អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ្វី​ទៅ​ជា​លទ្ធផល​​១៣​ឆ្នាំនៃ​សង្គ្រាម​របស់​អូតង់ នៅ​អាហ្វហ្កានីស្ថាន ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ​ទី ២៨​ធ្នូ​២០១៤​នេះ កង​កម្លាំង​​អន្តរជាតិ​របស់​អូតង់ ឬ​ហៅ​កាត់​ថា​ISAF បាន​រៀប​ចំ​កម្មវិធី​បិទ​បញ្ចប់​បេសកកម្ម​ប្រយុទ្ធ​ជា​ផ្លូវ​ការ។ ​ISAF ត្រូវ​បាន​បង្កើត​ឡើង​កាលពី​១៣​ឆ្នាំ​មុន ដើម្បី​ជួយ​អាមេរិក​ កម្ទេច​ពួក​តាលីបង់ ក្រោយ​ហេតុការណ៍​មហាភេរវកម្ម​ថ្ងៃទី ១១​កញ្ញា ២០០១។ តែ​ទី​បំផុត ​​ ISAF បាន​ផុង​ក្នុង​សង្គ្រាម​ដ៏​យូរ​អន្លាយ​ ដើម្បី​គាំទ្រ និង​ស្ថាបនា​អាហ្វហ្កានីស្ថាន​ឡើង​វិញ។ កង​កម្លាំង​ប្រយុទ្ធ​នឹង​ដក​ចេញ​អស់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​៣១​ធ្នូ ​ដោយ​បន្សល់​ទុក​តែ​ទាហាន​​ប៉ុន្មាន​ពាន់​នាក់​សម្រាប់​ជួយ​បំពាក់បំប៉ន​កង​កម្លាំង​រក្សា​សន្តិសុខ​អាហ្វហ្កានីស្ថាន។

ឧត្តមសេនីយ៍​ Jonh Campbell មេបញ្ជាការ​កងទ័ព​អន្តរជាតិ​អូតង់ ដោះទង់​ជាតិ​បិទ​បញ្ចប់​បេសកកម្មប្រយុទ្ធ​ជា​ផ្លូវការ​នៅ​អាហ្វហ្កានីស្ថាន
ឧត្តមសេនីយ៍​ Jonh Campbell មេបញ្ជាការ​កងទ័ព​អន្តរជាតិ​អូតង់ ដោះទង់​ជាតិ​បិទ​បញ្ចប់​បេសកកម្មប្រយុទ្ធ​ជា​ផ្លូវការ​នៅ​អាហ្វហ្កានីស្ថាន @reuters
ផ្សាយពាណិជ្ជកម្ម

អូតង់​បាន​ផ្តល់ ព័ត៌មាន​​​លម្អិតទាក់ទង​នឹង​​រៀប​ចំ​ពិធី​នេះ នៅ​នាទី​ចុង​ក្រោយ​បំផុត ព្រោះ​តែ​​ខ្លាច​មាន​ការ​គំរាម​កំហែង​ភេរវកម្ម​ និង​ការ​វាយប្រហារ​ប្រដាប់​អាវុធ​ណា​មួយ​ ពី​សំណាក់​ពួក​តាលីបង់​ ដែល​រយៈ​ពេល​ចុង​ក្រោយ​នេះ បាន​ដៅ​ការ​វាយប្រហារ​​ កាន់​តែច្រើនឡើងៗនៅ​កណ្តាល​រដ្ឋធានី​កាប៊ូល​។ ថ្វីបើ​អូតង់​ទម្លាក់​ទង់ជាតិ នៅ​ថ្ងៃ​នេះ នៅ​ទីក្រុង​កាប៊ូល ដើម្បី​ជា​សញ្ញា​បញ្ជាក់​អំពី​ការ​បិទ​បញ្ចប់​ការ​ងារ​ប្រយុទ្ធ​ជា​ផ្លូវការ​មែន តែ​ពួក​តាលីបង់ មិន​ទម្លាក់​អាវុធ​ឯណា !

 តាលីបង់ ចាត់​ទុក បេសកកម្ម​​អូតង់ថា​បរាជ័យ​

 

អ្នក​នាំ​ពាក្យ​តាលីបង់ បាន​ថែម​ទាំង​អះអាង​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​យ៉ាង​ក្តែងៗ​ថា បេសកកម្ម​ប្រយុទ្ធ​១៣​ឆ្នាំ​របស់​កង​កម្លាំង​សម្ព័ន្ធ​មិត្ត​អូតង់ គឺ​ជា​បរាជ័យទាំង​ស្រុង និងយ៉ាង​ជូរចត់។ ការ​រៀប​ចំ​កម្មវិធី​បិទ​បញ្ចប់​បេសកកម្ម​នៅ​ថ្ងៃ​អាទិត្យ​​ជា​ភស្តុតាង​។

មិន​តែ​ប៉ុណ្ណោះ បើ​តាមអ្នក​នាំពាក្យ​តាលីបង់ ក្រុមនេះ​ថែម​ទាំងហ៊ាន​ដាក់​លក្ខខណ្ឌ​​ ដោយ​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត ថា​ការចរចាសន្តិភាព​អាហ្វហ្កានីស្ថាន ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​គ្មាន​វត្តិ​មាន​កង​កម្លាំង​អូតង់​ នៅ​ក្នុង​ទឹក​ដី​អាហ្វហ្កានីស្ថាន។

ចាប់​ពី​ថ្ងៃ​ទី ១ មករា ២០១៥​នេះ ត្រូវ​ បេសកកម្ម​ប្រយុទ្ធ​​របស់​កង​កម្លាំង​សម្ព័ន្ធ​មិត្ត ត្រូវ​បញ្ចប់​ជា​ស្ថាពរ ដោយ​ត្រូវ​ប្រគល់​ភារកិច្ច​​ទៅ​ឱ្យ​ទាហាន​អាហ្វហ្កានីស្ថាន​ប្រមុខ​នឹង​ពួក​តាលីបង់​តែ​ម្នាក់​ឯង និង​ដោយ​ខ្លួន​ឯង ព្រោះ​កងទ័ព​អូតង់​ដែល​បន្ត​ឈរ​ជើង​ក្នុង​ប្រទេស​នេះ មាន​តួនាទី​ត្រឹម​ជា​អ្នក​បំពាក់បំប៉ន​ បង្វឹក​បង្ហាត់ ឬ​ជា​ជំនួយ​ការ​ដល់​ទាហាន​អាហ្វហ្កានីស្ថាន​​តែ​ប៉ុណ្ណោះ។

១៣ឆ្នាំ​របស់​កង​កម្លាំង​អន្តរជាតិ​អូតង់

កង​កម្លាំង​អន្តរជាតិ​ ឬ​ហៅ​កាត់​ថា ISAF ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០១ ដោយ​អង្គការ​សហប្រជាជាតិ ដើម្បី​ទៅ​រក្សា​សន្តិសុខ​ឱ្យ​ក្រុង​កាប៊ូល និង​តំបន់​ជុំ​វិញក្រុង ក្នុង​ពេល​ដែល​កងទ័ព​អាមេរិក និង​សម្ព័ន្ធ​មិត្ត​ ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្តាញ ភេរវនិយម​អាល់កៃដា និង​តាលីបង់ នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​របស់​អាហ្វហ្កានីស្ថាន។ មក​ដល់​ឆ្នាំ​២០០៣ នៅ ពេល​មេកើយ​ Mollah Omar បាន​រៀប​ចំរចនា​សម្ព័ន្ធ​​តាលីបង់ឡើង​វិញ​ និង​បាន​បើ​ក​យុទ្ធនាការ​វាយប្រហារ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​កង​កម្លាំង​អន្តរជាតិ​មក ISAF ក៏​ត្រូវ​បាន​បញ្ចូល​និងក្រោម​បញ្ជាការ​អង្គការ​អូតង់​តែ​មួយរួម​គ្នា និង​មាន​បន្ទុក​ រយៈ​ពេល​បី​ឆ្នាំ ការពារ​សន្តិសុខ​ពេញ ផ្ទៃ​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន។ ដោយ​ចង់​យក​ឈ្នះ​ពួក​តាលីបង់ ដែល​បង្កើន​ការ​វាយប្រហារ​ឥតឈប់ និង​ជួយ​ស្ថាបនា​ប្រទេស​ឡើង​វិញ បំពេញ​ចិត្ត​ពល​រដ្ឋ​អាហ្វហ្កានីស្ថាន កង​កម្លាំង​អន្តរជាតិ​អូតង់​នេះ បាន​បន្ត​បេសកកម្ម​រហូត​ ​​ដល់​ឆ្នាំ​២០១១ ​ដោយ​មាន​កម្លាំង​ទ័ព មិន​ធ្លាប់​មាន​បាន​​ប្រមាណ​ជិត ១៤០០០០​នាក់ មក​ពី​ជាង​៥០​ប្រទេស ក្នុង​នោះ​ជាង ១០០០០០​នាក់​ជា​អាមេរិក។ គឺ​នៅ​ឆ្នាំដដែល​នោះ ដែល​អូសាម៉ា​ បិនឡាដិន​ត្រូវ​បាន​សម្លាប់ ​នៅ ប៉ាគីស្ថាន សហរដ្ឋ​អាមេរិក និង​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ចាប់​ដក​ជា​បណ្តើរៗ​។

អំពើ​ពុក​រលួយ​ និង​ការ​បាត់​បង់

ឥលូវ​ យុទ្ធនាការ​ប្រយុទ្ធ​ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​កម្លាំង​ទាហាន​អាហ្វហ្កានីស្ថាន ព្រោះISAF បាន​បំពាក់បំប៉ន​កម្លាំង​បាន​ប្រមាណ​៣៥០០០០នាក់។ ប៉ុន្តែ​ពួក​តាលីបង់ នៅ​តែ​ខ្លាំង កងកម្លាំង​អាហ្វហ្កានីស្ថាន​បាន​រង​ការ​បាត់​បង់​យ៉ាង​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន នៅ​ឆ្នាំ ២០១៤​នេះ មាន​ស្លាប់​​ដល់​ទៅ​៤៦០០​នាក់។ គិត​ចាប់​ពី​ចេញ​ធ្វើ​សង្គ្រាម​នៅ​អាហ្វហ្កានីស្ថាន​នេះ​មក អ៊ីសាហ្វ​បាន​បាត់​បង់​ជីវិត​ទាហាន​របស់​ខ្លួន​ ៣៤៨៥​នាក់។ ហើយ​បើ​តាម​អង្គការ​សហប្រជាជាតិ ជនស៊ីវិល​ជា​អ្នក​រង​គ្រោះ​ខ្លាំង​ជាង​គេ​និង​កើន​ឡើង​១៩%​នៅ​ឆ្នាំ​២០១៤។

តាំង​ពី​ឆ្នាំ​២០០១​មក លុយ​ជំនួយ​ របស់​សហគមន៍​អន្តរជាតិ រាប់​ពាន់​លានដុល្លារ បាន​យក​ទៅ​ចាក់​ចាយ​នៅ​អាហ្វហ្កានីស្ថាន ​ប៉ុន្តែ​ដោយ​ហេតុ​តែ​អំពើ​ពុក​រលួយ​ស៊ី​រ៉ូង​ ការ​ស្ថាបនា​ប្រទេស​គ្មាន​​ប្រសិទ្ធភាព​អ្វី​សោះ​ ! នៅ​ឆ្នាំ​នេះ ការ​បោះឆ្នោត​ប្រធានាធិបតី​ ដែល​ជា​គំរូ​បញ្ជាក់​អំពី​ការ​ផ្សះ​ផ្សា​ជាតិ ​ឆ្លង​កាត់​អន្តរកាល​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ ក៏​ត្រូវ​បាន​កត់​សម្គាល់ដោយ​​ការ​លួច​បន្លំ។ លោក បាន​ជោគជ័យ​លើ​គូ​ប្រជែង​មែន តែ​រដ្ឋាភិបាល​នៅ​តែ​ពុំ​ទាន់​អាច​បង្កើត​ឱ្យ​ចេញ​ជា​រូប​រាង​បាន​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ