អានតួអត្ថបទ
អាស៊ាន-ម៉ាឡេស៊ី

អាស៊ាន​សម្តែង​ក្តីបារម្ភ​រួមគ្នា​ចំពោះ​មហិច្ឆតា​របស់​ចិន​នៅ​សមុទ្រចិន​ខាង​ត្បូង

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ចុង​ក្រោយ​នៃ​កិច្ចប្រជុំ​អាស៊ាន​ស្តីពី​សន្តិសុខ​ក្នុង​ទីក្រុង​គូឡំាឡា ប្រទេស​ម៉ាឡេស៊ី​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៨ សីហា ប្រមុខ​ការទូត​ទំាង ១០ប្រទេស​របស់​អាស៊ាន​បាន​សម្តែង​ក្តីបារម្ភ​ជា​ពន់ពេក​ចំពោះ​មហិច្ឆតា​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ សមុទ្រ​ចិន​ខាង​ត្បូង​ដែល​រដ្ឋអំណាច​ក្រុង​ប៉េកំាង​បាន​សាងសង់​កោះ​សិប្បនិមិត្ត​ជា​ច្រើន​នៅ​ក្បែរ​ទីប្រជុំកោះ​ Spratleys និង Paracels។ ចំណែក​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃ៊ែរី​ដែល​មាន​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​បាន​លើក​ឡើង​ពី​ច្បាប់​ផ្លូវសមុទ្រ​អន្តរជាតិ​ដែល​គ្មាន​នរណា​អាច​បំពាន និង​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ខ្លួន​បាន​ឡើយ។

លោក​ប្រមុខ​ការទូត​អាមេរិកចន ឃ៊ែរី​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តីការបរទេស​អាស៊ាន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី៦ សីហា ២០១៥
លោក​ប្រមុខ​ការទូត​អាមេរិកចន ឃ៊ែរី​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តីការបរទេស​អាស៊ាន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី៦ សីហា ២០១៥ REUTERS/Brendan Smialowski/Pool
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​សេចក្តីថ្លែងការណ៍​រួម​មួយ​ដែល​អាស៊ាន​បាន​សម្តែង​ដោយ​មិន​លាក់លៀម​ចំពោះ​ក្តីបារម្ភ​របស់​ខ្លួន​ទាក់ទង​នឹង​មហិច្ឆតា​របស់​ចិន​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង។ នៅ​ក្នុង​សេចក្តី ថ្លែងការណ៍​ចុង​ក្រោយ អាស៊ាន​មិន​បាន​លើក​ឡើង​ចំៗ​ពី​ប្រទេស​អាស៊ាន​ណា​មួយ​ដែល​កំពុង​ប្រឈម​មុខ​ទល់​នឹង​ចិន​ទេ តែ​គ្រាន់​បាន​បញ្ជាក់​ថា សំណុំរឿង​សមុទ្រចិន​ខាង​ត្បូង​បាន​ក្លាយ​ជា​ប្រធានរឿង​អាទិភាព​ដែល​ចិន និង​អាស៊ាន​ត្រូវ​លើក​ទៅ​ជជែក​ឲ្យ​បាន​ស៊ីជម្រៅ​បន្ថែម​នា​ពេល​ខាង​មុខ ព្រម​ទំាង​ដាក់​​ចេញ​នូវ​វិធានការ​ជាក់ស្តែង​មួយ​ដើម្បី​កាត់​បន្ថយ​ភាព​ប្រឈម​មុខ​ដាក់​គ្នា។

គួរ​រម្លឹក​ជូន​ថា ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទំាង ១០ មាន​តែ​ប្រទេស​វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និង​ព្រុយណេ​ទេ​ដែល​កំពុង​ទាមទារ​ដែនដី​មួយ​ផ្នែក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង តែ​ចិន​បាន​ទាមទារ​ក្តោប​យក​ទំាង​អស់។ អាមេរិក​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​ក្នុង​រយៈពេល ១៨ខែ ចិន​បាន​សាងសង់​កោះ​សិប្បនិមិត្ត​នៅ​លើ​ទំហំ​ផ្ទៃទឹកសមុទ្រ​ចំនួន ៨០០ហិចតា រួច​បាន​ប្រែ​ក្លាយ​កោះ​សិប្បនិមិត្ត​ទំាង​នោះ​ទៅ​ជា​កំពង់ផែ ឬ​មួយ​ក៏​រចនាសម្ព័ន្ធ​ផ្សេងៗ​ក្នុង​គោលដៅ​ពង្រីក​ឥទ្ធិពល​យោធា​របស់​ខ្លួន​នៅ​ក្នុង​តំបន់។

គួរ​រម្លឹក​ជូន​ថា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នៅ​ម៉ាឡេស៊ី​ក៏​មាន​ការ​ចូល​រួម​ពី​លោក​ប្រមុខ​ការទូត​ចិន​វ៉ាង យី និង​សមភាគី​អាមេរិក​ចន ឃ៊ែរី​ដែរ។ លោក​ចន ឃ៊ែរី​ដែល​មិន​ញញើត​នឹង​ថ្លែង​វាយប្រហារ​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៦ សីហា​ថា អាមេរិក​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រារំាង បិទ​សិទ្ធិសេរីភាព​ក្នុង​ការ​ធ្វើ​ចរាចរណ៍​លើ​ផ្ទៃសមុទ្រ ឬ​មួយ​ក៏​ពី​លើ​ផ្ទៃសមុទ្រ​ដែល​ជា​ដែនទឹក​អន្តរជាតិ​នោះ​ទេ។ លោក​ឃ៊ែរី​បាន​បញ្ជាក់​ច្បាស់ៗ​ថា កប៉ាល់​តូច ឬ​ធំ ឬ​មួយ​ទូក​តូច ឬ​ធំ រាប់​តំាង​ពី​ទូក​នេសាទ​ទៅ​មាន​សិទ្ធិ​ធ្វើ​ចរាចរណ៍​ដោយ​សេរី​ដោយ​គ្មាន​ការ​ហាម​ឃាត់​ទេ និង​ថា គេ​ត្រូវ​តែ​គោរព​សិទ្ធិ​របស់​ប្រទេស​នីមួយៗ។

កាល​ពី​ថ្ងៃ​ពុធ ទី៥ សីហា លោក​ចន ឃ៊ែរី​បាន​បរិហារ​នៅ​ចំពោះ​មុខ​សមភាគី​ចិន​លោក​វ៉ាង យី ពី​មហិច្ឆតា​យោធា​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​លោក​ឃ៊ែរី​យល់​ថា បាន​បង្ក​ចេញ​ជា​ជម្ងឺផ្តាសាយ​ជាមួយ​នឹង​ប្រទេស​ជិតខាង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ