អានតួអត្ថបទ
ប៉ាគីស្ថាន-ចិន

ចិន​បាន​ប្រកាស​ត្រៀម​ខ្លួន​ធ្វើ​ជា​អាជ្ញាកណ្តាល​នៅ​ក្នុង​ជម្លោះ​រវាង​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ កុម្ភៈ លោក​ប្រមុខ​ការទូត​ចិន​វ៉ាង យី​បាន​ប្រកាស​ឲ្យ​ដឹង​ថា ចិន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ធ្វើ​ជា​អាជ្ញាកណ្តាល​នៅ​ក្នុង​ជម្លោះ​រវាង​ពួក​ឧទ្ទាម​តាលីបង់ និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ លោក​វ៉ាង យី​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នា​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាត ប្រទេស​ប៉ាគីស្ថាន។ ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​ការទូត​ចិន​ក៏​បាន​បញ្ជាក់​ពី​តួនាទី​មិន​អាច​ជំនួស​បាន​ដែល​ប៉ាគីស្ថាន​ធ្លាប់​អនុវត្តន៍​នា​ពេល​កន្លង​មក​ចំពោះ​ប្រទេស​ជិត​ខាង​អាហ្វហ្កានីស្ថាន​របស់​ខ្លួន។

លោក​ប្រមុខ​ការទូត​ចិន វ៉ាង យី
លោក​ប្រមុខ​ការទូត​ចិន វ៉ាង យី REUTERS/Mohamed Abd El Ghany
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជាមួយ​ទីប្រឹក្សាសន្តិសុខ​ប៉ាគីស្ថាន​ដែល​លោក​ប្រមុខ​ការទូត​ចិន​វ៉ាង យី​បាន​ថ្លែង​ច្បាស់ៗ​ថា ចិន និង​ប៉ាគីស្ថាន​នឹង​ជួយ​គំាទ្រ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​នៅ​ក្នុង​បេសកកម្ម​ស្វែង​រក​ការ​ផ្សះផ្សា​មួយ​ជាមួយ​នឹង​គូបដិបក្ខ​នយោបាយ​ផ្ទៃ​ក្នុង​ទំាង​អស់ ក្នុង​នោះ​ក៏​មាន​ចលនា​ឧទ្ទាម​តាលីបង់​ដែរ។ គួរ​ជម្រាប​ជូន​ថា តំាង​ពី​កម្លំាងអន្តរជាតិ​ដឹកនំា​ដោយ​អាមេរិក​បាន​ផ្តួលរំលំ​របបតាលីបង់​នៅ​អាហ្វហ្កានីស្ថាន​ក្នុង​ឆ្នំា ២០០១ មក របប​មួយ​នេះ​នៅ​បន្ត​មាន​ជីវិត និង​កំពុង​ប្រយុទ្ធ​តស៊ូ​ប្រឆំាង​នឹង​របប​ក្រុង​កាប៊ូល​បច្ចុប្បន្ន​យ៉ាង​ខ្លំាងក្លា​ទៀត​ផង។ តែ​តំាង​ពី​ខែ​ធ្នូ ឆ្នំា ២០១៤ មក កម្លំាង​អន្តរជាតិ​ក្រោម​ដំបូល​របស់​អង្គការ​អូតង់​បាន​ដក​កម្លំាង​ទ័ព​ចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន ដោយ​បន្ត​រក្សា​ទុក​ចំនួន​តិចតួច​ដើម្បី​ជួយ​ហ្វឹកហ្វឺន​កម្លំាង​អាហ្វហ្កានីស្ថាន ពោល​មិន​ចូល​រួម​ប្រយុទ្ធ​ត តំាង​ផ្ទាល់​ទល់​នឹង​ពួក​តាលីបង់​ដូច​មុន​ទៀត​ទេ។

អ៊ីចឹង​ហើយ​បាន​ជា​លោក​ប្រមុខ​ការទូត​ចិន​វ៉ាង យី​បាន​ចាត់​ទុក​ស្ថានការណ៍​នៅ​អាហ្វហ្កានីស្ថាន​សព្វថ្ងៃ ជា​ស្ថានការណ៍​អន្តរកាល​មួយ​យ៉ាង​សំខាន់​ដែល​ប្រទេស​ជិត​ខាង​ប៉ាគីស្ថាន​មួយ​នេះ​ត្រូវ​ព្យាយាម​រស់​ដោយ​ខ្លួន​ឯង។ លោក​វ៉ាង យី​បាន​បញ្ជាក់​ថា អស់​រយៈពេល​ជា​យូរ​មក​ហើយ​ដែល​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​ឆ្លង​កាត់​នូវ​ព្យុះ​នយោបាយ និង​ថា វា​ល្មម​ដល់​ពេល​ដែល​គេ​ត្រូវ​បិទបញ្ចប់​វិបត្តិ​ដ៏​រុំារ៉ៃ​នោះ​ហើយ ដោយ​លោក​បាន​លើក​ឡើង​ពី​ឆន្ទៈ​របស់​ប្រជាជន​អាហ្វហ្កានីស្ថាន ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ​ទូទៅ។ ក្នុង​ន័យ​នេះ លោក​វ៉ាង យី​បាន​ចេញ​មុខ​ធានា​ដោយ​គ្មាន​អល់អែក​ថា ចិន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ដើរ​តួនាទី​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា និង​ផ្តល់ជំនួយ​ចំាបាច់​ដល់​គ្រប់​គូបដិបក្ខ​នយោបាយ​ទំាង​អស់​នៅ​អាហ្វហ្កានីស្ថាន។

ម្យ៉ាងទៀត លោក​វ៉ាង យី​ក៏​បាន​លើក​ឡើង​ពី​តួនាទី​មិន​អាច​ជំនួស​បាន​របស់​ប៉ាគីស្ថាន​នៅ​ក្នុង​បញ្ហា​អាហ្វហ្កានីស្ថាន និង​ថា ប៉េកំាង និង​អ៊ីស្លាម៉ាបាត​នឹង​បន្ត​ធ្វើ​ការ​រួម​គ្នា​ដើម្បី​សន្តិភាព​នៅ​អាហ្វហ្កានីស្ថាន។ ការ​លើកឡើង​របស់​ប្រមុខ​ការទូត​ចិន​ស្តីពី​ប្រទេស​អាហ្វហ្កានីស្ថាន​ពេល​នេះ​បាន​កើត​មាន​ឡើង ប៉ុន្មាន​សប្តាហ៍​ក្រោយ​ពី​ពួក​ឧទ្ទាម​តាលីបង់​បាន​បញ្ជាក់​នៅ​ក្នុង​គេហទំព័រ​ខ្លួន​ថា ពួក​គេ​បញ្ជូន​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន។ តែ​លោក​វ៉ាង យី​មិន​បាន​បញ្ជាក់​ពី​ព័ត៌មាន​នេះ​ទេ។ តែ​លោក​បាន​ប្រាប់​ឲ្យ​ដឹង​ពី​គម្រោង​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​របស់​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​នៅ​ប៉ាគីស្ថាន​នា​ពេល​ឆាប់ៗ​ខាង​មុខ​ក្នុង​ឆ្នំា ២០១៥ នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ