អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​កងទ័ព​អ៊ីរ៉ាក់​រាប់សែននាក់​​ចាញ់​ក្រុមប្រយុទ្ធ​​ជីហាត​ដែល​មាន​ចំនួន​មិន​ដល់​៥ម៉ឺននាក់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមអ៊ីស្លាម​ជ្រុលនិយម ​បន្ត ​វាយ​យក​បាន​ជា​បន្តបន្ទាប់ ទីក្រុង​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់។ កាលពី​ថ្ងៃចន្ទ ទី ១៦ មិថុនា ក្រុមជីហាត​ចូល​ដណ្តើម​កាន់កាប់​ទីក្រុង​មួយទៀត ដែល​ស្ថិតនៅ​ភាគពាយ័ព្យ​អ៊ីរ៉ាក់។ ប្រជាជន​ជាង​២សែន​នាក់​បាន​រត់ភៀសខ្លួន ចេញ​ពី​ផ្ទះសម្បែង។ ខណៈពេល​ដែល​ក្រុមជីហាត​កំពុង​សម្រុក វាយកាន់កាប់​ទីក្រុង និង​តំបន់​ជា​ច្រើន​របស់​អ៊ីរ៉ាក់ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​បាន​ប្រកាស​បញ្ជូន​ទ័ព​២៧៥​នាក់ទៅ​អ៊ីរ៉ាក់ ដើម្បី​ធានា​រក្សា​សន្តិសុខ​ដល់​មន្រ្តី បុគ្គលិក​ទូត អាមេរិក​ប្រចាំ​នៅ​អ៊ីរ៉ាក់។ តាំងពី​ថ្ងៃ​អាទិត្យ កាណាដា អាមេរិក និង​អង្គការ​សហប្រជាជាតិ​បាន​ដក​មន្រ្តី​របស់ខ្លួន​មួយចំនួន​ចេញ​ពី បាកដាត ទៅ​នៅ​ទីក្រុង​ដែល​មាន​សុវត្ថិភាព និង​ទៅ​ប្រទេស​ជិតខាង ដូចជា​ហ្សកដានី។

ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជាមួយ​កងទ័ព​អ៊ីរ៉ាក់​ដើម្បី​ប្រយុទ្ធ​តទល់​នឹង​ពួក​ជីហាត
ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ជាមួយ​កងទ័ព​អ៊ីរ៉ាក់​ដើម្បី​ប្រយុទ្ធ​តទល់​នឹង​ពួក​ជីហាត ©REUTERS/Thaier Al-Sudani
ផ្សាយពាណិជ្ជកម្ម

 

កាលពី​ថ្ងៃ​ទី ១៣​មិថុនា នៅមួយ​សប្តាហ៍ក្រោយ​ក្រុមជីហាត​វាយ​យក​បាន​ទីក្រុង នៅ​ភាគ​ខាង​ជើង​អ៊ីរ៉ាក់ លោក​ប្រធានាធិបតី​នៅ​តែ​បញ្ជាក់​ទាត់ចោល​យុទ្ធសាស្រ្ត​បញ្ជូន​ទ័ព​ជើងគោក​ទៅ​អ៊ីរ៉ាក់​ជា​ថ្មី។ កាលពី​ខែ​ឧសភា នៅ​សាលាយោធា​ជាន់ខ្ពស់​Westpoint លោក​អូបាម៉ា​បាន​ថ្លែងថា ដើម្បី​បញ្ជាក់​ថា អាមេរិក​ជា​មហាអំណាច អាមេរិក​មិន​​ចាំបាច់​ប្រើ​យុទ្ធសាស្រ្ត ធ្វើ​អន្តរាគមន៍​យោធា​ទៅក្នុង​ទឹកដី​បរទេសទេ។ ជំហរ​នេះ​បញ្ជាក់​ជាថ្មី ថា នៅក្នុង​អាណត្តិ​របស់លោកអូបាម៉ា គេ​មិនត្រូវ​សង្ឃឹម​ឃើញ​អន្តរាគមន៍​ទ័ព​អាមេរិក​នៅក្នុង​ប្រទេស​ដទៃទេ។

ប៉ុន្តែ ការប្រយុទ្ធ និង​រូបភាព​បង្ហាញ​ការបាញ់សម្លាប់​បង្ហូរឈាម​របស់​ក្រុម​អ៊ីស្លាម​ជ្រុលនិយម ជីហាត ទៅលើ​ទាហាន​អ៊ីរ៉ាក់ នៅ​បុន្មាន​ថ្ងៃ​ចុងក្រោយនេះ អាច​នឹង​ធ្វើ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ដូរចិត្ត​ដែរ។ កាលពី​យប់​ថ្ងៃ​ចន្ទទី ១៦ មិថុនា លោកអូបាម៉ា​បាន​កោះប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ ដើម្បី​ពិចារណា​ពី​សេណារីយ៉ូ​ដែល​គេ​ត្រូវធ្វើ ក្នុង​ករណី​មាន​អន្តរាគមន៍​ទៅក្នុង​ទឹកដី​អ៊ីរ៉ាក់។

សេណារីយ៉ូ​ទាំងនោះ​រួម​មាន ការវាយប្រហារ​ទ័ព​អាកាស ដោយ​ប្រើ​យន្តហោះ​ចម្បាំង ឬ​យន្តហោះ​​ឌ្រូន គ្មានមនុស្ស​បើក។ ការពង្រឹង​ជួយ​ទាំង​ផ្នែក​សម្ភារៈ និង​យុទ្ធសាស្រ្ត​ដល់​កងទ័ព​អ៊ីរ៉ាក់ ឬ​ការសហការ​ជាមួយ​អ៊ីរ៉ង់ ដើម្បី​ប្រយុទ្ធ​តបត​នឹង​ក្រុមជីហាត។ យ៉ាងណាក៏ដោយ សេណារីយ៉ូ​ខាងលើ​នៅ​តែ​បង្ហាញថា លោកអូបាម៉ា​នឹង​មិន​បញ្ជូន​ទ័ពអាមេរិក​ច្រើន ទៅធ្វើ​សង្រ្គាម​នៅ​អ៊ីរ៉ាក់។

បក្ស​សាធារណរដ្ឋ​កំពុង​បន្ទោស​នយោបាយ​រារែក​របស់​លោកអូបាម៉ា។ អ្នកខ្លះ​ហ៊ាន​ទៅដល់​និយាយ​ថា នយោបាយ​របស់​លោកអូបាម៉ា អាច​ជា​មូលហេតុ​មួយ​ដែល​ជួយ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ក្រុម​ជីហាត​វិលត្រលប់​មក​ធ្វើ​សង្រ្គាម​នៅ​អ៊ីរ៉ាក់។ សូមរំលឹកថា នៅពេល​លោក​អូបាម៉ា​ប្រកាស​ដកទ័ព​ចេញពី​អ៊ីរ៉ាក់ មាន​មនុស្ស​ជាច្រើន​មិន​សូវ​គាំទ្រ ឬ​ជំទាស់ ដោយសារ​គេ​យល់​ថា ការដកទ័ព​អាមេរិក​ចេញពី​អ៊ីរ៉ាក់ ធ្វើ​ឡើង​ដោយ​ឆាប់រហ័ស និង​មិន​សមស្រប ឆ្លើយតប ​ទៅនឹង​កាលៈទេសៈ អស្ថិរភាព ដែល​កំពុង​កើតមាន​នៅ​ទូទាំង​​ប្រទេស​អ៊ីរ៉ាក់។

នៅពេល​អាមេរិក​ដកទ័ព​ចេញ អ៊ីរ៉ាក់​កំពុង​ជួប​សង្រ្គាម​បង្ហូរឈាម រវាង​ក្រុមនិកាយ​សាសនា​ពីរ គឺ​ស៊ុននីត ដែល​ធ្លាប់​ជា​ក្រុមបក្សពួក​របស់លោក​សាដាម ហ៊ូសេន និង​ក្រុមនិកាយ​ស្ហីអ៊ីត ដែល​ជាគ្នីគ្នា​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​បច្ចុប្បន្ន។ អំពើ​ភេវរកម្ម ការបំផ្ទុះគ្រាប់បែក​អត្តឃាត​កើតមាន និង​សម្លាប់​មនុស្ស ជារៀងរាល់ថ្ងៃ នៅ​អ៊ីរ៉ាក់។

អាមេរិក​របស់លោកអូបាម៉ា​ប្រកាស​ថា មុន​នឹង​ចាកចេញ​ពីទឹកដី​អ៊ីរ៉ាក់ អាមេរិក​បាន​ជួយ​បណ្តុះបណ្តាល​ទាហាន​អ៊ីរ៉ាក់​រួចរាល់​ហើយ ដើម្បី​ធានា​រក្សា​សន្តិសុខ​នៅ​អ៊ីរ៉ាក់។ នៅ​អ៊ីរ៉ាក់ រដ្ឋាភិបាល​បញ្ជា​ទៅ​លើ​​ទាហាន និង​ប៉ូលិស​ជាង ៨សែននាក់។ ចំនួន​នេះ​ច្រើន​ណាស់​បើប្រៀបធៀប​នឹង​ពួក​អ៊ីស្លាម​ជ្រុលនិយម ជីហាត​ដែល​មាន​មិន​ដល់​៦ម៉ឺននាក់​ផង។ ប៉ុន្តែ សួរថា ហេតុអ្វី​បានជា​ទាហាន​អ៊ីរ៉ាក់​មិន​អាច​ប្រយុទ្ធឈ្នះ ទល់​នឹង​ក្រុមជីហាត​ទៅវិញ?

រឿង​មួយ​ដែល​អាច​ជា​កំហុស​របស់​អាមេរិក គឺ​បន្ទាប់ពី​បាន​ផ្តួលរំលំ​អំណាច​សាដាម ហ៊ូសេន អាមេរិក​បាន​រំលាយ​ចោល​អស់​ប្រព័ន្ធ​កងទ័ព​អ៊ីរ៉ាក់​ទាំងអស់ និង​ចាប់រើស បណ្តុះបណ្តាល​កងទ័ព​ថ្មី។ ពួកកងទ័ព​ថ្មី ដែល​អាមេរិក​ជួយ​បណ្តុះបណ្តាល នេះ ភាគច្រើន​មាន​សមត្ថភាព​មាន​កម្រិត គឺ​មិន​ដូច​ពួកកងទ័ព​មុន ដែល​មក​ពី និកាយ​ស៊ុននីត និង​ដែល​ធ្លាប់​ទទួល​ការហ្វឹកហាត់​ខ្ពស់។ លើសពីនោះ ដោយសារ​អំពើពុករលួយ​ក្នុង​ជួរកងទ័ព និង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្មី កងទ័ព​ដែល​មាន​សមត្ថភាព និង​ធ្លាប់​ទទួល​ការបណ្តុះបណ្តាល​ពី អាមេរិក​ត្រូវ​គេទុក​ចោលគន្លៀត​ជញ្ជាំង មិន​ឲ្យ​​តម្លៃ។ ក្រុមទាហាន​ថ្មីៗ បើទោះបី​ជា​មាន​ចំនួន​រាប់ម៉ឺន រាប់សែន​នាក់​ ប៉ុន្តែ ប៉ុន្តែ ពួកគេ​មិនអាច​ស៊ូ ទប់ទល់​នឹង​ការប្រយុទ្ធ​នឹងពួក​ជីហាត​ដែល​មាន​ចរិក​ហិង្សា​បានទេ។ ដោយសារ​តែ​មើលឃើញ​ការបាញ់​សម្លាប់​ឃោរឃៅ​របស់​ពួក​ជីហាត ពួកទាហាន​អ៊ីរ៉ាក់ ដែល​នៅ​ខ្វះ​បទពិសោធន៍ ខ្លាចស្លាប់ បានត្រឹម​រត់ចោល​សមរភូមិ ទមា្លក់​អាវុធ រត់​យក​រួចខ្លួន​តែប៉ុណ្ណោះ។

មួយវិញទៀត ដែល​ពួកជីហាត​អាចរំកិល វាយយក​បាន​ទីក្រុង​ជាច្រើន​របស់​អ៊ីរ៉ាក់​កន្លងមក នោះ ក៏ដោយសារ​តែ​កងទ័ព​អ៊ីរ៉ាក់ នៅ​ខ្វះធនធាន សព្វាវុធ ផ្នែក​ជើងអាកាស មិនអាច​វាយប្រហារ ដើម្បីទប់ទល់​ការរុល​ទៅមុខ​របស់​ពួកជីហាត។ កន្លងមក នៅក្នុង​កិច្ចសន្យា អាមេរិក​ជួយ​ពង្រឹង​តែ​កងទ័ព​អ៊ីរ៉ាក់ សម្រាប់​ការពារ​សន្តិសុខ​ក្នុង​ស្រុក ដោយ​ទ័ព​អាមេរិក​ជាអ្នកធានា​សន្តិសុខ​ជើងអាកាស នៅតាម​ព្រំដែន​ដើម្បីទប់ទល់​នឹង​អ៊ីរ៉ង់។ នេះ​អាច​ជា​កំហុស​ឆ្គងមួយ របស់​អាមេរិក ដែល​មិន​ជួយ​ពង្រឹង​សមត្ថភាព​ទ័ព​ជើងអាកាស​អ៊ីរ៉ាក់ រហូត​បណ្តោយ​ឲ្យ​ពួកជីហាត​សម្រុក​ចូល​កាន់កាប់​តំបន់​ជាច្រើន​របស់​អ៊ីរ៉ាក់។

ម្យ៉ាងទៀត បើទោះបី​ជា​អាមេរិក​សម្រេច​ជួយ​ទ័ព​អាកាស​អ៊ីរ៉ាក់ និង​វាយឈ្នះ​ក្រុមជីហាត នៅពេលនេះ ក៏មិនអាច​បញ្ជាក់​ថា សង្រ្គាម​បង្ហូរឈាម​នៅ​អ៊ីរ៉ាក់​នឹង​ត្រូវ​បញ្ចប់​ដែរ។ ដរាបណា​ក្រុមនិកាយ​សាសនា​ទាំងពីរ​នៅ​តែ​បន្ត​ឈ្លោះគ្នា នោះ​សង្រ្គាម​កាប់សម្លាប់​គ្នា​នៅ​តែមាន​នៅអ៊ីរ៉ាក់។ តាមអ្នកវិភាគខ្លះ អាមេរិក​គួរ​រកដំណោះស្រាយ​បង្រួបង្រួម​ក្រុម​និកាយ​កុំ​ឲ្យ​ឈ្លោះគ្នា ជាជាង​ចាំ​តែ​ជួយអន្តរាគម​យោធា ដែល​អាច​ដោះស្រាយ​បញ្ហា​បាន​តែ​មួយគ្រាៗ​បុណ្ណោះនោះ។
 
ពួក​ជីហាត​នៅអ៊ីរ៉ាក់​ជា​ក្រុមភេរវករ​ដែល​មាន​លុយច្រើន​ជាងគេ
ពួក​ជីហាត មកពី​ក្រុមអ៊ីស្លាម​ជ្រុលនិយម រដ្ឋអ៊ីស្លាម​អ៊ីរ៉ាក់ និង​ឡឺវ៉ង់​ដែល​កំពុង​ប្រយុទ្ធ​នៅ​អ៊ីរ៉ាក់ ធ្លាប់​បាន​ទទួល​លុយ​ក្រាសក្រែល​ពី​បុគ្គល​ឯកជន របស់​ប្រទេស​អារ៉ាប់ នៅសមុទ្រ​ពែរ្ស។ ក្រុម​ជីហាត​អ៊ីរ៉ាក់ ធ្លាប់​បាន​ប្រមូល​លុយ​ពី​តំបន់​ប្រេង ដែល​ខ្លួន​វាយកាន់កាប់​បាន​នៅក្នុង​ប្រទេសស៊ីរី និង​បានលុយមកពី​ការជួយដូរ​ខុសច្បាប់ និង​ការចាប់ជំរិត។

មន្រ្តី​អាមេរិក​បាន​អះអាង​ថា នៅ​មុន​វាយដណ្តើម​ចូល​ទីក្រុង​ម៉ូសូល ក្រុមនេះ​មាន​លុយ​ដល់ទៅ​ជិត ៩០០​លាន​ដុល្លារ គឺ​បន្ទាប់ពី ប្លន់​ធានាគារ​អ៊ីរ៉ាក់​បាន​ជាង​៤០០​លាន​ដុល្លារ។ គេ​វាយតម្លៃ​ថា ក្រុមជីហាត​មក​ពី​រដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និង​ឡឺវ៉ង់​ជាក្រុម​ភេរវករ​ដែល​មាន​លុយ​ច្រើន​ជាងក្រុម​ភេរវកម្ម​ផ្សេងទៀត នៅក្នុង​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ