អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភេរវកម្ម​​ប្រឆាំង​​ប៉ូលិស​​នៅ​​តួកគី​​​ ខណៈ​តួកគី​វាយប្រហារ​​​​ពួក​គួដឌីស្ថាន​​នៅ​​ស៊ីរី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​ប៉ូលិស​១១នាក់ បានស្លាប់​ក្នុង​ភេរវកម្ម​បំផ្ទុះ​រថយន្ត​ ថ្ងៃសុក្រ​២៦សីហា​នេះ ​នៅ​ភាគអាគ្នេយ៍​​ប្រទេស​តួកគី។ ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋាភិបាល​​អាណាដូលូ បាន​ទំលាក់​កំហុស​លើ​ក្រុម​ផ្តាច់ទឹកដី​និយម​គួដឌីស្ថាន មកពី​បក្ស​ការងារ​ PKK។

រថក្រោះ​តួកគី​ធ្វើដំណើរ​សំដៅ​ទៅ​​ព្រំដែន​ស៊ីរី ថ្ងៃ២៤សីហា ២០១៦។
រថក្រោះ​តួកគី​ធ្វើដំណើរ​សំដៅ​ទៅ​​ព្រំដែន​ស៊ីរី ថ្ងៃ២៤សីហា ២០១៦។ Revolutionary Forces of Syria Media Office/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

ភេរវកម្ម​ថ្ងៃសុក្រ​នេះ កើតឡើងនៅ​ក្រុងCirzre ភាគអាគ្នេយ៍ ខណៈ​តួកគី​កំពុង​សម្រុក​វាយ​ក្រុមឧទ្ទាម​គួដឌីស្ថាន នៅ​ស៊ីរី ទប់ស្កាត់​មិនអោយ​ក្រុមគួដឌីស្ថានស៊ីរី​​​ពង្រីកដែនដី​​ តាម​បណ្តោយព្រំដែន​តួកគី។ តួកគី​បើក​ការ​​ប្រយុទ្ធ​នៅស៊ីរី​៣ថ្ងៃ​ហើយ។

បន្ទាប់​ពីបានជួយ​ក្រុមឧទ្ទាម​ស៊ីរី ​ដណ្តើម​បាន​ក្រុង​ចារ៉ាប្លូស ភាគខាងជើង​ មកវិញ ម្សិលមិញ​ តួកគី​បាន​បញ្ជូន​រថពាសដែក​ទៅស៊ីរី​ ហើយ​​​​បាន​ទំលាក់គ្រាប់បែក​លើ​ក្រុមគួដឌីស្ថាន នៅ​ភាគខាងជើង​ស៊ីរី។ តួកគី​ចោទ​ថា ក្រុម​គួដឌីស្ថាន​ស៊ីរី​​​ ​​មិនគោរព​ពាក្យសន្យា​ដកថយ ដែល​​បានធ្វើជាមួយ​អាមេរិក​ទេ។

ក្រុមគួដឌីស្ថានPKK ​​វាយប្រហារប៉ូលិស​តួកគី ញឹកញាប់ ​តាំង​ពី​បទឈប់បាញ់ជាមួយ​​​​រដ្ឋាភិបាល​តួកគីបិទបញ្ចប់​ឆ្នាំ២០១៥
​បក្ស​​គួដឌីស្ថានPKK ធ្វើចលនា​ក្នុង​ទឹកដី​តួកគី​តាំងពី​ឆ្នាំ១៨៨៤មក។ ក្រុមនេះ​ធ្វើសកម្មភាព​ផ្តាច់ទឹកដី​ពីតួកគី។​ ចំពេល​តួកគិ​បើក​ការ​វាយប្រហារ​ក្រុម​រដ្ឋអ៊ីស្លាម និង​ក្រុម​គួដឌីស្ថាន​នៅ​ស៊ីរី ភេរវកម្ម​ថ្ងៃសុក្រ​២៦សីហា​នេះ អា​ចជា​ស្នាដៃ​របស់​គួដឌីស្ថាន​ផង​ក៏ថាបាន​ ដើម្បី​សងសឹក​រដ្ឋាភិបា​លលោក​អ៊ែរដូហ្កានវិញ។

សម្រាប់​តួកគី ក្រុមឧទ្ទាម​គួដឌីស្ថានមកពី​បក្ស​PKK ​ក្នុងស្រុកតួកគី​ មិនខុសពី​​ក្រុមឧទ្ទាម​គួដឌីស្ថាន​​នៅ​ស៊ីរី​ទេ​ គឺ​មួយដំប នឹង​បួន សុទ្ធតែ​ជា​ក្រុមបង្ក​ហិង្សា​ ​​ចង់​ផ្តាច់ទឹកដី។ តួកគី​ចាត់ទុក​ក្រុមគួដឌីស្ថាន​ក្នងស្រុក និង​ក្រុមគួដឌីស្ថាន​នៅ​ស៊ីរី ថា​ជា​ក្រុមភេរវជនប្រភេទ​តែមួយ។​​ ​​បើទោះ​​ជា​​​អាមេរិក​ជួយ​កងកម្លាំង​គួដឌីស្ថាន​នៅ​ស៊ីរី​ ​​​​វាយប្រហារ​ក្រុមជីហាត​រដ្ឋអ៊ីស្លាមក៏ដោយចុះ។

មើលក្នុង​​​សមរភូមិ​​​ស៊ីរី​វិញ ក្រុមគួដឌីស្ថានស៊ីរី ​​ហាក់​កំពុងខំ​ពង្រីក​ដែនដី​​របស់​ខ្លួន ដូចដែល​តួកគី​បារម្ភ​អញ្ចឹង។ សប្តាហ៍នេះ កងកម្លាំង​​គួដឌីស្ថាន​ស៊ីរី ​បាននាំគ្នា​​ឆ្លង​ទន្លេអឺហ្វ្រាត ​ដែលជា​បន្ទាត់​ក្រហម​ កំណត់​ដោយ​តួកគី​។ អាមេរិក​បាន​សុំ​​ក្រុមគួដឌីស្ថានកុំអោយឆ្លង​​តាម​ទន្លេអឺហ្វ្រាតEuphrate​ ឆ្ពោះ​ទៅ​ភាគខាងលិច ព្រោះ​នៅ​ភាគខាងលិចទន្លេ ​​ម្ខាងនោះ​ ជា​ទឹកដី​តួកគី។

អាមេរិក​សុំអោយ​ពួកគេ​ដកថយ​ទៅ​ភាគខាងកើតទន្លេ​វិញ។ យោងតាម​អង្គការ​សិទ្ធិមនុស្ស​ស៊ីរី ក្រុមគួដឌីស្ថានតិចតួច​ដកថយ​ទៅភាគខាងកើត​ទន្លេ។ កងកម្លាំង​ភាគច្រើន ស្ថិត​នៅ​ភាគ​ខាងលិច​​ទន្លេ​អឺហ្វ្រាត​នៅឡើយ។ ឃើញថា​ កងកម្លាំង​គួដឌីស្ថាន​​មិនព្រមស្តាប់ ទើប​បានជា​កងទ័ព​តួកគិ​​​វាយប្រហារ​លើ​​កងកម្លាំង​គួដឌីស្ថាន​ល្ងាច​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​តែម្តងទៅ។ ដរាបណា​ គួដឌីស្ថាន​​មិនដកថយ​ពី​ទន្លេអឺហ្វ្រាត តួកគី​នៅតែ​​វាយប្រហារ​​កងកម្លាំង​គួដឌីស្ថាន​ជានិច្ច។  

​ក្រុម​គួដឌីស្ថានPKKនៅ​​អ៊ីរ៉ាក់​ចោទ​ថា ​​ តួកគី​​ត្រូវរ៉ូវគ្នាជាមួយ​ក្រុមរដ្ឋអ៊ីស្លាម​ ព្រួតដៃ​គ្នា​វាយ​ទៅលើ​​​ក្រុម​គួដឌីស្ថាន​​ នៅ​ស៊ីរី​​

តួកគី​បាន​បើក​ការវាយប្រហារ​នៅ​ស៊ីរី កំទេច​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ដើម្បី​សងសឹក​នឹង​ភេរវកម្ម​ក្រុងហ្កាស្យានតេប ​សប្តាហ៍​មុន ដែល​បានសម្លាប់​មនុស្ស​៥៤នាក់។ តែ​ក្រុម​គួដឌីស្ថាន​​PKK​នៅ​​អ៊ីរ៉ាក់​ថា តួកគី​ខំវាយប្រហារ​តែ​ទៅលើ​កងកម្លាំង​គួដឌីស្ថាន​ស៊ី ​ជាជាង​វាយប្រហារ​ក្រុមរដ្ឋអ៊ីស្លាម​។ គ្រប់ពេល ​​តួកគី​តែង​​​បដិសេធ​ជានិច្ច រាល់​ការចោទ​ប្រកាន់ថា ខ្លួន​ឃុបខិត រឺ​ក៏​ចុះកិច្ចព្រមព្រៀង​ជាមួយ​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម។

អាមេរិក​ព្យាយាម​រក្សា​ទំនាក់ទំនង​ជាមួយ​តួកគី ដោយ​មិនចោល​គួដឌីស្ថាន
ការជួយ​​ជ្រោមជ្រែង​កងកម្លាំង​គួដឌីស្ថាន នៅ​ស៊ីរី កំទេច​ក្រុមជីហាត ធ្វើអោយ​ទំនាក់ទំនង​រវាង​​អាមេរិក​និង​តួកគី​កាន់តែ​តានតឹង។ ទំនាក៉ទំនង​តួកគី​-អាមេរិក​តានតឹង​រួចទៅហើយ ​ក្រោយមាន​រដ្ឋប្រហារមិនបានសម្រេច​​​នៅតួកគី។​ ​តួកគី​ទាមទារ​អោយ​អាមេរិក​​​បញ្ជូន​លោក​ហ្គូឡិន ដែល​តួកគី​ចោទថា ជា​មេក្លោង​រដ្ឋប្រហារ​តែ​អាមេរិក​ត្រូវពិនិត្យ​ឯកសារ​​ភស្តុតាង​​ចោទ​លោក​ហ្គូឡិនសិន។  

អាមេរិ​កបានព្យាយាម​បន្ធូរភាពតានតឹង​ឡើងវិញ ដោយបាន​បញ្ជូន​អនុ​ប្រធានាធិបតី​ ចូ បៃដិន​ អោយទៅ​ក្រុងអង់ការ៉ា និង​បានព្រមព្រៀង​តាមសំណូមពរ​តួកគី​ សុំអោយ​កង​កម្លាំង​​គួដឌីស្ថាន ដកថយ​ពី​ភាគខាងលិច​ទន្លេអឺហ្វ្រាត។ ទន្ទឹមនេះដែរ អាមេរិក​ខំ​សរសើរ​​តួកគី ដែលបាន​បើក​ប្រតិបត្តិការ​កំទេច​ក្រុមរដ្ឋអ៊ីស្លាម​ នៅ​ស៊ីរី។ តែ​អាមេរិក​ក៏មិនហ៊ានចោល​ក្រុមគួដឌីស្ថាន​ទាំងស្រុងដែរ ព្រោះ​ក្រុមគួដឌីស្ថាន​បាន​វាយ​កំចាត់​ក្រុម​ជីហាត​​រដ្ឋ​អ៊ីស្លាម បាន​ល្អ ក្នុង​សមរភូមិ។

​ក្រុមណា ​វាយប្រហារ​ក្រុមណា នៅ​ស៊ីរី​ ?
តាំង​ពីផ្ទុះសង្គ្រាម នៅ​ស៊ីរី ជាង​៥ឆ្នាំមកនេះ ស៊ីរី​បានក្លាយជា​សមរភូមិ​ប្រយុទ្ធ​អន្តរជាតិ​ ​មា​ន​ក្រុមជីហាត​ និង​ប្រទេស​ជាច្រើន​លូកដៃ​ក្នុង​សង្គ្រាម​នេះ។ បច្ចុប្បន្ន កងទ័ព​ស៊ីរី​ ​ប្រយុទ្ធ​សត្រូវ​ចំនួន​៣ ទី១ គឺ​ប្រយុទ្ធ​នឹង​ក្រុមឧទ្ទាម។ ក្រុមឧទ្ទាម​​ជាសត្រូវទី១​នេះ ​ជាប់ពាក់ព័ន្ធ​នឹង​ក្រុមជីហាត​ស៊ីរី និង​ក្រុមជីហាត​បរទេស។ សត្រូវទី២​របស់​កងទ័ព​​គឺ​​​​ក្រុមជីហាត​រដ្ឋអ៊ីស្លាម​ដូច​​​យើងបាន​ដឹង​ស្រាប់ហើយ។

សត្រូវ​​ទី៣​​​​របស់​កងទ័ព​ ​គឺ​​ក្រុមផ្តាច់ទឹកដី​និយម​គួដឌីស្ថាន​ស៊ីរី។ ​ស៊ីរី​ទើប​បើក​ការវាយប្រហារ​លើ​ក្រុមគួដឌីស្ថាន​ ក្នុង​ពាក់កណ្តាល​ខែសីហា​នេះ​ ពេលពួកគួដឌីស្ថាន​​ដណ្តើម​កាន់កាប់​ក្រុងហាសាកេ នៅ​ខាងជើង​ប្រទេស។ ​ក្រុមអេស្បួឡាលីបង់ អ៊ីរ៉ង់ អ៊ីរ៉ាក់ និងរុស្ស៊ី ជាអ្នក​​ជួយ​កងទ័ព​លោក​អាសាដ​ប្រយុទ្ធនឹងសត្រូវ​ទាំងនេះ។

ក្រុមគួដឌីស្ថាន​ស៊ីរី​វិញ ប្រយុទ្ធ​នឹង​​ក្រុមជីហាត​រដ្ឋអ៊ីស្លាម ក្រោម​ការ​​ជ្រោមជ្រែង​ពី​អាមេរិក។ ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម​វិញប្រយុទ្ធ​នឹង​ក្រុមឧទ្ទាម។ ទន្ទឹមនេះ​ដែរ មាន​​ក្រុមជ្រុលនិយម​ផ្សេងៗ បានមក​​វាយបំបែក​ក្រុមឧទ្ទាម​​​ អោយ​ខ្ចាត់ខ្ចាយ​អស់។ ​ក្រុមឧទ្ទាម​បានខំ​ប្រមូល​កម្លាំង​ ហើយ​បាន​ជួយ​តួកគី​កំទេច​ក្រុមរដ្ឋអ៊ីស្លាម នៅ​ក្រុងចារ៉ាប្លូស ភាគខាងជើងស៊ីរី កាលពីថ្ងៃពុធ។

គួរបញ្ជាក់ថា ក្រុមឧទ្ទាម​មាន២​ប្រភេទ គឺក្រុម​ឧទ្ទាមនិន្នាការ​កណ្តាល ដែល​មាន​ការគាំទ្រ​ពីអាមេរិក បារាំង និង​អង់គ្លេស។ ហើយ​​ក្រុមឧទ្ទាម​មួយ​ទៀត គឺ​ក្រុម ឧទ្ទាម​​អ៊ីស្លាម ដែល​គាំទ្រ​ដោយ​តួកគី។ នៅ​មានក្រុមមួយទៀត គឺ​ក្រុមជីហាត​ហ្វាតេ អាល់ ឆាំ ជា​អតីត​ក្រុមអាល់ ណូស្រា ដែលផ្តាច់ខ្លួន​ពី​អាល់កៃដា។ ក្រុមនេះ ជា​គូប្រជែង​នឹង​ក្រុមរដ្ឋអ៊ីស្លាម។

បច្ចុប្បន្ន​ កងទ័ពស៊ីរី​​នៅសល់​ដែនដី​កាន់កាប់​តែ​ជិត​៣៥ភាគរយប៉ុណ្ណោះ។​ ក្រុមរដ្ឋអ៊ីស្លាម​កាន់កាប់​ជិត​៣៥ភាគរយ​ដែរ គឺ​មិនតិច​ទេ។ ​ហើយ​ក្រុមគួដឌីស្ថាន​កាន់កាប់ដែនដី​​១៨ភាគរយ ឯក្រុម​ជីហាត​ហ្វាតេ អាល់ ឆាំ កាន់កាប់​ដែនដី​១២ភាគរយ។ ភាគី​ជម្លោះ ​​និមួយៗ មានដែនដី​កាន់កាប់​ បន្តិចៗ​ម្នាក់​ រៀងៗ​ខ្លួន បើ​​ចង់ជួយ​ស៊ីរី​អោយ​ងើបពី​សង្គ្រាម ប្រហែល​ជា​ត្រូវចាំ​ពេល​យូរយារ​ទៀតណាស់៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ