អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

អាមេរិក​​គ្រោង​​ដក​ទ័ព​​ចេញ​​ពី​​អាហ្វហ្កានីស្ថាន​ តែ​​ដក​​ដោយ​​សន្សឹមៗ

ថ្លែង​ក្នុង​សន្និសិទ​កាសែត​នៅ​ក្រុង កាប៊ូល រដ្ឋធានី​ប្រទេស​អាហ្វហ្កានីស្ថាន លោក​រដ្ឋមន្រី្ត​ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​ថ្លែង​ថា អាមេរិក​កំពុង​ពិនិត្យ​ឡើងវិញ អំពី​របៀប​ដកទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន។ ការ​ដក​ទ័ព​ដែល ដើមឡើយ​កំណត់​ថា​ត្រូវ​បញ្ចប់​ឲ្យ​អស់ នៅ​ចុង​ឆ្នាំ​២០១៦ អាច​នឹង​បន្ត​ធ្វើ​ដោយ​សន្សឺមៗ និង​ចំណាយ​ពេល​យូរ​ជាង​នេះ​ទៀត ​ដើម្បី​កុំឲ្យ​ប្រទេស​អាហ្វហ្គានីស្ថាន ធ្លាក់​ទៅ​ក្នុង​ភាព​ចលាចល ព្រោះ​ថា​ កងទ័ព​រដ្ឋាភិបាល​ប្រទេស​នេះ នៅ​មិន​ទាន់​រឹងដៃ​រឹងជើង​នៅ​ឡើយ។

កង​​កម្លាំងអាមេរិក​​ឈរ​យាមកាម​​សន្តិសុខ​​ បន្ទាប់​ពី​មាន​ហេតុការណ៍​​រថយន្ត​បំផ្ទុះអាវុធ​ នៅជាយ​​ក្រុង​កាប៊ូល
កង​​កម្លាំងអាមេរិក​​ឈរ​យាមកាម​​សន្តិសុខ​​ បន្ទាប់​ពី​មាន​ហេតុការណ៍​​រថយន្ត​បំផ្ទុះអាវុធ​ នៅជាយ​​ក្រុង​កាប៊ូល REUTERS/Omar Sobhani
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើក​ទីមួយ​ហើយ​ ដែល​ថ្នាក់​ដឹកនាំ​កងទ័ព​របស់​អាមេរិក ​បាន​និយាយ​ច្បាស់​លាស់​ អំពី​របៀបវារៈ​ នៃ​ការ​ដក​កម្លាំង​ទ័ព​ ចេញពី​ប្រទេស​អាហ្វហ្កានីស្ថាន ព្រោះ​ថា​កន្លង​មក អ្វីៗ​ហាក់​នៅ​ស្ទាក់ស្ទើរ ​ម្តង​ថា​ដក​ប៉ុណ្ណេះ ​ម្តង​ថា​ទុក​ប៉ុណ្ណោះ។

 
លោក​រដ្ឋមន្រ្តី ក្រសួង​ការពារជាតិ​អាមេរិក Aston Carter ​បាន​ថ្លែង​ក្នុង​សន្និសិទ​កាសែត​មួយ ​នៅ​ក្រុង​កាប៊ូល​ កាល​ពី​ថ្ងៃ សៅរ៍ ទី ២១ កុម្ភៈ​ថា រដ្ឋាភិបាល​អាមេរិក ​កំពុង​ពិនិត្យ​មើល​ឡើងវិញ ​អំពី​របៀប​ដក​ទ័ព​ ចេញ​ពី​អាហ្វហ្កានីស្ថាន លៃ​យ៉ាង​ណា ​កុំ​ឲ្យ​ដក​លឿន​រហ័ស​ពេក ​គឺ​ត្រូវ​ធ្វើ​ដោយ​សន្សឹមៗ ព្រោះ​ថា​ស្ថានភាព​នៅ​អាហ្វហ្កានីស្ថាន​ នៅ​មិន​ទាន់​ប្រសើរ​នៅ​ឡើយ ​ហើយ​បើ​ដក​លឿន​ពេក ​វា​អាច​ធ្វើឲ្យ​ពួក​តាលីបង់ ​យក​ប្រៀប​លើ​កងទ័ព​រដ្ឋាភិបាល។

សូម​រំលឹក​ថា តាម​ការ​គ្រោង​ទុក​ពី​ដំបូង ​កងទ័ព​អាមេរិក​ចំនួន ១ម៉ឺន​នាក់ ​ដែល​ឈរជើង​នៅ​អាហ្វហ្កានីស្ថាន​បច្ចុប្បន្ន​នេះ ​នឹង​ត្រូវ​ដក​ចេញ​ ៥ពាន់​នាក់ នៅ​ចុង​ឆ្នាំ ២០១៥ ហើយ ​៥ពាន់​នាក់​ទៀត​នឹង​ដកចេញ​ឲ្យ​អស់ ​នៅ​ចុង​ឆ្នាំ ២០១៦ ចំពេលដែលលោក បារ៉ាក់ អូបាម៉ា ត្រូវ​បញ្ចប់​អាណត្តិ​ប្រធានាធិបតី​ដែរ។

ប៉ុន្តែ​រដ្ឋាភិបាល អាហ្វហ្កានីស្ថាន​របស់​លោក Ashraf Ghani ក៏​ដូច​ជា ​សមាជិក​សភា​អាមេរិក មួយ​ចំនួន បាន​ធ្វើការ​ស្នើ​សុំ​ថា កុំ​អាល​ដក​លឿន​ពេក​ ​ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ ដល់​សន្តិសុខ​ជាតិ​អាហ្វហ្កានីស្ថាន​ទាំងមូល ជា​ពិសេស​ដល់​សន្តិសុខ​ របស់​ក្រុម​អ្នក​ស្ម័គ្រចិត្ត​អន្តរជាតិ ដែល​កំពុង​ធ្វើការ​នៅ​អាហ្វហ្កានីស្ថាន។ ទាហាន​អាហ្វហ្កានីស្ថាន ដែល​មិន​សូវ​ជា​មាន​សមត្ថភាព ​និង​លទ្ធភាព​គ្រប់គ្រាន់​នៅឡើយ អាច​ជួប​នឹង​បរាជ័យ បើសិន​ជា​ពួក​តាលីបង់ ធ្វើ​ការ​វាយលុក​សារ​ជាថ្មី។

រដ្ឋាភិបាល​អាមេរិក ​ធ្លាប់​បាន​ផ្លាស់​ប្តូរ តូលេខ​ម្តង​រួច​មក​ហើយ ដោយ​បន្ថយ​ ដក​តែ ៤ពាន់​នាក់​ទេ នៅ​ចុង​ឆ្នាំ​នេះ ហើយ​សល់​ប៉ុន្មាន​ ចាំ​ដក​សរុប នៅ​ឆ្នាំ​២០១៦។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាងណា សម្តី​របស់​លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ នា​ពេល​នេះ​ បាន​បញ្ជាក់​ថា កាល​បរិច្ឆេទ​ដកទ័ព​ឲ្យ​អស់​ពី​អាហ្វហ្កានីស្ថាន​ ​អាច​នឹង​បន្ត​ នៅ​យូរ​ជាង​នេះ​ទៀត ​ហើយ​ចំនួន​ទាហាន​ដែល​ត្រូវ​ដក​ចេញ ក៏​​ត្រូវ​បន្ថយ​ទៅ​តាម​នោះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ