អានតួអត្ថបទ
ថៃ

ថៃ៖មន្រ្តី​ប៉ូលិសជាន់ខ្ពស់​ម្នាក់​បាន​សុំសិទ្ធិ​ជ្រកកោណ​នយោបាយ​ក្នុង​ប្រទេស​អូស្រា្តលី

នៅ​ក្នុង​ប្រទេស​ថៃ មន្រ្តី​ប៉ូលិសជាន់ខ្ពស់​ម្នាក់​លោក​ប៉ាវីន ប៉ុងស៊ីរិន​ដែល​ទទួល​បន្ទុក​ការ​ស៊ើបអង្កេត​ក្នុង​រឿង​រត់ពន្ធ​ជនអន្តោប្រវេសន៍​ជាប់​ពាក់ព័ន្ធ​នឹង​មន្រ្តីដឹកនាំ​កំពូលៗ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១០ ធ្នូ​នេះ​ថា លោក​កំពុង​ដាក់​ពាក្យ​សុំសិទ្ធិជ្រកកោណ​នយោបាយ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។ មូលហេតុ​នៃ​ការ​សុំសិទ្ធិជ្រកកោណ​នយោបាយ​មក​ពី​លោក​បារម្ភ​អំពី​ជីវិត​របស់​លោក។

លោក​ប៉ាវីន ប៉ុងស៊ីរិន មន្រ្តី​ប៉ូលិសជាន់ខ្ពស់​ថៃ​សុំសិទ្ធិ​ជ្រកកោណ​នយោបាយ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី
លោក​ប៉ាវីន ប៉ុងស៊ីរិន មន្រ្តី​ប៉ូលិសជាន់ខ្ពស់​ថៃ​សុំសិទ្ធិ​ជ្រកកោណ​នយោបាយ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី
ផ្សាយពាណិជ្ជកម្ម

គឺ​តាម​រយៈ​សារ​មួយ​ផ្ញើ​ពី​បរទេស​ដែល​លោក​ប៉ាវីន ប៉ុងស៊ីរិន​បាន​ពន្យល់​បក​ស្រាយ​ប្រាប់ AFP ថា រស់នៅ​ក្នុង​ប្រទេស​ថៃ​សព្វថ្ងៃ​បាន​ក្លាយ​ជា​រឿង​គ្រោះថ្នាក់​បំផុត និង​ថា គ្មាន​នរណា​ម្នាក់​អាច​ការពារ​ជីវិត​លោក​បាន​ទេ។ យ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​នេះ គេ​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​បញ្ជាក់​ពី​រដ្ឋាភិបាល​អូស្រ្តាលី​ទាក់ទង​នឹង​ការ​សុំសិទ្ធិ​ជ្រកកោណ​នយោបាយ​របស់​មន្រ្តី​ប៉ូលិសជាន់ខ្ពស់​រូប​នោះ​នៅ​ឡើយ​ទេ តែ​សារព័ត៌មាន​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា លោក​ប៉ាវីន ប៉ុងស៊ីរិន​កំពុង​ស្ថិត​ក្នុង​ទឹកដី​អូស្តា្រលី​រួច​ទៅ​ហើយ។

គួរ​ជម្រាប​ជូន​ថា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ដែល​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ចេញ​មុខ​បរិហារ​ពី​ទង្វើ​ជួញដូរ​មនុស្ស​ក្នុង​ប្រទេស​ថៃ។ តែ​គឺ​ទើប​នៅ​ក្រោយ​ការ​រក​ឃើញ​រណ្តៅកប់​សព​រួម​ក្នុង​ព្រៃ​ស្ថិត​ប៉ែកខាងត្បូង​នា​ខែ​ឧសភា​កន្លង​មក​ទេ​ដែល​រឿង​អាស្រូវ​មួយ​នេះ​បាន​បែកធ្លាយ​យ៉ាង​ខ្ចរខ្ចាយ។ នៅ​ពេល​នោះ លោក​ប៉ាវីន ប៉ុងស៊ីរិន​ត្រូវ​បាន​តែងតាំង​ជា​អ្នក​ដឹកនាំ​ការ​ស៊ើបអង្កេត​ដោយ​លោក​បាន​ផ្តោត​លើ​ការ​រួមផ្សំគំនិត​របស់​មន្រ្តីជាន់ខ្ពស់​ក្នុង​ជួរ​ប៉ូលិស និង​កងទ័ព។ តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ការ​ស៊ើបអង្កេត​បែរ​ជា​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ប្រកាស​បិទ​បញ្ចប់​យ៉ាង​ទាន់ហន់​ចាប់​ពី​ខែ​តុលា។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ក្នុង​ខែ​វិច្ឆិកា លោក​ប៉ាវីន ប៉ុងស៊ីរិន​បាន​សម្តែង​ការ​សោកស្តាយ​ដែល​ក្រុមស៊ើបអង្កេត​របស់​លោក​ត្រូវ​បាន​គេ​បិទ​រហ័ស​ពេក និង​ថា នៅ​មាន​ជនសង្ស័យ​ជា​ច្រើន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ជួញដូរ​មនុស្ស​កំពុង​បន្ត​មាន​សេរីភាព។ គឺ​នៅ​ក្រោយ​បទ​សម្ភាសន៍​នោះ​ឯង​ដែល​លោក​ប៉ាវីន ប៉ុងស៊ីរិន​បាន​ទទួល​ការ​គំរាមកំហែង​ដល់​ជីវិត។ លោក​ប៉ាវីន ប៉ុងស៊ីរិន​បាន​បន្ថែម​ថា ទោះ​បី​ជា​មាន​ការ​បើក​សវនាការ​កាត់ទោស​ជនជាប់ចោទ​ជា​ច្រើន​រូប​ក្នុង​ខែ​វិច្ឆិកា ពិសេស​ឧត្តមសេនីយ​ម៉ាណា កុងប៉ាន​ពី​បទ​បាន​រៀបចំ​រឿង​ជួញដូរ​មនុស្ស​ក៏​ដោយ ក៏​បណ្តាញ​ជួញដូរមនុស្ស​នៅ​មិន​ទាន់​បាន​គាស់រំលើង​ទាំង​ស្រុង​ទេ។

គួរ​បញ្ជាក់​ថា អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ចោទ​មន្រ្តី​ប៉ូលិស និង​ទាហាន​ពី​បទ​បិទភ្នែក និង​ថែម​ទាំង​បាន​រួម​គំនិត​នៅ​ក្នុង​រឿង​ជួញ​ដូរ​មនុស្ស​ទៀត​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ