អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

ប៉ាគីស្ថាន​ដាក់ពាក្យ​ប្តឹង​ឥណ្ឌា​ដែល​បាន​រំលោភ​បទឈប់បាញ់ នៅ​តំបន់​កាស្មៀរ

ក្រសួងការពារ​ជាតិ​ប៉ាគីស្ថាន កាលពីថ្ងៃ​សុក្រ ទី ១៧ កក្កដា បាន​ដាក់​ពាក្យ​ប្តឹង សុំ​ឲ្យ​ក្រុម​អ្នកអង្កេតការណ៍​របស់​អង្គការ​សហប្រជាជាតិ ស៊ើបអង្កេត​លើ​ការផ្ទុះអាវុធ​នៅ​តំបន់​កាស្មៀរ ប៉ាគីស្ថាន ដែល​បើ​តាម​ទាហាន​ប៉ាគីស្ថាន គឺ​កងទ័ព​ឥណ្ឌា​ដែល​បាន​បាញ់​គ្រាប់ផ្លោង សម្លាប់​មនុស្ស​៤នាក់ នៅ​សប្តាហ៍​នេះ។ 

ផ្ទះ​ប្រជាជន​ស៊ីវិល​នៅ​តំបន់​កាស្មៀរ ដែល​ត្រូវ​បាក់បែក ដោយ​ការ​បាញ់​ផ្លោង​រវាង​ទាហាន​ឥណ្ឌា និង​ប៉ាគីស្ថាន
ផ្ទះ​ប្រជាជន​ស៊ីវិល​នៅ​តំបន់​កាស្មៀរ ដែល​ត្រូវ​បាក់បែក ដោយ​ការ​បាញ់​ផ្លោង​រវាង​ទាហាន​ឥណ្ឌា និង​ប៉ាគីស្ថាន REUTERS/Mukesh Gupta
ផ្សាយពាណិជ្ជកម្ម

ជាបងប្អូន​សត្រូវ​ដែល​មិនងាយ​នឹង​ត្រលប់​មក​ជានា​នឹង​គ្នាវិញ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួង​ការបរទេស​​ប៉ាគីស្ថាន​បាន​កោះហៅ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំទីក្រុង​អ៊ីស្លាម៉ាបាដ​ឲ្យ​ចូល​ជួប បន្ទាប់ពី កងទ័ព​ប៉ាគីស្ថាន​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​របស់​ឥណ្ឌា ក្នុង​តំបន់​កាស្មៀរ​ប៉ាគីស្ថាន។ ប៉ាគីស្ថាន​មិន​ឈប់​ខឹង​សម្បារ​នឹង​ឥណ្ឌា ដោយ កាលពី​ថ្ងៃ​សុក្រ ម្សិលមិញ ក្រសួង​ការពារ​ជាតិ​ប៉ាគីស្ថាន​បាន​ដាក់​ពាក្យ​ប្តឹង ទៅ​ក្រុមអង្កេតការណ៍​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជម្លោះ​ប៉ាគីស្ថាន និង​ឥណ្ឌា UNMOGIP និង​សុំ​ឲ្យ​គេ​ស៊ើបអង្កេត​លើ​ករណី​ដែល​ទាហាន​ឥណ្ឌា​បាញ់​ផ្លោង​លើ​ភូមិ​ប្រជាជន​ស៊ីវិល ក្នុង​តំបន់​កាស្មៀរ ប៉ាគីស្ថាន។

 
UNMOGIP ជា​ក្រុមអង្កេតការណ៍​របស់​អង្គការ​សហប្រជាជាតិ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជាពិសេស ដើម្បី​តាមដាន​រាល់​ការរំលោភ​បទឈប់បាញ់ ដែល​អាច​បង្ក​ឡើង​ដោយ​ភាគី​ឥណ្ឌា ឬ​ប៉ាគីស្ថាន។ បន្ទាប់​ពី​ផ្ទុះ​សង្រ្គាម​បង្ហូរឈាម នឹង​គ្នា ចំនួន ៣​លើក​ចាប់តាំង​ពី​ឆ្នាំ ១៩៤៧ ប៉ាគីស្ថាន និង​ឥណ្ឌា​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​បទឈប់បាញ់​នៅ​តាមព្រំដែន តាំងពី ឆ្នាំ ២០០៣។ ប៉ុន្តែ ជាញឹកញយ ភាគី​ទាំងពីរ តែងចោទ​ទម្លាក់​កំហុស​ដាក់គ្នា ទៅវិញ ទៅមក ថា បាន​រំលោភ​បទ​ឈប់បាញ់ នៅ​តំបន់ជម្លោះ​កាស្មៀរ។ UNMOGIP​វិញ មាន​នាទី​ត្រឹម​អង្កេតការណ៍ នៅក្រោយ​ពេល​មាន​ផ្ទុះអាវុធ​ម្តងៗ ប៉ុន្តែ មិនអាច​បើក​ការស៊ើប​អង្កេត​លើ​បទឧក្រិដ្ឋ​បាន​ទេ។

ប៉ាគីស្ថាន ប្តឹង​ឥណ្ឌា​ទៅ UNMOGIP​ពីបទ​បាញ់ និង​ផ្លោងគ្រាប់​ទៅលើ​តំបន់​មាន​ជម្លោះ​ក្នុង​រដ្ឋ​ហិមាឡ័យា ដោយ​បាន​សម្លាប់​ប្រជាជន​ស៊ីវិល​៤នាក់ និង​របួស ៥នាក់​ផ្សេងទៀត។ ចំណែក​ឥណ្ឌា​វិញ ក៏​បាន​ប្តឹង​ប៉ាគីស្ថាន​រួចហើយ​ដែរ ទៅ​ក្រុម​អង្កេតការណ៍​អង្គការសហប្រជាជាតិ ក្នុង​រឿង​ដែល​ទាហាន​ប៉ាគីស្ថាន​បាញ់​រះ​សម្លាប់​ប្រជាជន​ស៊ីវិល​ឥណ្ឌា នៅ​តាម​ព្រំដែន កាលពី​ថ្ងៃ​ពុធ។

ពាក្យ​ប្តឹងផ្តល់​គ្នា​ទៅវិញ ទៅមក​រវាង​កងទ័ព​ឥណ្ឌា និង​ប៉ាគីស្ថាន​បាន​បង្ហាញថា ភាពតានតឹង​នៅ​ព្រំដែន​រវាង​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ ទាំងពីរ មិនបាន​ចុះ​ធូរស្រាលទេ។ នោះបើទោះ​ជា​មេដឹកនាំ​របស់​ប្រទេស​ទាំងពីរ បង្ហាញ​ឆន្ទៈ​ចង់​ដោះស្រាយ​បញ្ចប់​ជម្លោះ​នៅ​ព្រំដែន​ក្តី។ កាលពីថ្ងៃ​សុក្រ​កន្លងទៅ នាយករដ្ឋមន្រ្តី​ឥណ្ឌា មកពីក្រុមជាតិ​និយម បាន​យល់ព្រម ទទួល​ការអញ្ជើញ​របស់​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន ដើម្បី​ទៅចូលរួម ក្នុង​ជំនួបកំពូល​អាស៊ី​ខាងត្បូង នៅ​ទីក្រុង​អ៊ីស្លាម៉ាបាត នៅ​ឆ្នាំ២០១៦។ នេះ​ជាលើកទី​១ ដែលនាយករដ្ឋមន្រ្តី​ឥណ្ឌា ដាក់ជើង ជាន់​ដី​ប៉ាគីស្ថាន ដែល​តាមពិត​ជា​បងប្អូន​សត្រូវ​របស់​ឥណ្ឌា។ គេ​មិនដឹងថា តើ​ព្រឹត្តិការណ៍ ក្តៅគគុក​នៅព្រំដែនលើក​នេះ នឹង​ធ្វើ​ឲ្យ​នាយករដ្ឋមន្រ្តី​ដូរចិត្ត លែង​ទៅ​ប៉ាគីស្ថាន​ដែរឬទេ។

គួរ​រំលឹកថា ឥណ្ឌា​ធ្លាប់​លុប​ចោល​ដំណើរទស្សនកិច្ច​របស់​រដ្ឋមន្រ្តីការបរទេស​ទៅ​ប៉ាគីស្ថានម្តងហើយ នៅ​ឆ្នាំមុន បន្ទាប់ពី​រដ្ឋមន្រ្តីការពារ​ជាតិ​ប៉ាគីស្ថាន​បានធ្វើដំណើរ​ទៅ​ជួប​មេឧទ្ទាម​ក្រុមអ៊ីស្លាម នៅ​កាស្មៀរ​ឥណ្ឌា ដែល​ក្រុម​ប្រយុទ្ធ ចង់​ដណ្តើម​ផ្តាច់ទឹកដី​ពី​ឥណ្ឌា៕​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ