អានតួអត្ថបទ
ជប៉ុន

ប្រជាជន​ជប៉ុន​រាប់ម៉ឺន​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​នយោបាយ​ការពារជាតិ​របស់​លោក​ស្ហ៊ីនហ្សូ អាបេ

ប្រជាជន​ជប៉ុន​រាប់ម៉ឺននាក់​បាន​នាំគ្នា​ធ្វើ​បាតុកម្ម នៅ​មុខ​វិមាន​រដ្ឋសភា​ជប៉ុន នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​នយោបាយ​ការពារជាតិ​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ជាពិសេស ជំទាស់​នឹង​គម្រោង​​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម បង្កើន​តួនាទី​កងទ័ព​ជប៉ុន​នៅ​បរទេស។

បាតុករ​លើកបដា​ដែល​មាន​សរសេរ​ពាក្យ​ស្លោក​ប្រឆាំង​នឹង​នយោបាយ​ការពារជាតិរ​បស់​លោក​ស្ហ៊ីនហ្សូ អាបេ
បាតុករ​លើកបដា​ដែល​មាន​សរសេរ​ពាក្យ​ស្លោក​ប្រឆាំង​នឹង​នយោបាយ​ការពារជាតិរ​បស់​លោក​ស្ហ៊ីនហ្សូ អាបេ REUTERS/Yuya Shino
ផ្សាយពាណិជ្ជកម្ម

បើ​យោងតាម​អ្នក​រៀបចំ​បាតុកម្ម បាតុករ​​មាន​ចំនួន​ប្រមាណ​ជា ២ម៉ឺន ៥ពាន់​នាក់ បាន​ប្រមូលផ្តុំគ្នា​នៅ​តាម​ដងផ្លូវ​ជុំវិញ​វិមាន​សភា​ជប៉ុន ក្នុង​រដ្ឋធានី​តូក្យូ ដោយ​នាំគ្នា​លើក​បដា​ដែល​មាន​សរសេរ​ពាក្យស្លោក​ប្រឆាំង​នឹង​សង្រ្គាម ឬ​សរសេរលេខ “៩” ​តំណាង​មាត្រា ៩ នៃ​រដ្ឋធម្មនុញ្ញ​ជប៉ុន ដែល​ហាមឃាត់​ជប៉ុន​មិន​ឲ្យ​ធ្វើ​សង្រ្គាម។

គួរបញ្ជាក់ថា កាល​ពីខែ​មុននេះ រដ្ឋាភិបាល​របស់​លោក​ស្ហ៊ីនហ្សូ អាបេ បាន​រៀបចំ​ធ្វើ​សេចក្តីព្រាងច្បាប់​មួយ ក្នុងគោលដៅ​ពង្រីក​តួនាទី​កងទ័ព​ជប៉ុន ជាពិសេស អនុញ្ញាត​ឲ្យ​កងទ័ព​ជប៉ុន​ចូល​ច្បាំង​ជួយ​ប្រទេស​សម្ព័ន្ធមិត្ត បើទោះបីជា​ជប៉ុន​មិនមែន​ជា​អ្នក​ដែល​ត្រូវ​ទទួល​រងនូវការ​ឈ្លានពាន​ក៏ដោយ។

ក៏ប៉ុន្តែ កាល​ពីថ្ងៃ​ទី៤​មិថុនា​កន្លងទៅនេះ អ្នក​ច្បាប់​ជំនាញ​ខាង​នីតិរដ្ឋធម្មនុញ្ញ​ដ៏ល្បីល្បាញ​ ៣រូប ដែល​ក្នុងនោះ​មាន​មួយរូប​ចាត់តាំងឡើង​ដោយ​គណបក្ស​អភិរក្ស​និយម​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ខ្លួនឯង​ផ្ទាល់ បាន​ធ្វើការ​វាយតម្លៃ​ថា សេចក្តីព្រាងច្បាប់​ពង្រីក​តួនាទី​កងទ័ព​ជប៉ុន​នេះ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជប៉ុន។ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ លោក​ស្ហ៊ីនហ្សូ អាបេ នៅតែ​បន្ត​ទទូច​បញ្ជូន​សេចក្តីព្រាង​ច្បាប់​នេះ​ទៅ​ឲ្យ​សភា​អនុម័ត ឲ្យ​បាន​មុន​សភា​ចូល​វិស្សមកាល នៅ​ថ្ងៃ​ទី២៤មិថុនា​ខាងមុខ។

ការផ្តួចផ្តើម​គំនិត​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ក្នុង​ការ​បង្កើន​តួនាទី​កងទ័ព​ជប៉ុន​នេះ ត្រូវ​បាន​ទទួល​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ ពី​សំណាក់​សហរដ្ឋ​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត ក៏ប៉ុន្តែ ​នៅ​ជប៉ុនវិញ​ ​ក្រុមអ្នក​សន្តិភាព​និយម​បាន​នាំគ្នា​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​នេះ ដោយ​លើកឡើង​ថា វាមិនត្រឹមតែ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ វា​អាច​នឹង​រុញ​ជប៉ុន​ឲ្យ​ធ្លាក់​ទៅក្នុង​សង្រ្គាម​ជាមួយ​អាមេរិក ជាពិសេស នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

នយោបាយ​ការពារជាតិ​របស់​លោក​ស្ហ៊ីនហ្សូ អាបេ​ ក៏​កំពុង​ទទួលរង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ផងដែរ ពី​សំណាក់​ប្រទេស​ចិន ដែល​តែងតែ​បាន​លើកឡើង​ថា ខ្លួន​បារម្ភ​ខ្លាច​ជប៉ុន​វិលត្រឡប់​ទៅរក​នយោបាយ​យោធានិយម​ដូចកាល​ពី​មុនទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ