អានតួអត្ថបទ

ថៃប្រឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​​​ជួញដូរ​មនុស្ស​ ដើម្បី​ស្តារ​កេរ្ត៍​ឈ្មោះ​ក្នុង​​​របាយការណ៍​អាមេរិក

នៅ​ថ្ងៃ​សុក្រ​នេះ អាជ្ញាធរ​ថៃ​បាន​ប្រកាស​ចោទ​ប្រកាន់​​មនុស្ស​៧២​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​ឧត្តមសេនីយ៍​ផង ពី​បទ​ជួញ​ដូរ​មនុស្ស​។ ជា​ការ​ចោទ​ប្រកាន់​ដែល​ធ្វើ​ឡើង​ តែ​ប៉ុន្មាន​ថ្ងៃ​មុន​​ការ​ផ្សព្វផ្សាយរបាយការណ៍ Trafficking in Person ​ផ្តល់​​ចំណាត់​ថ្នាក់​ដល់​ប្រទេស​នីមួយៗ​លើ​លោក ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។

ជន​អន្តោប្រវេសន៍​រ៉ូហ៊ីងយ៉ា ឬ​បង់ក្លាដែល​ នៅ​ខេត្ត​សុងខ្លា ភាគ​ខាង​ត្បូង​ថៃ
ជន​អន្តោប្រវេសន៍​រ៉ូហ៊ីងយ៉ា ឬ​បង់ក្លាដែល​ នៅ​ខេត្ត​សុងខ្លា ភាគ​ខាង​ត្បូង​ថៃ REUTERS/Surapan Boonthanom
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ការិយាល័យ​រដ្ឋ​អាជ្ញា​ បាន​អះអាង​ថា​ មិន​ទុក​ឱ្យ​នរណា​ម្នាក់​យក​អំណាច​មក​អង្គុយ​លើ​ច្បាប់​ទេ !

នៅ​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង ៧២​នាក់ មាន​​​ជាង​១០​នាក់​ ជា​មន្ត្រី​រដ្ឋការ និង​តែ​​ម្នាក់​គត់​ជា​មន្ត្រី​ជាន់​ខ្ពស់​យោធា ដែល​តុលាការ​ខេត្ត​សុងខ្លា ចាត់​ទុក​ថា​មេខ្លោង​ធំ​ខាង​ជួញដូរ​មនុស្ស។ ឧត្តមសេនីយ៍ ម៉ាណា ធ្លាប់​​កាន់​តំណែងច្រើន​​ជា​មេ​ដឹកនាំនៅ​ភាគ​ខាង​ត្បូង​ប្រទេស អស់រយៈពេល​ជា​ច្រើន​ឆ្នាំ​ ហើយ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​គឺ​ជា​នាយ​ទាហាន​​ធំ​​​ ប្រចាំ​តំបន់​សុងខ្លាតែ​ម្តង ! ខេត្ត​ជាប់​ព្រំដែន​នឹង​ម៉ាឡេស៊ី និង​ជា​ទីតាំង​ជូញដូរ​មនុស្ស​ដ៏​សំខាន់ មុន​នឹង​ផ្ទេរ​ទៅ​ទៅ​កាន់​តួនាទី​ថ្មី​មួយ​ទៀត​នៅ​ទី​​ក្រុង​បាងកក ដោយ​គ្មាន​បញ្ជាក់​ពី​មូលហេតុ។

ថ្វី​បើ​ពេល​នេះ មាន​នាយ​ទាហាន​តែ​ម្នាក់​ដែល​ជាប់​ចោទ​មែន ប៉ុន្តែ​ ​ទីផ្សារ​នៃ​ការ​ជួញ​ដូរ​មនុស្ស​​មាន​ទំហំធំណាស់​នៅ​ប្រទេស​ថៃ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​បរិហារ​ជា​ញឹកញយ​អំពី​សកម្មភាព​នេះ និង​បរិហារ​ការ​ផ្សំ​គំនិត​ ឬ​ធ្មេញ​ភ្នែក​ពី​សំណាក់​ប៉ូលិស​និង​ទាហាន​ថៃ តាំង​ពី​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​ទើប​ផ្ទុះ​​​ផ្អើល​ដល់​សហគមន៍​អន្តរជាតិ កាលពី​ខែ​ឧសភា​កន្លង​ទៅ បន្ទាប់​ពី​រក​ឃើញ​មាន​ផ្នូរ​កប់​ខ្មោចរួម​ជន​​​អន្តោប្រវេសន៍​ នៅ​កណ្តាល​ព្រៃ។ យុទ្ធនាការ​តាម​ចាប់​បណ្តាញ​ជួញ​ដូរ​មនុស្ស របស់​អាជ្ញាធរ​ថៃ បាន​រុញ​ច្រាន​​ឱ្យ​ក្រុម​មេ​ខ្យល់​បោះបង់​ជន​អន្តោប្រវេសន៍​ភូមា បង់ក្លាដែស​ រាប់​ពាន់​នាក់​កណ្តាល​សមុទ្ទ។ វិបត្តិ​រត់ពន្ធ​មនុស្ស​ កាន់​តែ​រីក​ធំធាត់ ក្លាយ​ជា​វិបត្តិ​តំបន់ ដោយ​មាន​ថៃ​ជា​ស្នូល។

ដើម្បី​ស្តារ​កេរ្ត៍​ឈ្មោះ ថៃកំពុង​សម្អិត​សម្អាង​ខ្លួន បើក​យុទ្ធនាការ​ប្រឆាំង​នឹង​របប​ជួញ​ដូរ​មនុស្ស ដោយ​​​រំពឹង​លើ​របាយការណ៍​របស់​សហរដ្ឋ​អាមេរិក​ ដែល​នឹង​ត្រូវ​ចេញ​ផ្សាយ​​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ​។ កាលពី​ឆ្នាំ​២០១៤ របាយការណ៍​បាន​បញ្ចុះ​ចំណាត់​ថ្នាក់​ថៃ និង​ម៉ាឡេស៊ី​ ថា​មិន​បាន​ធ្វើ​ការ​គ្រប់គ្រាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ