អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការលែងលះ​របស់​អនាគត​ស្តេច​ថៃ​​ឆ្លុះបញ្ចាំង​ពី​វិបត្តិ​ស្នងរាជ្យ​បល្ល័ង្ក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រះជាយា​របស់​ព្រះរាជបុត្រ ត្រូវ​ស្នងរាជ្យ​ថៃ ជៀសមិនផុត​ពី​ បាត់បង់​ងារ ជា​សែ​រាជវង្ស បន្ទាប់ពី​គ្រួសារ​សាច់ញាតិ​របស់​ព្រះនាង ត្រូវ​បាន​រដ្ឋាភិបាល ដក​ងារ ដោយសារ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ កាលពី​ខែ​វិច្ឆិកា។ តាមរយៈ​សេចក្តីជូនដំណឹង ចេញ​ផ្សាយ កាលពី​យប់​ថ្ងៃ​សុក្រ ព្រះរាជវាំង​ថៃ បាន​បញ្ជាក់​ព័ត៌មាន​ដែល​ថា ព្រះអង្គម្ចាស់​ក្សត្រី ស៊្រី រស្មី ព្រះជាយា​របស់​ព្រះរាជបុត្រ មហាវិជ្ជរ៉ា ឡុងកន បាន​សុំ​បោះបង់​ចោល​​ងារ​រាជវង្ស។ ការលាលែង​ចេញពី​ងារ​រាជវង្ស​របស់​ព្រះនាង​ស្រ៊ី រស្មី ជាយារបស់​ព្រះរាជបុត្រ​ដែល​ត្រូវស្នងរាជ្យ អាច​ឆ្លុះ​បញ្ចាំង​ពី​វិបត្តិ​ស៊ីរូង ផ្ទៃក្នុង​រាជវង្សថៃ។ 

ព្រះនាង​ស្រ៊ី រស្មី ជាយា​ទីបី​របស់​ព្រះរាជបុត្រ​វិជ្ចរ៉ា ឡុងកន សុំ​លាចេញ​ពី​ងារ​រាជង្ស​ដែល​មាន​ន័យ​ស្មើ​ការលែងលះ​ជាមួយ​ព្រះរាជបុត្រ​ស្នងរាជ្យ
ព្រះនាង​ស្រ៊ី រស្មី ជាយា​ទីបី​របស់​ព្រះរាជបុត្រ​វិជ្ចរ៉ា ឡុងកន សុំ​លាចេញ​ពី​ងារ​រាជង្ស​ដែល​មាន​ន័យ​ស្មើ​ការលែងលះ​ជាមួយ​ព្រះរាជបុត្រ​ស្នងរាជ្យ ©REUTERS/Adrees Latif/Files
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​ថៃ ច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ​បាន​បិទ​ផ្លូវ មិន​ឲ្យ​មានសេចក្តីរាយការណ៍​ព័ត៌មាន​ទាំងឡាយណា ដែលជាប់ទាក់ទង​នឹង​គ្រួសារ​រាជវង្ស​ថៃ។ ដូច្នេះ គេ​គ្មាន​បាន​ទទួល​ព័ត៌មាន​ផ្លូវការ​ណាមួយ ដែល​បញ្ជាក់​ពី​ហេតុផល​ពិតប្រាកដ ដែល​ធ្វើ​ឲ្យ​ព្រះជាយា ស្រ៊ី រស្មី សុំ​លាលែង​ពី​ងាររាជវង្ស​ថៃ ហើយ​ក៏​គ្មាន​ប្រភព​ផ្លូវការ​ណាមួយ ដែលចេញ​មុខអះអាង​ថា ព្រះនាង ស្រ៊ី រស្មី បោះបង់​ចោល​ងារ​រាជវង្ស ដោយសារ​តែ រឿងអាស្រូវ​ពុករលួយ ដែល​គ្រួសារ​សាច់ញាតិ​របស់​ព្រះនាង​មាន​ជាប់ពាក់ព័ន្ធ​នោះដែរ។

 
គេ​អាច​ស្មាន​ដឹង​ថា ការសុំ​លាចេញ​ពី​ងាររាជវង្ស របស់​ព្រះនាង​ស្រ៊ី រស្មី គឺ​អាច​មាន​ជាប់​ទាក់ទង យ៉ាង​ប្រាកដ នឹង​រឿង​អាស្រូវ​ពុករលួយ ដែល​នៅក្នុង​នោះ គ្រួសារ​សាច់ញាតិ របស់ព្រះនាង​៧​នាក់ ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន និង​ត្រូវ​រដ្ឋាភិបាល​ដក​ចេញ​ពី​ងាររាជង្ស កាលពី​ខែ​វិច្ឆិកា។

ចាប់តាំង​ពី​មាន​ផ្ទុះរឿងអាស្រូវ​ដែល​មានជាប់ពាក់ព័ន្ធ​នឹង​សាច់ញាតិ​របស់​ព្រះជាយា របស់​ព្រះរាជបុត្រ វិជ្ជរ៉ា ឡុងកន មាន​ដំណឹង​ផ្លូវការ​តែ​មួយគត់ ដែល​ចេញ​ពី​រាជវាំង​ថៃ។ កាលពី​យប់​ថ្ងៃ​សុក្រ រាជវាំង​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែលលើក​ឡើង​ថា ព្រះមហាក្សត្រ​ថៃ ព្រះចៅ ភូមិបុល បាន​ទទួល​យល់ព្រម​ការសុំ​លាលែង ពី​ងារ​រាជវង្ស​របស់​ព្រះអង្គ​ម្ចាស់ក្សត្រី ស្រ៊ី រស្មី កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ។

តាម​ភាសា​រាជវាំង គេអាច​កំណត់ថា ការសុំ​លា​ចេញ​ពី​ងារ​រាជវង្ស​របស់​ព្រះនាង ស្រ៊ី រស្មី មាន​ន័យ​ស្មើ​នឹង​ការលះលែង​គ្នា របស់​ព្រះរាជបុត្រ ជាមួយ​នឹង​ព្រះជាយា​ទីបី ដែល​ព្រះអង្គ​បាន​រៀបការ ដោយ​សម្ងាត់ កាលពី​ឆ្នាំ ២០០១។ តាមច្បាប់​រាជវង្ស ព្រះនាង​ស៊្រី រស្មី​អាច​នឹង​ក្លាយ​ជាព្រះមហាក្សត្រិយានី​ថៃ នៅពេល​ដែល​ព្រះរាជបុត្រ វិជ្ជរ៉ា​ឡុងកន ឡើងស្នងរាជ្យ បន្ទាប់ពី​ព្រះបិតា គឺ​ព្រះចៅភូមិបុល ដែល​កំពុង​ប្រឈួន សម្រាក​នៅ​មន្ទីរពេទ្យ។

តាម​កាសែត​ក្នុង​ស្រុកថៃ បើទោះបី​ជា​ព្រះនាង​ស្រ៊ី រស្មី បាត់បង់​តំណែង​ជា​ព្រះជាយា​ទីបី​របស់ ប៉ុន្តែ បុត្រា​របស់​ព្រះនាង នៅ​តែ​នៅ​តែ​មាន​ងារាជវង្ស បន្តរស់នៅក្នុង​វាំង​ជាមួយ​ឪពុក និង​អាច​ស្នងរាជ្យ ទៅ​ថ្ងៃ​អនាគត។ ព្រះរាជបុត្រ មហាវិជ្ជរ៉ា ឡុងកន ធ្លាប់​បាន​ដកងា​រាជវង្ស​ពី​ជាយា​ពីររូប និង​កូនៗ ដែល​ពេលនេះ កំពុង​ភៀសខ្លួន រស់នៅក្នុង​ប្រទេស​អង់គ្លេស។ ដូច្នេះ ​ព្រះរាជបុត្រ​របស់​ព្រះជាយា​មុនៗ​របស់​មហាវិជ្ជរ៉ា ឡុងកន និង​មិន​អាច​មាន​សិទ្ធិ​ឡើង​ស្នងរាជ្យ​នៅ​ប្រទេស​ថៃ ទៅ​ថ្ងៃ​អនាគត​បានទេ។
នៅក្នុង​ពេល​ដែល​ព្រះមហាក្សត្រ​ថៃ កាន់តែ​ជរា និង​ប្រឈួន មិនឈប់ រាជវង្ស​ថៃ​កំពុង​ជួប​វិបត្តិ​ស្នងរាជ្យ​យ៉ាងធ្ងន់ធ្ងរ។ ព្រះចៅភូមិបុល ត្រូវ​បាន​ប្រជាជន​ថៃ​គោរព​លើក​ទូល ជា​ស្តេច ពាក់កណ្តាល​អាទិទេព។ សម្រាប់​ប្រជាជន​ថៃ ព្រះចៅភូមិបុល​ជា​ព្រះមហាក្សត្រ ល្អ​ឥតខ្ចោះ ដែល​បាន​ដើរតួ​ជាអ្នកសម្របសម្រួល នាំ​សុខ​ឲ្យ​ប្រទេស ថៃ​រហូតមក។ ប៉ុន្តែ ងាក​មក​មើល​ព្រះរាជបុត្រ មហាវិជ្ជរ៉ា ឡុងកន ដែល​ត្រូវ​ស្នងរាជ្យ​បន្ត​ពី​ព្រះចៅភូមិបុល​វិញ គឺ​ប្រជាជន​ថៃ​មិន​សូវ​ចូលចិត្ត​គាំទ្រ​ប៉ុន្មាន​ទេ។ ព្រះរាជបុត្រ​វិជ្ជរ៉ា​ឡុងកន​ត្រូវ​គេ​ចាត់ទុក ជា​ព្រះរាជបុត្រ Playboy ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ ជាញឹកញយ តាំងពី​បញ្ហា​លុយកាក់ និង​ស្រីញី។

ព្រះរាជបុត្រ​ស្នងរាជ្យ​មិនត្រឹម​មាន​អប្រជាប្រិយភាព ប៉ុន្តែ ព្រះអង្គ​ក៏​មិន​បាន​ទទួល​ការគាំទ្រ​ពី​ទាហាន​ថៃ​ប៉ុន្មានដែរ។ ក្រុមយោធា និង​ក្រុមអភិរក្ស​និយម នៅក្នុង​ព្រះរាជវាំង មិន​សូវ​ពេញចិត្ត​ចង់​ព្រះរាជបុត្រ ឡើងស្នងរាជ្យ​ទៅ​ថ្ងៃ​អនាគត​ដែរ ដោយសារ​តែ​ព្រះរាជបុត្រ​វិជ្ជរ៉ា ឡុងកន ធ្លាប់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រួសារ​របស់​លោកថាក់ស៊ីន។ គេ​វាយតម្លៃថា ក្រុមទីប្រឹក្សា​ពិសេស​របស់​ព្រះមហាក្សត្រ អាច នឹង​ផ្លុំត្រចៀក រហូត​ធ្វើ​ព្រះរាជបុត្រ បាត់បង់​ការចូលចិត្ត គាំទ្រ​ពី​ព្រះបិតា​របស់ព្រះអង្គ។ ត្រូវដឹងថា ក្រុមទីប្រឹក្សា​ពិសេស​របស់​ព្រះចៅភូមិបុល ភាគច្រើន មិនចូលចិត្ត​ចរិក ចង់​សប្បាយ របស់​របស់ព្រះរាជបុត្រ ហើយ​និង​​ការសេពគប់​របស់​ព្រះអង្គ ជាមួយថាក់ស៊ីន ដែល​គេចាត់ទុក​ជា​​សត្រូវ​គ្រោះថ្នាក់​សម្រាប់​រាជវង្សនោះទេ។

ព្រះរាជបុត្រ​បាន​សម្រេច​ដោះដៃ​ពីព្រះជាយា ដើម្បី​ដកខ្លួន​ចេញពី​រឿង​អាស្រូវ ក៏​ដូចជា​ដក​គ្រួសារ​រាជវង្ស​ចេញ​ឲ្យ​ឆ្ងាយ​ពី​រឿង​អាស្រូវ។ ធ្វើដូច្នេះ ដើម្បី​អាច​តស៊ូ នៅក្នុង​សង្រ្គាម​ស្នងរាជ្យ​ផង និង​ដើម្បី​ស្រោចស្រង់ ស្តារ​មុខមាត់​របស់​ព្រះអង្គ កុំ​ឲ្យ​បាក់មុខ នៅ​ចំពោះ​ប្រជារាស្រ្ត​ថៃផង។
ដោយសារ​វិបត្តិស្នងរាជ្យ ព្រះជាយា ស៊្រី រស្មី​ត្រូវ​ទទួល​រងថ្ម​បាក់
នៅក្នុង​ពេល​ដែល​ព្រះរាជវាំង​កំពុង​ជួប​វិបត្តិ​ស្នងរាជ្យ យោធា ដែល​យក​ស្លាក​ព្រះមហាក្សត្រ មក​ពាំងមុខ បាន​ចូល​អន្តរាគមន៍ ក្តោបអំណាច​គ្រប់គ្រង​ប្រទេសថៃ ដោយ​បាន​ធ្វើ​រដ្ឋប្រហារ កាលពី​ខែ​ឧសភា។ យោធា​អន្តរាគម​លូកដៃ ដើម្បី រក្សា​ស្ថិរភាព នយោបាយ​នៅ​ថៃ បើសិន​ជា​វិបត្តិ​ស្នងរាជ្យ មិនអាច​ត្រូវ​ដោះស្រាយ​ចេញរួច បន្ទាប់ពី​ការសោយទីវង្គត​របស់ព្រះចៅភូមិបុល។

ទោះបី​ជា​ថៃ ជួប​រដ្ឋប្រហារ ១២​លើក ចាប់តាំងពី​ឆ្នាំ ១៩៣២ យោធា​នៅ​តែ​គោរព ចង់​ឲ្យ​មាន​ថៃ​ដឹកនាំ​ដោយ​ព្រះមហាក្សត្រ ដែល​នឹង​ដើរតួនាទី រក្សា​លំនឹង និង​នាំ​សុខ​ឲ្យ​ប្រទេស​ថៃ។ យោធា​ធ្លាប់​បាន​បញ្ជាក់​ហើយថា ប្រទេស​ថៃ អាច​រីកចម្រើន​ទៅបាន ដរាបណា​ព្រះមហាក្សត្រ​​រឹងមាំ និង​មាន​អំណាច ឥទ្ធិពល។ ប៉ុន្តែ បញ្ហា​ដែលយោធា និង​ព្រះរាជវាំង ​កំពុង​ ប្រឈម​​នៅបច្ចុប្បន្ន​នេះ គឺ​ថា តើ​នឹង​រក​ព្រះមហាក្សត្រ​មកពីណា ដែល​រឹងមាំ និង​ទទួល​ការគោរព ពី​ប្រជាជន ឲ្យ​ដូច​ព្រះចៅភូមិបុល​នោះ?

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ