អានតួអត្ថបទ
ចិន

ចិន៖ក្រោយ​មហន្តរាយ​បាក់ដី​នៅ Shenzhen ថ្នាក់ដឹកនាំ​ម្នាក់​ធ្វើ​អត្តឃាត

នៅ​ក្នុង​ប្រទេស​ចិន មួយ​សប្តាហ៍​ក្រោយ​គ្រោះមហន្តរាយ​បាក់ដី​យ៉ាង​សម្បើម​នៅ​តំបន់​ឧស្សាហកម្ម​ក្នុង​ទីក្រុង Shenzhen មាន​ថ្នាក់ដឹកនាំ​ក្នុង​ស្រុក​ម្នាក់​បាន​លោត​សម្លាប់​ខ្លួន​ពី​អាគារ​មួយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី២៧ ធ្នូ។ ដំណឹង​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​មីក្រូប្លុក​ផ្លូវការ​របស់​ប៉ូលិស​ក្នុង​ស្រុក​នា​ថ្ងៃ​ចន្ទ ទី២៨ ធ្នូ។

ក្រុម​អ្នកជួយ​សង្រ្គោះ​ចិន​ក្នុង​ព្រឹត្តិការណ៍​បាក់ដី​នៅ Shenzhen កាល​ពី​ថ្ងៃ​ទី២០ ធ្នូ
ក្រុម​អ្នកជួយ​សង្រ្គោះ​ចិន​ក្នុង​ព្រឹត្តិការណ៍​បាក់ដី​នៅ Shenzhen កាល​ពី​ថ្ងៃ​ទី២០ ធ្នូ REUTERS/China Daily
ផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ​ក្នុង​ស្រុក​ម្នាក់​ដែល​បាន​សម្លាប់​ខ្លួន​ឯង​ដោយ​លោត​ពី​លើ​អាគារ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី២៧ ធ្នូ​មាន​ឈ្មោះ Xu Yuan’an។ លោក Xu គឺ​ជា​នាយក​ការិយាល័យ​គ្រប់គ្រង​ជនបទ​ក្នុង​ស្រុក Guangming នៃ​ទីក្រុង Shenzhen។ ក្រោយ​ការ​ស៊ើបអង្កេត ប៉ូលិស​ក្នុង​ស្រុក​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក Xu ពិត​ជា​បាន​ធ្វើ​អត្តឃាត​មែន ពោល​មិនមែន​ជា​ឃាតកម្ម​ទេ។ មរណៈភាព​របស់​លោក Xu បាន​កើត​មាន​ឡើង មួយ​សប្តាហ៍​ក្រោយ​ពី​មាន​គ្រោះ​មហន្តរាយ​បាក់ដី​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម Shenzhen ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៨០នាក់ ព្រម​ទាំង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ទ្រព្យសម្បត្តិ​យ៉ាង​ច្រើន​សម្បើម។

កាសែត​ផ្លូវការ​នៃ​ក្រសួង​ដែនដី និង​ធនធាន​បាន​ពន្យល់​បក​ស្រាយ​ពី​មូលហេតុ​នៃ​គ្រោះ​មហន្តរាយ​ដែល​កើត​ចេញ​ពី​សំណង់​ខុសច្បាប់​ដុះដូច​ផ្សិត។ ក្រុមហ៊ុន​សាងសង់​បាន​ជីកដី​យក​ទៅ​គរ​ចោល​ដូច​ភ្នំ និង​ដែល​គំនរ​ដី​នោះ​ត្រូវ​បាន​ទឹកភ្លៀង​ទម្លាយ​បំបែក​ហូរ​គ្របដណ្តប់​លំនៅដ្ឋាន​របស់​ប្រជាជន។ លោក Xu ក៏​ជា​ថ្នាក់ដឹកនាំ​ម្នាក់​ដែល​បាន​អនុញ្ញាត និង​បិទភ្នែក​ទុក​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​សាងសង់​បន្ត​យក​ដី​ទៅ​ចាក់​គរ​ដូច​ភ្នំ។

ជាទូទៅ មន្រ្តី​ទទួល​បន្ទុក​គ្រប់គ្រង​ជនបទ​មាន​តួនាទី​ជា​អ្នក​អនុវត្តន៍​ច្បាប់ក្នុង​ស្រុក តែ​ភាគច្រើន​បាន​រំលោភ​អំណាច និង​ស៊ីសំណូក​សូកប៉ាន់។ គេ​មិន​អាច​ដឹង​ពី​បទស៊ីសំណូកសូកប៉ាន់​របស់​លោក Xu នៅ​ក្នុង​រឿង​បាក់ដី​នៅ​តំបន់​ឧស្សាហកម្ម Shenzhen កាល​ពី​ថ្ងៃទី២០ ធ្នូ​កន្លង​ទៅ​បាន​ទេ ព្រោះ​ការ​ស៊ើបអង្កេត​ត្រូវ​បាន​បិទបញ្ចប់​នៅ​ពេល​សមីខ្លួន​បាត់បង់​ជីវិត។ នៅ​ក្នុង​ន័យ​នេះ សារ​មួយ​ចំនួន​របស់​អ្នក​ប្រើ​អ៊ីនធឺណែត​បាន​សរសេរ​បែប​ចំអក​ថា មរណៈភាព​លោក Xu បាន​បន្សល់​ទុក​ទ្រព្យសម្បត្តិ​ឲ្យ​គ្រួសារ ចូរ​កុំ​រំខាន​ប្រពន្ធ និង​កូន​របស់​គាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ