អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សន្តិសុខ៖​ប្រេស៊ីល​មិន​ចង់​លេងសើច ក្នុង​ពេល​ប្រកួត​បាល់ទាត់​ពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅបួន​ខែ​មុន​ការប្រកួត​បាល់ទាត់​ពិភពលោក រដ្ឋាភិបាល​ប្រេស៊ីល​ប្រកាស​បង្កើន​ចំនួន​ប៉ូលិស ទាហាន​ដែល​ត្រូវ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង​ពេល​ប្រកួត​បាល់ទាត់ ដែល​ត្រូវប្រព្រឹត្ត ទៅពីថ្ងៃទី ១២ មិថុនាដល់ថ្ងៃទី ១៣ កក្កដា។ ជាសរុប រដ្ឋាភិបាល​របស់​លោកស្រី​ប្រធានាធិបតី DilmaRousseff នឹង​ពង្រាយ​កម្លាំង​ប៉ូលិស និង​ទាហាន​ប្រមាណ ១សែន ៧ម៉ឺននាក់ នៅតាម​ទីក្រុង​ចំនួន ១២ ដែល​ត្រូវរៀបចំ​ទទួល​ការប្រកួត​បាល់ទាត់​ពិភពលោក។ ហេតុអ្វី​បានជា​ប្រេស៊ីល​ត្រូវ​ចំណាយ​កម្លាំង​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​រក្សា​សន្តិសុខ?

កម្លាំង​ប៉ូលិស​ប្រេស៊ីល​ហ្វឹកហាត់​ដើម្បី​ត្រៀម​អន្តរាគម​នៅក្នុង​ពេល​ប្រកួតកីឡា​បាល់ទាត់​ពិភពលោក​ចាប់​ផ្តើម​នៅប្រេស៊ីល
កម្លាំង​ប៉ូលិស​ប្រេស៊ីល​ហ្វឹកហាត់​ដើម្បី​ត្រៀម​អន្តរាគម​នៅក្នុង​ពេល​ប្រកួតកីឡា​បាល់ទាត់​ពិភពលោក​ចាប់​ផ្តើម​នៅប្រេស៊ីល ©REUTERS/Ueslei Marcelino
ផ្សាយពាណិជ្ជកម្ម

ក្នុងនាម​ជា​ប្រទេស​ម្ចាស់ផ្ទះ ប្រេស៊ីល​ចង់​បង្ហាញ​ដល់​ភ្ញៀវ គណប្រតិភូ​បរទេស ថា ប្រេស៊ីល​មិន​បានព្រងើយ​កន្តើយ ក្នុង​រឿង​ធានា​សន្តិសុខ សម្រាប់​ពួកគេ​ឡើយ។ ក្នុងរវាង​តែមួយ​ខែ ប្រេស៊ីល​ប្រកាស​បង្កើន​ចំនួន​ប៉ូលិស និង​កងទ័ព ៧ម៉ឺន​នាក់ បន្ថែម​ពី​លើ​ចំនួន​មួយ​សែន​នាក់ ដែល​ត្រូវចូលខ្លួន​ទៅ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ទស្សនិកជន​បរទេស ដែល​ធ្វើដំណើរ​ទៅមើល​ការប្រកួត​បាល់ទាត់ ពិភពលោក។

កាលពី​សប្តាហ៍មុន នៅក្នុង​បទសម្ភាសន៍ មួយ នៅក្នុង​វិទ្យុជាតិ​ប្រេស៊ីល​លោកស្រី​ប្រធានាធិបតី​​ប្រេស៊ីល DilmaRousseff បាន​ប្រកាស​ថា ប៉ូលិស​សហព័ន្ធ ប៉ូលិស​ឆ្នើមៗ របស់ជាតិ និង​ប៉ូលិស​ផ្លូវគោក​បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​អន្តរាគម ទៅតាម​ជំនាញ​របស់​ពួកគេ នៅក្នុង​ពេល​ការប្រកួត​បាល់ទាត់ ចាប់ផ្តើម​ឡើង នៅ​ប្រេស៊ីល។ ប៉ូលិស​ទាំងនោះ​ត្រូវ​បាន​ចាត់ចែង​រួចហើយ​ឲ្យ​ទៅ​ប្រចាំការ នៅតាម​ទីក្រុង​ទាំង ១២ ជាទី ដែល​មានស្តាត​ប្រកួត​បាល់ទាត់​ពិភពលោក។ តាមលោកស្រី​ប្រធានាធិបតី បើសិន​ជា​ចាំបាច់ ទាហាន​កងកុម្មង់ដូរ​ពិសេស ដែល​ត្រូវការពារ​ទឹកដី​ប្រេស៊ីល នឹង​អាច​ត្រូវបញ្ជូន ជាពិសេស​ឲ្យ​ចូល​ទៅ​រក្សា​សន្តិសុខ នៅពេល​ប្រេស៊ីល​បើក​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក។

បញ្ហា​អសន្តិសុខ នៅប្រេស៊ីល ត្រូវ​បានគេ​ចោទសួរ ឡើង តាំង​ពី​ពេល​ដែល​ប្រេស៊ីល​បានទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ពិភពលោក ដូចជា​ការប្រកួត​បាល់ទាត់​ពិភពលោក នៅរដូវក្តៅ​ខាងមុខ និង​កីឡាអូឡាំពិក​ពីរឆ្នាំ​ក្រោយ។ ប្រទេស នៅ​អាមេរិកឡាទីន​មួយ​នេះល្បី​ខាង​សំបូរ​ក្រុមម៉ាហ្វីយ៉ា ក្រុមជួញដូរ​ថ្នាំញៀន ដែលមាន​ទំនាស់ និង​ប្រយុទ្ធ​បង្ហូរឈាម រវាងគ្នា ដោយសា​រតែរឿង​ផលប្រយោជន៍។ ដូច្នេះ ដើម្បី​កែប្រែ​ទស្សនៈ​ខ្មៅ​មកលើ​ប្រេស៊ីល និង​ដើម្បី​ធានា​បញ្ចុះបញ្ចូល​អន្តរជាតិ ប្រធានាធិបតី​មុន​គឺ​លោកលូឡា​បានធ្វើ​នយោបាយ​បង្រ្កាប​ក្រុម​ទុច្ចរិតផង និង​ធ្វើ​នយោបាយ​សន្តិភាព​ជាមួយ​ក្រុមម៉ាហ្វីយ៉ា​សំខាន់ៗ នៅប្រេស៊ីល​ផង។ តាមក្រសួង​យុត្តិធម៌ ប្រេស៊ីល​ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​ទុច្ចរិត នៅប្រេស៊ីល​មិនស្ថិតនៅ​ក្នុងបញ្ជី​ព្រួយបារម្ភ​របស់​អាជ្ញាធរ​ទេ។ ផ្ទុយទៅវិញ គឺ​បាតុកម្ម​មិនឈប់ឈរ​របស់​ប្រជាជន​ប្រេស៊ីល​ទេ ដែល​កំពុងធ្វើ​ឲ្យ​អាជ្ញាធរព្រួយបារម្ភ និង​ឈឺក្បាល។

តាំងពី​ខែមិថុនា​ឆ្នាំមុន ប្រេស៊ីល​ឧស្សាហ៍​ជួប​មហាបាតុកម្ម របស់​ប្រជាជន​ដែល​ចុះថ្នល់ ដោយសារ តែមិនពេញ​ចិត្ត​នឹង​នយោបាយ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។ ដំបូងឡើយ ពួកគេ​ធ្វើបាតុកម្ម ដើម្បី​បរិហារ​ពី​ការឡើង​ថ្លៃសំបុត្រ​រថយន្តក្រុង។ ប៉ុន្តែ ចលនា​ធ្វើបាតុកម្ម​បាន​រីករាលដាល​ស្ទើរ​ពេញផ្ទៃ​ប្រទេស ដើម្បី​រិះគន់​ពី​អំពើ​ពុករលួយ​របស់​មន្រ្តី​រដ្ឋាភិបាល។ បាតុករ​ដែល​ភាគច្រើន ជា​យុវជន​បាន​ចោទប្រកាន់ ផងដែរ​ពី​ការចាយលុយ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​ដែល​ចំណាយលុយ ច្រើន​ពាន់លាន​ដើម្បី​រៀបចំ​ការប្រកួត​បាល់ទាត់ ក្នុងពេល​ដែល​វិស័យ​សុខាភិបាល និង​សេវាសាធារណៈ ប្រេស៊ីល​កំពុង​ជួប​ការខ្វះខាត។

ពីមួយ​លើក ទៅមួយ​លើក បាតុកម្ម​មាន​លក្ខណៈ​កាន់​តែ​ហិង្សា។ បាតុករ​បាន​ចូល​បំផ្លាញ​អគារ​រដ្ឋ​ អគារ​ហាងទំនិញ និង​ដុត​សំបក​កង់ឡាន នៅក្នុង​ពេល ដែល​ប៉ូលិស​ត្រូវ​គេ​សង្កេត​ឃើញថា មិនទាន់ មាន​សមត្ថភាព ឬលទ្ធភាព​គ្រប់គ្រាន់ ដើម្បី​គ្រប់គ្រង​ក្រុមបាតុករ ឬ​អំពើ​ហិង្សា​ដែលកើតមាន នៅក្នុង​ពេល​ប្រកួត​បាល់ទាត់។ ការវាយតប់​គ្នា​រវាង​ក្រុមអ្នកគាំទ្រ​ក្លឹប​បាល់ទាត់ សហព័ន្ធ​ប្រេស៊ីល​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​របួស ជាច្រើន​នាក់ កាល​ពី​ខែមិថុនា​ឆ្នាំមុន ជា​ឧទាហរណ៍​ស្រាប់។ កាលពី​ដើម​ខែ​នេះ ការបាត់បង់​ជីវិត​របស់​អ្នក​ថតរូប​ទូរស្សន៍ម្នាក់ ដោយសារ​តែ​កាំជ្រួច​របស់​ក្រុមបាតុករ​បាន​បង្ហាញ​កាន់តែ​ច្បាស់ ពីចរិត​ហិង្សា​កាន់តែខ្លាំង​របស់​បាតុករ និង​ការថ្លោះធ្លោយ​របស់​ប៉ូលិស​ប្រេស៊ីល។

នៅក្រោយ​ហេតុការណ៍​នេះ រដ្ឋាភិបាល​ប្រេស៊ីល​បាន​បញ្ជាក់​ថា គេ​កំពុង​រៀបចំ​គម្រោង​ច្បាប់​មួយ​ដើម្បី​ដាក់ពិន័យ​លើ​អ្នកដែល​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​លើ​អ្នក​ដែល​ប្រព្រឹត្ត​ហិង្សា នៅក្នុង​ពេល​ធ្វើបាតុកម្ម។ ជាមួយ​គ្នានោះ សភាប្រេស៊ីល​កំពុង​ពិភាក្សា​លើគ​ម្រោងច្បាប់​ប្រឆាំង​អំពើភេរវកម្ម​ដែល​មានគោលដៅ​ដាក់​ទណ្ឌកម្ម​កាន់តែខ្លាំង​លើ​អ្នក​ដែល​ធ្វើ​សកម្មភាព​វាយបំផ្លាញ​ធ្វើ​ឲ្យខូចខាត​បេតិកភណ្ឌ​សាធារណៈ។

តាមរយៈ​ការប្រកាស​បង្កើន​ចំនួន​ប៉ូលិស​រក្សា​សន្តិសុខ និង​ធ្វើច្បាប់​ដើម្បី​ថ្កោលទោស អ្នកធ្វើ​អំពើហិង្សា នៅក្នុង​បាតុកម្ម​រដ្ឋាភិបាល​មានទិសដៅ​ព្រមានដល់ ក្រុម​បាតុករ​ហិង្សា​ផង និង​ដើម្បី​ធានា​អះអាង​សន្តិសុខ ១០០ ភាគរយ​ដល់ ភ្ញៀវ ក្រុមកីឡាបាល់ទាត់ និងប្រមុខ​រដ្ឋ​ដែល​ត្រូវធ្វើដំណើរ ទៅទស្សនា​ការប្រកួត​បាល់ទាត់។ ប៉ុន្តែ តាម​ការស្ទង់មតិ ដែល​គេបង្ហាញ កាលពីថ្ងៃ​អង្គារ សប្តាហ៍មុន ប្រជាជន​ប្រេស៊ីល​ជាង ៨០ភាគរយ គិតថា មហាបាតុកម្ម​នឹងកើតមាន នៅក្នុង​ពេល​ការប្រកួតបាល់ទាត់ ចាប់ផ្តើម នៅប្រេស៊ីល។ ប្រជាជន​ប្រេស៊ីល​ដែលមាន​កំហឹង នៅតែរិះគន់​ការចាយលុយ​ខ្ជះខ្ជាយ​របស់​រដ្ឋាភិបាល​ប្រេស៊ីល​ដើម្បី​ទទួលការប្រកួត​បាល់ទាត់។ ក្នុងរឿង​ទទួល​រៀបចំ​ការប្រកួត​បាល់ទាត់ ពិភពលោក រដ្ឋាភិបាល​ប្រេស៊ីល​បាន​ចំណាយ​លុយ​រាប់ លាន​ដុល្លារ ប៉ុន្តែ រដ្ឋាភិបាល​នេះនៅ​តែ​ទទួល​ការដាក់​សម្ពាធ ទាំងពីខាងក្រៅ និងពី​ខាងក្នុង។ អង្គការ​Fifa បាន​បន្ទោស​ភាគី​ប្រេស៊ីល ពី​រឿងយឺតយ៉ាវ​ក្នុង​ការសាងសង់​ស្តាត និង​ហេដ្ឋារចនាសម្ព័ន្ធ។ នៅក្នុងប្រទេស​វិញ​រដ្ឋាភិបាល​កំពុង​ប្រឈម​នឹង​កំហឹង​ចលនា​មហាជន​ដែលចង់​ឲ្យ​រដ្ឋាភិបាល​បង្វែរ​លុយ​ពី​ការរៀបចំ​កីឡា​បាល់ទាត់​ពិភពលោក យក​ទៅចំណាយ​លើសេវា​សាធារណៈ​វិញ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ