អានតួអត្ថបទ

ស្លាប់​យ៉ាងតិច​១៨នាក់​ក្នុង​ហេតុការណ៍​រលំ​អគារ​រោងចក្រ​នៅ​ប៉ាគីស្ថាន

មនុស្ស​យ៉ាងតិច ១៨នាក់ ត្រូវ​បាត់បង់​ជីវិត នៅ​ក្នុង​ហេតុការណ៍​រលំ​អគា​រ​រោងចក្រ​មួយ​ នៅ​ប៉ាគីស្ថាន កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ។ រហូតមក​ទល់​នឹង​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រតិបត្តិការ​សង្រ្គោះ​កំពុងតែ​បន្ត​ធ្វើ ហើយ​អាជ្ញាធរ​បាន​អះអាង​ថា គេ​បាន​ជួយ​សង្រ្គោះ​មនុស្ស​ជាង​១០០នាក់ ចេញ​ពី​គំនរ​បាក់បែក​ ក៏ប៉ុន្តែ គេ​នៅមិនទាន់​អាច​ដឹង​ឲ្យ​ប្រាកដ​នៅឡើយទេ​ថា តើ​នៅ​មាន​សាកសព ឬ​អ្នក​រស់រាន​មាន​ជីវិត​​​ប៉ុន្មាន​នាក់​ទៀត​ដែល​កំពុង​ជាប់​នៅ​ក្នុង​គំនរ​អគារ។

ប្រតិបត្តិការ​តាមរក​អ្នក​រស់រាន​មានជីវិត​នៅ​ក្នុង​គំនរ​អគារ​រោងចក្រ នៅ​ប៉ាគីស្ថាន
ប្រតិបត្តិការ​តាមរក​អ្នក​រស់រាន​មានជីវិត​នៅ​ក្នុង​គំនរ​អគារ​រោងចក្រ នៅ​ប៉ាគីស្ថាន REUTERS/Mohsin Raza
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ប៉ាគីស្ថាន​បាន​ឲ្យដឹង នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ ១៨នាក់ អ្នក​រស់រាន​មាន​ជីវិត​ចំនួន ១០២នាក់ ត្រូវ​បាន​គេ​ជួយសង្រ្គោះ​ចេញ​ពី​គំនរ​អគារ ហើយ​មក​ទល់​នឹង​ព្រឹកព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ ជនរងគ្រោះ​ម្នាក់​ ដែល​កំពុង​ជាប់​ក្នុង​គំនរ​អគារ​បាន​ទូរស័ព្ទ​ស្វែងរក​ជំនួយ។ ក៏ប៉ុន្តែ គេ​នៅតែ​មិន​ទាន់​អាច​ដឹង​ច្បាស់​នៅឡើយទេ​ថា តើ​នៅ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៀត ដែល​កំពុង​ជាប់​នៅ​ក្នុង​គំនរ​អគារ ហើយ​ប៉ុន្មាន​នាក់​ដែល​នៅ​រស់រាន​មាន​ជីវិត ដោយសារ​តែ​គេ​មិនមាន​តួលេខ​ច្បាស់លាស់​បញ្ជាក់​ពី​ចំនួន​មនុស្ស ដែល​ស្ថិត​នៅ​ក្នុង​អគារ នៅ​ពេល​កើតហេតុ។ អាជ្ញាធរ​ប៉ាគីស្ថាន​បាន​ត្រឹមតែ​​ធ្វើ​ការ​ប៉ាន់ស្មានថា ចំនួន​មនុស្ស នៅក្នុង​អគារ នៅ​ពេល​កើតហេតុ មាន​ប្រមាណ ពី ១៥០ ទៅ ២០០នាក់ ហើយ​ថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើនឡើង​លើស​ពី ១៨នាក់។

គួរបញ្ជាក់ថា អគារ​រោងចក្រ​ដែល​រលំ​​កាល​ពីថ្ងៃ​ពុធនេះ គឺ​ជា​រោងចក្រ​ប្លាស្ទិក ស្ថិត​នៅ​ទីក្រុង Lahore ប៉ែក​ខាង​ជើង​ប្រទេស​ប៉ាគីស្ថាន ដែល​ជា​តំបន់​ត្រូវ​ទទួល​រងការ​រញ្ជួយ ពី​គ្រោះរញ្ជួយដី នៅ​អាហ្វហ្កានីស្ថាន កាល​ពី​ថ្ងៃ​ទី២៦​តុលា​កន្លងទៅ​ ដែល​បាន​សម្លាប់​មនុស្ស​ជាង ៣០០នាក់ នៅ​ទូទាំង​ប្រទេស​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន។

យោងតាម​មន្រ្តី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្រុង Lahore អគារ​រោងចក្រ​ដែល​រលំ​នៅពេលនេះ ប្រហែល​ជា​ត្រូវ​រងការ​ខូចខាត​ពី​គ្រោះរញ្ជួយដី កាល​ពី​ថ្ងៃ​ទី២៦​តុលា​កន្លងទៅ ហើយ​ថា ម្ចាស់​រោងចក្រ​ដឹង​ច្បាស់​ពី​ការ​ខូចខាត​នេះ តែ​មិន​ត្រឹមតែ​ផ្អាក​ការងារ​កម្មករ​នោះទេ ប៉ុន្តែ ថែមទាំង​បាន​បន្ត​សាងសង់​ពង្រីក​អគារ​ររោងចក្រ​​១ជាន់​បន្ថែម​ទៀត។

គួរបញ្ជាក់ថា ប៉ាគីស្ថាន​​ស្ថិត​ក្នុង​ចំណោម​ប្រទេស ដែល​ជាប់ឈ្មោះ​មិនល្អ នៅ​ក្នុង​វិស័យ​សុវត្ថិភាព​សំណង់ និង​ជា​ពិសេស សុវត្ថិភាព​កម្មករ​រោងចក្រ។ គេ​នៅចាំបានថា កាល​ពី​ឆ្នាំ​២០១២​កន្លងទៅ អគ្គិភ័យ​នៅ​រោងចក្រ​​កាត់ដេរ​មួយកន្លែង បាន​សម្លាប់​​មនុស្ស​រហូត​ដល់​ទៅ​​ជិត ៣០០នាក់​ ហើយ​នៅ​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ អគ្គិភ័យ​នៅ​រោងចក្រ​ស្បែក​ជើង​មួយ​កន្លែង​ផ្សេងទៀត បាន​សម្លាប់​មនុស្ស ២៥នាក់។ កាល​ពីឆ្នាំ​២០១៣​កន្លងទៅនេះ ករណី​រលំ​អគារ​រោងចក្រ​ក៏​ធ្លាប់​បាន​កើតមាន​ឡើង​ដែរ នៅក្នុង​ប្រទេស​បង់ក្លាដែស ដែល​កាលណោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​រហូតដល់​ទៅ ១១២៩នាក់​ត្រូវ​បាត់បង់​ជីវិត និង​ជាង ២ពាន់​នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ