អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន-ជប៉ុន៖ ប្រវត្តិ​នៃ​ជម្លោះ​ប្រជុំកោះ​សេនកាគូ​ឬ​ទៀវយូ (Senkaku/Diaoyu)

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជុំកោះ​ ដែល​ជប៉ុន​ហៅ​ថា “សេនកាគូ” (Senkaku) ហើយ​ដែល​ចិន​ហៅ​ថា “ទៀវយូ” (Diaoyu) កំពុងតែ​ក្លាយ​ជា​ប្រធានបទ​នៃ​ជម្លោះ​ដ៏​ក្តៅគគុក​មួយ​រវាង​ចិន និង​ជប៉ុន។ ចិន​បាន​បញ្ជូន​នាវា​ល្បាត​ចំនួន ៦គ្រឿង​ទៅកាន់​ប្រជុំកោះនេះ ក្រោយ​ពី​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រមូល​ទិញ​ដី​កម្មសិទ្ធិ​ឯកជន​ទាំងអស់ នៅលើ​ប្រជុំកោះ​នេះ​យក​មក​ធ្វើ​ជាសម្បត្តិ​រដ្ឋ។ តើ​អ្វីទៅជា​មូលហេតុ​នៃ​ជម្លោះនេះ? ហើយ​តើ​ប្រទេស​ទាំងពីរ​លើក​យក​​មូលដ្ឋាន​អ្វីខ្លះ ដើម្បី​មក​ធ្វើ​ជា​សំអាង​ទាមទារ​​កម្មសិទ្ធិ​លើ​ប្រជុំកោះនេះ?

នាវាល្បាត​​ដែល​ចិន​បញ្ជូន​ទៅ​ប្រជុំកោះ​សេនកាគូ-ទៀវយូ ដែល​ជាប់ជម្លោះ​ជាមួយ​ជប៉ុន
នាវាល្បាត​​ដែល​ចិន​បញ្ជូន​ទៅ​ប្រជុំកោះ​សេនកាគូ-ទៀវយូ ដែល​ជាប់ជម្លោះ​ជាមួយ​ជប៉ុន REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

 

ទីតាំងភូមិសាស្រ្ត

សេនកាគូ ឬ​ទៀវយូ គឺ​ជា​ប្រជុំកូនកោះ​តូចៗ ចំនួន ៨ ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត មាន​រយៈ​ចម្ងាយ​ប្រហាក់​ប្រហែលគ្នា​ពី​ឆ្នេរ​សមុទ្រ​របស់​ចិន​ដីគោក និង​ពី​កោះ​អូគីណាវ៉ា​របស់​ជប៉ុន ក៏ប៉ុន្តែ នៅ​ក្បែរ​កោះតៃវ៉ាន់។ បើគិតជា​សរុប​ ​កូនកោះ​ទាំង ៨នេះ មាន​ផ្ទៃដី​ប្រមាណ​តែ ៧គីឡូម៉ែត្រ​ក្រឡា​តែ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ​ប្រជុំកោះ​នេះ​មាន​ទីតាំង​ភូមិសាស្រ្ត​ស្ថិត​នៅ​ក្នុង​តំបន់​ជា​យុទ្ធសាស្រ្ត ដែល​មាន​ច្រក​ផ្លូវ​ចរាចរណ៍​តាម​ផ្លូវ​សមុទ្រផង ហើយ​នៅ​ជុំវិញ​​ប្រជុំកោះនេះ គឺ​ជា​កន្លែង​ដែល​សម្បូរ​ទៅដោយ​ធនធាន​មច្ឆជាតិផង និង​អាច​មាន​​ប្រេង និង​ឧស្ម័នផង។ ហេតុនេះ​ហើយ​បាន​ជា​ចិន និង​ជប៉ុន ឈ្លោះគ្នា​ដណ្តើម​​កាន់កាប់​កោះនេះ។

តាមការពិត នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ កោះ​ទាំង ៨ នៃ​ប្រជុំកោះ​សេនកាគូ ឬ​ទៀវយូ​នេះ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ជប៉ុន​ ហើយ​ចិន​ជា​អ្នក​ទាមទារ​យក​ពី​ជប៉ុន​មកវិញ។ ជប៉ុន​បាន​ភ្ជាប់​ប្រជុំកោះ​សេនកាគូនេះ ទៅ​ក្នុង​ដែនដី​របស់​ខ្លួន តាំង​ពីឆ្នាំ​១៨៩៥​ម៉្លេះ។

ទឡ្ហីករណ៍​របស់​ជប៉ុន

ជប៉ុន​អះអាង​ថា ខ្លួន​បាន​រកឃើញ​ប្រជុំកោះ​សេនកាគូនេះ​ថាជា​កោះ​ដែល​គ្មាន​មនុស្ស​នៅ។ ក្រោយ​ពី​​​បាន​តាម​ឃ្លាំមើល​យ៉ាង​ហ្មត់ចត់​​អស់រយៈពេល ១០ឆ្នាំ​ ឃើញ​ថា កោះទាំងនេះ​​គ្មាន​អ្នកណា​កាន់កាប់ ហើយ​ក៏​គ្មាន​​ឃើញ​ឯកសារ ឬ​តម្រុយ​ណាមួយ​បង្ហាញ​ថា កោះទាំងនេះ​ធ្លាប់​ស្ថិត​ក្រោម​ការ​កាន់​របស់​ចិន ពីមុនមក​​ ទើប​​រដ្ឋាភិបាល​ជប៉ុន​សម្រេច​​ថា កោះនេះ​ជា​កោះ​គ្មាន​ម្ចាស់ ហើយ​ភ្ជាប់​កោះទាំងនេះ ទៅក្នុង​​ភូមិសាស្រ្ត​រដ្ឋបាល​នៃ​ខេត្ត​អូគីណាវ៉ា នៅ​ឆ្នាំ​១៨៩៥ ហើយ​បន្ត​កាន់​កាប់​ប្រជុំកោះនេះ​​ជាប់រហូត​តាំងពីពេលនោះ​មក ដោយ​មិនឃើញ​មាន​ការ​តវ៉ា​ទាមទារ​ណាមួយ​ពី​ចិន​នោះទេ។

នៅក្រោយ​សង្រ្គាម​លោកលើក​ទី២ ដែល​ជប៉ុន​ចាញ់សង្រ្គាម ប្រជុំកោះ​សេនកាគូ ដែល​ជា​ផ្នែក​មួយ​នៃ​ខេត្ត​អូគីណាវ៉ា ត្រូវ​បាន​ជប៉ុន​ប្រគល់​ទៅ​ឲ្យ​អាមេរិក​កាន់កាប់ ហើយ​​នៅ​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​៥០ និង​៦០ កងទ័ព​អាកាស​អាមេរិក​បាន​យក​ប្រជុំកោះ​សេនកាគូនេះ ធ្វើ​ជា​ចំណុច​ស៊ីប ដើម្បី​ហ្វឹកហាត់​ទម្លាក់​គ្រាប់បែក។ នៅពេលនោះ ​គេ​មិន​ឃើញ​រដ្ឋាភិបាល​ចិន​​បាន​ធ្វើការ​តវ៉ា​ទាមទារ​អ្វីលើ​ប្រជុំកោះ​នេះ​ទេ។ រហូតដល់​ពេល​អាមេរិក​ចុះ​សន្ធិសញ្ញា​សម្ព័ន្ធភាព​ជាមួយ​ជប៉ុន ហើយ​ផ្ទេរ​កោះទាំងអស់​ទៅ​ឲ្យ​ជប៉ុនវិញ នៅ​ឆ្នាំ​១៩៧១ ក៏​ចិន​មិន​បាន​ធ្វើ​ការ​តវ៉ា​អ្វី​នោះដែរ។ រហូត​ទាល់តែ​នៅ​ចុង​ទសវត្សរ៍​ទី ៧០ នៅ​ក្រោយ​ពេល​ដែល​មាន​របាយការណ៍​ស្តីពី​​ប្រភព​ធនធាន​ប្រេង និង​ឧស្ម័ន​ក្រោម​បាត​សមុទ្រ​ជុំវិញ​ប្រជុំកោះ​នេះ ទើប​ចិន​ចាប់ផ្តើម​​តវ៉ា​ទាមទារ​កម្មសិទ្ធិ​លើ​កោះទាំង​នេះ។

ដូច្នេះ ជប៉ុន​អះអាង​ថា ដោយ​ផ្អែក​ទាំងទៅលើ​ប្រវត្តិសាស្រ្ត ទាំងទៅលើ​ការកាន់កាប់​ជាក់ស្តែង និង​ទៅលើ​សន្ធិសញ្ញា​អន្តរជាតិ ដែល​បាន​ចុះ​​តាំង​ពី​ក្រោយ​សង្រ្គាម​លោក​លើក​ទី២​មក គឺ​បង្ហាញ​យ៉ាងច្បាស់​ដោយ​មិនអាច​ប្រកែក​បាន​ថា ប្រជុំកោះ​សេនកាគូ​​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ជប៉ុន។

ទឡ្ហីករណ៍​របស់​ចិន
 
ចិនវិញ​អះអាង​ថា ប្រជុំកោះ​​ទៀវយូ ដែល​ជប៉ុន​ហៅថា សេនកាគូនេះ មាន​ចុះកត់ត្រា​ក្នុង​ប្រវត្តិសាស្រ្ត​ចិន​តាំង​ពី​ឆ្នាំ​១៤០៣ ក្នុង​ជំនាន់​រាជវង្ស​មីង​មកម៉្លេះ។ ប្រជុំកោះ​នេះ​ត្រូវ​បាន​ចិន​ដាក់​បញ្ចូល​ទៅក្នុង​ភូមិសាស្រ្ត​រដ្ឋបាល​ជាមួយ​កោះតៃវ៉ាន់ ហើយ​ត្រូវ​បាន​ប្រជាជន​ចិន​យក​ធ្វើ​ជា​ដែន​នេសាទ​អស់រយៈពេល​ជា​ច្រើន​សតវត្សរ៍។

នៅ​ឆ្នាំ​១៨០៥ ពេល​ដែល​ជប៉ុន​ដាក់​បញ្ចូល​ប្រជុំកោះ​នេះ ទៅក្នុង​ដែនដី​របស់ខ្លួន គឺ​ជា​ពេល​ដែល​ចិន និង​ជប៉ុន​កំពុង​មាន​សង្រ្គាម​នឹង​គ្នា ហើយ​កោះតៃវ៉ាន់​ត្រូវ​បាន​ជប៉ុន​វាយ​ដណ្តើម​យក​ពី​ចិន​ទៅ​កាន់កាប់។ ដូច្នេះ សម្រាប់​ចិន ការ​​ភ្ជាប់​ប្រជុំកោះ​សេនកាគូ ឬ​ទៀវយូ​​នេះ ទៅ​ក្នុង​ដែនដី​របស់​ជប៉ុន គឺ​ជា​ការ​ធ្វើ​ដោយ​ប្រើ​កម្លាំង​ទ័ព​តែ​ប៉ុណ្ណោះ មិនមែន​ជា​ការ​កាន់កាប់​ដោយ​ស្របច្បាប់​នោះទេ។

ម្យ៉ាងទៀត ​សន្ធិសញ្ញា​ចុះ​ក្រោយ​សង្រ្គាម​លោក​លើក​ទី២ (សន្ធិសញ្ញា​ទីក្រុង​គែរ ឆ្នាំ​១៩៤៣) មានចែង​ថា ទឹកដី​ចិន ដែល​ជប៉ុន​ធ្លាប់​បាន​ដណ្តើម​​យក​ពី​ចិន​មក​កាន់កាប់​ដោយ​កម្លាំង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ចិនវិញ ហើយ​ក្នុងនោះ គឺ​មាន​ចែង​យ៉ាង​​ច្បាស់​ផងដែរ​ ​​ពី​ការ​ប្រគល់​កោះតៃវ៉ាន់​ទៅ​ឲ្យ​ចិនវិញ។ ដោយ​​ចិន​ចាត់​បញ្ចូល​ប្រជុំកោះ​ទៀវយូ​ថា​ជា​ផ្នែក​មួយ​នៃ​ភូមិសាស្រ្ត​រដ្ឋបាល​របស់​កោះតៃវ៉ាន់​តាំង​ពី​ដើមមក ដូច្នេះ​ តាម​សន្ធិសញ្ញា​នេះ ជប៉ុន​ក៏​ត្រូវ​តែ​ប្រគល់​ប្រជុំកោះ​ទៀវយូ​នេះ​មក​ឲ្យ​ចិនវិញ​ដែរ។

គួរបញ្ជាក់ថា ក្រៅពី​ចិន និង​ជប៉ុន តៃវ៉ាន់​ក៏​ទាមទារ​កាន់កាប់​ប្រជុំកោះ​សេនកាគូ ឬ​ទៀវយូ​នេះ​ដែរ។ បើ​យើងផ្អែក​​ទៅលើអំណះអំណាង​របស់​ចិន ប្រជុំកោះ​ទៀវយូ​នេះ គួរ​តែ​​ត្រូវ​ជា​កម្មសិទ្ធិ​របស់​កោះតៃវ៉ាន់។ ក៏ប៉ុន្តែ ដោយសារ​តែ​រដ្ឋាភិបាលក្រុង​ប៉េកាំង​​​ចាត់ទុក​ថា កោះ​តៃវ៉ាន់ គឺ​ជា​ខេត្ត​មួយ​របស់​ចិន​ ដូច្នេះ ប្រជុំកោះ​ទៀវយូក៏​ត្រូវ​ចិន​ចាត់ទុក​ថា​​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដែរ។

និយាយ​ជារួមមកវិញ ជម្លោះ​រវាង​ចិន និង​ជប៉ុន ជុំវិញ​ប្រជុំកោះ​សេនកាគូ ឬ​ទៀវយូ​នេះ កើតឡើង​​ពី​ការ​បកស្រាយ​ផ្ទុយ​គ្នា​ទៅលើ​ហេតុការណ៍ និង​ឯកសារ​ប្រវត្តិសាស្រ្ត​ផង និង​ទៅលើ​សន្ធិសញ្ញា​ក្រោយ​សង្រ្គាម​លោក​លើក​ទី២ផង។ ហើយការ​ដែល​ចិន និង​ជប៉ុន ឈ្លោះ​គ្នា​ ដណ្តើម​​កាន់កាប់​កូនកោះ​តូចៗ​ទាំង ៨ នៅកណ្តាល​សមុទ្រ​ពេលនេះ គោលដៅ​ចម្បង គឺ​ដោយសារ​តែ​ពួកគេ​សម្លឹង​ឃើញ​ធនធាន​ធម្មជាតិ (ទីតាំង​នេសាទ ប្រេង និង​ឧស្ម័ន) នៅ​ជុំវិញ​ប្រជុំកោះ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ