឆ្នាំ ហើយ​ជាញឹកញយ ពួកគេ​បាន​ត្រឹមលឺ​ពាក្យ​បដិសេធ គ្មាន​បាន​លិខិត​ឆ្លងដែន ធ្វើដំណើរ​ទៅ​បរទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ