អានតួអត្ថបទ
ភូមា

លោកទីន ចវ មនុស្ស​ជំនិត​របស់​លោកស្រី​អ៊ុង សានស៊ូជី​បាន​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​ភូមា

នៅ​ថ្ងៃ​អង្គារ ទី១៥ មីនា​នេះ ប្រទេស​ភូមា​មាន​ប្រធានាធិបតី​ថ្មី​ដែល​មាន​ឈ្មោះ​ថា ទីន ចវ។ លោក​ទីន ចវ​បាន​ទទួល​សម្លេង​គាំទ្រ​ពី​ក្រុម​អ្នកតំណាងរាស្រ្ត​ចំនួន ៣៦០សម្លេង​លើ​សម្លេង​សរុប ៦៥២សម្លេង​ដែល​មាន​នៅ​ក្នុង​រដ្ឋសភា។ នេះ​ជា​លើក​ទី១ ក្នុង​រយៈពេល​ជិត ៥០ឆ្នាំ​កន្លង​ទៅ​ដែល​កៅអី​ប្រធានាធិបតី​ភូមា​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​ឥស្សរជន​ស៊ីវិល​ម្នាក់។ តើ​លោក​ទីន ចវ​ជា​នរណា និង​មាន​ប្រវត្តិរូប​សង្ខេប​អ្វី​ខ្លះ?

លោកទីន ចវ ​ប្រធានាធិបតី​​ថ្មី​​ភូមា
លោកទីន ចវ ​ប្រធានាធិបតី​​ថ្មី​​ភូមា STR / AFP
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៦៩ឆ្នាំ លោក​ទីន ចវ​ជា​សមាជិក​របស់​គណបក្សសម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ជា​មនុស្សជំនិត​ខ្លាំង​ម្នាក់​របស់​លោកស្រី​អ៊ុង សានស៊ូជី។ រហូត​មក​ដល់​ពេល​នេះមជ្ឈដ្ឋាន​ទូទៅ​តែងតែ​ស្គាល់​លោក​ទីន ចវ​ជា​អ្នក​បើកឡាន​ឲ្យ​លោកស្រី​អ៊ុង​សានស៊ូជី ហើយ​គ្រប់​សារព័ត៌មាន​ក្នុង​ស្រុក​ក៏​ធ្លាប់​បាន​សរសេរ​ច្រើន​ពី​ព័ត៌មាន​នេះ។ តែ​តាម​ពិត​ទៅ លោក​ទីន ចវ​គឺ​ជា​អ្នក​ចេះ​ដឹង​ម្នាក់​ដែល​មាន​សញ្ញាប័ត្រ​ខ្ពស់ និង​មាន​ក្រុមគ្រួសារ​ធ្លាប់​ចូលប្រឡូក​យ៉ាង​ជ្រៅ​នៅ​ក្នុង​ឆាកនយោបាយ​ភូមា។

រហូត​មក​ដល់​ថ្ងៃ​នេះ គេ​មិន​សូវ​មាន​ព័ត៌មាន​លំអិត​ច្រើន​ទាក់ទង​នឹង​ប្រវត្តិរូប​របស់​លោក​ទីន ចវ​ទេ។ អ្វី​ដែល​គេ​បាន​ដឹង លោក​ទីន ចវ​ទទួល​បាន​សញ្ញាប័ត្រ​សេដ្ឋកិច្ច​ពី​សកលវិទ្យាល័យ​សេដ្ឋកិច្ច​ក្រុង​រ៉ង់ហ្គូន​ក្នុង​ឆ្នាំ ១៩៦៨ និង​ដែល​រូប​លោក​ធ្លាប់​បាន​ធ្វើ​ជា​គ្រូបង្រៀន​នៅ​ក្នុង​សកលវិទ្យាល័យ​នោះ។ នៅ​ដំណាច់​ឆ្នាំ ១៩៧០ លោក​ទីន ចវ​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួង​ការបរទេស មុន​នឹង​បន្ត​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ដែល​លោក​ទទួល​បាន​សញ្ញាប័ត្រ​សេដ្ឋកិច្ច​ពី​សកលវិទ្យាល័យ Oxford។ក្នុង​ឆ្នាំ ១៩៨៧ លោក​ទីន ចវ​ក៏​បាន​ទៅ​សិក្សា​ផ្នែក​សេដ្ឋកិច្ច​នៅ​សហរដ្ឋអាមេរិក​ដែរ។

ជា​មិត្តភ័ក្ត​ពី​កុមារភាព​របស់​លោកស្រី​អ៊ុង សានស៊ូជី លោក​ទីន ចវ​មាន​ឪពុក​ជា​អ្នក​កវី​និពន្ធ​ភូមា​ដ៏​ល្បីល្បាញ ហើយ​រូបឪពុក​របស់​គាត់​ក៏​ធ្លាប់​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នា​ការ​បោះឆ្នោតជាតិ​ឆ្នាំ ១៩៨៨ ដែល​របបសឹក​មិន​បាន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ដែល​គណបក្ស​លោកស្រី​អ៊ុង សានស៊ូជី​ឈ្នះ​ឆ្នោត​ទេ។ ចំណែក​ប្អូនថ្លៃ​ប្រុស​របស់​លោក​ទីន ចវ​ក៏​ជា​អ្នក​ដែល​បាន​ចូលរួម​បង្កើត​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែរ។ រីឯ​លោកស្រី​ស៊ូ ស៊ូវីន​ដែល​ជា​ភរិយា​របស់​លោកទីន ចវ គឺ​ជា​តំណាងរាស្រ្ត​ដែល​លោកស្រី​បាន​ជាប់ឆ្នោត​ក្នុង​ឆ្នាំ ២០១២។

នៅ​ក្នុង​ស្រុក ឈ្មោះ​លោក​ទីន ចវ​ត្រូវ​បាន​គេ​ស្គាល់​តិច ឬ​ច្រើន តែ​បើ​នៅ​លើ​ឆាក​អន្តរជាតិ​វិញ គឺ​ពិត​ជា​គ្មាន​នរណា​ស្គាល់​ឡើយ បើ​ប្រៀបធៀប​នឹង​ឈ្មោះ​លោកស្រី​អ៊ុង សានស៊ូជី។ យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​សំខាន់​មិនមែន​ឈ្មោះ​លោក​ទីន ចវ​ទេ តែ​គឺ​ការ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​របស់​ឥស្សរជន​ស៊ីវិល​ម្នាក់​នៅ​ភូមា បើ​គិត​ជិត ៥០ឆ្នាំ​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ