អានតួអត្ថបទ
កម្ពុជា

សមាគម​​ថៅកែ​​រោងចក្រ​​ប្តេជ្ញា​​គោរព​​សិទ្ធិ​​និង​​បទ​ដ្ឋាន​​ការងារ ខណៈ​សហជីព​កម្មករ​​បន្ត​​ទាមទា​រ​បន្ថែម​

ក្នុងការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ប្រចាំឆ្នាំ ថ្ងៃទី០១ ខែឧសភា នៅ​ថ្ងៃស្អែក សមាគមន៍​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បន្ត​ប្តេជ្ញា​គោរព​សិទ្ធិ និង​បទដ្ឋាន​ការងារ បន្ទាប់ពី​បញ្ហា​បាតុកម្ម​កូដកម្ម​របស់​កម្មករ​ត្រូវបាន​ដោះស្រាយ​មួយអន្លើ។ ប៉ុន្តែ ក្នុងឱកាស​នេះដែរ សហជីព​កម្មករ​នានា​ក៏​គ្រោង​លើកសំណើ​ជាច្រើន​ចំណុច​បន្ថែមទៀត ដើម្បីឱ្យ​រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ​ដោះស្រាយ។

សហភាព​សហជីព​កម្មករ​ ដឹក​នាំ​ដោយ​ លោក រ៉ុង ឈុន និង​ជា មុន្នី ក្នុងការដង្ហែ​ក្បួន​នាពេលកន្លងមក
សហភាព​សហជីព​កម្មករ​ ដឹក​នាំ​ដោយ​ លោក រ៉ុង ឈុន និង​ជា មុន្នី ក្នុងការដង្ហែ​ក្បួន​នាពេលកន្លងមក © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា(GMAC)«រីករាយ»នឹងធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​សហជីព​កម្មករ​នានា «ដើម្បី​បន្ត​ធានា​ដល់​ការគោរព​សិទ្ធិ​របស់​កម្មករនិយោជិត»។ នេះ​បើ​យោង​តាម​​សេចក្តី​ថ្លែង​ការណ៍​​របស់​​ស្ថាប័ន​​និយោជក​ កាល​ពី​​ថ្ងៃ​អង្គារ ដើម្បី​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ នៅ​ថ្ងៃ​សុក្រ ទី០១ ខែឧសភា ឆ្នាំ២០១៥។

បើតាម​លិខិត​នោះ ថៅកែ​រោងចក្រ​វាយ​ន​ភណ្ឌ​និង​កាត់ដេរ​ស្បែកជើង​នៅ​កម្ពុជា «មាន​មោទនភាព»ក្នុង​ការបន្ត«រក្សា​ឱ្យបាន​នូវ​កម្រិត​ខ្ពស់​នៃ​ការគោរព​តាម​បទដ្ឋាន​ការងារ និង​សង្គម» បន្ទាប់ពី​កម្ពុជា​បាន​ក្លាយជា​ប្រទេស«គំរូ»សម្រាប់​ផលិតករ​សម្លៀកបំពាក់​នៅ​ប្រទេស​​នានា ក្នុង​ការតភ្ជាប់​ពាណិជ្ជកម្ម​ទៅនឹង​បទដ្ឋាន​ការងារ។

សមាគម​និយោជក​នេះ​អះអាង ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​នោះ​ថា នៅ​កម្ពុជា ក្រៅពី​កម្មករ​និយោជិត​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​ដែល​ផ្តល់ប្រាក់​ចំណូល១៥ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នេះ ពុំមាន​អ្នកធ្វើការ​ក្នុង​វិស័យ​ណា​ផ្សេងទៀត​ទេ ដែលមាន​ប្រាក់​ឈ្នួល​អ​ប្បរមា ប្រាក់ឧបត្ថម្ភ​ធ្វើការ​ងារ​ទៀងទាត់ ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ប្រាក់​ឈ្នួល​ផ្ទះ​ឡើយ។

ទោះបីជា​យ៉ាងនេះ​ក្តី អង្គការ​តំណាង​កម្មករ​រោងចក្រ​កាត់ដេរ​មួយចំនួន​គ្រោង​រៀបចំ​ពិធី​ជួបជុំ​នៅ​ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៥ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ជាច្រើន​ទៀត​ពី​រដ្ឋាភិបាល​និង​ថៅកែ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែកជើង។

លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ ប្រាប់ថា ការជួបជុំ​កម្មករ​និយោជិក​«ចំនួន៤ពាន់​នាក់» នៅលើ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​សុក្រ គឺ«ដើម្បី​សម្ដែង​ក្តីកង្វល់​របស់​កម្មករ កម្មការិនី»ទាក់ទង​នឹង​ប្រាក់​ឈ្នួល ច្បាប់​សហជីព និង​កិច្ចសន្យា​ខ្លី​ដែល​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​កម្មករ។ ទន្ទឹមនឹង​នេះដែរ បើតាម​លោក ប៉ាវ ស៊ីណា ការ​ទម្លាក់​ចោល​បទចោទប្រកាន់​ចំពោះ​មេដឹកនាំ​សហជីព និង​ការបញ្ចូល​ឱ្យធ្វើ​ការឡើង​វិញ​នូវ​តំណាង​សហជីព​ដែល​និយោជក​បញ្ឈប់​ដោយសារ​ការទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​កន្លងមក ក៏​ស្ថិត​ក្នុង​​ញ្ញ​តិ្ត​ទាមទារ​របស់​សហព័ន្ធ​សហជីព​កម្មករ​ទាំងឡាយ​ដែល​ចូលរួម​ធ្វើ​ពិធី​លើ​ទីលាន​ប្រជាធិបតេយ្យ​ដែរ។

ដោយឡែក លោក ជួន មុំ​ថុល ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា ដែល​ត្រូវ​អបអរ​ទិវា​ពលកម្ម​អន្តរជាតិ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៥ ក្នុង​បរិវេណ​ក្រសួង​នេះ ថ្លែងថា«រំភើប​រីករាយ»នឹង​ជំហរ​របស់​សមាគម​រោងចក្រ​កាត់​ដែរ​កម្ពុជា។ ប៉ុន្តែ លោក ជួន មុំ​ថុល ស្នើឱ្យ​GMAC ជម្រុញ​សមាជិក​របស់ខ្លួន​នៅតាម​មូលដ្ឋាន​ឱ្យធ្វើតាម​ការ​ប្តេ​ជ្ញ​ចិត្ត​គោរព​សិទ្ធិ​និង​បទដ្ឋាន​ការងារ​កម្មករ​ឱ្យបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ