អានតួអត្ថបទ
នេប៉ាល់-រញ្ជួយដី

រញ្ជួយដី​នៅ​នេប៉ាល់ ចំនួន​មនុស្ស​ស្លាប់​កើនកាន់​តែ​ច្រើន ប្រជាជន​នេប៉ាល់​ដង្ហើយ​រក​ជំនួយ

គ្រោះ​រញ្ជួយ​ដី ​ដែល​បាន​កើត​ឡើង​ក្នុង​ប្រទេស​នេប៉ាល់ ​កាល​ពី​ថ្ងៃ​សៅរ៍ ​ទី ​២៥​មេសា ​ម្សិលមិញ ​នៅ​មិន​ទាន់​អស់​ឥទ្ធិពល​ទេ​។ ចំនួន​មនុស្ស​ស្លាប់​មាន​បន្ថែម​កាន់​តែ​ច្រើន ​ពី​មួយ​ម៉ោង​ទៅ ​មួយ​ម៉ោង។ បើ​គិត​មក​ត្រឹម​ពេល​នេះ ​តាម​តួលេខ​បណ្តោះ​អាសន្ន ​មាន​មនុស្ស​ស្លាប់ ​ជាង​២២០០ ​នាក់​ហើយ ​ហើយ​អ្នក​របួស​មាន​ចំនួន​ជាង​៦ពាន់​នាក់។ ក្រុម​សង្រ្គោះ​កំពុង​ជួប​ការ​លំបាក ​ដោយសារ​តែ​គ្មាន​សំភារៈ​គ្រប់គ្រាន់ ​ហើយ​ភូមិ​ស្រុក​ដាច់​ស្រយាល ​មួយ​ចំនួន ​មិន​ទាន់​មាន​នរណា​ទៅ​ដល់​នៅ​ឡើយ។​ ប្រជាជន​នេប៉ាល់ ​កំពុង​តែ​ត្រូវការ​ជំនួយ​សង្រ្គោះ ​ជា​បន្ទាន់។

ដៃសាកសព ដែលគេយកចេញ​មក​ក្រៅ​ពី គំនរអាគារ ហើយ​ត្រូវ​​ដាក់លេខ​សម្គាល់
ដៃសាកសព ដែលគេយកចេញ​មក​ក្រៅ​ពី គំនរអាគារ ហើយ​ត្រូវ​​ដាក់លេខ​សម្គាល់ REUTERS/Adnan Abidi
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ការ​រាយការណ៍ ​របស់​អ្នក​យក​ព័ត៌មាន​បារាំង​ ប្រចាំ​ការ​នៅ ​នេប៉ាល់ ​បាន​ឲ្យ​ដឹង​ថា ​ស្ថានភាព​ ទូទៅ ​គឺ​នៅ​តែ​មាន​ភាព​ចលាចល​អញ្ចឹង ​ដោយសារ​តែ​មនុស្សម្នា ​នៅ​មិន​ទាន់​បាត់​តក់ស្លុត​នៅឡើយ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​ កាតម៉ាន់ឌូ ​តែ​ម្តង ​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​កុះករ ​ហើយ​ចំនួន​អ្នក​ស្លាប់ ក៏​មាន​ច្រើន​ណាស់​ដែរ ​ក្នុង​ទីក្រុង​នេះ។

ប្រជាជន​ភ័យ​ក្រែង​មាន​ការ​រញ្ជួយ​ថ្មី ​បន្ថែម​ទៀត៖
គួរ​រំលឹក​ផងដែរ​ថា ​ចំណុច​ប្រេះ​ធំ​ នៃ​គ្រោះ​រញ្ជួយដី​នេះ ​គឺ ​មាន​នៅ​ភាគ​ខាងជើង ​ក្រុង​កាតម៉ាន់ឌូ ​ចំងាយ​ប្រហែល​ជា ​៨០​ គីឡូម៉ែត្រ។ តាម​ធម្មតា ​ ចំណុច​ប្រេះ​ធំ​នេះ ​វា​បណ្តាល​ឲ្យ​ស្រទាប់​ដី ​ដាច់​​ចេញ​ពី​គ្នា ​ហើយ​រំកិល​ទៅ​បុក​ទង្គិច​ ជាមួយ​ស្រទាប់​ដី​ផ្សេង​ទៀត​ ដែល​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​រញ្ជួយដី។ ការ​រញ្ជួយ​នេះ ​មិនមែន​មាន​តែ​ម្តង​ចប់​ទេ ​គឺវា​បាន​បណ្តាល​ឲ្យ​មាន​ស្នាម​ប្រេះ ​ដេញ​តគ្នា ​នៅ​តាម​តំបន់​ផ្សេងៗ​ទៀត។

ហេតុនេះ​ហើយ ​បាន​ជា​ប្រជាជន​នៅ​តែ​ភ័យ​ព្រោះថា ​ម្សិលមិញ​នេះ ​ស្រទាប់ដី ​នៅ​នេប៉ាល់ ​បាន​បន្ត​រញ្ជួយ​រហូត ​ច្រើនដង​ណាស់ ​ហើយ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី ២៦ មេសា​នេះ ​ មាន​ការ​រញ្ជួយ​មួយ​ទៀត ​ដែល​មាន​កំរិត​ ៦,៥ ​រីឆទ័រ។ ការ​រញ្ជួយ​ទាំង​នេះ ​វា​ជា​លទ្ធផល ​នៃ​ការ​ប្រេះ​ស្រទាប់​ដី ​កាល​ពី​ថ្ងៃ​សៅរ៍​​ ទី​២៥​មេសា។ អ្នក​រាយការណ៍​ព័ត៌មាន​ថា ​កាល​ពី​យប់​មិញ ​ប្រជាជន​បាន​នាំ​គ្នា​ដេក​នៅ​តាម​ថ្នល់ និង​តាម​ទីវាល ​ដោយសារ​​ខ្លាច​មាន​ការ​រញ្ជួយ​ថ្មី​បន្ថែម​ទៀត។

ក្រុម​សង្គ្រោះ ​មាន​តិច​ ហើយ​ជួប​ការ​លំបាក​ច្រើន៖
មក​ទល់​ពេល​នេះ ​ក្រុម​សង្គ្រោះ​ជួប​ការ​លំបាក ​ដោយសារ ​ទីមួយ​មក​ពី​ស្ថានភាព​ភូមិសាស្រ្ត​របស់​ប្រទេស​នេប៉ាល់។ នេប៉ាល់ ​ជា​ប្រទេស​តូច ​ស្ថិត​នៅ​លើ​ជួរ​ភ្នំ​ហិមាល័យ។ ស្ថានភាព​ដី ​ដែល​សម្បូរ​ភ្នំ ​វា​មិន​អំណោយ​ផល ​ដល់​ការ​ធ្វើ​ដំណើរ​ទេ ​ហើយ​ជា​ពិសេស ​ប្រព័ន្ធ​គមនាគមន៍ ​និង​ទូរគមនាគមន៍​ ត្រូវ​បាន​បំផ្លាញ​មួយ​ផ្នែក​ធំ​ទៅ​ហើយ។ ចំណុច​លំបាក​ទី ​ពីរ ​គឺនេប៉ាល់ ​ជា​ប្រទេស​ក្រីក្រ​ណាស់។ រដ្ឋ​គ្មាន​​លទ្ធភាព​ គ្រប់គ្រាន់​ ​ដើម្បី​ជួយ​សង្រ្គោះ​ប្រជាជន​ឲ្យ​ទាន់​ពេល​វេលា​នោះ​ទេ។ ភូមិ​ស្រុក​ដាច់​ស្រយាល ​ដែល​មាន​អ្នក​ស្លាប់ ​និង​របួស ​មិន​ទាន់​មាន​នរណា​ទៅ​ដល់​ទេ។

ប្រជាជន​ដែល​បាន​បាត់​បង់​ផ្ទះ​សំបែក ​រហូត​មក​ដល់​ពេល​នេះ ​ដេក​តាម​ផ្លូវ​ និង​ក្រោម​ដើម​ឈើ រកេត​រកូត ​ព្រោះ​មិន​មាន​ដំបូល​តង់ត៍ ​គ្រប់​គ្រាន់។ ​មួយវិញ​ទៀត​ ការ​ជួយ​សង្រ្គោះ​មនុស្ស​ដែល​ជាប់ ​ក្នុង​គំនរ​បាក់​បែក ​គឺ​បាន​ធ្វើ​ឡើង​ យ៉ាង​យឺត​យ៉ាវ​បំផុត ​ព្រោះ​គ្មាន​ក្រុម​សង្គ្រោះ​ត្រឹមត្រូវ​ទេ ​គឺ​មាន​តែ​​អ្នក​ស្រុក​អ្នក​ភូមិ ​ដែស​ខំ​ជួយ​គ្នា ​ម្នាក់​មួយ​ដៃ ​មួយ​ជើង ​ហើយ​អត់​មាន​សំភារៈ​អី​ទេ ​ គឺ​មាន​តែ​ដៃ​ទទេរ​ប៉ុណ្ណោះ។ ភាព​យឺត​យ៉ាវ​ ក្នុង​ការ​ជួយកកាយ​យក​ជន​រងគ្រោះ​ចេញ​នេះ ​ហើយ ​ដែល​ធ្វើ​ឲ្យ​ជន​រងគ្រោះ  ​អាច​ប្រឈមមុខ​នឹង​ការ​ស្លាប់​ កាន់តែ​ច្រើន។

ជំនួយ​អន្តរជាតិ ​ទៅ​ដល់​ជា​បន្ត​បន្ទាប់៖
បារាំង និង​ឥណ្ឌា ​ជា​ប្រទេស​មុន​គេ ​ដែល​បាន​ប្រកាស​ថា ​ត្រៀម​ខ្លួន ​ផ្តល់​ជំនួយ​ទៅ​ជួយ​ប្រជាជន​នេប៉ាល់។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បារាំង ​បាន​បញ្ជាក់​ប្រាប់ ​នៅ​ថ្ងៃ​អាទិត្យ​ ទី​ ២៦​ មេសា ​ថា ក្រុម​សង្រ្គោះ​បន្ទាន់ ​និង​បរិក្ខាពេទ្យ ​របស់​បារាំង ​និង​ទៅដល់​នេប៉ាល់ ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ដូចគ្នា​ដែរ ​ឥណ្ឌា ​ក៏​បាន​ បញ្ជូន​ទាហាន ​ដើម្បី​ដឹក​ជញ្ជូន​ជំនួយ ​ជា​ថ្នាំ ​ និង​បរិក្ខាពេទ្យ ​ដើម្បី​ទៅ​ជួយ​អ្នក​របួស។ សហរដ្ឋ​អាមេរិក ​តាម​រយៈ​ក្រុម​ការងារ ​របស់​អង្គការ USAid​ ថា​នឹង​ផ្តល់​ប្រាក់​ចំនួន​ ១​លាន​ដុល្លា ​ដើម្បី​ឆ្លើយតប​​ទៅ​តាម​តម្រូវការ​បន្ទាន់​ របស់​ក្រុម​សង្គ្រោះ​របស់​អង្គការ​នេះ។ អូស្រ្តាលី​ ក៏​បាន​សន្យា​ថា​​ផ្តល់​ប្រាក់​ ចំនួន​ ៥លាន​ដុល្លារ​ ផង​ដែរ។

ក្រៅ​ពី​ប្រទេស​ទាំង​នេះ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន ​មាន​ដូច​ជា ​កាកបាទ​ក្រហម ​អង្គការ​គ្រូពេទ្យ គ្មាន​ព្រំដែន ​និងអង្គការ​ អុក្សហ្វាម ​ Oxfam​ ជា​ដើម ​បាន​បញ្ជូន​ក្រុម​សង្រ្គោះ​  ទៅ​តាម​ទីកន្លែង​សង្រ្គោះ​ ជា​បណ្តើរៗ​ ហើយ​ដែរ។ អ្នក​របួស​មាន​ច្រើន​ណាស់ ​ប្រហែល​ជា​ជិត​ ៦ពាន់​នាក់​ឯណោះ។ នៅ​តាម​មន្ទីរ​ពេទ្យ​វិញ ​រក​កន្លែង​ដើរ​គ្មាន​ផង ​ហើយ​ក្រុម​គ្រូពេទ្យ ​មិន​ដឹង​ជួយ​អ្នក​ណា​ទុក​អ្នក​ណា​ទេ ​ព្រោះ​អ្នក​របួស​ច្រើន ​ប៉ុន្តែ​គ្មាន​ថ្នាំ ​និង​បរិក្ខា​គ្រប់គ្រាន់។

នេប៉ាល់​ ស្ថិតលើ​តំបន់​រញ្ជួយ​ដី ​ប៉ុន្តែ​ខ្វះ​លទ្ធភាព​ការពារ​ខ្លួន៖
បើ​យើង​រាប់​ពីឆ្នាំ​ ១៩៣៤ ​មក ​នេប៉ាល់ ​ជួប​គ្រោះ​រញ្ជួយ​ដី​ ៦ដង​ហើយ ​ទាំង​លើក​នេះ។ លើក​ដែល​ធ្ងន់​ជាង​គេ ​នោះ​គឺ​នៅ​ឆ្នាំ​ ១៩៣៤​តែ​ម្តង ​ដែល​មាន​មនុស្ស​ស្លាប់​ សរុប​ប្រមាណ​ជា​ ២ម៉ឺន​នាក់។ នេប៉ាល់ ​ស្ថិត​នៅ​លើ​ជួរភ្នំ​ហិមាល័យ ​ដែល​ជួរភ្នំ ​នេះ ​វា​ជា​គន្លង ​បុក​ទង្គិច​គ្នា​ រវាង​ស្រទាប់​ផែនដី ​ពីរ ​ដែល​ភាសា​បច្ចេកទេស ​គេ​ហៅ​ថា​ Plaques​ Techtoniques ។ សំបក​ផែនដី​យើង ​គឺ​ផ្គុំ​ឡើង​ដោយ​ Plaques ​Techtoniques ​នេះ​ច្រើន​ណាស់​ ហើយ​ដោយសារ​តែ​ចលនា​ម៉ាក់ម៉ា ​ដែល​នៅ​ខាង​ក្នុង​ស្នូល​ផែនដី​ ទើប​វា​រុញ ​Plaques Techtoniques ​ទាំង​អស់​នេះ​ ឲ្យ​រំកិល​ចុះ​ឡើង ​ហើយ​បុក​ទង្គិច​គ្នា​ ទៅវិញ​ទៅ​មក។ ជា​ទូទៅ ​ប្រទេស​ដែល​ស្ថិត​នៅ​តាម​ចំណុច​ប្រសប់​នៃ ​Plaques Techtoniques ​នេះ ​គឺ​ឧស្សាហ៍​ជួប​គ្រោះ​រញ្ជួយដី​ណាស់។

ជាក់​ស្តែង​គឺ​ប្រទេស​ជប៉ុន​តែម្តង​ ដែល​ជួប​គ្រោះ​រញ្ជួយ​ដី ​សឹងតែ​រាល់​ថ្ងៃ ​គ្រាន់​តែ​ថា​ ភាគច្រើន ក្នុង​កម្រិត​ខ្សោយ។ ប៉ុន្តែ​ហេតុអ្វី​ បាន​ជា​ជប៉ុន ​មិន​សូវ​ជា​ជួប​គ្រោះថា្នក់ ​មាន​មនុស្ស​ស្លាប់ច្រើន ​គឺ​ដោយសារ​តែ​ប្រទេស​គេ​ជឿនលឿន ​បើ​ប្រៀបធៀប​ជាមួយ​នេប៉ាល់ ​ដែល​ស្ថិត​ក្នុង​​ចំណោម​ប្រទេស​ដប់ ​ដែល​ក្រីក្រ​បំផុត។

នៅ​នេប៉ាល់ ​សំណង់​អាគារ ​ត្រូវ​បាន​សាងសង់​ឡើង ​ដោយ​គ្មាន​គោរព​បទដ្ឋាន​វិស្វកម្ម ​និង​សុវត្ថិភាព​ត្រឹមត្រូវ​ទេ។ ជា​ពិសេស ​នោះ​គឺ​សំណង់​ថ្មីៗ ​ដែល​ធ្វើ​ពី​ឥដ្ឋ​ និង​ស៊ីម៉ងត៍​តែ​ម្តង។ ក្នុង​ចំណោម​ប្រជាជន ទាំង​ ៣០​លាន​នាក់​ នេប៉ាល់​មាន​អ្នកក្រ​ច្រើន​ណាស់ ​ហើយ​ផ្ទះ​សម្បែង​ពួក​គាត់​ ធ្វើ​ពី​ឈើ​ រឺ​ស៊ីម៉ងត៍ ឲ្យតែ​បានៗ​ប៉ុណ្ណោះ។ ដូច្នេះ​អ្នក​រង​គ្រោះ​ខ្លាំង ​មាន​ស្លាប់​ច្រើន​ គឺ​សុទ្ធ​តែ​អ្នក​ក្រ ឯ​អ្នក​មាន​ ផ្ទះ​គេ​មាន​គ្រិះ​រឹងមាំ ​មិន​សូវ​ជា​ជួប​គ្រោះថ្នាក់​ទេ។

ចំណុច​មួយ​ទៀត​នោះ ​គឺ ​នេប៉ាល់ ​មិនមាន​ស្ថាប័ន​ជំនាញ ​ដើម្បី​ធ្វើការ​ស្ទាបស្ទង់​ដឹង​មុន​ អំពី​គ្រោះថ្នាក់​រញ្ជួយ​ដី​ទេ។ នៅ​ជប៉ុន ​រឺ​ក៏​ប្រទេស​ជឿនលឿន​ផ្សេង​ទៀត ​ក្រៅ​ពី​សំណង់​គេ​រឹងមាំ ​មាន​ប្រពន្ធ័​ការពារ​មិន​ឲ្យ​រលំ​ងាយៗ​ហើយ ​គេ​ថែម​ទាំង​មាន​អ្នក​ជំនាញ ​ដើម្បី​ប្រកាស​ឲ្យ​ប្រជាជន​គេ​ ដឹង​មុន​ទៀត ​នៅ​ពេល​ណា​ជិត​មាន​គ្រោះ​រញ្ជួយដី។ ប្រជាជន​នេប៉ាល់​ គ្មាន​សំណាង​នេះ​ទេ។

ទោះ​ជា​យ៉ាង​ណា ​លើកនេះ​ យើង​អាច​ចាត់​ទុក​ថា​សំណាង ​នេប៉ាល់​ក៏បាន ​ព្រោះ​ថា​រញ្ជួយ​ដី ​បាន​កើតឡើង​ នៅ​ថ្ងៃ​សៅរ៍ ​ដែល​ជា​ថ្ងៃ​ឈប់​សំរាក​ មនុស្ស​អត់​ធ្វើការ ​ក្មេងៗ​អត់​ទៅ​សាលា​រៀន។ ហើយ​សំណាង ​ចំ​ពេល​ថ្ងៃ​ត្រង់​ទៀត ​ដែល​មាន​មនុស្ស​ម្នា ​ចេញ​ដើរ​ទៅ​ខាង​ក្រៅ​ច្រើន។ បើសិន​ជា កើតឡើង​ពេល​យប់​ មនុស្ស​កំពុង​តែ​ដេក​វិញ ​ចំនួន​អ្នក​ស្លាប់ ប្រកដ​ជា​លើស​នេះ​ ទ្វេរ​មួយ​ជា​ពីរ​មិន​ខាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ