អានតួអត្ថបទ
អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង

អាមេរិក​អំពាវនាវ​ឲ្យ​ជប៉ុន និង​កូរ៉េខាងត្បូង​កាត់​បន្ថយ​ភាព​តានតឹង​រវាងគ្នា

លោកស្រី​ប្រមុខ​ការទូត​អាមេរិក Hillary Clinton បាន​អំពាវនាវ​ឲ្យ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​ចេះ​អត់ធ្មត់ និង​កាត់​បន្ថយ​ភាព​តានតឹង​ជុំវិញ​រឿង​ដណ្តើម​កោះ​គ្នា​នៅ​សមុទ្រ​ជប៉ុន។ សេចក្តីអំពាវនាវ​របស់​ប្រមុខ​ការទូត​អាមេរិក​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ក្នុង​ជំនួប​ជាមួយ​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង និង​ប្រមុខរដ្ឋាភិបាល​ជប៉ុន នា​ឱកាស​ជំនួបកំពូល Apec ក្នុង​ប្រទេស​រុស្ស៊ី។

លោកស្រី​ប្រមុខ​ការទូតអាមេរិក Hillary Clinton
លោកស្រី​ប្រមុខ​ការទូតអាមេរិក Hillary Clinton REUTERS
ផ្សាយពាណិជ្ជកម្ម

លោកស្រី​ប្រមុខ​ការទូត​អាមេរិក Hillary Clinton បាន​បញ្ជាក់​ថា លោកស្រី​ពិត​ជា​បាន​លើក​យក​បញ្ហា​ជម្លោះ​ដណ្តើម​កោះ​គ្នា​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង​ទៅ​ជជែក​ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Lee Myung-Bak និង​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន Yoshihiko Noda ដែល​សុទ្ធសឹង​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ដូច​គ្នា។ កិច្ចសន្ទនា​នោះ​បាន​ត្រូវ​ធ្វើ​ឡើង​ដាច់​ដោយឡែក​ពី​គ្នា នា​ឱកាស​ជំនួបកំពូល Apec ក្នុង​ប្រទេស​រុស្ស៊ី។ « ខ្ញុំ​បាន​លើក​យក​សំណុំរឿង​នេះ​ទៅ​និយាយ​ម្តងម្នាក់ៗ ដោយ​បាន​រំលឹក​ប្រាប់​ពួក​គេ​ថា គឺ​ក្នុង​ផលប្រយោជន៍​រួម​ទំាង​អស់​គ្នា​ដែល​ម្នាក់​ត្រូវ​តែ​ចេះ​អត់ធ្មត់ និង​ព្យាយាម​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី Hillary Clinton នា​ឱកាស​ជំនួបកំពូល Apec ក្នុង​ប្រទេស​រុស្ស៊ី​ដែល​ត្រូវ​បិទបញ្ចប់​នៅ​ថ្ងៃ​អាទិត្យ ទី៩ កញ្ញា​នេះ។ លោកស្រី​បាន​បន្ថែម​ថា លោកស្រី​សង្ឃឹម​ថា ពួក​គេ​ពិត​ជា​ស្តាប់​បាន និង​យល់ច្បាស់​នូវ​អ្វី​ដែល​លោកស្រី​បាន​និយាយ។

គួរ​ជម្រាប​ជូន​ថា កោះតូច​មួយ​មិន​សូវ​មាន​មនុស្ស​រស់នៅ​ច្រើន​នៅ​ក្នុង​សមុទ្រ​ជប៉ុន ដែល​ត្រូវ​បាន​ទីក្រុង​តូក្យូ​ឲ្យ​ឈ្មោះ​ថា Takeshima និង​ទីក្រុង​សេអ៊ូល​ហៅ Dokdo កំពុង​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​កូរ៉េខាងត្បូង តែ​កំពុង​ត្រូវ​បាន​ជប៉ុន​ទាមទារ​ថា ជា​កម្មសិទ្ធ​របស់​ខ្លួន​ដែរ។ ជប៉ុន​ដែល​បាន​ធ្វើ​អាណានិគម​នៅ​ឧបទ្វីប​កូរ៉េ​ចន្លោះ​ឆ្នំា ១៩១០ និង​១៩៤៥។ កាល​ពី​ថ្ងៃទី ១០ សីហា​កន្លង​ទៅ​ថ្មី​នេះៗ លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​ Lee Myung-Bak ដែល​ជា​អ្នកអភិរក្សនិយម​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​លើ​កោះតូច​នោះ។ តែ​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​កាលណោះ មិន​បាន​ធ្វើ​ឲ្យ​ជប៉ុន​សប្បាយចិត្ត​ទេ។ រីឯ​សហរដ្ឋអាមេរិក​វិញ​ធ្លាប់​បាន​គូស​បញ្ជាក់​ជា​ច្រើនលើក ច្រើនសារ​ថា ទីក្រុង​វ៉ាស៊ីតោន​បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ជាទីបំផុត និង​ចេញ​មុខ​គំាទ្រ​ភាគី​មួយ​នៅ​ក្នុង​ជម្លោះ​ទឹកដី​នេះ។

តាម​ពិត​ទៅ បើ​គេ​និយាយ​ពី​ជម្លោះ​ទឹកដី​នៅ​ក្នុង​ទ្វីប​អាស៊ី គេ​ច្រើន​តែ​ឮ​ពី​ជម្លោះ​ដណ្តើម​ទីប្រជុំកោះ​គ្នា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​ចិន និង​ប្រទេស​អាស៊ី​មួយ​ចំនួន។ ត្រង់​ចំណុច​នេះ លោកស្រី Hillary Clinton បាន​គូសបញ្ជាក់​ថា សារ​របស់​អាមេរិក គឺ​មាន​តែ​មួយ​ដូច​គ្នា នោះ​គឺ វា​ល្មម​ដល់​ពេល​ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ពង្រឹង​ឡើង​វិញ​នូវ​ទំនាក់ទំនង​ការទូត​រវាង​គ្នា។

លោកស្រី​ប្រមុខការទូត​អាមេរិក​បាន​បន្ថែម​ថា ថ្នាក់ដឹកនំា​ទំាងអស់​នៅ​ក្នុង​ជំនួបកំពូល Apec យល់​យ៉ាង​ច្បាស់​ថា យើង​មិន​អាច​ទុក​បណ្តោយ​ឲ្យ​បញ្ហា​ចេះ​តែ​អូសបន្លាយ​យ៉ាង​ដូច្នេះ​បាន​ទេ។ សម្រាប់​លោកស្រី Clinton ទំាង​សហរដ្ឋអាមេរិក ទំាង​គ្រប់​ប្រទេស​នៅ​ក្នុង​ទ្វីប​អាស៊ី ក៏​ដូច​ជា​ប្រទេស​ទំាង​អស់​ក្នុង​លោក គឺ​គ្មាន​អ្នក​ណា​ម្នាក់​ចង់​បាន និង​ចង់​ឃើញ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ស្គាល់​អស្ថរភាព និង​គ្មាន​សន្តិភាព​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ