អានតួអត្ថបទ

មហន្តរាយ​បាក់ដី​នៅ​ចិន ជា​កំហុស​មនុស្ស ?

មាន​យ៉ាង​ហោច​ណាស់​មនុស្ស​៩១​នាក់ បាត់​ខ្លួន​នៅ​ក្នុងមហន្តរាយ​បាក់​ដី នៅ​ក្រុង​ឧស្សាហកម្ម​ Shenzhen ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ ក្រុង​មួយ​ចំហៀង សំណង់​​ផ្ទះ​សម្បែង​ជាង​សាមសិប​អាគារ ត្រូវ​ជាប់​គាំង កប់​ភក់ ... បន្ទាប់មក​​ការ​ហូរ​បាក់​ដីដ៏​ធ្ងន់ធ្ងរនេះ​បាន​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​បំពង់​បង្ហូរ​ហ្កាសដ៏​សន្ធោសន្ធៅ​ថែម​មួយ​ជាន់​ទៀត។

គ្រឿង​ចក្រ​កំពុង​កាយ​ដី​​ដែល​ហូរ​កប់​ក្រុង​Shenzhen ដើម្បី​ស្វែង​រក​ជនរងគ្រោះ
គ្រឿង​ចក្រ​កំពុង​កាយ​ដី​​ដែល​ហូរ​កប់​ក្រុង​Shenzhen ដើម្បី​ស្វែង​រក​ជនរងគ្រោះ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​សង្គ្រោះ​ជាង​១៥០០​នាក់​និង​ឡាន​ពន្លត់​អគ្គីភ័យ​១០៤គ្រឿង​ បាន​និង​កំពុង​ប្រញឹក​ដៃ​ជួយ​ជន​រងគ្រោះ។ បើ​តាម​សាក្សី ដី​ក្រហម​ច្រាល ប៉ុន​ភ្នំ កម្ពស់​រាប់​រយ​ម៉ែត្រ​ ​​បាន​បាក់​គ្រប​លើ​តំបន់​ឧស្សាហកម្ម​សេនឆេន ដែល​មាន​ប្រជាជន​រស់​នៅ​ជាង​១០​លាន​នាក់ អស់​​រាប់​រយ​ហិចតារ សំណង់​អាគារផ្ទះ​សម្បែង​៣៣​​ខ្លះ​ត្រូវ​រលំ​មួយ​ ខ្លះ​ត្រូវ​រុំ​ជិត​ដោយ​ភក់។

 

ការ​ហូរ​បាក់​ដី​បាន​កើត​ឡើង​នៅ​ម៉ោង​១១និង​៤០​នាទី ថ្ងៃ​អាទិត្យ រួច​បន្ត​ដោយ​បំផ្ទុះ​បំពង់​ឧស្ម័ន​ហ្កាស​ធម្មជាតិ ដ៏​ខ្លាំង​ លាន់​ឮ​ដល់​៤​គីឡូម៉ែត្រ ជុំ​វិញ​កន្លែងមាន​គ្រោះ​មហន្តរាយ និងខ្ទាត​​បាច​លាយ​បំណែក​​ផ្ទុះ​រាយ​ប៉ាយ​ក្នុង​រង្វង់​អង្កត់​ផ្ចិត​ជាង​១០​ហិចតារ។

តើ​ហេតុអ្វី​បាន​ជា​សុខៗ​ដីបាក់​យ៉ាង​សាហាវ​ដូច្នេះ​ ?! បើ​តាម​សារព័ត៌មាន​ផ្លូវការ​ចិន មហន្តរាយ​នេះ​គឺ​ជា​ស្នាដៃ​មនុស្ស។ ការ​ដ្ឋាន​សំណង់​ បាន​រុញ​ច្រាន​ឱ្យ​មានការ​​ជីក​ខួង​ដី​ រួច​យក​ទៅចាក់​គរ​ដោយ​ខុស​ច្បាប់​ ឡើង​ខ្ពស់​ដូច​ភ្នំកម្ពស់​ជាង​មួយ​រយ​ម៉ែត្រ។ ​ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់ ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន ​ភ្នំដី​នោះ​ក៏​រលំបាក់​ទាំង​ភ្នែន​មក។

ភ្លាម​មួយ​រំពេច​ នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺឈាំង បាន​បញ្ជា​ឱ្យ​បើក​អង្កេត​​ផ្លូវការ​លើ​គ្រោះមហន្តរាយ​ថ្មី​នេះ ដែល​មាន​គម្លាត​ពី​មហន្តរាយ​ផ្ទុះ​ឆេះ​កំពង់ផែ​ឧស្សាហកម្ម​ជៀនជីន​តែ​បួន​ខែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា គ្រោះ​មហន្តរាយ​ឧស្សាហកម្ម​បាន​កើត​ជា​ញឹកញាប់​នៅ​ប្រទេស​ចិន​ ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ។ នៅ​ថ្ងៃ​ឆ្លង​ចូល​ឆ្នាំ​ថ្មី មាន​ការ​ត់​ជាន់​គ្នា​ស្លាប់​អស់​៣៦​នាក់ នៅ​សៀងហៃ។ នៅ​ខែ​មិថុនា មាន​គ្រោះ​លិច​កប៉ាល់​នៅ​ទន្លេ​យង់សេ ស្លាប់មនុស្ស ៤៣០​នាក់ និង​១៦៥​នាក់​នៅ​ក្នុងការ​ផ្ទុះ​ឃ្លាំង​ស្តុក​ផលិតផល​គីមី​នៅ​កំពង់ផែ​ជៀនជីង កាលពី​ខែ​សីហា។ គ្រោះ​មហន្តរាយ​ឧស្សាហកម្ម​ញយៗ​ ​​បានបំផុស​ឱ្យ​មាន​សំណួរ​ខ្លាំង​ជុំ​វិញ​បទដ្ឋាន​សុវត្ថិភាព​នៅ​ចិន ក្នុង​សម័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​លឿន​រហ័សបី​ទសវត្សរ៍​ចុងក្រោយ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ