អានតួអត្ថបទ
ចិន

ចិន៖មាន​ភ្លើង​ឆាបឆេះ​ជា​ថ្មី​នៅ​កន្លែង​ផ្ទុះ​ក្នុង​ទីក្រុង​កំពង់ផែ​ធានជីន

នៅ​ក្នុង​ប្រទេស​ចិន ជាង​មួយ​សប្តាហ៍​ក្រោយ​ព្រឹត្តិការណ៍​ផ្ទុះ​ឆេះ​នៅ​ឃ្លាំង​ស្តុក​សារធាតុ​គីមី និង​ជាតិ​ផ្ទុះ​នៅ​ទីក្រុង​កំពង់ផែ​ធានជីន​មក មាន​ភ្លើង​ឆាបឆេះ​ជា​ថ្មី​ចំនួន ៤ដង​បាន​កើត​មាន​នៅ​ទីកន្លែង​ផ្ទុះ​នា​ថ្ងៃ​សុក្រ ទី២១ សីហា។ តែ​គេ​មិន​ដឹង​ថា តើ​ប្រភព​ភ្លើង​ឆេះ​បាន​កើត​ចេញ​ពី​អ្វី​ទេ។ យ៉ាង​ណា​ក៏​ដោយ ប្រតិបត្តិការ​ប្រមូល និង​សំអាត​សារធាតុគីមី​នៅ​កន្លែង​ផ្ទុះ​បាន​និង​កំពុង​បន្ត​ធ្វើ​យ៉ាង​សកម្ម។ ដោយឡែក​តំាង​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី២០ សីហា​មក គេ​សង្កេត​ឃើញ​រូបភាព​ផ្សព្វផ្សាយ​លើ​អ៊ីនធឺណែត​ដែល​បង្ហាញ​ពី​ខ្មោចត្រី​ជា​ច្រើន​ពាន់ក្បាល​ក្នុង​ទីក្រុង​ធានជីន។ តែ​រដ្ឋអំណាច​បាន​បញ្ជាក់​ថា ត្រីងាប់​ទំាង​នោះ​មិនមែន​ដោយសារ​ពុល​សារធាតុគីមី​ធ្លាយ​ចេញ​ពី​ការ​គ្រោះមហន្តរាយ​ផ្ទុះ​ទេ។

ខ្មោចត្រី​ជា​ច្រើន​ពាន់ក្បាល​នៅ​តាម​មាត់​ទន្លេ Haihe ក្នុង​ទីក្រុងកំពង់ផែ​ធានជីន
ខ្មោចត្រី​ជា​ច្រើន​ពាន់ក្បាល​នៅ​តាម​មាត់​ទន្លេ Haihe ក្នុង​ទីក្រុងកំពង់ផែ​ធានជីន DR 中文网络照片
ផ្សាយពាណិជ្ជកម្ម

ការ​ឆាបឆេះ​ជា​ច្រើន​កន្លែង​បន្តបន្ទាប់​គ្នា​ជា​ថ្មី​បាន​កើត​មាន​ឡើង​នៅ​ថ្ងៃ​សុក្រ ទី២១ សីហា​ត្រង់​ទីតំាង​ផ្ទុះ​កាល​ពី​ជិត​មួយ​សប្តាហ៍​កន្លង​ទៅ នេះ​ជា​ព័ត៌មាន​ផ្សព្វផ្សាយ​ដោយ​កាសែត​ចិន​ស៊ីនហួរ។ យោង​តាម​កាសែត ការ​ឆាបឆេះ​បាន​កើត​មាន​ឡើង​នៅ​កន្លែង​ស្តុក​រថយន្ត​មួយ​ដែល​ទើប​មាន​រថយន្ត​មក​ដល់​ថ្មីៗ​យ៉ាង​តិច ៣ ០០០គ្រឿង ហើយ​គឺ​ប្រេងសំាង​ក្នុង​ធុង​ដែល​បាន​បង្ក​ឲ្យ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង។ គួរ​ជម្រាប​ជូន​ថា ជិត​មួយ​សប្តាហ៍ ក្រោយ​គ្រោះ មហន្តរាយ​ផ្ទុះ​ឆេះ​នៅ​ឃ្លាំង​ស្តុក​សារធាតុ​គីមី និង​ជាតិ​ផ្ទុះ​នៅ​ទីក្រុង​កំពង់ផែ​ធានជីន​មក ពំនូកភ្លើង​នៅ​កន្លែង​ផ្ទុះ​ហាក់​ដូច​ជា​មិន​ទាន់​រលត់​ឈឹង​នៅ​ឡើយ​ទេ ហើយ​វត្តមាន​ផ្សែងភ្លើង​តិច ឬ​ច្រើន​ចេញ​ពី​កន្លែង​ផ្ទុះ​នៅ​តែ​បន្ត​មាន​ជាប់​ជា​ប្រចំា។

ទន្ទឹម​គ្នា​នេះ ពលរដ្ឋ​រស់ក្បែរ​ទីកន្លែង​កើត​ហេតុ​នៅ​តែ​បារម្ភ​ខ្លំាង​ចំពោះ​ការ​សាយភាយ រីករាលដាល​នូវ​សារធាតុគីមី​ពុល cyanure សូដ្យូម ពិសេស​បន្ទាប់​ពី​រដ្ឋអំណាច​បាន​ប្រកាស​ឲ្យ​ដឹង​ពី​កម្រិត cyanure សូដ្យូម​ក្នុង​ទឹក​ក្បែរ​តំបន់​គ្រោះថ្នាក់​ដែល​លើស​ពី​កម្រិត​អនុញ្ញាត​ដល់​ទៅ ៣៥៦ដង។ នៅ​ថ្ងៃ​សុក្រ ទី២១ សីហា រដ្ឋអំណាច​ក្រុង​ធានជីន​ក៏​បាន​បញ្ជាក់​ថា កម្រិត cyanure សូដ្យូម​នៅ​ក្នុង​បរិយាកាស​ក៏​មាន​កម្រិត​លើស​ពី​កម្រិត​អនុញ្ញាត​ដែរ។ ក្នុង​ថ្ងៃ​សុក្រ​ដដែល អង្គការ​ក្រៅ​រដ្ឋាភិបាល Greenpeace ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ពី​វត្តមាន​សារធាតុគីមី​ពុល cyanure សូដ្យូម​នៅ​លើ​ផ្ទៃទឹកទន្លេ​​ជិត​កន្លែង​ផ្ទុះ និង​នៅ​ក្នុង​ទឹកទន្លេ Haihe ដែល​ស្ថិត​ចម្ងាយ ៦គីឡូម៉ែត្រ​ពី​កន្លែងផ្ទុះ។

គឺ​នៅ​តាម​មាត់​ទន្លេ Haihe នោះ​ឯង​ដែល​ក្រុម​អ្នកនេសាទ​បាន​ប្រទះ​ឃើញ​ខ្មោច​ត្រី​ជា​ច្រើន​ពាន់ក្បាល។ រូបភាព​ខ្មោចត្រី​ជា​ច្រើន​ពាន់ក្បាល​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណែត​តំាង​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី២០ សីហា​មក​ម្ល៉េះ។ តើ​ត្រី​ទំាង​នោះ​បាន​ងាប់​ដោយ​ពុល​សារធាតុគីមី cyanure សូដ្យូម ឬ​យ៉ាង​ណា?។ រដ្ឋអំណាច​បាន​ផ្តល់​ចម្លើយ​ច្បាស់ៗ​ថា មិន​ភ្ញាក់ផ្អើល​ចំពោះ​ត្រីងាប់​គរ​គ្នា​យ៉ាង​ច្រើន​សម្បើម​ក្នុង​រដូវក្តៅ​ទេ ព្រោះ​ទឹក​នៅ​ទីនោះ​បាន​បំពុល​ដោយ​រោងចក្រ​ជា​ច្រើន​ដែល​ស្ថិត​ក្បែរ​នោះ។ និយាយ​ឲ្យ​ខ្លី ត្រីទំាង​អស់​នោះ​មិនមែន​ងាប់​ដោយ​ពុល​សារធាតុគីមី cyanure សូដ្យូម​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ