អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ.ស.ប៖ ​ការ​ដាំ​អាភៀន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មាន​ការ​កើនឡើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម ​ទើបនឹង​បាន​ចេញផ្សាយ​របាយការណ៍​មួយ នៅថ្ងៃ​ចន្ទ​នេះ ស្តីអំពី​ការ​ដាំដំណាំ​អាភៀន នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ របាយការណ៍​បាន​រកឃើញ​ថា ការ​ផលិតអាភៀន​ នៅ​ក្នុង​ប្រទេស​ភូមា​មាន​ការ​ថយចុះ ក៏ប៉ុន្តែ ការផលិត​អាភៀន នៅ​ក្នុង​តំបន់​ត្រីកោណមាស​វិញ​មាន​ការ​កើនឡើង។

ដំណាំ​អាភៀន (Opium) ដែល​ជា​វត្ថុធាតុដើម​ក្នុងការ​ផលិត​គ្រឿងញៀន​ហេរ៉ូអ៊ីន
ដំណាំ​អាភៀន (Opium) ដែល​ជា​វត្ថុធាតុដើម​ក្នុងការ​ផលិត​គ្រឿងញៀន​ហេរ៉ូអ៊ីន REUTERS/Parwiz
ផ្សាយពាណិជ្ជកម្ម

ការថយចុះ​នៃ​ការ​ផលិត​អាភៀន នៅ​ក្នុង​ប្រទេស​ភូមា គឺ​ជា​រឿងមួយ​មិន​ធ្លាប់មាន ចាប់តាំង​ពី​ឆ្នាំ​២០០៦មក។ ក៏ប៉ុន្តែ បើ​យោងតាម​របាយការណ៍​របស់​អ.ស.ប ការថយចុះ​នេះ​មិនមែនមក​ពី​​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ភូមា​ទេ តែ​មក​ពី​​​ការ​ធ្លាក់ចុះ​នៃ​ទិន្នផល ពីព្រោះ គេរកឃើញ​ថា ផ្ទៃដី​នៃ​ដំណាំ​អាភៀន​នៅភូមា នៅតែ​បន្ត​​កើនឡើង ប៉ុន្តែ ការប្រមូលផល​មិនសូវ​បានច្រើន​ដូច​ឆ្នាំ​មុន ដោយសារ​តែ​លក្ខខណ្ឌ​អាកាសធាតុ និង​កត្តា​មួយ​ចំនួន​ផ្សេងទៀត។

ម្យ៉ាងទៀត គេរកឃើញ​ថា បើទោះបីជា​ការ​ផលិត​អាភៀន​នៅ​ភូមា​មាន​ការ​ថយចុះ​ក៏ពិតមែន តែ​បើ​គិត​នៅ​ក្នុង​ក្របខ័ណ្ឌ​តំបន់​ត្រីកោណមាស​ទាំងមូល ការផលិត​អាភៀន​មាន​ការ​កើនឡើង​​ខ្លាំង (ទាំង​ផ្ទៃដី​ដាំដុះ និង​​ការប្រមូលផល) ហើយ​ការ​កើនឡើង​នេះ គឺ​ចេញ​មក​ពី​ប្រទេស​ឡាវ។
 
មូលហេតុ​ចម្បងជាងគេ ដែល​នាំ​ឲ្យ​ការ​ដាំ​អាភៀន នៅ​អាស៊ីអាគ្នេយ៍​មាន​​ការ​កើនឡើង គឺ​ការ​កើនឡើង​នៃ​​​តម្រូវការ​ទីផ្សារ​ហេរ៉ូអ៊ីន ដែល​ជា​គ្រឿងញៀន​មួយ​ផលិត​ចេញ​ពី​ដំណាំ​អាភៀន។ របាយការណ៍​របស់​អ.ស.ប​បាន​រកឃើញ​ថា នៅ​ឆ្នាំ​២០១៤​នេះ ការប្រើប្រាស់​ហេរ៉ូអ៊ីន​មាន​ការ​កើនឡើង នៅ​ក្នុង​ប្រទេស​ចិន ឡាវ សិង្ហបុរី និង​ថៃ ដែល​ជា​ហេតុ​នាំ​ឲ្យ​តម្រូវការ​នៃ​ផលិតផល​ដំណាំ​អាភៀន​មាន​ការកើនឡើង។

ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយ​ទៀត គឺ​នៅ​ត្រង់ថា ​ការ​​កើនឡើង​នៃ​ការ​ផលិត​អាភៀន នៅ​អាស៊ីអាគ្នេយ៍ វាដើរ​ស្របគ្នា​ទៅនឹង​ដំណើរការ​នៃ​សមាហរ័ណកម្ម​អាស៊ាន។ តាមពិត កាលពី​២០ឆ្នាំ​មុន តំបន់​ត្រីកោណមាស​ជាប់ឈ្មោះ​ជា​តំបន់​ដែល​ផលិត​អាភៀន​ច្រើន​ជាងគេ​បង្អស់ នៅលើ​ពិភពលោក។ ក៏ប៉ុន្តែ នៅ​ចន្លោះ​ពី​ទសវត្សរ៍​ឆ្នាំ​៩០ ដល់​​ទសវត្សរ៍​ឆ្នាំ​២០០០ ការ​ផលិត​អាភៀន​នៅ​តំបន់​ត្រីកោណមាស​នេះ​តែងតែ​មាន​ការ​ថយចុះ​ជា​លំដាប់ រហូត​ធ្លាក់​មក​នៅ​ចំណាត់ថ្នាក់​ទី២ ក្រោយ​​ប្រទេស​អាហ្វហ្កានីស្ថាន។ រហូត​ទាល់តែ​ដល់​ឆ្នាំ​២០០៦ នៅ​ពេល​ដែល​ដំណើរការ​សមាហរ័ណកម្ម​អាស៊ាន​មាន​ការ​ជឿនលឿន​ទៅមុខ ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​រវាង​ប្រទេស​អាស៊ាន​ក៏​​ល្អ​ជាងមុន ហើយ​ការ​ឆ្លង​កាត់​​ព្រំដែន​​ក៏​មាន​ការ​ងាយស្រួល​ជាងមុន ស្រាប់តែ​គេឃើញ​ថា ការ​ផលិត​អាភៀន នៅ​ក្នុង​តំបន់ត្រីកោណ​មាស​នេះ​ក៏​ចាប់ផ្តើម​កើនឡើងវិញ​ជារៀងរាល់​ឆ្នាំ។

​ប្រទេស​មួយ​ចំនួន នៅ​ក្នុង​តំបន់​អាស៊ាន ថ្វីដ្បិត​តែ​មិនមែន​ជា​ប្រភព​នៃ​ការ​ដាំ​អាភៀន ឬ​ក៏​មិនមែន​ជា​គោលដៅ​ធំ​​នៃ​ការ​ប្រើប្រាស់​ហេរ៉ូអ៊ីន ក៏ប៉ុន្តែ បាន​ដើរតួនាទី​ជា​ច្រក​ឆ្លងកាត់​នៃ​ការ​ជួញដូរ​អាភៀន។ នៅ​ក្នុង​របាយការណ៍​របស់​អ.ស.ប កាល​ពី​ឆ្នាំ​២០១៣​កន្លងទៅ​ គេបាន​​​ធ្វើការ​កត់សម្គាល់ទៅលើ​ប្រទេស​អាស៊ាន​ ២ គឺ​ម៉ាឡេស៊ី ដែល​ជា​ច្រក​ឆ្លងកាត់​នៃ​ការ​ជួញដូរ​ផលិតផល​ដំណាំ​អាភៀន​មិន​ទាន់​កែច្នៃ និង​ប្រទេស​កម្ពុជា ដែល​ជា​ច្រក​ឆ្លងកាត់​នៃ​ការ​ជួញដូរ​អាភៀន ដែល​ច្នៃ​ជា​ហេរ៉ូអ៊ីន​រួច​ហើយ ដើម្បី​នាំ​ចេញ​ទៅ​​កាន់​ប្រទេស​អូស្រ្តាលី។
 
គួររំឭកឡើងវិញ​ថា កាល​ពី​ខែមុន អ.ស.ប​ក៏​ធ្លាប់​បាន​ចេញផ្សាយ​របាយការណ៍​មួយ​ដែរ ដែល​បង្ហាញ​ អំពី​ការ​កើនឡើង​នៃ​ការ​ផលិត​អាភៀន​នៅ​អាហ្វហ្កានីស្ថាន។

បញ្ហា​ចោទ​ធំបំផុត​នៅ​ក្នុងការ​លុបបំបាត់ ឬ​កាត់បន្ថយ​ការ​ដាំ​អាភៀន គឺ​​អស្ថិរភាព​ និង​អសមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុងការ​​គ្រប់គ្រង​ទឹកដី និង​ការ​អភិវឌ្ឍ​តំបន់​ជនបទ។

ជាទូទៅ គេ​សង្កេតឃើញ​ថា ការ​ដាំ​អាភៀន ទោះជា​នៅ​អាហ្វហ្កានីស្ថាន នៅ​ភូមា ឬ​នៅ​ឡាវ ភាគច្រើន​ធ្វើឡើង នៅ​តាម​តំបន់​ដាច់ស្រយាល ដែល​រដ្ឋាភិបាល​មិន​សូវ​​រវីរវល់​យកចិត្ត​ទុកដាក់​អភិវឌ្ឍ ឬ​ក៏​តំបន់​ខ្លះ​ទៀត ដូចជា នៅ​អាហ្វហ្កានីស្ថាន រដ្ឋាភិបាល​មិន​អាច​គ្រប់គ្រង​បាន​តែ​ម្តង ដោយសារ​តែ​ជា​តំបន់​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ពួក​ឧទ្ទាម​តាលីបង់។

ម្យ៉ាងទៀត គេ​សង្កេតឃើញ​ថា ប្រជាជន​ដែល​ដាំ​អាភៀន មិនមែន​ដាំ​ ដើម្បី​លក់​យក​ធ្វើ​អ្នកមាន​ ដូច​ពួក​ឈ្មួញ​ដែល​ជួញដូរ​អាភៀន ឬ​ហេរ៉ូអ៊ីន​​នោះទេ ក៏ប៉ុន្តែ ​ពួកគេ​ដាំ​ដើម្បី​ត្រឹមតែ​រស់​តែ​ប៉ុណ្ណោះ។ របាយការណ៍​របស់​អ.ស.ប​​​បាន​បញ្ជាក់ថា កសិករ​ដែល​ដាំ​ដំណាំ​អាភៀន​នៅ​ក្នុង​តំបន់​ត្រីកោណមាស ​ភាគច្រើន​គឺ​ជា​ប្រជាជន​ក្រីក្រ ដែល​ងាយនឹង​ប្រឈមមុខ​នឹង​បញ្ហា​ខ្វះស្បៀង ហើយ​មិនមាន​​មុខរបរ​អ្វីផ្សេង ដើម្បី​ចិញ្ចឹម​ជីវិត ក្រៅតែ​ពីការ​ដាំ​អាភៀន។

ដូច្នេះហើយ​បាន​ជា ជាទូទៅ គេតែងតែ​លើកយក​នូវ​ដំណោះស្រាយ​ពីរ ដើម្បី​កាត់បន្ថយ ឬ​លុបបំបាត់​ការ​ដាំអាភៀន​ខុសច្បាប់ នៅ​អាហ្វហ្កានីស្ថាន ក៏ដូចជា នៅ​អាស៊ី​អាគ្នេយ៍។

ដំណោះស្រាយ​​​ទីមួយ គឺ​ត្រូវ​អភិវឌ្ឍ​តំបន់​ដាំ​អាភៀន ដើម្បី​ស្វែងរក​មុខរបរ​ឲ្យ​ប្រជាជន​ជំនួស​ឲ្យ​ការ​ដាំ​អាភៀន ជាពិសេស គឺ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​តំបន់​ដាំ​អាភៀន ទៅកាន់​ទីក្រុង និង​ការ​ស្វែងរក​ទីផ្សារ​ឲ្យ​ប្រជាជន​​ដាំ​ដំណាំ​អ្វីផ្សេង​ក្រៅពី​អាភៀន។

​ដំណោះស្រាយ​ទីពីរ គឺ​ការ​​ដាក់​ការ​ដាំ​អាភៀន​ឲ្យ​ទៅ​ជា​សកម្មភាព​ស្របច្បាប់ ដើម្បី​ងាយ​គ្រប់គ្រង ហើយ​បង្វែរ​ផលិតផល​អាភៀន ពី​ការ​ផលិត​គ្រឿងញៀន​ខុសច្បាប់ ទៅ​ផ្គត់ផ្គង់​ទីផ្សារ​ស្របច្បាប់ គឺ​ឧស្សាហកម្ម​ផលិត​ថ្នាំពេទ្យ។ ក្នុងករណីនេះ ប្រជាជន​នៅតែ​អាច​បន្ត​ដាំ​អាភៀន​ ដើម្បី​លក់​យក​ប្រាក់​ចំណូល​មក​ចិញ្ចឹម​ជីវិត ចំណែក​ឯ​រដ្ឋ​ក៏​អាច​បង្កើន​ប្រាក់ចំណូល​ពី​ការ​ជួញដូរ​ស្របច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ