អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា​រកមធ្យោបាយ​ទាញ​ផលចំណេញ​ពី​វិបត្តិ​សេដ្ឋកិច្ច​ចិន

ទុក្ខវេទនា​របស់​មនុស្ស​ម្នាក់ គឺ​ជា​សុភមង្គល​របស់​មនុស្ស​ម្នាក់ទៀត។ នេះ​ជា​ពាក្យ សុភាសិត​បារាំង។ នៅក្នុង​ពេល​ដែល​ចិន​កំពុង​ជួប​វិបត្តិ​ទីផ្សារ​ភាគហ៊ុន និង​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច ឥណ្ឌា​ឯណោះវិញ ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី ៣​នៅ​អាស៊ី កំពុង​រកមធ្យោបាយ ដើម្បី​បង្វែរ ប្រែក្លាយ​វិបត្តិ​សេដ្ឋកិច្ច​ចិន ឲ្យ​មក​ជា​ប្រយោជន៍​សម្រាប់​សេដ្ឋកិច្ច​ឥណ្ឌា។ 

នាយក​រដ្ឋមន្រ្តី​ឥណ្ឌា និយាយ​ទៅកាន់​សហគមន៍​ឥណ្ឌា​នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​ទីក្រុង​ឌូបៃ ថ្ងៃ​ទី ១៧​ខែ​សីហា ២០១៥​
នាយក​រដ្ឋមន្រ្តី​ឥណ្ឌា និយាយ​ទៅកាន់​សហគមន៍​ឥណ្ឌា​នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​នៅ​ទីក្រុង​ឌូបៃ ថ្ងៃ​ទី ១៧​ខែ​សីហា ២០១៥​ ©REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

នាយក​រដ្ឋមន្រ្តី ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី នៅ​ថ្ងៃ​អង្គារ បាន​កោះប្រជុំ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ ម្ចាស់​ធនាគារ ទាំង​រដ្ឋ និង​ឯកជន ប្រធាន​ក្រុមហ៊ុន​ធំៗ និង​មហាសេដ្ឋី​គ្រាក់ៗ​របស់​ឥណ្ឌា នៅក្នុង​គេហដ្ឋាន​របស់​លោក នៅ​ទីក្រុង​ញូវដេលី។ ទិសដៅ គឺ​ពិភាក្សា រក​មធ្យោបាយ កុំ​ឲ្យ​ឥណ្ឌា រង​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​ចំហាយ​វិបត្តិ​សេដ្ឋកិច្ច​ចិន និង​ឆ្លៀត​ទាញ​ផលចំណេញ​នៅ​ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​ចិន កំពុង​ដើរ​អូសជើង។

 
នៅក្រោយ​ការប្រជុំ​បិទទ្វារ​ជិត ប្រធាន​សភា​ពាណិជ្ជកម្ម​ឥណ្ឌា លោកស្រី ជោតស្នា ស៊ូរី Jyotsna Suri​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ឥណ្ឌា​ថា លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ម៉ូឌី បាន​អំពាវនាវ​ឲ្យ​ក្រុមអ្នកជំនួញ រួម​ទាំង​កំពូល​មហាសេដ្ឋី​ឥណ្ឌា មុកេស អំបានីផង ហ៊ាន​ប្រថុយ និង​បង្កើន​បោះទុន​វិនិយោគ​នៅ ឥណ្ឌា ជាពិសេស នៅក្នុង​ពេល​គ្រប់គ្នា​កំពុង​បារម្ភ​ពី​សុខភាព​មិនល្អ​របស់​សេដ្ឋកិច្ច​ចិន។ “លោកនាយករដ្ឋមន្រ្តី​បាន​និយាយ​ថា នេះ​ជា​ឱកាស​ល្អ​សម្រាប់​ពួកយើង ដើម្បី​ទាញ​ផល​ប្រយោជន៍ និង​វិនិយោគ​នៅ​ឥណ្ឌា” នេះ​ជា​សំដី​របស់​លោកស្រី​ប្រធាន​សភា​ពាណិជ្ជកម្ម​ឥណ្ឌា។

តាំង​ពី​ចូល​កាន់តំណែង ជា​នាយករដ្ឋមន្រ្តី ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី អំពាវនាវ មិនឈប់ ឲ្យ​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​បោះទុន​វិនិយោគ សាងសង់​រោងចក្រ ដើម្បី​បង្កើត​ការងារ​ធ្វើ ដល់​យុវជន​ឥណ្ឌា។ ប៉ុន្តែ ឥណ្ឌា ដែល​ល្បី​ខាង​ការិយាធិបតេយ្យ អំពើពុករលួយ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ទន់ខ្សោយ នៅ​តែ​មិនទាន់​អាច​ទាក់ទាញ​ក្រុមអ្នកវិនិយោគ​បរទេស។

នៅក្នុង​ជំនួប​ជាមួយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា សហព័ន្ធ សភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឥណ្ឌា​វិញ​បាន​ទាមទារ​សុំ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​ចាត់​វិធានការ​សេដ្ឋកិច្ច ដើម្បី​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ក្នុង​ស្រុក ដូចជា កាត់បន្ថយ​អត្រា​ការប្រាក់ បង្កើន​តម្លៃ​ពន្ធអាករ ដើម្បី​កាត់បន្ថយ កុំ​ឲ្យ​ទំនិញ​ចិន ហូរចូល​ច្រើន​ក្នុង​ទីផ្សារ​ឥណ្ឌា។

ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល លោក​អារវីន ស៊ូប្រាម៉ានីអាន វិញ បាន​និយាយ​ថា រដ្ឋាភិបាល​ឥណ្ឌា គ្មាន​បំណង​កេងយក​ប្រយោជន៍​ពី​ប្រទេស​ដទៃ​ទេ។ យ៉ាងណា​ក៏ដោយ លោក​ទទួល​ស្គាល់​ថា ឥណ្ឌា សព្វថ្ងៃ មិនសូវ​ប៉ះទង្គិច​ខ្លាំង ដោយសារ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ចិន ព្រោះ​ឥណ្ឌា មិនសូវ​នាំចេញ ច្រើន​ផលិតផល ទៅ​កាន់អាស៊ី។ ផ្ទុយទៅវិញ តម្លៃ​ប្រេង​ធ្លាក់ចុះ នឹង​ជួយ​ជំរុញ កំណើន​សេដ្ឋកិច្ច​ឥណ្ឌា។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI បាន​បង្ហាញ កាលពីថ្ងៃ​សៅរ៍​កន្លង​ទៅ​ថា ឥណ្ឌា ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយចំនួន ដែល​នៅ​តែ​មាន​កំណើន​សេដ្ឋកិច្ច​ល្អ គឺ​ល្អ ជាង​ប្រទេស​ដែល​ទើប​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ថ្មី ផ្សេងទៀត ដូចជា​ចិន ប្រេស៊ីល ឬ​រុស្ស៊ី​ជាដើម៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ