អានតួអត្ថបទ
ចិន

ចិន៖កម្មករ​អណ្តូងរ៉ែ​ធ្យូងថ្ម​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បើក​ប្រាក់ខែ​ទាន់​ពេល

វិស័យ​រ៉ែធ្យូងថ្ម​ក្នុង​ប្រទេស​ចិន​កំពុង​ជួប​វិបត្តិ។ នៅ​ថ្ងៃ​ចន្ទ ទី១៤ មីនា មាន​កម្មករ​អណ្តូងរ៉ែ​ជា​ច្រើន​ពាន់​នាក់​ក្នុង​ស្រុក Shuangyashan ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស​បាន​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បើក​ប្រាក់ខែ​ដែល​ជំពាក់​ពួក​គេ​អស់​ជា​ច្រើន​ខែ​កន្លង​មក។ កំហឹង​របស់​កម្មករ​អណ្តូងរ៉ែ​ចិន​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​បំណង​ចង់​ធ្វើ​កំណែទម្រង់​លើ​វិស័យ​មួយ​នេះ​ដែល​កំពុង​ជួប​ការ​លំបាក​ខ្លាំង។

កន្លែង​ស្តុក​ធ្យូងថ្ម​នៅ​ស្រុក​ចិន
កន្លែង​ស្តុក​ធ្យូងថ្ម​នៅ​ស្រុក​ចិន Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​មហា​បាតុកម្ម​មួយ​ដែល​គេ​កម្រ​ឃើញ​កើត​មាន​នៅ​ក្នុង​ប្រទេស​ចិន។ នៅ​សឹង​តែ​គ្រប់​ផ្លូវ​ទាំង​អស់​ក្នុង​ស្រុក Shuangyashan ត្រូវ​បាន​កកស្ទះ​ដោយ​ហ្វូង​បាតុករ​កម្មករ​អណ្តូងរ៉ែ​ធ្យូង​ថ្ម​ក្រោម​សម្រែក និង​ដៃ​កាន់​បដា​សរសេរ​ថា « យើង​ត្រូវ​ការ​បន្ត​រស់ យើង​ត្រូវ​ការ​ទទួល​ទាន​អាហារ »។ សម្រែក​កំហឹង​របស់​បាតុករ​កម្មករ​អណ្តូងរ៉ែ​បាន​ធ្វើ​ឡើង​នៅ​ពី​មុខ​ក្រុមហ៊ុន Longmay ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​មាន​បុគ្គលិក​បម្រើ​ការងារ​ជាង ២០០ ០០០នាក់។ តែ​បច្ចុប្បន្ន ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ដោយ​គ្មាន​លទ្ធភាព​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ទេ ពិសេស​បុគ្គលិក​ជា​កម្មករ​អណ្តូងរ៉ែ​ចំនួន ៨០ ០០០នាក់​ដែល​ក្រុមហ៊ុន​ជាប់​ជំពាក់​ប្រាក់ខែ​តាំង​ពី​ប៉ុន្មាន​ខែ​មក​ហើយ។

នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ មុន​ការ​ផ្ទុះ​បាតុកម្ម​ពេល​នេះ រដ្ឋអំណាច​ក្នុង​ស្រុក​បាន​ឆ្លើយ​បដិសេធ​រឿង​ក្រុមហ៊ុន Longmay ជំពាក់​ប្រាក់ខែ​កម្មករ​អណ្តូងរ៉ែ។ តែ​ដោយ​ប្រឈម​មុខ​នឹង​ចលនា​បះបោរ​របស់​កម្មករ​យ៉ាង​ភ្លូកទឹក ភ្លូកដី រដ្ឋអំណាច​បែរ​ជា​បាន​ប្រកាស​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​មែន ដោយសារ​តែ​ក្រុមហ៊ុន​ជួប​បញ្ហា​ផ្នែក​លុយកាក់​កាន់​តែ​ខ្លាំង​ឡើងៗ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ នៅ​ខែ​កញ្ញា​កន្លង​ទៅ ក្រុមហ៊ុន​រ៉ែធ្យូងថ្ម​របស់​រដ្ឋ​មួយ​នេះ​បាន​បណ្តេញ​បុគ្គលិក​ចំនួន ១០០ ០០០នាក់។

តម្លៃ​ធ្យូងថ្ម​ធ្លាក់​ចុះ ការ​ប្រើប្រាស់​ថាមពល​មាន​ការ​ធ្លាក់​ចុះ និង​ការ​គ្រប់គ្រង​មិន​បាន​ល្អ គឺ​ជា​ដើមចម​នៃ​វិបត្តិ​ដែល​ក្រុមហ៊ុន​អណ្តូងរ៉ែ​ជា​ច្រើន​កំពុង​ជួប​ប្រទះ។ នៅ​ក្នុង​ខែ​កម្ភៈ​កន្លង​ទៅ ក្រសួង​ធនធានមនុស្ស​បាន​ប្រកាស​ឲ្យ​ដឹង​ថា មាន​ប្រមាណ​ជា ១លាន ៣សែន​ការងារ​ជាប់​ទាក់ទង​នឹង​វិស័យ​ធ្យូងថ្ម​នឹង​ត្រូវ​បាត់បង់ និង​មាន ៥០០ ០០០ការងារ​ទាក់ទង​នឹង​វិស័យ​ដែកថែប។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សន្យា​ធ្វើ​កំណែទម្រង់​នៅ​ក្នុង​វិស័យ​រ៉ែ និង​គ្រោង​ចំណាយ​លុយ​ចំនួន ១៤ ០០០លានអឺរ៉ូ​សម្រាប់​ជួយ​រក​ការងារ​ថ្មី​ឲ្យ​កម្មករ​អណ្តូងរ៉ែ​ដែល​បាត់បង់​ការងារ។

ក្រោយ​បាតុកម្ម​របស់​កម្មករ​អណ្តូងរ៉ែ ថ្នាក់ដឹកនាំ​ស្រុក Shuangyashan ក៏​បាន​រួមប្រជុំ​ជា​បន្ទាន់​ភ្លាមៗ ដោយ​បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ និង​ធានា​ថា ក្រុមហ៊ុន​នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​ទាន់​ពេល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ