អានតួអត្ថបទ
ថៃ

ថៃ៖ផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​នៅ​តំបន់​ទេសចរណ៍​កោះសាមុយ​បណ្តាល​ឲ្យ​របួស ៧​នាក់

នៅ​ក្នុង​ប្រទេស​ថៃ ប៉ូលីស​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី១១ មេសា​នេះ​ថា មាន​ការ​ផ្ទុះ​រថយន្ត​ចតចោល​មួយ​នៅ​ក្នុង​ទីចំណត​រថយន្ត​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​តំបន់​ទេសចរណ៍​កោះសាមុយ។ ឧប្បត្តិហេតុ​នៃ​ការ​ផ្ទុះ​រថយន្ត​កើត​មាន​នៅ​យប់​ថ្ងៃ​សុក្រ ទី១០ មេសា ចំ​ពេល​ដែល​មាន​មនុស្សម្នា​ជា​ច្រើន​កំពុង​នំា​គ្នា​ទិញ​អ៊ីវ៉ាន់​សម្រាប់​ពេល​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​ចុង​សប្តាហ៍។ ព្រឹត្តិការណ៍​ផ្ទុះ​នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ស្រាល​ចំនួន ៧នាក់ មាន​ជនជាតិ​ថៃ ៦នាក់ និង​ក្មេងស្រី​​ជនជាតិ​អ៊ីតាលី​ម្នាក់។

ថៃ៖ផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​នៅ​តំបន់​ទេសចរណ៍​កោះសាមុយ​បណ្តាល​ឲ្យ​របួស ៧​នាក់
ថៃ៖ផ្ទុះ​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​នៅ​តំបន់​ទេសចរណ៍​កោះសាមុយ​បណ្តាល​ឲ្យ​របួស ៧​នាក់ Reuters
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ដំបូង​ដែល​ប៉ូលីស​ថៃ​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​នេះ​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ផ្ទុះ​នៅ​ទីចំណត​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​តំបន់​ទេសចរណ៍​កោះសាមុយ ជា​រថយន្ត​ដែល​លួច​ពី​ខេត្ត​យ៉ាឡា​មក។ យ៉ាឡា​ដែល​គេ​ស្គាល់​ថា ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទំាង ៣​ស្ថិត​នៅ​ប៉ែកខាងត្បូង​ប្រទេស​ថៃ​ដែល​សម្បូរ​ដោយ​ប្រជារាស្រ្ត​ថៃ​អ្នកកាន់​សាសនា​អ៊ីស្លាម​រស់នៅ។ ខណៈ​នេះ ប៉ូលីស​នៅ​មិន​ទាន់​ដឹង​ពី​ប្រភេទ​ជាតិផ្ទុះ​ដែល​បាន​បង្កប់​ក្នុង​រថយន្ត​នោះ​នៅ​ឡើយ​ទេ។ តែ​ក្រុម​អ្នកដោះមីន​បាន​ប្រមូល​យក​បំណែក​ផ្ទុះ​នៅ​កន្លែង​កើត​ហេតុ​ទៅ​សិក្សា​ស្រាវជ្រាវ​ក្នុង​បំណង​ស្វែង​រក​ប្រភព និង​ក្រុមជនដៃដល់​ដែល​ស្ថិត​នៅ​ពី​ក្រោយ​ព្រឹត្តិការណ៍​នោះ។ អ្វី​ជា​ការ​កត់សម្គាល់ ព្រឹត្តិការណ៍​បំផ្ទុះ​រថយន្ត​នៅ​តំបន់​ទេសចរណ៍​កោះសាមុយ​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​ក្រោម​អំណាច​របបសឹក​កំពុង​បន្ត​តានតឹង​ខ្លំាង។

តំាង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ក្នុង​ខែ​ឧសភា ឆ្នំា ២០១៤ មក វិស័យ​ទេសចរណ៍​ដែល​ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​រាជាណាចក្រ​កំពុង​ជួប​ការ​លំបាក​ខ្លំាង​ដោយសារ​តែ​វិបត្តិ​នយោបាយ។ ក្នុង​ឆ្នំា ២០១៤ កន្លង​ទៅ មាន​អ្នក​ទេសចរណ៍​បរទេស​មិន​ដល់ ២៥លាននាក់​ផង​បាន​ទៅ​លេង​ស្រុក​ថៃ ទល់​នឹង​ជាង ២៦លាននាក់​ក្នុង​ឆ្នំា ២០១៣។ នៅ​សប្តាហ៍​កន្លង​ទៅ របបសឹក​បាន​លើក​ចេញ​វិញ​នូវ​ច្បាប់អាជ្ញាសឹក​ដែល​បាន​ដាក់​តំាង​ពី​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ តែ​បែរ​ជា​បាន​ដាក់​ជំនួស​វិញ​ដោយ​ក្រិត្យច្បាប់​មួយ​ដែល​ផ្តល់​អំណាច​ច្រើន​ឲ្យ​ទាហាន​ទៅ​វិញ។ មក​ដល់​ពេល​នេះ និង​ក្នុង​ស្ថានភាព​នយោបាយ​តានតឹង​ប្រឈម​មុខ​ទល់​នឹង​ក្រុមអាវក្រហម របបសឹក​នៅ​មិន​ទាន់​ហ៊ាន​ចោទ​ក្រុម​ណា​មួយ​នៅ​ឡើយ​ទេ។

បន្ថែម​លើ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង របបសឹក​ក៏​កំពុង​បន្ត​ប្រឈម​មុខ​នឹង​ក្រុមឧទ្ទាម​បះបោរ​ទាមទារ​ផ្តាច់ទឹកដី​នៅ​តំបន់​ប៉ែក​ខាងត្បូង​ដែរ ពិសេស​ក្នុង​ខេត្ត​ចំនួន ៣ ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​ដែល​សម្បូរ​ដោយ​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់នៅ។ តំាង​ពី​ឆ្នំា ២០០៤ មក ជម្លោះ​នៅ​តំបន់​ប៉ែក​ខាងត្បូង​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាង ៦ ៣០០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ