អ្នកជំនាញ៖គីម ជុងអ៊ុនខ្លាចស្លាប់តៃហាងដូចសាដាម ហ៊ូសេន ឬកាដាហ្វី
ប្រតិកម្មកំពុងធ្លាក់មកជាបន្តបន្ទាប់ជុំវិញការសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងកាលពីមួយសប្តាហ៍កន្លងទៅ។ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនបានបញ្ជាក់នៅថ្ងៃសុក្រ ទី១៥ មករាថា មនុស្សខ្លាំងកូរ៉េខាងជើងគីម ជុងអ៊ុនគិតក្នុងចិត្តថា គឺមានតែការបន្តរក្សាកម្លាំងនុយក្លេអ៊ែរទេទើបរបបកុម្មុយនិស្តអាចបន្តរស់រានមានជីវិតបាន។ ចំណែកក្រុមអ្នកជំនាញបានសង្កត់ធ្ងន់ៗថា ការដែលគីម ជុងអ៊ុនព្យាយាមបំពាក់អាវុធនុយក្លេអ៊ែរមកពីថ្នាក់ដឹកនាំផ្តាច់ការរូបនេះមិនចង់បញ្ចប់ជីវិតតៃហោងដូចថ្នាក់ដឹកនាំនៅអ៊ីរ៉ាក់ ឬមួយក៏នៅលីប៊ី។ ប្រតិកម្មធ្ងន់ៗក៏បន្តមានពីចិនដែរតាមរយៈក្រសួងការបរទេសដែលចង់ឲ្យមានចំណាត់ការពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៩
គឺតាមរយៈសេចក្តីជូនដំណឹងមួយនៅលើគេហទំព័ររបស់ក្រសួងការបរទេសចេញក្នុងថ្ងៃសុក្រ ទី១៥ មករាដែលលោកប្រមុខការទូតចិនវ៉ាង យីបានថ្លែងថា ចិនយល់ព្រមឲ្យមានចំណាត់ការចំាបាច់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីឆ្លើយតបនឹងទង្វើសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ចិនបានយល់ឃើញថា គេត្រូវតែរក្សាអំណាចរបស់អង្គការសហប្រជាជាតិ និងមិនត្រូវបំពានលើកិច្ចព្រមព្រៀងសាយភាយនុយក្លេអ៊ែរទេ។ លោកវ៉ាង យីបានបន្ថែមថា អ្វីដែលទីក្រុងប៉េកាំងចង់បាន និងចង់ឃើញ គឺមិនមែនបង្កឲ្យមានភាពប្រឈមមុខដាក់គ្នាទេ តែក្នុងគោលដៅធ្វើឲ្យពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។
គួរជម្រាបជូនថាកន្លងមក ចិនតែងតែចេញមុខការពារកូរ៉េខាងជើងដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួន។ តែក្នុងរយៈពេលចុងក្រោយនេះ ចិនហាក់ដូចជាធុនទ្រាន់ នឿយណាយ និងទើសទាល់ចិត្តយ៉ាងខ្លាំងនៅចំពោះមុខទង្វើច្រំដែលរបស់កូរ៉េខាងជើងដែលបានសាកល្បងនុយក្លេអ៊ែរលើកទី៤ កាលពីថ្ងៃទី៦ មករាកន្លងទៅ។ ក្រៅពីប្រតិកម្មខ្លាំងៗរបស់ចិន ក៏មានប្រតិកម្មពីក្រុមអ្នកជំនាញដែលថា ការដែលលោកគីម ជុងអ៊ុនព្យាយាមពង្រឹង និងបន្តបង្ហាញសាច់ដុំនុយក្លេអ៊ែរ គឺមកពីមនុស្សខ្លំាងកូរ៉េខាងជើងភ័យខ្លាចស្លាប់តៃហោងដូចប្រធានាធិបតីអ៊ីរ៉ាក់សាដាម ហ៊ូសេន ឬប្រធានាធិបតីលីប៊ីកាដាហ្វី ឬមួយក៏មេអង្គការភេរវនិយមអាល់កៃដាអ៊ូសាម៉ា បេនឡាដេន។
នៅក្នុងប្រទេសជប៉ុនវិញ លោកអតីតរដ្ឋមន្រ្តីក្រសួងការពារជាតិម៉ូរីម៉ូតូបានយល់ឃើញថា មានតែការបន្តរក្សាអំណាចនុយក្លេអ៊ែរទេដែលរបបកុម្មុយនិស្តព្យុងយ៉ាងសង្ឃឹមនឹងអាចបន្តរស់រានមានជីវិតបាន។ ទាក់ទងនឹងការសាកល្បងគ្រាប់នុយក្លេអ៊ែរកាលពីថ្ងៃទី៦ មករាដែលកូរ៉េខាងជើងអះអាងជាគ្រាប់អ៊ីដ្រូសែនត្រូវបានលោកម៉ូរីម៉ូតូបញ្ជាក់ថា កូរ៉េខាងជើងពិតជាកំពុងផលិតគ្រាប់អ៊ីដ្រូសែននោះមែន តែនៅមិនទាន់សម្រេចជោគជ័យនៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ