អានតួអត្ថបទ

ពលករ​ឥណ្ឌា​ជាង​១៥០​លាន​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​កំណែទម្រង់​សេដ្ឋកិច្ច

ដោយ​មាន​ការ​អំពាវនាវ​របស់​សហជីព​ចំនួន​១០ ពលករ កម្មករ បុគ្គលិក​ រាប់​សិប​លាន​នាក់ បាន​នាំ​គ្នា​ផ្តើម​ធ្វើ​បាតុកម្ម​ នៅ​ថ្ងៃពុធ​នេះ សម្រាប់​រយៈពេល​២៤​ម៉ោង ដើម្បី​ប្រឆាំង​នឹង​​​កំណែទម្រង់​សេដ្ឋកិច្ច​ របស់​​រដ្ឋាភិបាល​លោក ម៉ូឌី។ សម្រាប់​​ក្រុម​បាតុករ​ កំណែទម្រង់​នេះ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទីផ្សារ​ការងារ និង​សម្រួ​ល​ដល់តែ​ក្រុម​ថៅកែ​ប៉ុណ្ណោះ​។

ប៉ូលិស​ឥណ្ឌា​ប្រឈម​នឹង​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​កំណែទម្រង់​របស់​រដ្ឋាភិបាល
ប៉ូលិស​ឥណ្ឌា​ប្រឈម​នឹង​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​កំណែទម្រង់​របស់​រដ្ឋាភិបាល © Reuters
ផ្សាយពាណិជ្ជកម្ម

 ជា​បុគ្គលិក​ក្នុង​វិស័យ​ធនាគារ វិស័យ​រុករក​រ៉ែ ជា​កម្មករ​​រោងចក្រ កម្មករ​សំណង់ សរុប​គ្នា​ជាង​១៥០​លាន​នាក់ ​បាន​នាំ​គ្នាធ្វើ​បាតុកម្ម ​ឈប់​ធ្វើ​ការ​២៤​ម៉ោង។ វិស័យ​ដឹកជញ្ជូន​​ក៏​រងប៉ះពាល់​យ៉ាង​ខ្លាំង​ដែរ ពី​ចលនា​បាតុកម្ម ដោយ​គ្មាន​រថយន្ត​ក្រុង​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ សិស្សានុសិស្ស​ដូច​ទម្លាប់។ អាកាសយានដ្ឋាន ត្រូវ​ជាប់​គាំង ដោយ​ក្រុម​អ្នក​តាក់ស៊ី រឺម៉ក ភាគច្រើន​នាំ​គ្នា​មិន​ទៅ​ធ្វើ​ការ។ ធនាគារ​ត្រូវ​បិទ​ទ្វារ​ពេញ​មួយ​ថ្ងៃ​នេះ ! សូម្បី​តែ​បុគ្គលិក​បម្រើ​តាម​ផ្ទះ​ បុគ្គលិក​លក់ដូរ​តូច​តាច​ ក៏​បាន​ចូល​ខ្លួន​មក​បំប៉ោង​ចលនា​បាតុកម្ម​នៅ​ថ្ងៃ​នេះ​ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​អប្បបរិមា។

 

នៅ​តំបន់​Bengale ភាគ​ខាង​លិច​ប្រទេស ដែល​ក្រុម​សហជីព​មាន​​ឥទ្ធិពល​ខ្លាំង ផ្លូវថ្នល់​ ហាង​ទំនិញ ក្រុមហ៊ុន​ បិទ​ទ្វារ​ឡើង​ស្ងាត់​ក្រុង។ នេះ​បើ​តាម​រូបភាព​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ។
ចលនា​បាតុកម្ម​យក្ស​នេះ បាន​ទទួល​ការ​គាំទ្រ​ពី​សហជីព​ចំនួន​១០ ដែល​បន្ទាប់​ពី​ចរចា​ជាមួយ​នឹង​តំណាង​រដ្ឋាភិបាល រដ្ឋមន្ត្រី​ក្រសួង​​ហិរញ្ញវត្ថុ​មិន​បាន​សម្រេច នាំ​គ្នា​រៀប​ចំ​បាតុកម្ម​នេះ​ឡើង ដើម្បី​ប្រឆាំង​នឹង​កំណែទម្រង់​សេដ្ឋកិច្ច​ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បោះបង់​ចោល​គម្រោង​លក់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​រដ្ឋ ដើម្បី​ប្រមូល​លុយ​ចូល​ហិប​ និង​​បិទ​ទ្វារ​រោង​ចក្រ​ហួស​អាយុ ព្រមទាំង​ដំឡើង​ប្រាក់​ខែ​អប្បបរិមា​ដល់​បុគ្គលិក​កម្មករ។

លោក ម៉ូឌី នាយក​រដ្ឋមន្ត្រី​ទើប​បាន​ជាប់​ឆ្នោត​កាលពី​ខែ​ឧសភា ២០១៥ ​បាន​សន្យា​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ ដើម្បី​ទាក់ទាញ​វិនិយោគិនបរទេស ប៉ុន្តែ​បក្ស​ប្រឆាំង​បាន​បិទ​ខ្ទប់​កំណែទម្រង់សំខាន់ៗ​ជា​ច្រើន ដូច​ជា​លើ​ការ​បង្កើត​ពន្ធ​លើ​តម្លៃ​បន្ថែម និង​ការ​ទិញ​ដី​ជា​កម្មសិទ្ធពី​សំណាក់​​វិនិយោគិន។ ​

ឥណ្ឌា​បាន​ស្គាល់​កំណើន​​សេដ្ឋកិច្ចទាប​ជាង​ការ​ព្យាករណ៍​៧% នៅ​ត្រីមាស​ហើយ​អ្នកឯកទេស​យល់​ថា​ចាំ​បាច់​ត្រូវ​មាន​កំណែទម្រង់​ ដើម្បី​រក្សា​ជំហរ​ដឹកនាំ​និង​បង្កើត​ការងារ​ដល់​យុវជន។ បាតុកម្ម​មុនៗ ដែល​មាន​ការ​បិទ​ខ្ទប់​ក្រុង​ បាន​ធ្វើ​ឱ្យ​ឥណ្ឌា​ខាត​បង់​សេដ្ឋកិច្ច​រាប់​លាន​ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ