អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

គ្រោះ​រញ្ជួយដី​កម្រិត ៧,៥​រ៉ិចទ័រ​នៅ​អាហ្វហ្កានីស្ថាន​សម្លាប់​មនុស្ស​យ៉ាងតិច​១៨០នាក់

មនុស្ស​យ៉ាងតិច ១៨០នាក់ បាន​ស្លាប់ ជាង ១០០០នាក់​ផ្សេងទៀត​ត្រូវ​រងរបួស នៅ​ក្នុង​គ្រោះរញ្ជួយដី​កម្រិត ៧,៥​រ៉ិចទ័រ នៅ​ក្នុង​តំបន់​ដាច់ស្រយាល​មួយ ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន នៅ​ថ្ងៃ​ចន្ទ​នេះ។ ការស្លាប់​នេះ​បាន​កើតមានឡើង ទាំង​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន និង​ទាំង​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ដែល​នៅ​ជិតខាង។

រូបភាព​នៃ​ការ​ខូចខាត​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន បណ្តាល​មក​ពី​រញ្ជួយដី នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃទី២៦ តុលា ២០១៥
រូបភាព​នៃ​ការ​ខូចខាត​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន បណ្តាល​មក​ពី​រញ្ជួយដី នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ថ្ងៃទី២៦ តុលា ២០១៥
ផ្សាយពាណិជ្ជកម្ម

 

យោងតាម​ទីភ្នាក់ងារ​ភូគព្ភសាស្រ្ត​អាមេរិក (US Geological Survey) គ្រោះរញ្ជួយដ៏ខ្លាំង​នេះ​បាន​កើតឡើង នៅ​ក្នុង​តំបន់​ភ្នំដាច់ស្រយាល​​ ប៉ែក​ខាង​ជើង​ប្រទេស​អាហ្វហ្កានីស្ថាន ក្បែរព្រំដែន​ជាមួយ​នឹង​ប្រទេស​ប៉ាគីស្ថាន ហើយ​ចំណុច​រញ្ជួយ​ស្ថិត​នៅ​ប្រមាណ​ជាង​២០០គីឡូម៉ែត្រ​ក្រោម​ដី។ កម្លាំងរញ្ជួយ​បាន​ធ្វើ​ឲ្យ​កក្រើក​រហូត​ទៅដល់​ប្រទេស​ប៉ាគីស្ថាន និង​ទីក្រុង​ញូវដេលី​របស់​ឥណ្ឌា។

នៅអាហ្វហ្កានីស្ថាន កូនសិស្ស​ស្រីៗ ចំនួន​១២នាក់ អាយុ​ក្នុងចន្លោះ​ពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ ត្រូវ​ស្លាប់ នៅ​ក្នុង​ហេតុការណ៍​ភ័យ​រត់ជាន់គ្នា​នៅ​ក្នុង​អំឡុង​ពេល​រញ្ជួយដី។ ក្រៅពី​នៅ​អាហ្វហ្កានីស្ថាន ចំនួន​អ្នក​ស្លាប់​ដោយ​រញ្ជួយដី​នេះ​ក៏​មាន​យ៉ាងច្រើន​ដែរ នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន។

នៅ​ល្ងាច​ថ្ងៃ​ចន្ទ នាយករដ្ឋមន្រ្តី​អាហ្វហ្កានីស្ថាន​បាន​លើកឡើង​ថា គ្រោះរញ្ជួយដី​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ច្រើនណាស់ ទាំង​ខាង​សម្ភារៈ និង​អាយុជីវិត​មនុស្ស ក៏ប៉ុន្តែ តុល្យការ​ពិតប្រាកដ គេ​នៅមិនទាន​អាច​ដឹង​បាន​នៅឡើយទេ ដោយសារ​តែ​ប្រព័ន្ធ​ទំនាក់ទំនង​នៅ​ជុំវិញ​តំបន់​រញ្ជួយដី​​ត្រូវ​កាត់ផ្តាច់។ សូម្បីតែ​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល ដែល​ស្ថិត​នៅ​រហូតដល់​ទៅ​ជាង​២រយ​​គីឡូម៉ែត្រ​ពី​ចំណុច​រញ្ជួយ​ក៏​ត្រូវ​ដាច់ចរន្តអគ្គិសនី​ ដោយសារ​កម្លាំង​រញ្ជួយ​នេះ​ដែរ។

គួររំឭកឡើងវិញ​ថា កាល​ពីឆ្នាំ​២០០៥ គ្រោះរញ្ជួយដី​កម្រិត ៧,៦​រ៉ិចទ័រ​ធ្លាប់​បាន​កើតមាន​ឡើង​ម្តងរួចមកហើយ នៅ​ក្នុង​តំបន់​កាស្មៀរ​ ប៉ាគីស្ថាន ពោលគឺ នៅ​​មិនឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​រញ្ជួយ​ដី​នៅថ្ងៃ​ចន្ទ​នេះ។ គ្រោះរញ្ជួយដី​កាល​ពី​ឆ្នាំ​២០០៥​នោះ បាន​សម្លាប់​មនុស្ស​រហូតដល់​ទៅ ៧ម៉ឺន​៥ពាន់នាក់ ហើយ​បាន​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ប្រជាជន​រហូតដល់​ទៅ​ជាង ៣លាននាក់។

លោក​ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី​ឥណ្ឌា ដែល​ជា​ប្រទេស​គូសត្រូវ​របស់​ប៉ាគីស្ថាន​ បាន​សរសេរ​នៅលើ​ Twitter របស់​លោក​ថា ឥណ្ឌា​ត្រៀមខ្លួន​ជានិច្ច​ ដើម្បី​ផ្តល់​ជំនួយ​ទៅដល់​ទីកន្លែងណា​ដែល​ត្រូវការ ដោយ​រាប់ទាំង​នៅ​អាហ្វហ្កានីស្ថាន និង​នៅ​ប៉ាគីស្ថាន​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ