អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

របបដឹកនាំ​ស៊ីរី​ និង​ក្រុម​ជីហាត​អាច​ទាញ​បាន​ប្រយោជន៍​ពី​ការ​វាយលុក​នៅ​អ៊ីរ៉ាក់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋាភិបាល​​ដឹកនាំ​របស់​​ប្រធានាធិបតី បាស្ហា អាល់ ​​អាសាដ​នៅស៊ីរី​ និង​ក្រុម​ជីហាត​​ដែល​កំពុង​វាយលុក​នៅ​អ៊ីរ៉ាក់​ កំពុង​តែ​ទាញ​យក​ផលប្រយោជន៍​ដូចគ្នា ពី​​ហេតុការណ៍វាយប្រហារ​នៅ​អ៊ីរ៉ាក់​នេះ។ ដោយសារ​ការ​វាយប្រហាររបស់​ក្រុមជីហាត នៅ​អ៊ីរ៉ាក់ អ្នកជំនាញនានា​គិតថា ​​អាមេរិក​និង​អង់គ្លេស​ ដែល​ធ្លាប់​ចុះ​ទៅ​ធ្វើសង្គ្រាម​នៅ​អ៊ីរ៉ាក់ កាលពី​ឆ្នាំ​២០០៣នោះ ​ប្រហែល​​អាច​ប្តូរជំហរ​ បន្ទន់​ទៅ​រក​ប្រធានាធិបតីស៊ីរី​វិញ ដើម្បី​រកដំណោះស្រាយ​សន្តិសុខ​​នៅ​ដើមបូព៌ា។

កងកម្លាំង​​អ៊ីរ៉ាក់​​កំពុង​ល្បាត​តាម​ព្រំដែន​
កងកម្លាំង​​អ៊ីរ៉ាក់​​កំពុង​ល្បាត​តាម​ព្រំដែន​ REUTERS/Mushtaq Muhammed
ផ្សាយពាណិជ្ជកម្ម

ចំពោះ​វិបត្តិ​សង្គ្រាម​នៅ​ស៊ីរី ​អាមេរិក​និង​អង់គ្លេស​​សុទ្ធតែ​​ចោទ​ប្រធានាធិបតី​ស៊ីរី​ បាស្ហា អាល់ អាសាដ ថា​​​​ផ្តាច់ការ ប្រើ​អាវុធ​គីមី​សម្លាប់​មនុស្ស។ នៅអឺរ៉ុប​ ​អង់គ្លេស​និង​បារាំង​ថែម​ទាំង​អួតថា មាន​ភស្តុតាង​បញ្ជាក់​ថា កងទ័ពស៊ីរីប្រើ​អាវុធ​ជាតិពុល វាយប្រហារ​ក្រុម​ឧទ្ទាម​ដែល​កំពុង​ជួយ​ក្រុម​​ប្រឆាំង​ប្រយុទ្ធ​​រដ្ឋអំណាច​ស៊ីរី​ទៀតផង។ ​វិបត្តិ​ស៊ីរី​មិនទាន់​ដោះស្រាយ​​រួចផង ​ឥឡូវ​ វិបត្តិ​អ៊ីរ៉ាក់​បាន​រង្គោះរង្គើ​គួរ​អោយ​ចាប់​អារម្មណ៍​ឡើងវិញ។ មូលហេតុ​គឺ​ថា ក្រុម​ជីហាត​ឈ្មោះថា រដ្ឋ​អ៊ីស្លាម​អ៊ីរ៉ាក់​ដែល​ធ្លាប់​​ជួយ​ក្រុម​ឧទ្ទាម​និង​ក្រុម​ប្រឆាំង​ស៊ីរី​ ប្រយុទ្ធ​​នឹង​កងទ័ព​លោក​អាសាដ ​បាន​ចូល​ទៅវាយលុក​នៅ​អ៊ីរ៉ាក់​ ដណ្តើម​កាន់កាប់​បាន​ដែនដី​មួយចំនួន​ធំ។ ​ដូច្នេះ ពេលនេះ​ ​​ក្រុម​ជីហាត​ដែល​ជា​សត្រូវ​របស់​​រដ្ឋា​ភិបាល​​​លោក​អាសាដនោះ​ ក៏​បាន​ក្លាយជា​សត្រូវ​របស់​រដ្ឋាភិបាល​​អាមេរិក​​និង​អង់គ្លេស ដែល​គាំទ្រ​រដ្ឋាភិបាល​អ៊ីរ៉ាក់​នោះដែរ។​​

គួររំលឹក​ថា​ ​ក្រុម​ឧទ្ទាម​ជ្រុលនិយម ឈ្មោះ​ថា ​​រដ្ឋអ៊ីស្លាម​អ៊ីរ៉ាក់នេះ​​ ​ធ្លាប់​ជួយ​ក្រុម​ឧទ្ទាម​​ និង​ក្រុម​ប្រឆាំង​​នៅ​ស៊ីរី ចូល​​ប្រយុទ្ធ​ប្រឆាំង​កងទ័ព​​របស់​លោក​អាសាដ។ ក្រោយមក​ ក្រុម​នេះ​បាន​បែកបាក់​​គ្នា​ជាមួយ​ក្រុម​ឧទ្ទាម​​។ ​ដោយ​ពិបាក​វាយ​ជាមួយ​កងទ័ព​ស៊ីរី ក្រុម​នេះ​​បាន​ឆ្លៀត​បង្វែរ​ទិស​ប្រយុទ្ធ​មកវាយ​យក​ដែនដី​នៅ​អ៊ីរ៉ាក់​ទន្ទឹម​គ្នា​ដែរ ព្រោះ​ថា រដ្ឋអំណាច​​អ៊ីរ៉ាក់​ផុយស្រួយ​ស្រួល​​វាយលុក។ ​រដ្ឋាភិបាល​អ៊ីរ៉ាក់​បែកបាក់ ​​ដោយសារ​រឿង​ពុករលួយ និង​ជម្លោះ​និកាយ​សាសនា។

ពេលនេះ ​ចង់​មិនចង់ ​អាមេរិក​​​និង​អង់គ្លេស​ដែល​​​ធ្លាប់​ចចេស​រឹងរូស​ ចុះទៅ​​ធ្វើ​សង្គ្រាម​នៅអ៊ីរ៉ាក់​ កាលពី​ឆ្នាំ​២០០៣ ​ដោយ​​គ្មាន​ការ​អនុញ្ញាត​ពី​អង្គការ​សហ​ប្រជាជាតិ​ ​​​កំពុងតែ​​​ភ្ញាក់​ខ្លួន​ដោយសារ​ឃើញ​ថា សត្រូវ​របស់​លោក​អាសាដ កំពុង​ប្រែកាយ​​​ក្លាយ​ជា​សត្រូវរបស់​ខ្លួន​ផងដែរ។

ដូច្នេះ រដ្ឋាភិបាល​អាមេរិក​និង​អង់គ្លេស​ អាច​នឹង​មើល​ជំហរ​នយោបាយ​ខ្លួន​លើ​របប​ដឹកនាំ​ស៊ីរី​ឡើងវិញ ព្រោះថា ​ថ្វីបើ​សង្គ្រាម​រ៉ាំរ៉ៃ​នៅស៊ីរី​ពិបាកនឹង​បញ្ចប់​មែន តែក្រុម​ប្រឆាំង​ស៊ីរី និង​ក្រុម​ឧទ្ទាម​នានា​នៅ​ស៊ីរី ​ដែល​អាមេរិក​និង​អង់គ្លេស​គាំទ្រ​​ ពិបាក​នឹង​​​​​យក​ជ័យជំនះ​លើ​​កងទ័ព​លោក​អាសាដ​ណាស់។ កងទ័ព​ស៊ីរី​មាន​ជំហរ​រឹងមាំ ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ក្រុម​ឧទ្ទាម។​ អាមេរិក​និង​អង់គ្លេស​អាច​នឹង​ត្រូវការ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​របស់​លោក​អាសាដផង​ក៏​ថាបាន​ ដើម្បី​ទប់ស្កាត់​ក្រុម​ជីហាត​នៅអ៊ីរ៉ាក់ ​មិនអោយ​ផ្តួល​របប​ដឹកនាំ​របស់​លោក​ម៉ាឡាគី ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។

ក្រុម​ជីហាត​ចង់​បង្កើត​រដ្ឋអ៊ីស្លាម​មួយ​ នៅ​ព្រំដែន​រវាង​ស៊ីរី​និង​អ៊ីរ៉ាក់។ ​ ពេលនេះ​​ សហគមន៍​អន្តរជាតិ​​កំពុង​បារម្ភ​ថា ការវាយលុក​របស់​ក្រុម​ជីហាត​​​​នៅអ៊ីរ៉ាក់ អាច​រាលដាលគ្រោះថ្នាក់​ក្នុងតំបន់។ ក្រោយ​ពេល​ដក​កងទ័ពចេញអស់​ពីអ៊ីរ៉ាក់ នៅចុង​ឆ្នាំ​២០១១ ​​អាមេរិក​មិន​ហ៊ាន​បញ្ជូន​ទ័ព​ទៅ​​​​អ៊ីរ៉ាក់វិញទេ។ ​អាមេរិក​និង​អង់គ្លេស ​បាក់មុខ​ដោយសារ​ធ្លាប់​ធ្វើ​សង្គ្រាម​នៅ​​អ៊ីរ៉ាក់​ ផ្តួល​​រំលំ​រដ្ឋាភិបាល​និកាយ​ស៊ុននីត របស់​លោក​សាដាំ​ហ៊ូសេន​​នោះ​ឯង។ ​អាមេរិក​និង​អង់គ្លេស​ ​បាន​ត្រឹមតែ​​បន្ទោស​រដ្ឋាភិបាលនិកាយ​ស្ហ៊ីអ៊ីត​​​អ៊ីរ៉ាក់​ បច្ចុប្បន្ន​​ ​ថា​មិនចេះ​បង្រួបបង្រួម​និកាយ​ស៊ុននីត​និង​ស្ហ៊ីអ៊ីត ទើបធ្វើ​អោយ​អ្នកកាន់​និកាយ​ស៊ុននីតចុះចូល​ជាមួយ​ក្រុមជីហាត​ ងាយ​​ដណ្តើម​ដែនដី​ពី​រដ្ឋាភិបាល។​ ​

កាលពី​ថ្ងៃ​ចន្ទ ​​លោក​ឡាក់ដា ប្រាហ៊ីមី ​​ ​អតីត​បេសកជន​អង្គការ​​សហប្រជាជាតិ​ទទួល​បន្ទុក​សំណុំ​រឿង​ស៊ីរី បាន​បរិហារ​ពី​ភាពអសកម្ម​របស់​សហគមន៍​អន្តរជាតិ​ក្នុង​វិបត្តិ​ស៊ីរី ដែល​ធ្លាក់​ជាផលវិបាក​ដល់​អ៊ីរ៉ាក់។ បន្តិច​មក​ ​លោក​ថូនី ប្ល៊ែរ ជា​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស ដែល​ធ្លាប់​បញ្ជា​កងទ័ព​​​អង់គ្លេស​​ទៅ​ធ្វើ​​សង្គ្រាម​នៅ​អ៊ីរ៉ាក់​ ​ដែរ​នោះ ​ក៏​បាន​​ចេញមុខ​​​បន្ទោស​​ភាពអសកម្ម​របស់​សហគមន៍​អន្តរជាតិ​ដូចគ្នា​ដែរ។ ​

​បើគេ​​​​នាំ​គ្នា​គិតថា​សហគមន៍​អន្តរជាតិ​អសកម្ម​ចំពោះ​​វិបត្តិស៊ីរី ហើយ​​គ្រប់គ្នា​​នាំគ្នា​​រក​មធ្យោបាយ​ទប់ទល់​ក្រុម​ជីហាត​ដែល​ជា​សត្រូវ​របស់​ប្រធានាធិបតី​ស៊ីរី​ដែរនោះ ​ចង់មិនចង់​ អាមេរិក​និង​អង់គ្លេស ក៏​មិនអាច​មើល​រំលង​យុទ្ធសាស្ត្រ​ដ៏​រឹងមាំ​របស់​កងទ័ព​លោក​អាសាដ​​ដែរ។ ប្រធានាធិបតី​ស៊ីរី​ធ្លាប់បញ្ជាក់​ហើយថា ទាំង​ក្រុមជីហាត​ជ្រុលនិយម ទាំង​ក្រុម​ឧទ្ទាម​ធម្មតា ដែល​គាំទ្រ​ក្រុម​ប្រឆាំងស៊ីរី សុទ្ធ​តែ​ជ​ក្រុម​ភេរវជន​ទាំងអស់។ លោក​អាសាដ​ថែមទាំង​ចោទ​ប្រទេស​លោក​ខាងលិច​ តួកគី​ និង​បណ្តា​ប្រទេស​ឈូងសមុទ្រ​ពែរស៍​ថា ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​និង​យោធា​ដល់​ក្រុម​ឧទ្ទាម​ទាំង​នេះទៀតផង។ ​

ឥឡូវ​ផលវិបាក​ គឺ​ធ្លាក់​មកលើ​ប្រទេស​លោកខាងលិច និង​អាមេរិក​​​​​ខ្លួនឯង ព្រោះថា ក្រុម​ជីហាត​ជ្រុល​និយម​មិនខ្វល់​ថា ​អង់គ្លេស​ធ្លាប់​​គាំទ្រ​ក្រុមខ្លួន​នៅ​ស៊ីរី រឺ​ក៏​​​​​គាំទ្រ​រដ្ឋាភិបាល​​​អ៊ីរ៉ាក់​​​អ្វីទេ ក្រុម​ជីហាត​ជ្រុល​និយម​គិត​តែ​​ម្យ៉ាង​ប៉ុណ្ណោះ គឺ​វាយ​ដណ្តើម​ដែនដី​អ៊ីរ៉ាក់​និង​ស៊ីរី​ ដើម្បីអាច​​បង្កើត​រដ្ឋ​អ៊ីស្លាម​មួយ ​​​តាម​​ព្រំដែន​​រវាង​ប្រទេស​ទាំង២។ ​

ពេលនេះ ក្រុម​ជីហាតជ្រុលនិយម រដ្ឋអ៊ីស្លាម​អ៊ីរ៉ាក់​​ ​​​កំពុង​កេង​ផលចំណេញ​ពី​ការវាយលុក​​ ​នៅអ៊ីរ៉ាក់​ដែរ។ ទី១ ក្រុម​ជីហាត​បាន​លេចមុខ​លេច​មាត់​ក្នុង​ឆាក​អន្តរជាតិ ព្រោះថា​បាន​វាយលុក​​ក្នុង​ទឹកដី​អ៊ីរ៉ាក់​ ដែល​អាមេរិក​និង​អង់គ្លេស​អាប់មុខ​ដោយសារ​សង្គ្រាម​ឆ្នាំ​២០០៣​នោះ។ ​ទី២ ក្រុម​រដ្ឋអ៊ីស្លាម​អ៊ីរ៉ាក់​ ដែល​​បែកបាក់​ជាមួយ​ក្រុមឧទ្ទាម​នានា​នៅ​ស៊ីរី​​ ​ចង់​អួត​ក្រុម​ឧទ្ទាម​​ទាំងនោះ​វិញ​ថា​ ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​អ៊ីរ៉ាក់ ​​ក្លាយ​ជា​ក្រុម​​ខ្លាំង​ក្លា ក្នុងតំបន់ ព្រោះ​មិនចាំ​បាច់​ពឹង​​ជំនួយ​ពី​បរទេស​ ដូច​ក្រុម​ឧទ្ទាម​ទាំងនោះ​ទេ ​តែ​ក៏អាច​យក​ដែនដី​នៅអ៊ីរ៉ាក់​មួយចំនួន​ធំ​មក​កាន់កាប់​​​ទៅ​ហើយ។ ​​

ដោយសារ​កងទ័ព​អ៊ីរ៉ាក់​រត់ចោល​ជួរ ក្រុម​ជីហាត​មួយនេះ បាន​ដណ្តើម​យក​សម្ភារៈយោធា​ជាច្រើន​​​ ពី​កងទ័ព​ដោយ​ស្រួល ហើយ​បាន​នាំ​សម្ភារៈ​យោធា​ទាំងនេះចូល​ក្នុង​ទឹកដី​ស៊ីរី​ទៀតផង។ ដូច្នេះ ​ពេលនេះ ចៀសវាង​ការ​វាយលុក​នៅ​អ៊ីរ៉ាក់​រាលដាល​ជា​គ្រោះថ្នាក់​ក្នុង​តំបន់ ​សហគមន៍​អន្តរជាតិ ​​ពិសេស​​អាមេរិក​និងអង់គ្លេស ត្រូវតែ​មើលពី​ជំហរ​របស់​ខ្លួន​ឡើងវិញ​ចំពោះ​រដ្ឋាភិបាល​ស៊ីរី។ អាមេរិក​និង​អង់គ្លេស​ក៏​​​បាន​ដឹង​​ដែរថា អ្នកកាន់​និកាយ​ស៊ីអ៊ីត​​ជនជាតិ​អ៊ីរ៉ាក់​ជាច្រើន​ពាន់នាក់​ កំពុង​តែ​​ជួយ​កងទ័ព​លោក​អាសាដ​ ដើម្បីប្រយុទ្ធ​នឹង​ក្រុម​ឧទ្ទាម ដែល​អាមេរិក និង​អឺរ៉ុបគាំទ្រ​នោះ។ ប្រធានាធិបតី​អាសាដ ធ្លាប់​បាន​​លើកឡើង​ច្រើនដង​មក​ហើយថា ទាល់តែ​មាន​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​ពី​សហគមន៍​អន្តរជាតិ ទើប​អាច​ទប់ទល់​នឹង​ភេរវកម្ម​​ក្នុង​តំបន់​បាន៕ ​ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ