អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-អាមេរិក

ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ទៅ​អាមេរិក​ដើម្បី​និយាយ​ពី​ការ​ផ្សះផ្សា​ជាមួយ​ពួក​តាលីបង់

នៅ​ថ្ងៃ​សៅរ៍ ទី២១ មីនា​នេះ លោក​ប្រធានាធិបតី និង​លោក​នាយករដ្ឋមន្រ្តី​អាហ្វហ្កានីស្ថាន​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​រួម​គ្នា​នៅ​សហរដ្ឋអាមេរិក។ នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ថ្នាក់ដឹកនំា​ជាន់ខ្ពស់​អាហ្វហ្កានីស្ថាន​ទំាង​ពីរ​រូប​ត្រូវ​លើក​យក​ទៅ​និយាយ​ជាមួយ​ថ្នាក់ដឹកនំា​អាមេរិក​ពី​លទ្ធភាព​ក្នុង​ការ​ចរចា​ស្វែង​រក​សន្តិភាព​ជាមួយ​ពួក​តាលីបង់។ អ្វី​ជា​ការ​កត់សម្គាល់ ដំណើរ​ទៅ​កាន់​អាមេរិក​របស់​ថ្នាក់ដឹកនំាជាន់ខ្ពស់​អាហ្វហ្កានីស្ថាន​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​មាន​ខេត្ត​អាហ្វហ្កានីស្ថាន​មួយ​ចំនួន​កំពុង​ការពារ​ខ្លួន​ទប់​នឹង​ពួក​តាលីបង់ ដោយ​គ្មាន​ជំនួយ​ពី​កម្លំាង​អូតង់។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ចន​ ឃែរី ជាមួយ​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Ashraf Ghani (ស្តាំ) និង​​នាយករដ្ឋមន្រ្តី​អាហ្វហ្កានីស្ថាន Abdullah Abdullah
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ចន​ ឃែរី ជាមួយ​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន Ashraf Ghani (ស្តាំ) និង​​នាយករដ្ឋមន្រ្តី​អាហ្វហ្កានីស្ថាន Abdullah Abdullah © Reuters
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​ក្រោយ​ការ​ដក​កម្លំាង​អូតង់​ចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន​មក រដ្ឋាភិបាល​ទីក្រុង​កាប៊ូល​បាន​ព្យាយាម​ការពារ​ខ្លួន​ដោយ​ប្រើ​លទ្ធភាព និង​សមត្ថភាព​ខ្លួន​ទីពឹង​ខ្លួន។ ទន្ទឹម​គ្នា​នេះ ការ​ប្រឹងប្រែង​តាម​ផ្លូវទូត​ដើម្បី​ស្វែង​រក​កិច្ចចរចា​សន្តិភាព​ជាមួយ​ពួក​តាលីបង់​ក៏​បាន​ធ្វើ​ជា​ហូរហែ​ដែរ។ គឺ​ដំណើរ​ស្វែង​រក​ការ​ផ្សះផ្សា​ជាមួយ​ពួក​តាលីបង់​នេះ​ហើយ​ដែល​លោក​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ត្រូវ​លើក​យក​ទៅ​ជជែក​ជាមួយ​ថ្នាក់ដឹកនំា​អាមេរិក​នា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៥ថ្ងៃ​ក្នុង​ទីក្រុង​វ៉ាស៊ីតោន​ពេល​នេះ។ គោលដៅ​របស់​ថ្នាក់ដឹកនំា​ជាន់ខ្ពស់​អាហ្វហ្កានីស្ថាន​នៅ​អាមេរិក គឺ​ចង់​បាន​ការ​គំាទ្រ​ថ្មី​ពី​រដ្ឋបាលអាមេរិកំាង​នៅ​ក្នុង​ដំណើរការ​ចរចា​សន្តិភាព​ជាមួយ​ពួក​តាលីបង់។

នៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ហ្គានី​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត ចំណែក​នាយករដ្ឋមន្រ្តី​របស់​គាត់ គឺ​លោក​អាប់ឌូឡា​បាន​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​ឥណ្ឌា។ កម្មវត្ថុ​របស់​លោក​ហ្គានី និង​លោក​អាប់ឌូឡា​នៅ​អារ៉ាប៊ីសាអូឌីត និង​ឥណ្ឌា គឺ​ព្យាយាម​ប្រមែប្រមូល​នូវ​កុងសង់ស៊ុស​តំបន់​មួយ​ស្តីពី​ការ​ផ្សះផ្សា​ប្រជាជន​អាហ្វហ្កានីស្ថាន។ ដោយឡែក និង​ក្រៅ​ពី​ប្រធានបទ​ផ្សះផ្សាជាតិ ទស្សនកិច្ច​របស់​លោក​ហ្គានី និង​អាប់ឌុលឡា​នៅ​អាមេរិក​ពេល​នេះ​ក៏​ផ្តោត​លើ​វិស័យ​សេដ្ឋកិច្ច​ដែរ។ មន្រ្តីជាន់ខ្ពស់​អាហ្វហ្កានីស្ថាន​ម្នាក់​បាន​បញ្ជាក់​ថា ជំនួយ​ហិរញ្ញវត្ថុ​អាមេរិក​ឲ្យ​អាហ្វហ្កានីស្ថាន​បាន​គ្រោង​រហូត​ដល់​ឆ្នំា ២០១៧ តែ​រដ្ឋាភិបាល​ទីក្រុង​កាប៊ូល​ចង់​ឲ្យ​មាន​បន្ត​រយៈពេល ៥ឆ្នំា​បន្ថែម​ទៀត ព្រោះ​វា​ជា​ដង្ហើម​មិន​អាច​ខ្វះ​បាន​សម្រាប់​អនាគត​សេដ្ឋកិច្ច​អាហ្វហ្កានីស្ថាន។

យ៉ាង​ណា​ក៏​ដោយ ទស្សនកិច្ច​របស់​ថ្នាក់ដឹកនំាជាន់ខ្ពស់​អាហ្វហ្កានីស្ថាន​នៅ​អាមេរិក​ពេល​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រឿងសំខាន់​ដើម្បី​ស្តា​ទំនាក់ទំនង​អាមេរិក អាហ្វហ្កានីស្ថាន​ដែល​បាន​ធ្លាក់​ចុះ​ខ្លំាង​នៅ​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន​ហាមីដ ការហ្ស៉ាយ។ ដោយឡែក ក្រៅ​ពី​ព្យាយាម​ស្តា​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឡើង​វិញ លោក​ហ្គានី​ក៏​បាន​ព្យាយាម​ស្តា​ទំនាក់ទំនង​ជាមួយ​ប្រទេស​ប៉ាគីស្ថាន​ជិតខាង​ដែល​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​សម្រាប់​ដំណើរ​ស្វែង​រក​សន្តិភាព​នៅ​អាហ្វហ្កានីស្ថាន។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ ប៉ាគីស្ថាន​បាន​ជាប់ចោទ​ពី​បាន​ជួយ​គំាទ្រ និង​ផ្តល់​ជម្រក​ឲ្យ​ពួក​តាលីបង់​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ